លោក ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​ឈ្លោះ​និង​ជេរ​ប្រមាថ​គ្នា​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​ឈ្លោះ និង​ជេរ​ប្រមាថ​គ្នា​នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​នឹង​មក​ដល់​នៅ​ខែ​មេសា ខាង​មុខ​នេះ។ សារ​អំពាវនាវ​នេះ ត្រូវ​បាន​សាទរ​ដោយ​អ្នក​ស្រាវជ្រាវ​សន្តិភាព​នៅ​កម្ពុជា។

សារ​អំពាវនាវ​ពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ​កុំ​ឲ្យ​ឈ្លោះ​ជេរ​ប្រមាថ​គ្នា ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ពី​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ក្នុង​ពេល​ដែល​លោក​សម្ពោធ​អគារ​សិក្សា​ថ្មី​នៅ​ក្នុង​ខេត្ត​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា រដូវ​ចូល​ឆ្នាំ ត្រូវ​ជា​រដូវ​សប្បាយ​រីករាយ មិន​មែន​ជា​រដូវ​ជេរ​បញ្ចោរ​គ្នា ហើយ​ក៏​ជា​ពេលវេលា​បន្ត​ទៅ​ដល់​ដំណាក់កាល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ថ្មី​ដែរ៖ « ធ្វើ​យ៉ាង​ណា​ឲ្យ​បរិយាកាស​នៃ​ដំណើរការ​ទាំង​ការ​ ចូល​ឆ្នាំ ​សប្បាយ​រីករាយ និង​ ការ​បោះឆ្នោត ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព សន្តិសុខ ដោយ​សេរី និង​យុត្តិធម៌ គ្មាន​ការ​ គំរាម​កំហែង។ អំពាវនាវ​ឲ្យ​គ្រប់​បណ្ដា​បក្ស​នយោបាយ​ទាំងអស់ ធ្វើ​សកម្មភាព​ដោយ​គោរព​នូវ​ក្រម​សីលធម៌ »

ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ស្រប​គ្នា​នឹង​សារ​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ថ្លែង​ក្នុង​វគ្គ​ផ្សព្វផ្សាយ​ផ្ទៃ​ក្នុង​អំពី​គោល​នយោបាយ​អាទិភាព សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​សៀមរាប កាល​ព្រឹក​ថ្ងៃ​ទី​២៦ មីនា ដែរ។

លើ​ទំព័រ​ហ្វេសប៊ុក (facebook) របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៦ មីនា បាន​ស្រង់​ប្រសាសន៍​របស់​លោក ដែល​ថ្លែង​ក្នុង​វគ្គ​អប់រំ​ផ្សព្វផ្សាយ​ផ្ទៃក្នុង​នោះ​ថា «បក្ស លោក​ប្រកួត ​គ្នា​លើ​ គោល​នយោបាយ ​នៃ​គណបក្ស​ រៀងៗ​ខ្លួន ដើម្បី​បាន​ ផល​ប្រយោជន៍ ​ទៅ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។ សមាជិក​បក្ស​មិន​ត្រូវ​ប្រកួត​គ្នា​លើ​ពាក្យ​ សម្ដី​អសុរោះ ដៀល​ត្មះ វាយ​ប្រហារ​ធ្វើ​ទុក្ខបុកម្នេញ បង្ក​ការ​ឈឺ​ចាប់​ឲ្យ​គ្នា​នោះ​ឡើយ ហើយ​ទុក​ជូន​ប្រជាពលរដ្ឋ​ ខ្មែរ​ដែល ​ជា​ម្ចាស់​ឆ្នោត​ ជា​អ្នក ​សម្រេច »

ទន្ទឹម​គ្នា​នឹង​សារ​កុំ​ឲ្យ​អ្នក​នយោបាយ​ជេរ​ប្រមាថ​បន្តុះបង្អាប់​គ្នា​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​អំពាវនាវ​ដល់​អ្នក​នយោបាយ​យក​គំរូ​តាម​អ្នក​ឃោសនា​ពាណិជ្ជកម្ម ពេល​ដល់​រដូវ​កាល​ឃោសនា​នយោបាយ៖ «អ្នក​ឃោសនា​ពាណិជ្ជកម្ម គឺ​គ្រាន់​តែ​ឃោសនា​អំពី​ទំនិញ​របស់​ ខ្លួន​តែ ​ប៉ុណ្ណោះ។ តែ​គេ​មិន​បាន​បន្តុះបង្អាប់​នូវ​ទំនិញ​អ្នក​ដទៃ​ទេ។ ការ​បន្តុះបង្អាប់​ទំនិញ​អ្នក​ដទៃ ឬ​បេក្ខជន ​នៃ​បក្ស​ដទៃ វា​នឹង​នាំ​ទៅ​ដល់​ជម្លោះ​ចៀស​មិន​ផុត ព្រោះ​អ្នក​ទទួល​នូវ​ការ​ប្រមាថ អ្នក​ដែល​ទទួល​នូវ​ការ​ជេរ​លាប​ពណ៌ ពិត​ជា​គេ​មិន​សុខ​ចិត្ត ហើយ​គេ​ប្រើប្រាស់​នូវ​សិទ្ធិ​របស់​គេ​ដើម្បី​ប្ដឹង។ ដូច្នេះ សង្ឃឹម​ ថា​បក្ស ​នយោបាយ​នានា ក៏ដូចជា​ បេក្ខជន​ដែល ​ឈរ​ឈ្មោះ ត្រូវ​គោរព​នូវ​ ក្រម​សីលធម៌​ ដែល​រៀបចំ​ដោយ​ គណៈកម្មាធិការ ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក៏ដូចជា​ច្បាប់​ស្ដីពី​បក្ស​នយោបាយ​ផង​ដែរ »

សារ​អំពាវនាវ​របស់​មេ​ដឹកនាំ​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ ត្រូវ​បាន​សាទរ​ដោយ​អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍ និង​សន្តិភាព លោក ឆាំ ប៊ុនថេត ប៉ុន្តែ​លោក​ថ្លែង​ថា ទោះ​ជា​នៅ​ប្រទេស​ណា​ក៏ដោយ ដើម្បី​ឲ្យ​ពលរដ្ឋ​អនុវត្ត​បាន​តាម​ការ​អំពាវនាវ លុះត្រា​តែ​មេ​ដឹកនាំ​អនុវត្ត​ជា​គំរូ៖ «ខ្ញុំ​ថា​តាំង​ពី​យូរ​ហើយ មិន​មែន​ឥឡូវ​ទេ គឺ​គួរ​គណបក្ស​ទាំង​អស់​ហ្នឹង​ទុក​គ្នា​ជា​គូ​ប្រកួត​ប្រជែង មិន​មែន​ជា​ខ្មាំង​សត្រូវ​ទេ ហើយ​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​សម្ដី និង​កាយវិការ​អី​ក៏ដោយ ក៏​មាន​ការ​ទុក​ចិត្ត ទុក​ថ្លើម​កុំ​ឲ្យ​វា​ជ្រុលជ្រួស។ មក​ទល់​សព្វ​នេះ​ឃើញ​ថា វា​ជ្រុលជ្រួស​ប្រើ​ពាក្យ​អសុរោះ ឬ​ក៏​វិធានការ ផ្សេងៗ ទៀត ដែល​វា​ប៉ះពាល់​ទៅ​ដល់​អ្នក​ដទៃ»

ដូច​គ្នា​នេះ​ដែរ អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​មិន​ជេរ​ប្រមាថ​គ្នា​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ជា​រឿង​ល្អ ដែល​គ្រប់​គណបក្ស​នយោបាយ​គួរ​តែ​អនុវត្ត៖ «ឧទាហរណ៍​ថា ឪពុក​គាត់​ថា "កុំ​ផឹក​ស្រា អត់​ល្អ​ទេ​កូន" តែ​ខ្លួន​ឯង​ស្រវឹង។ អា​ហ្នឹង​អត់​អាច​ទៅ​រួច​ទេ។ ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចង់​ឲ្យ​សកម្មជន​នៅ​ខាង​ក្រោម​របស់​ខ្លួន​ហ្នឹង ឈប់​ជេរ​ប្រមាថ​គ្នា លុះត្រាតែ​យើង​ហ្នឹង ចាប់​ផ្ដើម​ធ្វើ​ខ្លួន ហើយ​ប្រើ​ពាក្យ​សម្ដី​បែប​ហ្នឹង​បាន​អាច​ទៅ​រួច។ បើ​មិន​អ៊ីចឹង​ទេ ការ​ជេរ​ប្រមាថ​គ្នា ហ្នឹង​មិន​ចប់​ទេ ហើយ​ពាក្យ​អស់​ហ្នឹង​ខ្ញុំ​ឮ​ច្រើន​ដង​ហើយ ទាំង​ខាង​ពី​បក្ស​កាន់​អំណាច​ខាង​បក្ស​ប្រឆាំង​ដូច​តែ​គ្នា។ ប៉ុន្តែ​ចប់​ពី​ហ្នឹង​ទៅ គាត់​លាប​ពណ៌​គ្នា គាត់​ជេរ​គ្នា​ដដែល។ សំខាន់​ពិសេស​វា​មិន​មែន​តែ​ជួយ​ការ​បោះឆ្នោត​ទេ ជួយ​ដល់​ការ​អភិវឌ្ឍ​ជាតិ ជួយ​ដល់​ការ​កសាង​សន្តិភាព​ជាតិ​ពេល​ណា​ដែល​យើង​ប្រើប្រាស់​ពាក្យ​សម្ដី​ត្រឹមត្រូវ ពេល​ណា​យើង​ចាប់​ផ្ដើម​ជជែក​គ្នា​ពី​រឿង​ការ​ដោះស្រាយ​បញ្ហា យើង​ចូលរួម​ជជែក​ដោយ​យោគយល់​គ្នា មិន​ដោយសារ​ការ​ជេរប្រមាថ​លាប​ពណ៌​គ្នា​នេះ គឺ​ជា​មូលដ្ឋានគ្រឹះ​ធំ​បំផុត​នៃ​សន្តិភាព»

សារ​របស់​អ្នក​នយោបាយ​ដែល​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​ពេល​កន្លង​ទៅ គេ​សង្កេត​ឃើញ​ថា សមាជិក​គណបក្ស​នយោបាយ​តែង​បន្តុះបង្អាប់ ហើយ​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក។

ការ​ចេញ​សារ​អំពាវនាវ​សុំ​កុំ​ឲ្យ​ជេរ​ប្រមាថ​វាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​សម្ដី​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​រដូវ​កាល​ឃោសនា​នយោបាយ​របស់​គណបក្ស នឹង​មក​ដល់​នៅ​ដើម​ខែ​ឧសភា ហើយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។