លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរគុណដល់អ្នកដែលជូនពរលោកឲ្យឆាប់ជាសះស្បើយពីជំងឺ និងផ្ញើសារទៅអ្នកដែលចាំបន់ឲ្យលោកស្លាប់។ នៅក្នុងឱកាសប្រារព្ធទិវាកាកបាទក្រហមពិភពលោក កាលថ្ងៃទី៨ ឧសភា លោក ហ៊ុន សែន ថ្លែងអរគុណដល់អ្នកដែលបានបញ្ជូនសារជូនពរលោកនេះតាមរយៈហ្វេសប៊ុក (Facebook) និងផ្ញើចូលទៅទូរស័ព្ទដៃលោកផង ដោយបង្ហាញពីក្ដីបារម្ភចំពោះបញ្ហាសុខភាពរបស់លោក។
ប្រការនេះ លោកចាត់ទុកថាជាការយកចិត្តទុកដាក់ដល់គ្នាទៅវិញទៅមក។ ទន្ទឹមគ្នានឹងមានអ្នកជូនពរលោកឲ្យឆាប់ជាពីជំងឺ ក៏មានអ្នកខ្លះ បានដាក់ទំនាយឲ្យលោកស្លាប់ដែរ។
ទាក់ទងករណីនេះ លោក ហ៊ុន សែន ក៏បានផ្ដាំទៅអ្នកទាំងនោះវិញដែរថា កុំឲ្យសង្ឃឹមលើការបន់ស្រន់ឲ្យលោកឆាប់ស្លាប់នោះអី ហើយលោកចាត់ទុកការបន់ស្រន់បែបនេះ ថាជាការប្រមាថអាយុជីវិតរបស់លោក។ លោកបន្ថែមទៀតថា អ្នកទាំងនោះ ភាគច្រើនជាក្រុមដែលមានចេតនាចង់ផ្ដួលរំលំលោក ឬរដ្ឋាភិបាល៖ « ការប្រមាថរបស់អស់លោក ឬអ្នកទាំងឡាយ វាក្លាយទៅជាបណ្ដាសាសម្រាប់អស់លោកទៅវិញទេ។ សូមកុំសង្ឃឹមអំពីការចាំ ហ៊ុន សែន ងាប់ វាងាប់ទៅណាវា បើវាមកឈរនិយាយចឹង ហើយនិយាយឮទៀត . ..»។
លោក ហ៊ុន សែន បានទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមួយក្នុងប្រទេសសិង្ហបុរី (Singapore) កាលពីថ្ងៃទី៣ ឧសភា។
លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ក៏បានផ្ញើសារជូនពរឲ្យលោក ហ៊ុន សែន ឲ្យឆាប់ជាសះស្បើយពីជំងឺដែរ តាមរយៈបណ្ដាញសង្គមធ្វីតធើ (Twitter)កាលពីថ្ងៃទី៥ ឧសភា ហើយក្រោយមួយថ្ងៃ លោក ហ៊ុន សែន ក៏បានផ្ញើសារអរគុណទៅលោក សម រង្ស៊ី វិញតាមរយៈហ្វេសប៊ុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
