លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យក្រសួងធ្វើការពាក់ព័ន្ធនឹងធនធានធម្មជាតិចំនួន៦ ពិភាក្សាជាមួយអង្គការសង្គមស៊ីវិលរៀងរាល់ ៣ខែម្ដង ដើម្បីរកវិធីសាស្ត្រការពារ និងអភិរក្សធនធានធម្មជាតិ។ ក្រុមអង្គការសង្គមស៊ីវិលធ្វើការផ្នែកបរិស្ថានមួយចំនួន គាំទ្រចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលចង់ឃើញមានកិច្ចសហការជាធ្លុងមួយក្នុងកិច្ចការពារធនធានធម្មជាតិ។
ការប្រកាសឲ្យមានវេទិកាពិភាក្សាបីខែម្តងលើរឿងធនធានធម្មជាតិរវាងរដ្ឋាភិបាល និងក្រុមអង្គការស៊ីវិលធ្វើការផ្នែកបរិស្ថាននេះ ធ្វើឡើងក្នុងវេទិកាស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិនៅព្រឹកថ្ងៃទី២២ ខែសីហា នៅវិមានសន្តិភាពទីក្រុងភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការចូលរួមពីក្រុមអង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធនានា គឺជារឿងចាំបាច់ក្នុងការស្រោចស្រង់ធនធានធម្មជាតិឡើងវិញ បន្ទាប់ពីយន្តការទប់ស្កាត់របស់រដ្ឋហាក់នៅមិនទាន់មានប្រសិទ្ធភាពពេញលេញ ប្រៀបដូចជាអង្គុយបក់ផ្សែងដែលមិនបានពន្លត់ភ្លើង។
លោក ហ៊ុន សែន បញ្ជាក់ថា ចាប់ពីពេលនេះទៅ ក្រសួងចំនួន៦ រួមមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម និងក្រសួងធនធានទឹក ត្រូវចូលរួមពិភាក្សា និងទទួលយកអនុសាសន៍នានាពីក្រុមអង្គការសង្គមស៊ីវិល ដើម្បីដោះស្រាយបញ្ហាធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព៖ «ក្រសួងទាំង៦ ដែលពាក់ព័ន្ធនឹងព្រៃឈើ ឥឡូវព្រៃឈើ តាមដឹងវានៅតែបំផ្លាញ បើទោះបីជាឯកឧត្តម សៅ សុខា ឧទ្ធម្ភាគចក្រពីរគ្រឿងទៅហើយក្តីវានៅតែលួចកាប់។ អ៊ីចឹងទេ បើមួយឆ្នាំម្តងទើបពិភាក្សាវាយូរណាស់។ អ៊ីចឹងទេទាក់ទងនឹងវិស័យព្រៃឈើ ឬវិស័យជលផល ឬវិស័យស្អីក៏ដោយ គឺយើងបីខែជួបពិគ្រោះទៅតាមក្រសួង »។
ការប្រកាសរបស់រដ្ឋាភិបាលនេះ បាននាំឲ្យក្រុមអ្នកស្រឡាញ់ធនធានធម្មជាតិសម្ដែងការសាទរ។
ក្នុងនាទីសំណេះសំណាលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបជាវិជ្ជមានជាច្រើនចំពោះសំណូមពររបស់ក្រុមអង្គការសង្គមស៊ីវិល។
នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជាប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងជាសកម្មជនការពារបរិស្ថាន បានស្នើនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ទៅអាជ្ញាធរថ្នាក់ក្រោម ឲ្យមានកិច្ចសហការល្អជាមួយអ្នកការពារធនធានធម្មជាតិ បន្ទាប់ពីព្រះអង្គធ្លាប់ទទួលរងការរារាំង និងការគំរាមកំហែងជាច្រើនលើកពីអាជ្ញាធរមូលដ្ឋានក្នុងពេលចុះល្បាតព្រៃឈើម្តងៗ៖ « អ្វីដែលបិណ្ឌបាតទៅនាយករដ្ឋមន្ត្រីថ្ងៃនេះ គឺរឿងតូចមួយទេ គឺសុំធ្វើយ៉ាងណាឲ្យអាជ្ញាធរសហការ។ ដរាបណាការសហការនៅមានកម្រិតដូចសព្វថ្ងៃនេះ គឺបេសកកម្មនៃការការពារព្រៃឈើនៅតែបរាជ័យដដែល »។
ជាការឆ្លើយតប លោក ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយប្រជាសហគមន៍ ព្រះសង្ឃ និងអ្នកការពារធនធានធម្មជាតិ ដោយមិនត្រូវរារាំងសកម្មភាពណាដែលរួមចំណែកការពារធនធានធម្មជាតិកម្ពុជា ឡើយ។ សកម្មភាពនាំឲ្យរីកចម្រើនដល់ជាតិ គួរតែទទួលបានការលើកទឹកចិត្ត។ លោក ហ៊ុន សែន ចាត់ទុកថា សកម្មភាពរារាំងយុទ្ធនាការការពារធនធានធម្មជាតិបែបនេះ បានធ្វើឲ្យខាតប្រយោជន៍ជាតិ ហើយចំណេញដល់ឈ្មួញខិលខូច៖ « ព្រះតេជព្រះគុណបិណ្ឌបាតត្រឹមតែសហការល្អ តែខ្ញុំករុណាខ្ញុំឲ្យមតិទៅលើរដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ់ និងនេសាទ បើព្រះតេជព្រះគុណ ឬអង្គការក្រៅរដ្ឋាភិបាលត្រូវការកូនឈើ ដែលយើងមានសួនបណ្ដុះកូនឈើយ៉ាងច្រើននោះ ចាំបាច់ទុកប្រគេន ឬផ្តល់ ធ្វើម៉េចឲ្យចូលរួមដាំដើមឈើ »។
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីក៏យល់ព្រមសាងសង់ផ្លូវ និងស្ពានមួយខ្សែចូលទៅតំបន់អារ៉ែងក្នុងតំបន់នៃខេត្តកោះកុង ដើម្បីទាក់ទាញភ្ញៀវទេសចរតាមសំណើរបស់កញ្ញា ធី សុវណ្ណថា ដែរ បន្ទាប់ពីនាងរម្លឹកពីបទពិសោធន៍ជូរចត់ពេលចុះទៅដល់តំបន់អារ៉ែងនោះ ថាជួបការលំបាកខ្លាំងចំពោះស្ថានភាពផ្លូវ។
របាយការណ៍របស់ក្រសួងបរិស្ថាន ឲ្យដឹងថា តំបន់អភិរក្សព្រៃឈើនៅកម្ពុជា នាពេលបច្ចុប្បន្នមានប្រមាណ ៦លានហិកតារ ហើយនៅថ្ងៃខាងមុខនេះ រដ្ឋាភិបាលសន្យាថាមានផែនការដាក់តំបន់ព្រៃឈើផ្សេងទៀតចូលជាតំបន់អភិរក្ស។
របាយការណ៍សិក្សារបស់អង្គការការពារព្រៃឈើអន្តរជាតិឈ្មោះ ហ្វរែស ទ្រែនស៍ (Forest Trends )ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៥ ថា ព្រៃឈើនៅកម្ពុជា បានបាត់បង់ក្នុងកម្រិតប្រកាសអាសន្ន ដោយសារតែក្រុមហ៊ុនឯកជនមួយចំនួនបានប្រើប្រាស់សិទ្ធិរបស់ខ្លួនគ្រប់គ្រងលើដីសម្បទានសេដ្ឋកិច្ចដែលទទួលបានពីរដ្ឋាភិបាល ទៅកាប់បំផ្លាញព្រៃឈើ ក្នុងនោះក៏មានការកាប់បំផ្លាញនៅក្នុងតំបន់ព្រៃការពារផងដែរ។
អង្គការ ហ្វរែស ទ្រែនស៍ ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនសរុបប្រមាណ ២,៦លានហិកតារ គឺស្មើប្រមាណ ១៤% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ហើយដែលប្រមាណ ៨០% នៃផ្ទៃដីសម្បទាននេះ គឺស្ថិតនៅក្នុងព្រំដែននៃតំបន់ឧទ្យានជាតិ និងតំបន់ការពារផ្សេងៗ។ អង្គការ ហ្វរែស ទ្រែនស៍ រកឃើញថា ដោយសារតែដីសម្បទានសេដ្ឋកិច្ច បានធ្វើឲ្យកម្ពុជា បាត់បង់ព្រៃឈើជាមធ្យមជាង ២ពាន់គីឡូម៉ែត្រការ៉េជារៀងរាល់ឆ្នាំ។
ពាក់ព័ន្ធនឹងដីសម្បទាននេះ លោក ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងមិនមានការប្រគល់ដីសម្បទានសេដ្ឋកិច្ចឲ្យអ្នកវិនិយោគតទៅទៀតទេ តែរដ្ឋាភិបាលជំរុញឲ្យខិតខំផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ។ ក្នុងកិច្ចការពារព្រៃធនធានធម្មជាតិនេះដែរ លោក ហ៊ុន សែន ក៏ជំរុញឲ្យមន្ត្រីសហការជាមួយនឹងប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាកុំឲ្យពួកគេទិញឈើខុសច្បាប់ពីឈ្មួញខិលខូចនៅកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយចុះ ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ធ្លាប់លើកឡើងថា បើទោះជារដ្ឋាភិបាលបានលុបអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនខ្លះ ឬមិនផ្ដល់អាជ្ញាប័ណ្ណថ្មីបន្តទៀតក្ដី ប៉ុន្តែសកម្មភាពកាប់បំផ្លាញព្រៃឈើដោយក្រុមហ៊ុនធំៗមានអំណាចនៅកម្ពុជា នៅតែបន្តរហូត ដែលមិនទាន់មានស្ថាប័ន ឬសមត្ថកិច្ចណាមួយហ៊ានចេញមុខទប់ស្កាត់ឡើយ។ លោកថា មិនត្រឹមតែប៉ុណ្ណោះទេ កន្លងមក មន្ត្រីរដ្ឋាភិបាលថែមទាំងបានចេញមុខនិយាយការពារសកម្មភាពស្របច្បាប់របស់ក្រុមហ៊ុនមួយចំនួនទៀតផង តួយ៉ាងដូចជាក្រុមហ៊ុន ទ្រី ភាព ជាដើម។
ការប្រកាសពង្រឹងប្រតិបត្តិការទប់ស្កាត់បទល្មើសព្រៃឈើ និងអភិរក្សធនធានធម្មជាតិនេះ មិនមែនជារឿងថ្មីនោះទេ កន្លងមក លោក ហ៊ុន សែន ក៏ធ្លាប់សន្យាការពារព្រៃឈើឲ្យខាងតែបានដែរ ដោយហ៊ានយកក្បាលលោកមកប្ដូរទៀតផង។ តែទីបំផុត ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន នៅតែមើលឃើញព្រៃឈើ និងឈើមានតម្លៃ ដូចជា គ្រញូង បេង កកោះ នាងនួន ធ្នង់ គគីរ គ្រើល និងឈើប្រណិតៗដទៃទៀតនៅតែហិនហោច៕
វីដេអូ៖ រដ្ឋាភិបាលចង់ជួបអង្គការសង្គមស៊ីវិលពិភាក្សារឿងធនធានធម្មជាតិ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
