ការប្រកាសនេះ បានធ្វើឲ្យមតិខ្លះចោទសួរថា តើ លោក ហ៊ុន សែន ពិតជាមានបំណងចង់កែទម្រង់រដ្ឋាភិបាលមែន ឬគ្រាន់តែជាការធ្វើឲ្យអ្នកគាំទ្របក្សសង្គ្រោះជាតិ ដែលប្រឆាំងនឹងការបង្កើតរដ្ឋាភិបាលថ្មី ឲ្យស្ងប់ចិត្តតែប៉ុណ្ណោះ ឬយ៉ាងណា?
ថ្លែងទៅកាន់មន្ត្រីក្រោមឱវាទក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃដំបូង នៃអាណត្តិរដ្ឋាភិបាលថ្មី ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ កញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពេលនេះមានវ័យរាងជ្រេបន្តិចទៅហើយនោះ បានចំណាយពេលជិតមួយថ្ងៃអានឯកសារគោលនយោបាយកែទម្រង់រដ្ឋាភិបាលអាណត្តិថ្មីដែលលោកទើបចូលកាន់តំណែង។
លោកនាយករដ្ឋមន្ត្រីដែលមើលទៅរាងស្រកសាច់ជាងមុន ប្រហែលជានឿយហត់ខ្លាំងដោយសារការងារនយោបាយ មមាញឹកក្នុងការរៀបចំក្បាលម៉ាស៊ីនសភា និងរៀបចំចាត់ចែងរដ្ឋាភិបាលថ្មី ដែលបក្សប្រឆាំងមិនចូលរួមនោះ បញ្ជាក់ថា ក្នុងយុទ្ធសាស្ត្រកែទម្រង់ឲ្យមានប្រសិទ្ធភាពនេះ គឺការកែទម្រង់អភិបាលកិច្ចល្អ ជាឆ្អឹងខ្នងយ៉ាងសំខាន់នៃការកែទម្រង់រួម ហើយមន្ត្រីដែលធ្លាប់ធ្វើការក្នុងតំណែងចាស់ដែលទម្លាប់ប្រព្រឹត្តបក្ខពួកនិយម គ្រួសារនិយម អំពើពុករលួយជាដើម ត្រូវចេះភ្ញាក់រលឹក កែខ្លួន ងាកមកបម្រើផលប្រយោជន៍ជាតិជាធំវិញ។
កិច្ចប្រជុំដែលចំណាយពេលមួយថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីបានប្រកាសកែទម្រង់លើវិស័យសំខាន់ៗ ដូចជា ប្រឆាំងអំពើពុករលួយ កែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កែទម្រង់រដ្ឋបាលសាធារណៈ កែទម្រង់កងកម្លាំងប្រដាប់អាវុធ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កែទម្រង់ប្រព័ន្ធដីធ្លី ព្រៃឈើ ជលផល និងលើកកម្ពស់សមត្ថភាពប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាសាធារណៈ ដើម្បីបង្កើនជំនឿទុកចិត្ត និងបំពេញបំណងប្រាថ្នារបស់ប្រជាជន និងសហគមន៍ធុរកិច្ច។ លើសពីនេះទៅទៀតនោះ លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសដំឡើងប្រាក់ខែមន្ត្រីរាជការខ្លះដែរ ដែលកាលពីអាណត្តិមុននេះ លោកប្រកាសថា មិនអាចធ្វើទៅរួច។
សេចក្ដីប្រកាសនេះ បានធ្វើឲ្យសាធារណជនខ្លះយល់ថា ជាការឃោសនាប្រជាភិថុតិក្នុងពេលមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា រិះគន់ថា នេះជាសារនយោបាយដដែលៗ ដែលលោកនាយករដ្ឋមន្ត្រីលើកឡើងជាង ២០ឆ្នាំមកហើយ។
ចំណែកអ្នកវិភាគនយោបាយ និងសង្គម យល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាចង់ធ្វើការកែទម្រង់រដ្ឋាភិបាលអាណត្តិនេះពិតប្រាកដមែន។
លោកបណ្ឌិត សុខ ទូច អ្នកវិភាគវិទ្យាសាស្ត្រនយោបាយ យល់ថា បក្សប្រជាជន នឹងបាត់ឈ្មោះពីឆាកនយោបាយនៅពេលខាងមុខនេះ បើមិនធ្វើការកែទម្រង់ទាន់ពេលទេ ព្រោះប្រជាពលរដ្ឋនឹងបាត់ជំនឿ ដោយសារការដឹកនាំកន្លងមក។
រីឯ លោក កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍សង្គម យល់ដូច លោក សុខ ទូច ដែរ ក៏ប៉ុន្តែលោកថា របៀបធ្វើការកែទម្រង់មិនមែនរបៀបប្រាប់ជាអនុសាសន៍ដូច្នេះទេ។
ជាចុងក្រោយ អ្នកវិភាគទាំងពីរបានសម្ដែងចម្ងល់ថា តើការកែទម្រង់រដ្ឋាភិបាលអាណត្តិទី៥ នេះ បានជោគជ័យ ឬក៏គ្រាន់តែជាការកែទម្រង់ដូចអាណត្តិមុនៗ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
