លោក ហ៊ុន សែន គ្រោង​ស្នើ​លុយ​ពី​ចិន​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ផ្លូវ​តាម​ខេត្ត​ជាប់​ព្រំដែន​ថៃ

ដោយ រាជ វិញ្ញូ
2017.04.06
ហ៊ុន សែន សម្ពោធ​​អគារ​​សាលាក្រុង ២០១៦ ៨៥៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ស្នើ​លុយ​ពី​មហា​មិត្ត​ចិន ដើម្បី​យក​ទៅ​សាងសង់​ផ្លូវ​តាម​បណ្ដា​ខេត្ត​ស្ថិត​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ។ លោក ហ៊ុន សែន សរសើរ​ប្រទេស​ចិន ថា​គឺ​ជា​ប្រទេស​ផ្ដល់​ជំនួយ​ថវិកា​យ៉ាង​ច្រើន​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​កម្ពុជា ជាពិសេស​ផ្លូវ​ដែល​តភ្ជាប់​ពី​ទីក្រុង​ទៅ​តាម​បណ្ដាល​ខេត្ត និង​ពី​បណ្ដា​ខេត្ត​ទៅ​ដល់​តំបន់​ព្រំដែន។

យុវជន​ចុះ​សិក្សា​បញ្ហា​ព្រំដែន​យល់​ថា រដ្ឋាភិបាល​គួរ​តែ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ឲ្យ​បាន​ច្រើន​នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​កម្ពុជា-វៀតណាម ជាង​ការ​ផ្ដោត​សំខាន់​តាម​ខ្សែ​ក្រវាត់​ព្រំដែន​កម្ពុជា-ថៃ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ យុវជន មួង សូនី ថ្លែង​ថា ចាប់​ពី​ចំណុច​ខេត្ត​រតនគិរី ទៅ​ដល់​ខេត្ត​ក្រចេះ មាន​ប្រវែង​ជាង ១​ពាន់​គីឡូម៉ែត្រ គឺ​ជា​តំបន់​អាទិភាព​ដែល​រដ្ឋាភិបាល​ត្រូវ​អភិវឌ្ឍ ព្រោះ​សព្វថ្ងៃ​នេះ ភាគី​វៀតណាម នៅ​តែ​អាច​រំកិល​ព្រំដែន​ចូល​មក​ទឹកដី​កម្ពុជា៖ «»

យុវជន​ដដែល​នេះ​បន្ត​ថា បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​កម្ពុជា-វៀតណាម កំពុង​ខ្វះខាត​សេវា​សុខាភិបាល​ត្រឹមត្រូវ គ្មាន​ទីផ្សារ​កសិកម្ម និង​គ្មាន​ការ​អភិវឌ្ឍ​ប្រឡាយ​ទឹក​ស្រោចស្រព​ដំណាំ។ លើស​ពី​នេះ ពលរដ្ឋ​តាម​ព្រំដែន​ខ្លះ​ទៀត​នៅ​តែ​ប្រឈម​ការ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ប្រទេស​ចិន និង​វៀតណាម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ចាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ដល់​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​៦ មេសា ថា មហា​មិត្ត​ចិន បាន​ជួយ​សាងសង់​ផ្លូវ​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ជាច្រើន ហើយ​លោក​នឹង​ស្នើ​លុយ​ពី​ចិន បន្ថែម​ទៀត ដើម្បី​សាងសង់​កំណាត់​ផ្លូវ​មួយ​ខ្សែ​ស្ថិត​តាម​បណ្ដា​ខេត្ត​ព្រំដែន​កម្ពុជា-ថៃ ដែល​ចេញ​ពី​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ឆ្លង​កាត់​ខេត្ត​ពោធិ៍សាត់ កោះកុង ទៅ​ដល់​ខេត្ត​ព្រះសីហនុ៖ «»

លោក​នាយក​រដ្ឋមន្ត្រី​ក៏​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​រាល់​ជំនួយ​កន្លង​មក តែង​បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​កម្ពុជា សម្រាប់​យក​ទៅ​អភិវឌ្ឍ។ លោក ហ៊ុន សែន បញ្ជាក់​ថា ស្រប​ពេល​មួយ​ឆ្នាំៗ កម្ពុជា ត្រូវការ​ទឹក​ប្រាក់​ប្រហែល ៥០០ ទៅ ៧០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវ​ថ្នល់ ស្ពាន ប្រឡាយ​ទឹក អគ្គិសនី វិស័យ​អប់រំ និង​សុខាភិបាល ដូច្នោះ​លោក​សង្ឃឹម​ថា នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​ចូលរួម​សន្និសីទ​កំពូល​ស្ដីពី «ខ្សែ​ក្រវាត់​មួយ វិថី​មួយ» ក្នុង​ប្រទេស​ចិន នៅ​ខែ​ឧសភា ខាង​មុខ កម្ពុជា នឹង​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ពី​ភាគី​ចិន។

កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៦ ស្រប​ពេល​ប្រធានាធិបតី​ចិន លោក ស៊ី ជីងពីង (Xi Jinping) មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រដ្ឋាភិបាល​ចិន បាន​សម្រេច​លុប​ចោល​បំណុល​ដែល​កម្ពុជា ជំពាក់​ក្នុង​ឆ្នាំ​២០១៥ ចំនួន ៩០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​សម្រេច​ឲ្យ​ភាគី​កម្ពុជា បន្ត​ខ្ចី​បន្ថែម​ទៀត​ចំនួន ៦០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​កម្ពុជា-វៀតណាម អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​ពី​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បាន​ទេ​នៅ​ថ្ងៃ​ទី​៦ មេសា នេះ។

កន្លង​ទៅ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ភាគ​ខាង​កើត តែងតែ​មាន​បាតុភាព​កើត​ឡើង​ជាច្រើន​រួម​មាន ការ​លួច​ជីក​ស្រះ ជីក​ប្រឡាយ លួច​សាងសង់​ប៉ុស្តិ៍​យុទ្ធសាស្ត្រ លួច​ធ្វើ​ផ្លូវ​នៅ​តំបន់​ហាមឃាត់ និង​កាប់​រាន​ព្រៃ​ធ្វើ​ចម្ការ ជាដើម ដែល​ពួក​គេ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​កម្ពុជា នោះ​ទេ ប៉ុន្តែ​សម្រាប់​ភាគី​កម្ពុជា វិញ មិន​ដែល​ហ៊ាន​បញ្ចេញ​សកម្មភាព​ដូច​វៀតណាម ឡើយ។ លើស​ពី​នេះ បើ​ទោះ​បី​ជា​កម្ពុជា បាន​ផ្ញើ​លិខិត​កំណត់​ទូត​ទៅ​វៀតណាម ២៣​លើក​ក្តី តែ​វៀតណាម បាន​បង្ហាញ​កាយវិការ​មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ។

ជាមួយ​គ្នា​នេះ យុវជន មួង សូនី បញ្ជាក់​ថា ក្នុង​ពេល​ចុះ​ធ្វើ​យុទ្ធនាការ ១០០​រាត្រី ដែល​បាន​ចុះ​ទៅ​សម្ភាស​ជាមួយ​ពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន គឺ​ពលរដ្ឋ​នៅ​តែ​លើក​ឡើង​ថា ប្រជាជន​វៀតណាម នៅ​តែ​ហូរ​ចូល​មក​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។