លោក ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​ថៃ​បង្កើត​រដ្ឋាភិបាល​និរទេស​នៅ​កម្ពុជា

ដោយ ខែ សុណង
2014.05.27
ហ៊ុន សែន ៦១០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​វារីអគ្គិសនី​ស្ទឹង​អាតៃ ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Chin Chetha

កម្ពុជា បង្ហាញ​ជំហរ​ថា​នឹង​មិន​លូក​លាន់​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ថៃ ដែល​កំពុង​ជួប​ភាព​វឹកវរ​នោះ​ទេ។ ការ​ប្រកាស​នេះ បន្ទាប់​ពី​មាន​ដំណឹង​ថា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​តំណែង​ដោយ​រដ្ឋ​ប្រហារ​យោធា​នោះ បាន​ត្រៀម​បង្កើត​នូវ​រដ្ឋាភិបាល​និរទេស ដែល​អាច​នឹង​សម្លឹង​កម្ពុជា ថា​ជា​ជម្រើស​មួយ​នៃ​ការ​ដាក់​ទីតាំង​រដ្ឋាភិបាល​និរទេស​នោះ។

លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ថា ប្រទេស​កម្ពុជា មិន​មែន​ជា​ទីតាំង​សម្រាប់​ផ្ដល់​ឲ្យ​ប្រទេស​ណា​មួយ ឬ​ក្រុម​ណា​មួយ​បង្កើត​ទីតាំង​រដ្ឋាភិបាល​និរទេស​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើយ។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ថ្ងៃ​ទី​២៧ ឧសភា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា គោល​ជំហរ​របស់​កម្ពុជា ទៅ​នឹង​សភាពការណ៍​នៅ​ប្រទេស​ថៃ បច្ចុប្បន្ន​ថា កម្ពុជា នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ណា​មួយ​ដែល​លោក​បាន​សំដៅ​យ៉ាង​ច្បាស់​ថា គឺ​ប្រទេស​ថៃ យក​ទីតាំង​បង្កើត​រដ្ឋាភិបាល​និរទេស​នោះ​ទេ។ លោក​បាន​យោង​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ដែល​ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​ក្លាយ​ជា​ទីតាំង ដើម្បី​ប្រឆាំង​រដ្ឋ​នឹង​ប្រទេស​ផ្សេង​ទៀត​ឡើយ។

លោក ហ៊ុន សែន៖ «ខ្ញុំ​សូម​បញ្ជាក់​ថា កម្ពុជា មិន​មែន​ជា​ទីតាំង​សម្រាប់​ការ​ផ្ដល់​ឲ្យ​ប្រទេស​ណា​មួយ ឬ​ក្រុម​ណា​មួយ មិន​ថា​ប្រទេស​ថៃ ឬ​ប្រទេស​ណា​ទេ បង្កើត​រដ្ឋាភិបាល​និរទេស​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ទេ។ រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា នឹង​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា ក្លាយ​ជា​ទីតាំង​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ​ទេ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បែប​នេះ​បន្ទាប់​ពី លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយ​ជាមួយ​អ្នក​កាសែត​ថា ការ​ផ្ដល់​ទីតាំង​សម្រាប់​រដ្ឋាភិបាល​និរទេស គឺ​អាស្រ័យ​ទៅ​នឹង​អារម្មណ៍​របស់ លោក ហ៊ុន សែន និង​លោក ថាក់ស៊ីន។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) ជា​បង​ប្រុស​របស់ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​បាន​គេ​ដឹង​ថា ជា​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​នឹង​គ្នា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ទាក់ទង​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​មតិ​ថា ក៏​សម្រេច​របស់​រដ្ឋាភិបាល គឺ​បាន​ឆ្លើយ​តប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្លើយ​តប​នឹង​ធម្មនុញ្ញ​អាស៊ាន ដែល​មិន​ផ្ដល់​ឱកាស​ឲ្យ​ប្រទេស​មួយ​លូក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​មួយ​ទៀត​ទេ ហើយ​ក៏​ឆ្លើយ​តប​នឹង​រដ្ឋធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ ដែរ។ ប៉ុន្តែ លោក​ថា នៅ​ក្នុង​កាលៈទេសៈ​ណា​មួយ បើ​សិន​ជា​កម្ពុជា បែរ​ជា​ផ្ដល់​ទីតាំង​ដល់​រដ្ឋាភិបាល​និរទេស​នោះ លុះត្រា​តែ​កម្ពុជា មាន​ឯកភាព​ជាតិ​ជា​មុន​សិន។

លោក​បណ្ឌិត សុខ ទូច៖ «បើ​សិន​ជា​កម្ពុជា ចេះ កម្ពុជា ខ្លួន​ឯង​មាន​ឯកភាព​ជាតិ​សិន ពេល​ណា​អត់​ទាន់​មាន​ឯកភាព​ជាតិ ខ្លួន​ឯង​កើត​ជំងឺ​របេង ហើយ​ផ្ដល់​ជំងឺ​ហ្នឹង​មក​មួយ​ទៀត ក្រែង​លោ​យើង​ទប់​ខ្លួន​វា​មិន​រួច តែ​បើ​យើង​ឯកភាព​ជាតិ យើង​ធ្វើ​អី​ក៏​បាន​ដែរ ព្រោះ​ថៃ ក៏​ធ្លាប់​ប្រើ​រូបមន្ត​ហ្នឹង​ដែរ នៅ​ពេល​ដែល​កម្ពុជា មាន​ទំនាស់​គ្នា​នៅ​ឆ្នាំ​១៩៧៩ ថៃ បាន​ជួល​ដី​ឲ្យ​បង្កើត​ត្រី​ភាគី អ៊ីចឹង​ធ្លាប់​មាន​រឿង​ហ្នឹង ប៉ុន្តែ​ឥឡូវ​នេះ​យើង​និយាយ​អត់​បាន ដោយសារ​តែ​ប្រទេស​កម្ពុជា ជា​ប្រទេស​កំពុង​មាន​ការ​បាក់​បែក​ផ្ទៃ​ក្នុង»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក​ថ្លែង​ក្នុង​ឋានៈ​ជា​អ្នក​វិភាគ​ដែល​មិន​មែន​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា ផ្ដល់​មេរៀន​នោះ​ទេ។ ការ​ផ្ដល់​គំនិត​ឲ្យ​បង្កើត​រដ្ឋាភិបាល​និរទេស​នេះ គឺ​ជា​រឿង​ដ៏​គ្រោះថ្នាក់​មួយ៖ «លោក អាំង ស្ដែដាន់ គួរ​តែ​ដក​គំនិត​នេះ​ចេញ​ទៅ គំនិត​នេះ​នាំ ថាក់ស៊ីន នាំ យីងឡាក់ នាំ​រដ្ឋាភិបាល​ភឿ​ថៃ ទៅ​រក​គ្រោះថ្នាក់​ហើយ។ អ្នក​ច្បាប់​អន្តរជាតិ ហើយ​ធ្វើ​ជា​មេធាវី​ឲ្យ ថាក់ស៊ីន ឲ្យ យីងឡាក់ គំនិត​នេះ​បើ​ខ្ញុំ​ជា ថាក់ស៊ីន ខ្ញុំ​បដិសេធ​ចោល​ភ្លាម​ហ្មង បើ​ខ្ញុំ​ជា យីងឡាក់ ខ្ញុំ​បដិសេធ​ចោល​ភ្លាម​ហ្មង។ បង្កើត​រដ្ឋាភិបាល​និរទេស បង្កើត​នៅ​ប្រទេស​ណា? កម្ពុជា អត់​ហើយ​អា​ហ្នឹង​ច្បាស់ ឡាវ ប្រហែល​ជា​អត់​ហើយ មុខ​តែ​អត់​ហើយ អាស៊ាន​អត់​មាន​ប្រទេស​ណា​ទេ ហើយ​ទៅ​បង្កើត​នៅ​ណា? ឥឡូវ​បង្កើត​នៅ​ឋាន​ព្រះ​ច័ន្ទ​អី? ចុះ​បើ​យើង​បង្កើត​រដ្ឋាភិបាល នែ!នរណា​ហ៊ាន​ទទួល បើ​ទីតាំង​ទូត​របស់​ទាំងអស់​ទំនាក់ទំនង​ជាមួយ​ថៃ នៅ​ទីក្រុង​បាងកក ទាំងអស់។ អ៊ីចឹង​ទេ នរណា​ក៏ដោយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​និរទេស ធ្វើ​ដំណើរ​ទៅ​ប្រទេស​នេះ​ប្រទេស​នោះ យីស​គេ​អត់​ហ៊ាន​ទទួល​ទេ ក្រែង​លោ​រដ្ឋាភិបាល​បាងកក ខឹង បិទ​ទ្វារ​ខ្លួន​ឯង​សុទ្ធ ផ្ដល់​គំនិត​ហ្នឹង​ផ្ដល់​ឲ្យ ថាក់ស៊ីន ងាប់​ហ្មង ធ្វើ​ឲ្យ យ៉ីងឡាក់ ងាប់​ហ្មង»

ទន្ទឹម​នឹង​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​ខេត្ត​នៅ​ជាប់​ព្រំដែន​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ហាម​ប្រាម​មិន​ឲ្យ​ចល័ត​កម្លាំង​ទ័ព​នោះ​ទេ។ លោក​ក៏​បាន​អំពាវនាវ​ប្រជាជន​កម្ពុជា ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ចូល​ទៅ​កាន់​ប្រទេស​ថៃ គោរព​ច្បាប់​នៃ​ប្រទេស​នេះ រាល់​ការ​ហាម​ជួប​ប្រជុំ កុំ​ចូល​រួម​ជាមួយ​ក្រុម​ណា​មួយ​ប្រឆាំង​ក្រុម​ណា​មួយ ឬ​ធ្វើ​បាតុកម្ម​ឡើយ ដើម្បី​ជៀសវាង​គ្រោះថ្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។