លោក ហ៊ុន សែន បង្ហាញ​ហេតុផល​ដែល​រដ្ឋាភិបាល​ព្រម​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី

0:00 / 0:00

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​ការ​ព្យាយាម​បន្ត​គម្រោង​ទទួល​យក​ជន​ភៀស​ខ្លួន​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​កម្ពុជា របស់​រដ្ឋាភិបាល ថា​ជា​ការ​ព្យាយាម​បំភ្លេច​កង្វល់​របស់​ពលរដ្ឋ។

ស្រប​គ្នា​នេះ ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​ហ្រ្គីន (Green) របស់​ប្រទេស​អូស្ត្រាលី (Australia) អ្នកស្រី សារ៉ាស ហាន់សុន យ៉ាំង (Sarah Hanson-Young) ក៏​ចាត់​ទុក​គម្រោង​នេះ​ថា កំពុង​រុញ​ច្រាន​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី នោះ មក​រក​គ្រោះថ្នាក់ ឬ​ជា​ការ​ដាក់​ទណ្ឌកម្ម​ជីវិត​របស់​ពួក​គេ។

ការ​លើក​ឡើង​របស់ លោក កឹម សុខា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​រដ្ឋសភា បាន​ថ្លែង​បែប​នេះ គឺ​នៅ​ពេល​ដែល​លោក​បាន​ទទួល​លិខិត​ឆ្លើយ​តប​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បំភ្លឺ​តប​ចំពោះ​ក្ដី​បារម្ភ​របស់​ក្រុម​អ្នក​តវ៉ា ប្រឆាំង​នឹង​ការ​ផ្ទេរ​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ (Nauru) មក​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា លោក កឹម សុខា ពុំ​បាន​បញ្ជាក់​ថា នឹង​មាន​វិធានការ​អ្វី​បន្ទាប់​ទៀត​ឡើយ៖ «យើង​អោយ​នាយក​រដ្ឋមន្ត្រី​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​គេ​អត់​ពេញ​ចិត្ត​ទេ​ចំពោះ​កិច្ច​ព្រមព្រៀង​ហ្នឹង។ ទាំង​សង្គម​ស៊ីវិល ទាំង​ព្រះសង្ឃ ទាំង​យុវជន និស្សិត គេ​មិន​ពេញ​ចិត្ត​ទេ។ លោក​នាយក​រដ្ឋមន្ត្រី​គាត់​មាន​សិទ្ធិ​សម្រេច​ក្នុង​នាម​រដ្ឋាភិបាល ប៉ុន្តែ​គាត់​បង្ហាញ​អោយ​គេ​ឃើញ​ថា គាត់​សម្រេច​នេះ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ គាត់​អត់​គិត​ពី​កង្វល់​របស់​ប្រជាពលរដ្ឋ។ យើង​ជូន​ដំណឹង​ថា ប្រជាពលរដ្ឋ​គាត់​ធ្វើ​ចឹង ហើយ​បើ​គាត់​ចង់​ធ្វើ​បញ្ច្រាស​ពី​ប្រជាពលរដ្ឋ​ចឹង ប្រជាពលរដ្ឋ​គាត់​នឹង​វាយ​តម្លៃ»

នៅ​ក្នុង​លិខិត​ឆ្លើយ​តប​ចំនួន​ពីរ​ទំព័រ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ទៅ​ប្រធាន​សភា លោក ហេង សំរិន បញ្ជាក់​ថា រដ្ឋាភិបាល​ដែល​ឯកភាព​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី បាន​ផ្អែក​លើ​ហេតុផល​ចំនួន ៨​ចំណុច។ ក្នុង​នោះ​រួម​មាន កម្ពុជា ជា​ភាគី​នៃ​អនុសញ្ញា​អន្តរជាតិ​ឆ្នាំ​១៩៥១ ស្ដីពី​ជន​ភៀស​ខ្លួន​កម្ពុជា មាន​អនុក្រឹត្យ​លេខ​២២៤ ឆ្នាំ​២០០៩ ស្ដីពី​នីតិវិធី​ពិនិត្យ និង​ទទួល​ស្គាល់​ផ្តល់​ឋានៈ​ជន​ភៀស​ខ្លួន ឬ​សិទ្ធិ​ជ្រក​កោន​ដល់​ជន​បរទេស។ ក្នុង​លិខិត​ដដែល លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា ការ​ទទួល​យក​ជន​ភៀស​ខ្លួន​នៅ​ពេល​នេះ ស្រប​តាម​ការ​ព្រមព្រៀង​គ្នា​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី ទទួល​យក​តែ​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​នាម​មនុស្ស​ធម៌។ ជន​ភៀស​ខ្លួន ត្រូវ​មាន​ការ​យល់​ព្រម​ជា​លាយលក្ខណ៍​អក្សរ ដោយ​ពុំ​មាន​ការ​បង្ខិតបង្ខំ។ ករណី​នេះ ប្រទេស​អូស្ត្រាលី ជា​អ្នក​រ៉ាប់រង​ចំណាយ​រួម​មាន ការ​ដឹក​ជញ្ជូន​មក​កម្ពុជា កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន អាហារ សម្លៀកបំពាក់ សេវា​បកប្រែ ការ​ធានា​សុខភាព​រយៈពេល ៥​ឆ្នាំ និង​បន្ត​ឧបត្ថម្ភ​រយៈពេល ១​ឆ្នាំ ក្នុង​ពេល​ធ្វើ​សមាហរណកម្ម​ក្នុង​សហគមន៍​កម្ពុជា។ លើស​ពី​នេះ អូស្ត្រាលី នឹង​ជួយ​សហគមន៍​ខ្មែរ​នៅ​កន្លែង​ដែល​ជន​ភៀស​ខ្លួន​រស់នៅ។

លិខិត​ដដែល​បន្ត​ថា ក្នុង​រយៈពេល​១​ឆ្នាំ​ក្រោយ​ពេល​ចេញ​ពី​ជំរំ​បណ្ដោះអាសន្ន ពួក​គេ​អាច​សុំ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ឬ​ទៅ​ប្រទេស​ណា​មួយ​ទៀត អូស្ត្រាលី នឹង​ជួយ​ឧបត្ថម្ភ​ការ​ធ្វើ​ដំណើរ និង​តាំង​ទីលំនៅ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ គឺ​កម្ពុជា ធ្លាប់​ទទួល​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន និង​ជន​ភៀស​ខ្លួន​ចំនួន ៨៥​នាក់​រួច​ហើយ ក្នុង​នោះ​មាន ៦៩​នាក់ ជា​ជន​ភៀស​ខ្លួន។ ពួក​គេ​មក​ពី​ប្រទេស​វៀតណាម (Vietnam) ថៃ (Thailand) មីយ៉ាន់ម៉ា ឬ ភូមា (Myanmar) ស្រីលង្កា (Sri lanka) ប៉ាគីស្ថាន (Pakistan) ប៉ាឡេស្ទីន (Palestinian) អ៊ីរ៉ាក់ (Iraq) ស៊ូដង់ (Soudan) កុងហ្គោ (Congo) និង​សូម៉ាលី (Somali)។

លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​តប​នឹង​លិខិត​របស់ លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ដែល​ស្នើ​អោយ​លោក​នាយក​រដ្ឋមន្ត្រី ពិចារណា​ឡើង​វិញ​ពី​ការ​ផ្ទេរ​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​កម្ពុជា។ ការ​ស្នើ​នោះ​បាន​បញ្ជាក់​ថា លោក កឹម សុខា បាន​ជួប​តំណាង​ព្រះសង្ឃ និស្សិត បញ្ញវន្ត និង​ប្រជាពលរដ្ឋ​ដែល​បាន​តវ៉ា​ប្រឆាំង​គម្រោង​នេះ។

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា លោក ម៉ៅ ពិសេស មាន​ប្រសាសន៍​ថា លោក​អស់​សង្ឃឹម​នឹង​យន្តការ​ក្នុង​ស្រុក​នេះ​ហើយ៖ «ជា​ប្រជាពលរដ្ឋ​ជា​សង្គម​ស៊ីវិល យើង​អស់​សង្ឃឹម​ហើយ​ក្នុង​ការ​ស្វែងរក​ការ​អន្តរាគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ពី​សំណាក់​ខាង​រដ្ឋសភា ពី​ខាង​រដ្ឋាភិបាល គឺ​យើង​អស់​សង្ឃឹម​ហើយ ព្រោះ​ការ​ឆ្លើយ​តប​របស់​នាយក​រដ្ឋមន្ត្រី​ពេល​ថ្មីៗ​នេះ ក៏ដូចជា លោក កឹម សុខា អនុប្រធាន​ទី​១​សភា គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា អ្វី​ដែល​រដ្ឋាភិបាល​គាត់​ព្យាយាម​នឹង​ធ្វើ​ហ្នឹង គឺ​ត្រូវ​តែ​ទៅ​មុខ ហើយ​ទប់​លែង​បាន​ហើយ»

កាល​ពី​សប្ដាហ៍​មុន អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch) បាន​បង្ហាញ​របាយការណ៍​ថ្មី​របស់​ខ្លួន​ដោយ​លើក​ឡើង​ថា ជន​ភៀស​ខ្លួន​ដែល​មក​រស់នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​២០០៩ ដែល​អង្គការ​នេះ​បាន​ជួប​សម្ភាស​បាន​អះអាង​ថា ពួក​គេ​ត្រូវ​រើសអើង ពួក​គេ​ត្រូវ​អាជ្ញាធរ​បង្ខំ​ទារ​ប្រាក់ មិន​អាច​រក​ការងារ​បាន​ធ្វើ​ដោយ​ខ្វះ​ឯកសារ​ផ្លូវ​ច្បាប់ ខ្វះ​ការ​ធានា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ខ្វះ​សេវា​សុខាភិបាល និង​អប់រំ ជាដើម។ អ្នក​ទាំង​នោះ​បាន​ឆ្លើយ​ថា ពួក​គេ​ពុំ​អាច​រក​ការងារ​ដែល​អាច​ផ្គត់ផ្គង់​គ្រួសារ​បាន សមរម្យ ដោយសារ​ពុំ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ពុំ​សូវ​ចេះ​ភាសា​ខ្មែរ និង​រស់នៅ​ឆ្ងាយ​ពី​ប្រជុំ​ជន។ ការ​ទិញ​ទំនិញ​គ្រប់​ប្រភេទ តែង​ជួប​បញ្ហា​ការ​ដំឡើង​ថ្លៃ​ខ្ពស់​ជាង​ពលរដ្ឋ​ម្ចាស់​ស្រុក។ នៅ​ពេល​ពួក​គេ​មាន​បញ្ហា​ទៅ​ប្ដឹង អាជ្ញាធរ​តែង​ជួប​ប្រទះ​ការ​បង្ខំ​ទារ​ប្រាក់ សូម្បី​តែ​រឿង​បាត់​កង់​មួយ​គ្រឿង។ ក្នុង​ការ​សិក្សា បើ​ទោះ​ជា​រដ្ឋ​អះអាង​ថា​ពុំ​បង់​ប្រាក់ ប៉ុន្តែ​ពេល​ខ្លះ​កូនៗ​ពួក​គេ​ត្រូវ​រើសអើង​មិន​អោយ​ចូល​រៀន ឬ​ត្រូវ​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​អោយ​គ្រូ ទើប​មាន​ការ​យក​ចិត្ត​ទុក​ដាក់។ ចំណែក​សេវា​សុខភាព​វិញ ពួក​គេ​ត្រូវ​ទទួល​បាន​សេវា​ដែល​ដូច​គ្នា​នឹង​ពលរដ្ឋ​ខ្មែរ​នៅ​តាម​សហគមន៍​ដែរ ប៉ុន្តែ​សេវា​នោះ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។ ពួក​គេ​ត្រូវ​ទៅ​រក​ការ​ព្យាបាល​នៅ​ទីប្រជុំជន​មាន​តម្លៃ​ថ្លៃ ដែល​តម្រូវ​អោយ​ពួក​គេ​ត្រូវ​សុំ​លុយ​ពី​សាច់ញាតិ​នៅ​ក្រៅ​ប្រទេស។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​មាន​ប្រសាសន៍​ថា ក្នុង​អារម្មណ៍​របស់​ជន​ភៀស​ខ្លួន មិន​ថា​នៅ​ក្នុង​ប្រទេស​ក្រីក្រ ប្រទេស​កំពុង​អភិវឌ្ឍន៍ ឬ​ប្រទេស​ជឿន​លឿន​ទេ គឺ​តែង​តែ​គិត​ថា មាន​ការ​រើសអើង ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ ឬ​ពុំ​មាន​សេរីភាព​ពេញ​លេញ ជាដើម។ លោក​បន្ត​ថា ការ​ពិត គឺ​ពុំ​ដូច​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សរសេរ​ក្នុង​របាយការណ៍​គេ​នោះ​ឡើយ៖ «ជាក់ស្តែង​វា​មិន​ដូច យូមែន រ៉ៃត៍ វ៉ច្ឆ គាត់​ថា​ទេ ជាពិសេស​និយាយ​ដោយ​ត្រង់ គ្មាន​ខ្មែរ​ណា​ម្នាក់​ទៅ​នៅ​អាមេរិក ហើយ​ថា​ខ្ញុំ​ជា​ម្ចាស់​ប្រទេស​ទេ គ្មាន​ទី​ណា​ល្អ​ជាង​ទឹក​ដី​យើង​ទេ។ ជាក់ស្តែង​វា​មិន​ចឹង​ទេ តាម​ដែល យូមែន រ៉ៃត៍ វ៉ច្ឆ គាត់​រក​ឃើញ​ហ្នឹង វា​ជា​កាតព្វកិច្ច​គាត់​ត្រូវ​ថា​ចឹង បើ​មិន​ចឹង​ម៉េច​នឹង​គាត់​បាន​លុយ?»

ចំណែក​ព្រឹទ្ធ​សមាជិក​នៃ​ប្រទេស​អូស្ត្រាលី អ្នកស្រី សារ៉ាស ហាន់សុន យ៉ាំង ដែល​បាន​មក​កម្ពុជា កាល​ពី​សប្ដាហ៍​មុន ក៏​បាន​ផ្សព្វផ្សាយ​ពី​ការ​រក​របស់​អ្នកស្រី។ នៅ​ក្នុង​អត្ថបទ​របស់​អ្នកស្រី​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន ឌឹ ហ្គាឌៀន (The Guardian) បាន​រៀបរាប់​យ៉ាង​សង្ខេប​ពី​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​បំពាន​សិទ្ធិ និង​ជីវភាព​របស់​ក្រុម​ជន​ភៀស​ខ្លួន។ អ្នកស្រី​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា ជាច្រើន កំពុង​រស់នៅ​ក្នុង​ការ​លំបាក ខ្វះ​ដីធ្លី លំនៅឋាន ខ្វះខាត​សេវា​សង្គម​កិច្ច អប់រំ សុខភាព និង​ខ្វះ​ការងារ​ធ្វើ ជាដើម។ ពួក​គេ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​រក​ការងារ​ធ្វើ។ ចំណែក​កុមារ និង​ស្ត្រី​វ័យ​ក្មេង ងាយ​នឹង​រងគ្រោះ​ពី​ការ​បោក​បញ្ឆោត ជា​ថ្នូរ​នឹង​ការ​ធានា​ផ្តល់​អាហារ ផ្តល់​ការងារ ឬ​ប្រាក់​ឈ្នួល​ខ្ពស់ ជាដើម។ ហើយ​ជាទូទៅ ពួក​គេ​ប្រឈម​នឹង​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម ឬ​ជួញ​ដូរ​ភេទ។ អ្នកស្រី សារ៉ាស ក៏​បាន​ជួប​ជន​ភៀស​ខ្លួន រ៉ូហីងយ៉ា (Rohingya) ដែរ ពួក​គេ​ប្រាប់​អ្នកស្រី​ថា ពួក​គេ​រស់នៅ​ដោយ​លំបាក និង​ពុំ​មាន​អនាគត​ទេ។ ពួក​គេ​ចង់​ចាក​ចេញ ប៉ុន្តែ​ពុំ​មាន​ឯកសារ​ស្រប​ច្បាប់។ ពួក​គេ​អះអាង​ថា ស្ថានភាព​នៅ​កម្ពុជា បច្ចុប្បន្ន នឹង​នាំ​វាសនា​អាក្រក់​អោយ​ក្រុម​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​បញ្ជូន​មក។ ករណី​នេះ អ្នកស្រី​ជំរុញ​អោយ​ពលរដ្ឋ​អូស្ត្រាលី គិត​ពី​ស្ថានភាព​របស់​ជន​ភៀស​ខ្លួន នៅ​ពេល​ពួក​គេ​ប្រឈម​នឹង​ទទួល​ទណ្ឌកម្ម​ជីវិត៖ «នៅ​ពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​កង់បេរ៉ា (Canberra) អាច​សម្រេច​ចិត្ត​ដាក់​ទណ្ឌកម្ម​ជីវិត​ជន​ភៀស​ខ្លួន​ដោយ​ភាព​ក្រីក្រ និង​ការ​លំបាក​ទាំង​ឡាយ ប្រជាជន​អូស្ត្រាលី គួរ​តែ​មាន​លទ្ធភាព​យល់​ដឹង​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា។ ពួក​គេ​គួរ​ទទួល​បាន​ព័ត៌មាន​ពី​អ្នក​រងគ្រោះ​ពិត​ប្រាកដ​នៅ​កម្ពុជា និង​ដឹង​ថា កិច្ចការ​រវាង​រដ្ឋាភិបាល​អូស្ត្រាលី ជាមួយ​កម្ពុជា នឹង​ដាក់​ទណ្ឌកម្ម​ជន​ភៀស​ខ្លួន​រាប់​រយ​នាក់ អោយ​រស់នៅ​ដោយ​គ្មាន​ន័យ និង​ជីវភាព​តោកយ៉ាក​ពេញ​មួយ​ជីវិត»

នៅ​ក្នុង​អត្ថបទ​នោះ អ្នកស្រី សារ៉ាស បញ្ជាក់​ថា តាម​គម្រោង​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ប្រាប់​ទៅ​ព្រឹទ្ធសភា អោយ​ដឹង​ថា ជន​ភៀស​ខ្លួន​អាច​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា នៅ​ចុង​ឆ្នាំ​២០១៤ នេះ។ គម្រោង​នេះ រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី បាន​ចុះ​កិច្ចព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ (Nauru) មក​កម្ពុជា ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។