លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៦ សីហា បានឆ្លើយតបទៅនឹងកាសែតថៃ ឌឺណេសិន(The Nation) ដែលបានសរសេរថា លោកនាយករដ្ឋមន្ត្រីនឹងលើកកូនប្រុសបង្កើត ហ៊ុន ម៉ាណែត ស្នងតំណែងរបស់លោកជានាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន បានថ្លែងថា លោកមិនអាចផ្ទេរតំណែងទៅឲ្យកូនបានតាមចិត្តទេ នៅកម្ពុជាដែលកំពុងប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ដែលត្រូវឲ្យមានការប្រកួតប្រជែងឡើងកាន់អំណាចតាមរយៈការបោះឆ្នោត៖
ស្ដាប់សំឡេងផ្ទាល់របស់លោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រីថ្លែងនៅក្នុងសន្និសីទអន្តរជាតិលើកទី៥ នៅសណ្ឋាគារ សូហ្វីថែលភោគីត្រា ស្ដីពីភាពដឹកនាំនៃបញ្ញវន្តឆ្នើមឆ្នាំ២០១៤ ដែលមានយុវជន និងមន្ត្រីរដ្ឋាភិបាលនានាចំនួនជិត ១ពាន់នាក់ មកពីប្រទេស ៤៧ ចូលរួម។
កាលពីសប្ដាហ៍មុននេះ ប្រតិភូកម្ពុជា ដឹកនាំដោយលោករដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់បានទស្សនកិច្ចប្រទេសថៃរយៈពេលពីរថ្ងៃដើម្បីរឹតចំណងទំនាក់ទំនងជាមួយរដ្ឋាភិបាលយោធាថៃ ដែលក្នុងនោះមាន លោកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត រួមដំណើរនិងមានតួនាទីសំខាន់ក្នុងកិច្ចពិភាក្សាជាមួយភាគីថៃដែរ។ តាមរយៈវត្តមានលោក ហ៊ុន ម៉ាណែត មានមុខជាមួយមន្ត្រីជាន់ខ្ពស់យោធាថៃពេលនោះហើយ ទើបធ្វើឲ្យកាសែតថៃមួយនេះសរសេរផ្សាយថា លោក ហ៊ុន សែន មានបំណងលើកកូនប្រុសស្នងតំណែង ដឹកនាំកម្ពុជាបន្តពីលោកទៅអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
