លោក ហ៊ុន សែន សរសើរ​សៀវភៅ​អភិបាលកិច្ច​របស់​មេ​ដឹកនាំ​ចិន​លោក ស៊ី ជីនពីង

ដោយ ប្រាជ្ញ ចេវ
2017.04.11
ហ៊ុន សែន សៀវភៅ​ចិន ២០១៧ ១៤៤០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​អភិបាលកិច្ច​របស់​ប្រទេស​ចិន នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen facebook
Photo courtesy of PM Hun Sen facebook

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន សរសើរ​សៀវភៅ​អភិបាលកិច្ច​របស់​មេ​ដឹកនាំ​ចិន គឺ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (Xi Jinping) ថា​ជា​សៀវភៅ​ល្អ​ក្នុង​ការ​ផ្តល់​ចំណេះ​ដឹង​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ដល់​កម្ពុជា។ ចំណែក​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ថា​ទោះ​ចង់ ឬ​មិន​ចង់ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ត្រូវ​សរសើរ​សៀវភៅ​របស់​ប្រមុខ​រដ្ឋាភិបាល​ចិន ព្រោះ​ប្រទេស​នេះ​ជា​ម្ចាស់​ជំនួយ​ធំ​បំផុត​របស់​កម្ពុជា។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណាយ​ពេល​ជាង ៣០​នាទី ដើម្បី​ផ្សព្វផ្សាយ និង​សរសើរ​សៀវភៅ​អភិបាលកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង។ ប៉ុន្តែ​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ថា​ការ​ដែល​កម្ពុជា រង​ឥទ្ធិពល​ពី​ចិន នឹង​ធ្វើ​ឲ្យ​កម្ពុជា រង​ការ​កេង​ប្រវ័ញ្ច។

លោក ហ៊ុន សែន និយាយ​ថា សៀវភៅ​របស់​ប្រធានាធិបតី​ចិន ជា​សៀវភៅ​បង្ហាញ​ពី​លទ្ធផល​ការងារ​សំខាន់ៗ​របស់​លោក ស៊ី ជីនពីង ដែល​មាន​គោល​នយោបាយ​សង្គម​និយម ដែល​សមស្រប​នឹង​សង្គម​របស់​ចិន។ លោក ហ៊ុន សែន ណែនាំ​ឲ្យ​សាធារណជន​យក​សៀវភៅ​នេះ​ទៅ​អាន ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ​ស្រប​តាម​ស្ថានភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម៖ «គោល​គំនិត​នៅ​ក្នុង​សៀវភៅ​នេះ ក៏​បាន​ផ្ដោត​លើ​ការ​ពង្រីក​នូវ​កិត្យានុភាព​នៃ​វប្បធម៌ ៥.០០០​ឆ្នាំ​របស់​ចិន ដោយ​ជំរុញ​ក្លាយ​ជា​គោល​គ្រឹះ​ក្នុង​ការ​ផ្តល់​សុភមង្គល​ប្រជាជន​ចិន»

លោក ហ៊ុន សែន ថ្លែង​ដូចនេះ​ក្នុង​ពិធី​ផ្សព្វផ្សាយ​លើក​ដំបូង​នូវ​សៀវភៅ​ជា​ខេមរភាសា​មាន​ចំណង​ជើង​ថា “អភិបាលកិច្ច​ប្រទេស​ចិន” របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មេសា។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ដែរ​ថា នេះ​ជា​លើក​ទី​មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ផ្សព្វផ្សាយ​សៀវភៅ​មេ​ដឹកនាំ​បរទេស​ជា​ភាសា​ខ្មែរ​ដូចនេះ។ មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន រូប​នេះ​យល់​ថា សៀវភៅ​នេះ​ជា​គំរូ​ល្អ​នៃ​ការ​គ្រប់គ្រង​រដ្ឋ​ដែល​កម្ពុជា គួរ​រៀន​សូត្រ​តាម​ចិន បើ​ទោះ​បី​ជា​ចិន មាន​របប​គ្រប់គ្រង​ផ្សេង​ពី​កម្ពុជា ក្តី ប៉ុន្តែ​កម្ពុជា ច្បិច​យក​ចំណុច​ខ្លះ​មក​បំពេញ​បន្ថែម​បាន៖ «ព្រោះ​កម្ពុជា មិន​អាច​យក​តាម​សហរដ្ឋ​អាមេរិក មិន​អាច​យក​តាម​បារាំង ព្រោះ​បារាំង ធ្លាប់​ធ្វើ​ចៅហ្វាយ​របស់​កម្ពុជា ហើយ​អាមេរិក​ក៏​ធ្លាប់​ចៅហ្វាយ​របស់​កម្ពុជា»

ហ្វេសប៊ុក (facebook) របស់​លោក ហ៊ុន សែន បង្ហាញ​ថា សៀវភៅ​នេះ​បាន​ចងក្រង​នូវ​អត្ថបទ​ចំនួន ៧៩​អត្ថបទ​របស់​លោក ស៊ី ជីនពីង ក្នុង​ចន្លោះ​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ ដែល​ក្នុង​នោះ​រួម​មាន សុន្ទរកថា សេចក្តី​បង្គាប់​បង្ហាញ និង​សារ​លិខិត​ជូនពរ​ជាដើម។ បច្ចុប្បន្ន សៀវភៅ​នេះ​បាន​បកប្រែ​ជា ១៦​ភាសា ហើយ​បាន​បោះពុម្ព​ផ្សាយ​ជាង ៦​លាន​ក្បាល។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ទោះ​ចង់ ឬ​មិន​ចង់ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ត្រូវ​សរសើរ​ចិន ដ្បិត​កម្ពុជា ជា​កូន​បំណុល​របស់​ចិន។ ជុំវិញ​ទំនាក់ទំនង​នេះ​ដែរ លោក មាស នី ព្រួយ​បារម្ភ​ថា អនាគត​ធនធាន​ធម្មជាតិ ឬ​ធនធាន​រ៉ែ​របស់​កម្ពុជា នឹង​ត្រូវ​វិនាស​ហិនហោច​ព្រោះ​ឈ្មួញ​ចិន៖ «សម្រាប់​ខ្ញុំ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​អនាគត​ក្នុង​ប្រទេស​ខ្មែរ ថា​តើ​យើង​នៅ​អាណានិគម​ចិន ទេ ហើយ​បើ​យើង​នៅ​ក្រោម​អាណានិគម​ចិន យើង​ប្រហែល​លំបាក»

លោក ហ៊ុន សែន ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ កម្ពុជា ជំពាក់​លុយ​ចិន ទាំង​បំណុល​មាន​ការប្រាក់ និង​គ្មាន​ការប្រាក់​ចំនួន ៤.២០០​លាន​ដុល្លារ ដែល​លុយ​ទាំងនោះ​ត្រូវ​បាន​លោក​អះអាង​ថា​យក​មក​ប្រើប្រាស់​ក្នុង​វិស័យ​សន្តិសុខ​សង្គម កសិកម្ម សុខាភិបាល អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ លោក ហ៊ុន សែន តែង​អួតអាង​ថា លុយ​ចិន ស្រួល​ខ្ចី និង​ការប្រាក់​ទាប ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​ថា​កម្ចី​របស់​ចិន មាន​ការប្រាក់​ខ្ពស់ បើ​ធៀប​ទៅ​នឹង​ម្ចាស់​ជំនួយ​ផ្សេងៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។