លោក ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាហ្សែរបៃហ្សាន​និង​បេឡារុស្ស

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ជា​បន្តបន្ទាប់​នៅ​ប្រទេស​២​ដោយ​ឡែក​ពី​គ្នា គឺ​នៅ​សាធារណរដ្ឋ​អាហ្សែរបៃហ្សាន (Republic of Azerbaijan) នៅ​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៤ និង​នៅ​សាធារណរដ្ឋ​បេឡារុស្ស (Republic of Belarus) ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៤។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចុះ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​អាហ្សែរបៃហ្សាន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាហ្សែរបៃហ្សាន លោក អ៊ីលហាម អាលីយេវ (Ilham Aliyev) និង​ប្រធាន​សភា លោក អុកតៃ អាសាដូវ (Oktay Asadov)។ ក្រៅ​ពី​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេ​ភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី លោក អាធួ រ៉ាស៊ី-ហ្សាដ (Artur Rasi-Zade)។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក៏​នឹង​មាន​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដីពី​ការ​បង្កើត​កិច្ច​ពិគ្រោះ​យោបល់​ទ្វេ​ភាគី​ផង​ដែរ។

ចំណែក​នៅ​សាធារណរដ្ឋ​បេឡារុស្ស វិញ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នឹង​ជួប​ជាមួយ​ប្រធានាធិបតី​បេឡារុស្ស លោក អាឡិចសាន់ដឺរ ឡូកាសីនកូ (Aleksandr Lukashenko) និង​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋសភា​ជាតិ លោក អាន់ណាតូលី រូប៊ីននូវ (Anatoly Rubinov) ហើយ​នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេ​ភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី លោក មីខាយ មីយ៉ាសនីកូវិច (Mikhai Myasnikovich)។

ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ក៏​នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​៩ រួម​មាន កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សុខភាព​សាធារណៈ កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កម្ពុជា និង​ក្រសួង​ឧស្សាហកម្ម​បេឡារុស្ស កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា និង​ក្រសួង​ឧស្សាហកម្ម​បេឡារុស្ស កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​ការ​ការពារ​ការ​វិនិយោគ​ទៅ​វិញ​ទៅ​មក កិច្ច​ព្រមព្រៀង​ស្ដីពី​សហប្រតិបត្តិការ​បច្ចេកទេស​យោធា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដីពី​ការ​បង្កើត​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​បេឡារុស្ស អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ធនាគារ​ជាតិ​កម្ពុជា និង​បេឡារុស្ស និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម។

អម​ដំណើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ទាំង ២​នេះ រួម​មាន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និង​សមាជិក​រដ្ឋាភិបាល​កម្ពុជា មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។