លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោករកមុខអ្នកនៅពីក្រោយក្រុមបាតដៃទីបីឃើញហើយ គឺជាអនុប្រធានទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ។ ស្របពេលគ្នានេះ លោកប្រកាសថា នឹងស្នើឲ្យចាត់វិធានការផ្លូវច្បាប់ជុំវិញករណីនេះ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បដិសេធចំពោះការចោទប្រកាន់នេះ ថាជារឿងមិនពិតឡើយ។
លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥៨ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ មីនា ថា លោក កឹម សុខា ជាអ្នកដែលប៉ងផ្ដួលរំលំរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក តែមិនបានសម្រេច។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា លោក កឹម សុខា បានសារភាពទៅកាន់ប្រជាពលរដ្ឋនៅទីក្រុងឡុងប៊ិច (Long Beach) នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ មីនា ថា ខ្លួនជាអ្នកនៅពីក្រោយខ្នងនៃគម្រោងការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ប៉ុន្តែបរាជ័យ ហើយលោកបានសុំទោសប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក។ លោក ហ៊ុន សែន ប្រៀបប្រដូចអនុប្រធានគណបក្សប្រឆាំងទៅនឹងមេចោរ ហើយថា បើមេចោរបានសារភាពបែបនេះទៅហើយ តើយើងគួរចាត់វិធានការតាមផ្លូវច្បាប់បែបណាទៅ?៖ «អាបាតដៃទីបីក៏មាន អាបាតដៃទី២ គេថ្លែងនៅឯទីក្រុងឡុងប៊ិច ឥឡូវគិតយ៉ាងម៉េច? ការស្លាប់ប៉ុន្មានអីប៉ុន្មាន? គេបានសារភាពខ្លួនគេ មិនចាំបាច់នរណាទេ។ ហើយកុំថានិយាយនៅអាមេរិក លាក់អ្នកនៅស្រុកខ្មែរបាននោះ គេបង្ហោះតាមហ្វេសប៊ុកពេញទឹកពេញដីអស់ហើយ។ រឿងតុលាការទុកឲ្យតុលាការ រឿងខ្ញុំគឺខ្ញុំ ប៉ុន្តែអ្នកណាជាប់គុក គឺនៅបន្តក្នុងគុកហ្នឹងទៅ»។
ឆ្លើយតបនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍បញ្ជាក់ថា កន្លងមកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពុំបាននិយាយចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នោះឡើយ។ លោកថា ក្នុងករណីនេះ លោក ហ៊ុន សែន ចង់ឲ្យមហាជនយល់ច្រឡំទៅវិញទេ៖ «ខ្ញុំយល់ឃើញថា ក្រែងអ្នកស្ដាប់គាត់យកទៅបំភ្លៃបន្ថែមទេ ក៏ប៉ុន្តែដូចខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀត ឯកឧត្ដម សម រង្ស៊ី និងឯកឧត្ដម កឹម សុខា យើងកំណត់ក្នុងនាមគណបក្សយកគោលការណ៍មួយ ដោយការផ្លាស់ប្ដូរដោយសន្តិវិធី និងអហិង្សា តាមរយៈការបោះឆ្នោតដោយយុត្តិធម៌ នោះជាពាក្យដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តែងតែនិយាយបាទ»។
អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា ការឌឺដងដាក់គ្នាទៅវិញទៅមកនៃថ្នាក់ដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរនេះ គ្រាន់តែជាការនិយាយលាបពណ៌ដាក់គ្នាប៉ុណ្ណោះ ហើយការនិយាយឌឺដងដាក់គ្នានេះ បានក្លាយជាវប្បធម៌របស់អ្នកនយោបាយរបស់ខ្មែរទៅហើយ៖ «រដ្ឋាភិបាលនៅក្នុងសង្គមប្រជាធិបតេយ្យ មិនត្រូវប្រកាន់ក្នុងការប្រើពាក្យពេចន៍ទេ សំខាន់គឺទង្វើទៅវិញទេ ដែលអាចយកមកធ្វើការចោទប្រកាន់។ ហើយការចោទប្រកាន់ដោយយកតុលាការក្នុងការចាប់ខ្លួន គឺរឿងមិនល្អឡើយ ហើយគួរតែបោះបង់ចោលក្នុងទីលានប្រកួតប្រជែងចេញ»។
នៅមុន និងក្រោយការបោះឆ្នោតសភាតំណាងរាស្ត្រនីតិកាលទី៥ នាពេលកន្លងទៅ គណបក្សប្រឆាំងតែងប្រើពាក្យថា ដូរៗទៅដល់សាធារណជនទូទៅ គឺមានន័យថា ដូរមេដឹកនាំចាស់ចេញ ដាក់មេដឹកនាំថ្មីជំនួស តាមរយៈការបោះឆ្នោតដោយស្របច្បាប់ ប៉ុន្តែមិនបានសម្រេចនៅឡើយ។ គណបក្សប្រឆាំងធ្លាប់អះអាងថា ខ្លួនមិនអស់ចិត្តចំពោះការចាញ់ឆ្នោតនាពេលកន្លងទៅនេះទេ។ ក្រោយមក គណបក្សនេះចង់ឲ្យមានការបោះឆ្នោតឡើងវិញ ដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងទាមទារឲ្យកែទម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ឲ្យល្អ ធ្វើយ៉ាងណាដើម្បីឲ្យអ្នកឈ្នះៗដោយយុត្តិធម៌ និងអ្នកចាញ់ៗដោយអស់ចិត្ត។
លោក ហ៊ុន សែន បដិសេធមិនអន្តរាគមន៍ដោះលែងមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ
ដោយ យន់ សាមៀន
លោក ហ៊ុន សែន ប្រកាសបដិសេធមិនធ្វើអន្តរាគមន៍ដោះលែងមន្ត្រី និងសកម្មជននយោបាយគណបក្សសង្គ្រោះជាតិ ដូចដែលមន្ត្រីគណបក្សសង្គ្រោះជាតិ ធ្លាប់អះអាងថា អាចនឹងមានការសម្របសម្រួលនយោបាយនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះទេ។
ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពី លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា លោក សម រង្ស៊ី ប្រធានគណបក្សនឹងជួបជាមួយ លោក ហ៊ុន សែន ដើម្បីពិនិត្យដោះស្រាយបញ្ហាសកម្មជនគណបក្សសង្គ្រោះជាតិ មួយចំនួនដែលកំពុងជាប់ពន្ធនាគារ។ លោក កឹម សុខា អះអាងថា ដំណោះស្រាយនយោបាយនៅមិនទាន់បញ្ចប់ទេ នៅពេលដែលសកម្មជនគណបក្សប្រឆាំងត្រូវរងការចោទប្រកាន់ផ្នែកនយោបាយ និងជាប់ពន្ធនាគារជាបន្តបន្ទាប់នោះ។
លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងមិនលូកដៃចូលប្រព័ន្ធតុលាការក្នុងករណីសកម្មជនបក្សប្រឆាំងទេ ហើយថា ការអះអាងពីជំនួបលោក និងលោក សម រង្ស៊ី ក៏មិនមែនជាការពិតឡើយ៖ «ម្សិលមិញថាឲ្យ លោក សម រង្ស៊ី លើកជាមួយខ្ញុំក្រោយបោះឆ្នោត។ ថាគ្មានទេរឿងតុលាការ ទុកឲ្យតុលាការរឿងខ្ញុំ គឺខ្ញុំ។ កុំបោកគេទៀត អ្នកណាជាប់គុកបន្តជាប់គុកហ្នឹងទៅ។ ខ្ញុំមិនធានាជូនទេ អត់ធានាជំងឺទេ។ អ្នកឯងរក ហ៊ុន សែន ស្អី រឿងហ្នឹងជារឿងតុលាការ»។
ពាក់ព័ន្ធនឹងការអនុម័តសេចក្តីព្រាងច្បាប់បោះឆ្នោត និងការរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) វិញ លោក ហ៊ុន សែន ស្នើឲ្យតំណាងរាស្ត្រពីគណបក្សទាំងពីរត្រូវតែអនុម័តសេចក្តីព្រាងច្បាប់ទាំងពីរឲ្យចប់នៅថ្ងៃព្រហស្បតិ៍ ទី១៩ មីនា នេះ។ លោក ហ៊ុន សែន ក៏រិះគន់ពីការខ្វែងគំនិតគ្នារវាង លោក សម រង្ស៊ី និងលោក កឹម សុខា ជុំវិញការគាំទ្រសេចក្តីព្រាងទាំងពីរនោះ៖ «ស្អែកនេះជាថ្ងៃប្រជុំរដ្ឋសភាអនុម័តច្បាប់ពីរ ស្អែកគណបក្សទាំងពីរស្រុះស្រួលគ្នា ឯកឧត្តម សម រង្ស៊ី ថាគាត់ពេញចិត្ត ដល់អនុប្រធានគាត់ថាអត់ពេញចិត្តទេ។ រឿងពេញចិត្ត ឬមិនពេញចិត្តរឿងរបស់គាត់ទេ។ ខ្ញុំអត់ដឹងផ្ទៃក្នុងគាត់ទេ។ ត្រង់បុគ្គលអត់ពេញចិត្តបែបណានោះ សមាជិកសភាត្រូវប្រជុំទាល់តែចប់ហ្នឹង។ នាំគ្នាវេចបាយទៅប្រជុំ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន បន្ថែមទៀតថា លោកកំពុងធ្វើការនឹង លោក សម រង្ស៊ី ដើម្បីរៀបចំសមាជិក គ.ជ.ប ថ្មី ដែលគ្រោងបង្កើតឲ្យបាននៅថ្ងៃទី១៣ មេសា ខាងមុខ។
ក្នុងខណៈពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទុកចិត្តខ្លួនឯងថា លោកមានប្រៀបជាងដៃគូនយោបាយរបស់លោក បន្ទាប់ពីគណបក្សប្រឆាំងព្រមចូលក្នុងសភាជាតិបំពេញភាពស្របច្បាប់ពេញលេញជូនលោកហើយ។ លោកក៏មិនភ្លេចផ្តែផ្តាំទៅអង្គការក្រៅរដ្ឋាភិបាលក្រៅស្រុក និងក្នុងស្រុកថា ពួកគេត្រូវតែគោរពសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាខ្មែរ ដែលលោកអះអាងថា ជាស្ថាប័នមួយគត់តំណាងឲ្យប្រជាពលរដ្ឋកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។