លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារឲ្យអ្នកនយោបាយដែលមានទស្សនៈខុសពីលោក បកស្រាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឲ្យគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែអ្នកតាមដានព្រឹត្តិការណ៍នយោបាយលើកឡើងថា អ្នកនយោបាយសព្វថ្ងៃកំពុងកេងចំណេញពីកិច្ចព្រមព្រៀងសន្តិភាពនេះ។
មុនមួយថ្ងៃនៃថ្ងៃរំឭកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា លោក ហ៊ុន សែន រំឭកទៅអ្នកនយោបាយ ត្រូវមានការទទួលខុសត្រូវចំពោះការលើកឡើងរបស់ខ្លួន ទាក់ទងនឹងដើមកំណើតនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា។ លោកថា មនុស្សមួយចំនួនចូលចិត្តបំភ្លេចពីឫសគល់ ដោយគេច្បិចតែចំណុចតូចមួយយកមកនិយាយ៖ «២៣ តុលា មានដើមចមរបស់វា ដូច្នេះត្រូវរកឫសគល់ បើសិនជាគេជាមនុស្សពិតប្រាកដ កុំលាក់លៀម។តើហេតុអ្វីត្រូវមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយ ហ៊ុន សែន ចាំបាច់ទៅចរចាជាមួយសម្ដេច សីហនុ ដើម្បីបើកផ្លូវឲ្យដំណើរការនៃកិច្ចព្រមព្រៀងនេះ?»។
លោក ហ៊ុន សែន ថ្លែងដូចនេះក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារទី២ និងរង្វង់មូលត្រើយខាងលិច ត្រើយខាងកើត នៅថ្ងៃទី២២ ខែតុលា។
ទោះមិនរិះគន់ចំឈ្មោះ ប៉ុន្តែទំនង លោក ហ៊ុន សែន ឌឺដងទៅប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ខណៈដែល លោក កឹម សុខា សរសេរនៅលើហ្វេសប៊ុក (Facebook) របស់លោកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ទទួលបានការគាំទ្រទាំងស្រុងពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កិច្ចព្រមព្រៀងនេះ ជាមរតកដ៏មហាសាលនៃអ្នកស្នេហាជាតិកម្ពុជា គ្រប់ភាគី ដោយមានការចូលរួមគាំទ្រពីអន្តរជាតិ។
អនុប្រធានទី១ រដ្ឋសភា និងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នោះជាការយល់ឃើញរបស់លោក ហើយនេះជាសិទ្ធិរបស់លោកក្នុងការបញ្ចេញមតិ។ លោក កឹម សុខា បន្តថា គ្រប់តួអង្គនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា គឺសុទ្ធតែជាភាគីសំខាន់៖ «មិនមែនជារឿងចាំបាច់ថា គេឲ្យខ្ញុំនិយាយអី ខ្ញុំត្រូវនិយាយហ្នឹងទេ ខ្ញុំនិយាយអ្វីដែលខ្ញុំយល់ឃើញ»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែលជាថ្ងៃប្រវត្តិសាស្ត្រក្នុងការបញ្ចប់សង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ។
នៅឆ្នាំ២១០៥ នេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា មានអាយុ ២៤ឆ្នាំ បន្ទាប់ពីបានបង្កើតឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា កិច្ចព្រមព្រៀងនេះជាសមិទ្ធផលផ្តាច់មុខរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកើតឡើងក្រោយថ្ងៃរំដោះ ៧ មករា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក រៀបរាប់ពីដំណើរការការវិវឌ្ឍ និងទេពកោសល្យរបស់លោកក្នុងការចរចា ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន លើកឡើងថា អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចង់បាន គឺអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ឬហៅថា អ៊ុនតាក់ (UNTAC) មិនអាចសម្រេចបានឡើយ ហើយថា សន្តិភាពពិតប្រាកដកើតមាននៅកម្ពុជា គឺដោយសារនយោបាយឈ្នះៗរបស់លោក។
ទោះយ៉ាងនេះក្តី តួអង្គសំខាន់ដែលបង្កើតកិច្ចព្រមព្រៀងនេះរួមមាន ភាគីរដ្ឋកម្ពុជា នៃរដ្ឋាភិបាលក្រុងភ្នំពេញ ដែលតំណាងដោយ លោក ហ៊ុន សែន បានចូលរួមក្នុងតុចរចាជាមួយនឹងភាគីខ្មែរចំនួន ៣ទៀត គឺមានភាគី លោក សឺន សាន ប្រធានគណបក្សសេរីនិយមព្រះពុទ្ធសាសនា សម្ដេច នរោត្ដម សីហនុ សម្ដេច នរោត្តម រណឫទ្ធិ តំណាងគណបក្សហ៊្វុនស៊ិនប៉ិច និងលោក ខៀវ សំផន តំណាងឲ្យភាគីខ្មែរក្រហម បានស្រុះស្រួលគ្នាបញ្ចប់សង្គ្រាមស៊ីវិល ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។
ចំណែកបណ្ដាប្រទេសចំនួន១៨ ដែលជាហត្ថលេខីនៅក្នុងតំបន់អាស៊ី ដូចជា វៀតណាម លាវ ថៃ និងប្រទេសមហាអំណាចធំៗ ដូចជាសហរដ្ឋអាមេរិក បារាំង អូស្ត្រាលី បានចុះហត្ថលេខារួមគ្នាក្នុងការគោរព និងជួយជ្រោមជ្រែងប្រទេសកម្ពុជា ការបោះឆ្នោត ការបង្កើតរដ្ឋធម្មនុញ្ញ ការគោរពអធិបតេយ្យ ជួយស្ដារសេដ្ឋកិច្ច ជួយផ្នែកនយោបាយ ដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងបញ្ហាជាច្រើនទៀត។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា លោកបណ្ឌិត រស់ រ៉ាវុធ សង្កេតឃើញថា សព្វថ្ងៃនេះ អ្នកនយោបាយកំពុងយកថ្ងៃប្រវត្តិសាស្ត្រមួយនេះដើម្បីកេងចំណេញនយោបាយរៀងៗខ្លួន។ លោកបន្តថា ទង្វើបែបនេះ ធ្វើឲ្យពលរដ្ឋខ្មែរដែលមិនសូវដឹងប្រវត្តិសាស្ត្រ នឹងវង្វេងតាមអ្នកនយោបាយ៖ «យើង កុំក្លែងប្រវត្តិសាស្ត្រ ហើយកុំកេងចំណេញលើប្រវត្តិសាស្ត្រ ដែលធ្វើឲ្យពលរដ្ឋដែលមានចំណេះដឹងនៅមានកម្រិតនៅឡើយ។ តាមការបោកបញ្ឆោតរបស់អ្នកនយោបាយ»។
ទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចាត់ទុកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថាជាមូលដ្ឋានគតិយុត្តិកម្រិតអន្តរជាតិសំខាន់មួយ ដែលធានានូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ការលើកកម្ពស់សិទ្ធិមនុស្ស នីតិរដ្ឋ និងការកសាងលទ្ធិប្រជាធិបតេយ្យ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពាវនាវឲ្យរដ្ឋាភិបាលគណបក្សនយោបាយ និងពលរដ្ឋខ្មែរទាំងអស់ ទទួលស្គាល់ គោរពស្មារតី តម្លៃ និងរក្សាសុពលភាពកិច្ចព្រមព្រៀងនេះ ដើម្បីដោះស្រាយបញ្ហាអាយុជីវិតជាតិ ជាពិសេស គឺបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង។ រីឯគណបក្សសង្គ្រោះជាតិ ប្រកាសថា នឹងប្រារព្ធពិធីរំឭកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានវត្តមានប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ចំណែកបណ្ដាញអង្គការសមាគម នឹងប្រារព្ធទិវានេះចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង១១ នៅ ៥ខេត្ត-រាជធានី រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពង់ចាម និងខេត្តតាកែវ។ គោលបំណង ៣សំខាន់ៗនៃការជួបជុំគ្នានេះ គឺរំឭកខួបលើកទី២៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា បង្កើនការយល់ដឹងពីកិច្ចព្រមព្រៀងនេះទៅសាធារណជន និងចំណុចចុងក្រោយ ជំរុញឲ្យមានការគោរព និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឲ្យបានទូលំទូលាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។