កូន​ប្រុស​របស់​លោក ហ៊ុន សែន មាន​បំណង​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី

ដោយ ម៉ម មុនីរតន៍
2015.12.30
ហ៊ុន ម៉ានី ២០១៥ ៨៥៥ កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ថ្លែង​ក្នុង​ពិធី​ទទួល​ស្វាគមន៍ និង​អបអរ​សាទរ​នៃ​ការ​ទទួល​បាន​ពាន​រង្វាន់​សន្តិភាព​អន្តរជាតិ​ឈ្មោះ ហ្គុស៊ី (The Gusi International Peace Prize) នា​ពហុកីឡាដ្ឋាន​អូឡាំពិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA

កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី និយាយ​ថា លោក​មាន​ក្ដី​សុបិន​មួយ គឺ​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ដែរ។ ស្រប​ពេល​ដែល​ព័ត៌មាន​ស្ដីពី​ការ​ចង់​ឡើង​ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល​នេះ អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា វា​ពុំ​មែន​ជា​រឿង​ចម្លែក​ឡើយ ក៏ប៉ុន្តែ​ចំណុច​សំខាន់​នៅ​ត្រង់​ថា ការ​ប្រាថ្នា​ចង់​ធ្វើ​ជា​មេ​ដឹក​នាំ​ប្រទេស​នេះ គឺ​ជា​ឱកាស​ងាយ​ជាង ក្នុង​ការ​គ្រប់គ្រង​តំណែង​ជា​ប្រមុខ​រដ្ឋ បើ​ប្រៀបធៀប​នឹង​យុវជន​ដទៃ​ទៀត​ដែល​ពុំ​មែន​ជា​កូន​របស់​មន្ត្រី​ជាន់​ខ្ពស់​នោះ។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​លើ​វិស័យ​យុវជន ចាត់​ទុក​ថា ការ​ស្រមៃ​របស់ លោក ហ៊ុន ម៉ានី នេះ គឺ​អាច​រាប់​បាន​ថា វា​ជា​ការ​ងាយ​ណាស់ ហើយ​ក៏​ពុំ​មាន​អ្វី​ដែល​ស្មុគស្មាញ​នោះ​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​សាមញ្ញ​ដែល​ចង់​ក្លាយ​ជា​ប្រមុខ​រដ្ឋ​នេះ ប្រហែល​ជា​លំបាក​បន្តិច។

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា យល់​ឃើញ​ថា វា​ពុំ​មែន​ជា​រឿង​ដែល​ចម្លែក​ឡើយ សម្រាប់​ក្ដី​សុបិន​ដែល​ចង់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ក៏ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា និង​រឹត​តែ​ស្មុគស្មាញ​នោះ គឺ​ចំពោះ​មនុស្ស​សាមញ្ញ ដែល​ការ​ប្រាថ្នា​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នេះ វា​ពុំ​មែន​ជា​ការ​ងាយ​ឡើយ។ លោក​បន្ត​ថា «សម្រាប់ លោក ហ៊ុន ម៉ានី ដែល​ជា​កូន​នាយក​រដ្ឋមន្ត្រី ក្ដី​ស្រមៃ​របស់​គាត់​ដែល​គាត់​មាន​ប្រសាសន៍​ហ្នឹង អាច​មាន​ឥទ្ធិពល​ទៅ​លើ​មហាជន។ ដោយសារ​តែ​គាត់​ស្ថិត​នៅ​ក្នុង​ទីតាំង ឬ​បរិយាកាស​មួយ​ដែល​អាច​អំណោយ​ផល ដែល​អាច​ឈាន​ទៅ​រក​ការ​សម្រេច​បំណង​របស់​គាត់»

ការ​ថ្លែង​ដូច​នេះ​របស់ លោក ជាង សុខា ធ្វើ​ឡើង​បន្ទាប់​ពី​កូន​ប្រុស​របស់ លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ប្រកាស​ជា​សាធារណៈ​ថា លោក​ពិត​ជា​មាន​ក្ដី​សុបិន​មួយ ក៏​ចង់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ដូច​យុវជន​ដទៃ​ទៀត​ដែរ។

លោក ហ៊ុន ម៉ានី ដែល​ជា​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មាន​តួនាទី​ជា​អ្នក​តំណាង​រាស្ត្រ​ស្រាប់​ទៅ​ហើយ​នោះ បាន​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​វាយោ​អែហ្វ​អ៊ឹម (FM) ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ថា លោក​មាន​មហិច្ឆតា​ចង់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី។ បន្ថែម​ពី​លើ​នេះ លោក​បន្ត​ថា ការ​ចង់​បាន​កៅអី​ជា​ប្រមុខ​រដ្ឋ​នេះ វា​ពុំ​មែន​ជា​មុខ​តំណែង​ទេ ក៏ប៉ុន្តែ​វា​ជា​ការ​សាង​ឱកាស​បម្រើ​ឲ្យ​សេចក្ដី​ត្រូវ​ការ​សម្រាប់​ប្រទេស​ជាតិ​ទៅ​វិញ​ទេ។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី គឺ​គោល​បំណង​របស់​ខ្ញុំ ក៏ដូចជា​គោល​បំណង​របស់​យុវជន​ដទៃ​ថែម​ទៀត​ដែរ។ ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា ហេតុ​អ្វី? ព្រោះ​ថា​ក្លាយ​ទៅ​ជា​នាយក​រដ្ឋមន្ត្រី ខ្ញុំ​គិត​ថា​យុវជន​នីមួយៗ គឺ​គួរ​តែ​ដាក់​សុបិន ហើយ​ប្រឹងប្រែង​ដើម្បី​ទទួល​នូវ​តួនាទី​នេះ ព្រោះ​ថា តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​មិន​មែន​ជា​ឋានៈ​ទេ ប៉ុន្តែ​ជា​កិត្តិយស​មួយ​ដ៏​ធំធេង​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ»

នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ជីវិត​នយោបាយ​របស់ លោក ហ៊ុន ម៉ានី ដែល​បាន​ប្រកាស​ជា​សាធារណៈ​ចេញ​ដោយ​ផ្ទាល់​មាត់​របស់​លោក ក្រោយ​ពេល​លោក​ប្រឡូក​ក្នុង​វិស័យ​នយោបាយ ហើយ លោក ហ៊ុន ម៉ានី ចាត់​ទុក​ថា ការ​មាន​មហិច្ឆតា​ចង់​អង្គុយ​លើ​កៅអី​ជា​មេ​ដឹក​នាំ​នេះ អ្នក​ណា​ក៏​អាច​ដាក់​ក្ដី​សុបិន​របស់​ខ្លួន​បាន​ដែរ។

ទាក់ទិន​រឿង​នេះ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ សាទរ​ចំពោះ​សេចក្ដី​សម្រេច​បែប​នេះ​របស់ លោក ហ៊ុន ម៉ានី។ លោក​ចាត់​ទុក​ថា វា​មិន​គួរ​ឲ្យ​ភ័យ​ខ្លាច ឬ​ជា​ឧបសគ្គ​ទេ​សម្រាប់​គណបក្ស​ជំទាស់ សំខាន់​នោះ គឺ​ការ​បោះ​ឆ្នោត សូម​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​ចៀសវាង​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ។ ម្យ៉ាង​វិញ​ទៀត លោក យឹម សុវណ្ណ យល់​ឃើញ​ថា លក្ខណៈ​ពិសេស​ពុំ​មែន​ស្ថិត​លើ​បុគ្គល​ណា​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ឡើយ សំខាន់​គឺ​ការ​គាំទ្រ​ពី​ពលរដ្ឋ​វិញ។ លោក​បន្ត​ថា «ឲ្យ​តែ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហើយ​បរិយាកាស​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អំណោយ​ផល​ឲ្យ​អ្នក​នយោបាយ​ប្រកប​ដោយ​សមធម៌ កុំ​ឲ្យ​មាន​ការ​គាប​សង្កត់ កុំ​ឲ្យ​មាន​ការ​ចាប់​ដាក់​គុក កុំ​ឲ្យ​មាន​អំពើ​ឃោរឃៅ និង​កុំ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គាប​សង្កត់​ទៅ​លើ​គណបក្ស​ប្រឆាំង។ កត្តា​ទាំងអស់​នេះ បរិយាកាស​ល្អ ហើយ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ទៅ វា​ជា​រឿង​ធម្មតា​ទេ»

ការ​ប្រកាស​ជា​សាធារណៈ​ដូច​នេះ​របស់ លោក ហ៊ុន ម៉ានី បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ថា លោក ហ៊ុន សែន កំពុង​តែ​រៀបចំ​កន្លែង​សម្រាប់​កូន​ប្រុស​របស់​ខ្លួន ដើម្បី​ឲ្យ​ស្នង​តួនាទី​បន្ត​វេន​ពី​លោក។ ផ្ទុយ​ពី​ការ​រិះគន់​នេះ​វិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​សច្ចា​ហើយ​ថា លោក​នឹង​គ្រប់គ្រង​ក្នុង​តំណែង​ជា​ប្រមុខ​រដ្ឋ​នេះ​រហូត​ដល់​លោក​មាន​អាយុ ៩០​ឆ្នាំ បើ​សិន​ជា​ប្រជាពលរដ្ឋ​នៅ​បន្ត​គាំទ្រ​រូប​លោក​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។