លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់មន្ត្រីរបស់លោកនៅថ្នាក់ក្រោមជាតិជាថ្មីទៀតថា មានភាពអសកម្ម និងខ្វះការទទួលខុសត្រូវក្នុងការងារ។ ក៏ប៉ុន្តែអ្នកសិក្សាការអភិវឌ្ឍសង្គម និងសង្គមស៊ីវិលផ្នែកគណនេយ្យភាពសង្គមវិញយល់ឃើញថា អ្វីដែលលោកនាយករដ្ឋមន្ត្រីលើកឡើងបែបនេះ គឺមិនខុសពីកំណែទម្រង់កដបឡើយ បានន័យថា និយាយឲ្យតែល្អមើលប៉ុណ្ណោះ តែមិនអាចអនុវត្តបាន។
ក្រុមអ្នកវិភាគសង្គម នៅតែយល់ឃើញថា បើទោះជាប្រមុខរដ្ឋាភិបាលទាមទារឲ្យមានអភិបាលកិច្ចមូលដ្ឋានបានប្រសើរយ៉ាងណា បញ្ហានេះក៏នឹងមិនងាយឡើយ ព្រោះទម្លាប់នៃការសម្រេចចិត្តពីថ្នាក់លើនេះ បានចាក់គ្រឹះ និងដុះស្លែនៅក្នុងសង្គមកម្ពុជា ស្ទើរក្លាយទៅជាច្បាប់ទៅហើយ។
ប្រតិកម្មរបស់អង្គការមិនមែនរដ្ឋាភិបាលនៅពេលនេះ បន្ទាប់ពីលោក ហ៊ុន សែន បានរិះគន់ជាថ្មីទៀតថា មន្ត្រីនៅថ្នាក់ក្រោមជាតិរបស់លោក មិនចេះធ្វើការ ឬមានគំនិតផ្ដួចផ្ដើមក្នុងការងារដែរ ប៉ុន្តែនៅរង់ចាំការសម្រេចចិត្តរបស់លោកដដែល។ លោក ហ៊ុន សែន ប្រៀបធៀបថា សេចក្ដីសម្រេចបែបនេះ គឺមិនខុសពីមន្ត្រីជើង១០ ទេ។ ប្រធានគណបក្សប្រជាជនកម្ពុជា បានដាស់តឿនថា សូមធ្វើជាមន្ត្រីជើង២ ចៀសវាងទម្លាប់ជាមន្ត្រីជើង១០។ បន្ថែមពីលើនេះ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា មិនយូរមិនឆាប់ទេ លោកនឹងបង្រៀនឲ្យមន្ត្រីនៅថ្នាក់ក្រោមជាតិរបស់លោក ត្រូវចេះទទួលខុសត្រូវ និងហ៊ានធ្វើសេចក្ដីសម្រេចចិត្តដោយខ្លួនឯងវិញម្ដង។ លោកបន្តថា « ខ្ញុំបានសង្កេតមួយរយៈពេល មានរដ្ឋមន្ត្រីខ្លះមានគំនិតផ្ដួចផ្ដើម ប៉ុន្តែយកមកឲ្យ ហ៊ុន សែន ប្រថាប់ត្រាចុងក្រោយដដែល។ ឥតយកការទទួលខុសត្រូវ បន្តិចទៀតអស់លោកចាំមើលទៅ ខ្ញុំនឹងចារទម្លាក់ទៅវិញថា នេះជាសមត្ថកិច្ចរបស់ឯកឧត្ដម ព្រោះបើមិនអ៊ីចឹង រឿងមកតែ ហ៊ុន សែន ដដែល ចាំបាច់បង្កើតក្រសួងឲ្យអស់លោកកាន់ធ្វើអី »។
បើទោះបីជាបែបណា នេះពុំមែនជារឿងថ្មីឡើយដែលលោក ហ៊ុន សែន ស្ដីបន្ទោសមន្ត្រីរបស់លោកនៅមុខហ្វូងមហាជនបែបនេះ។ មានពេលខ្លះ លោកនាយករដ្ឋមន្ត្រី ព្រមានដកបុណ្យ បកស័ក្ដិថែមទៀតផង ប្រសិនបើធ្វើកិច្ចការដែលលោក ហ៊ុន សែន យល់ឃើញថា បម្រើប្រជាជនមិនបានល្អ។
ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលសង្គមចាត់ទុកថា ដាវអាជ្ញាសឹករបស់ប្រមុខរដ្ឋាភិបាល គិតមកដល់ពេលនេះ ហាក់លែងចង់មុត និងសាបឥទ្ធិពលទៅហើយ។ មានរឿងច្រើនដែលលោក ហ៊ុន សែន ដាក់បញ្ជាទៅមន្ត្រីថ្នាក់ក្រោម ប៉ុន្តែបញ្ហានៅតែកើតឡើងយ៉ាងព្រោងព្រាត។ ឧទាហរណ៍ កាលពីខែកុម្ភៈ ដើមឆ្នាំ២០១៦ កន្លងទៅនេះ លោក ហ៊ុន សែន រហូតចេញបញ្ជាឲ្យលោក សៅ សុខា ប្រើប្រាស់គ្រាប់រ៉ុកកែតបាញ់កម្ទេចឈ្មួយរកស៊ីឈើ ប្រសិនបើទប់ស្កាត់មិនឈ្នះទេ។ ប៉ុន្តែក្រុមអ្នកអភិរក្សព្រៃឈើនៃអង្គការមិនមែនរដ្ឋាភិបាល រកឃើញថា បទល្មើសព្រៃឈើនេះនៅតែបន្តឡើងដូចមុន មិនថមថយឡើយ។
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ការទម្លាក់ការទទួលខុសត្រូវឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ដូចលោក ហ៊ុន សែន ថា គឺវាមិនងាយឡើយ។ លោកបន្តថា មានរឿងដ៏ចម្បងដែលជាឧបសគ្គ និងមានភាពស្មុគស្មាញ គឺទំនាស់ផលប្រយោជន៍តែម្ដង។ បញ្ហាទាំងនេះ នៅមិនទាន់គិតដល់សេចក្ដីសម្រេចទាក់ទងគម្រោងវិនិយោគ និងសម្បទានដទៃទៀតនៅឡើយផង ដែលការសម្រេចចិត្តទាំងនេះ នាំឲ្យមន្ត្រីនៅថ្នាក់ក្រោមជាតិ រារែកក្នុងការអនុវត្ត។ លោកបន្តថា « យើងក៏មានការសង្ស័យថា មន្ត្រីថ្នាក់ក្រោមខ្លះក៏មានការពាក់ព័ន្ធជាមួយនឹងទំនាស់ផលប្រយោជន៍ នៃករណីធំៗ ដូចជារឿងសម្បទានដីធ្លី និងសម្បទានព្រៃឈើនោះ។ អ៊ីចឹងបើសិនជាឲ្យមន្ត្រីនៅថ្នាក់ក្រោមសម្រេចចិត្ត បានន័យថា ដូចកាត់កខ្លួនឯងក្រវាត់ចោលអ៊ីចឹង »។
យ៉ាងណាក៏ដោយចុះ លោក ហ៊ុន សែន ទទួលស្គាល់ថា ការអនុវត្តកិច្ចការនៅថ្នាក់មូលដ្ឋាន គឺពិតជានៅខ្សោយ ជាពិសេសមន្ត្រីចាប់ពីថ្នាក់ស្រុក និងថ្នាក់ខេត្តជាដើម។ លោកនាយករដ្ឋមន្ត្រី រិះគន់ថា ព្រោះតែមន្ត្រីដែលមានមុខងារទាំងនេះមិនបានបំពេញកិច្ចការហើយ ទើបរូបថតលោក និងភរិយារបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ពេញនិយម និងលក់ដាច់ចំពោះអ្នកតវ៉ា ដោយរាប់ចាប់តាំងពីអ្នកប្រឆាំងឡើងទៅ គឺតែងប្រើប្រាស់រូបថតទាំងនេះជាជំនួយផងដែរ។ លោកបន្តថា « បើសិនជាអស់លោកធ្វើឲ្យត្រូវតាមភារកិច្ចពិតប្រាកដ រឿងរ៉ាវមិនធ្លាក់ធ្ងន់មកលើខ្ញុំទេ។ ឥឡូវប្រជាពលរដ្ឋស្រែករក ហ៊ុន សែន។ រូបថតខ្ញុំ និងប្រពន្ធខ្ញុំ លក់ដាច់ណាស់។ អ្នកណាក៏ត្រូវការ បក្សប្រឆាំងក៏ត្រូវការដែរ ឲ្យតែធ្វើបាតុកម្ម។ អស់លោកចៅហ្វាយស្រុក អស់លោកចៅហ្វាយខេត្ត ធ្វើឲ្យត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អ អាហ្នឹងគឺវាឥតមានរឿងកើតឡើងទេ »។
ទាក់ទិនករណីនេះ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលពិតជាចាំបាច់ត្រូវការធ្វើកំណែទម្រង់គោលនយោបាយមែន លុះត្រាតែបោសសម្អាតឲ្យបានល្អជាមុនសិននូវអំពើពុករលួយ និងផ្ដល់យុត្តិធម៌សង្គម។ ក្រៅពីនេះ រដ្ឋាភិបាលខ្វះគោលនយោបាយពាក់ព័ន្ធនឹងការសម្រេចចិត្តឲ្យបានប្រាកដប្រជា ក៏ជាឧបសគ្គដែរ។ លោកបន្តថា « ថ្នាក់ក្រោមជាតិសម្រេចអីតាម Organic Law ហ្នឹង ហើយថ្នាក់ឃុំ - សង្កាត់ធ្វើសេចក្ដីសម្រេចចិត្តអី ? នៅក្នុងថ្នាក់ជាតិ នាយករដ្ឋមន្ត្រីមានតួនាទីស្អីខ្លះ ? ហើយសម្រេចស្អីខ្លះ ? ហើយរដ្ឋមន្ត្រីនៅតាមមន្ទីរក្រសួងនីមួយៗមានតួនាទីស្អីខ្លះ ? ហើយសម្រេចស្អីខ្លះ ? អគ្គនាយក ឬក៏នាយកដ្ឋាន ហើយនិងការិយាល័យហ្នឹងមានតួនាទីស្អីខ្លះ ? ហើយសម្រេចស្អីខ្លះ ? បើយើងមិនបានសម្រេចរៀបចំទាំងនេះឲ្យបានច្បាស់ទេ វាជាអំណាចប្រមូលផ្ដុំ »។
នៅដើមអាណត្តិទី៥ នេះ លោក ហ៊ុន សែន បានដាក់ចេញនូវយុត្តិសាស្ត្រស្លាប់រស់ គឺកំណែទម្រង់គោលនយោបាយ។ ស្ទើរតែគ្រប់ដំណាក់កាល លោក ហ៊ុន សែន និងមន្ត្រីរបស់លោក តែងប្រកាន់ភ្ជាប់នូវការកែទម្រង់នេះជាហូរហែ។ ក៏ប៉ុន្តែអ្នកវិភាគយល់ឃើញថា យន្តការរបស់រដ្ឋាភិបាលនេះ គឺមិនអាចទៅរួចឡើយ។ វិស័យជាអាទិភាព រួមមានដីធ្លី រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិស័យអប់រំ ជាដើម ដែលរដ្ឋាភិបាលក្នុងអាណត្តិទី៥ នេះ ចាត់ទុកថាជាត្រីវិស័យ និងជាសរសៃឈាមនោះ គេសង្កេតឃើញថា ដូចហាក់មិនខុសពីអ្វីដែលរដ្ឋាភិបាលធ្លាប់អនុវត្តក្នុងអាណត្តិមុនៗប៉ុន្មាននោះឡើយ។
ម្យ៉ាងវិញទៀត បើទោះជារដ្ឋាភិបាលផ្ទេរសិទ្ធិអំណាចក្នុងការសម្រេចចិត្តឲ្យមន្ត្រីនៅថ្នាក់ក្រោមជាតិ ជាអ្នកអនុវត្តមែន តែពុំបានកំណត់ដោយច្បាប់ពីសិទ្ធិសម្រេចត្រឹមណា និងថ្នាក់ប្រហែលណា អាចមានសិទ្ធិសម្រេចចិត្តទៅលើកិច្ចការណាបាននោះ គឺមិនខុសពីអូសឫស្សីបញ្ច្រាសចុងនោះទេ។
អង្គការសង្គមស៊ីវិលធ្លាប់រិះគន់ថា នេះជារបៀបដឹកនាំបែបរដ្ឋាភិបាលក្បាលធំជាងខ្លួន។ ម្យ៉ាងវិញទៀត កំណែទម្រង់ដែលរដ្ឋាភិបាលដាក់ចេញនេះ ប្រៀបដូចជាកំណែទម្រង់កដបយ៉ាងដូច្នោះដែរ។ ស្ថិតក្រោមហេតុផលនេះ អ្នកវិភាគយល់ឃើញថា និយាយឲ្យតែល្អមើល ប៉ុន្តែអនុវត្តមិនបាន។
លោក កែម ឡី មើលឃើញថា ការសម្រេចចិត្តលើគោលនយោបាយជាតិរបស់មន្ត្រីថ្នាក់ក្រោមនេះ លោកប្រៀបធៀបថា គឺមិនខុសពីរបៀបលេងកីឡាឡើយ។ លោកបន្តថា « ប៉ុន្តែឥឡូវម្នាក់ៗបើទោះជាបាល់ដល់ជើងហើយហ្នឹង ក៏ងាកសួរមេសិនដែរ។ បើមេឲ្យទាត់ បានទាត់ ឲ្យទាត់មិនសឹងហ៊ានទាត់ទេ »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
