លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​ថា​អសកម្ម​ក្នុង​ការងារ

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​មន្ត្រី​របស់​លោក​នៅ​ថ្នាក់​ក្រោម​ជាតិ​ជា​ថ្មី​ទៀត​ថា មាន​ភាព​អសកម្ម និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការងារ។ ក៏ប៉ុន្តែ​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម និង​សង្គម​ស៊ីវិល​ផ្នែក​គណនេយ្យ​ភាព​សង្គម​វិញ​យល់​ឃើញ​ថា អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​បែប​នេះ គឺ​មិន​ខុស​ពី​កំណែ​ទម្រង់​ក​ដប​ឡើយ បាន​ន័យ​ថា និយាយ​ឲ្យ​តែ​ល្អ​មើល​ប៉ុណ្ណោះ តែ​មិន​អាច​អនុវត្ត​បាន។

ក្រុម​អ្នក​វិភាគ​សង្គម នៅ​តែ​យល់​ឃើញ​ថា បើ​ទោះ​ជា​ប្រមុខ​រដ្ឋាភិបាល​ទាមទារ​ឲ្យ​មាន​អភិបាលកិច្ច​មូលដ្ឋាន​បាន​ប្រសើរ​យ៉ាង​ណា បញ្ហា​នេះ​ក៏​នឹង​មិន​ងាយ​ឡើយ ព្រោះ​ទម្លាប់​នៃ​ការ​សម្រេច​ចិត្ត​ពី​ថ្នាក់​លើ​នេះ បាន​ចាក់​គ្រឹះ និង​ដុះ​ស្លែ​នៅ​ក្នុង​សង្គម​កម្ពុជា ស្ទើរ​ក្លាយ​ទៅ​ជា​ច្បាប់​ទៅ​ហើយ។

ប្រតិកម្ម​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ពេល​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​រិះគន់​ជា​ថ្មី​ទៀត​ថា មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​របស់​លោក មិន​ចេះ​ធ្វើ​ការ ឬ​មាន​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការងារ​ដែរ ប៉ុន្តែ​នៅ​រង់ចាំ​ការ​សម្រេច​ចិត្ត​របស់​លោក​ដដែល។ លោក ហ៊ុន សែន ប្រៀបធៀប​ថា សេចក្ដី​សម្រេច​បែប​នេះ គឺ​មិន​ខុស​ពី​មន្ត្រី​ជើង​១០ ទេ។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាស់​តឿន​ថា សូម​ធ្វើ​ជា​មន្ត្រី​ជើង​២ ចៀសវាង​ទម្លាប់​ជា​មន្ត្រី​ជើង​១០។ បន្ថែម​ពី​លើ​នេះ លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា មិន​យូរ​មិន​ឆាប់​ទេ លោក​នឹង​បង្រៀន​ឲ្យ​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​របស់​លោក ត្រូវ​ចេះ​ទទួល​ខុស​ត្រូវ និង​ហ៊ាន​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​វិញ​ម្ដង។ លោក​បន្ត​ថា « ខ្ញុំ​បាន​សង្កេត​មួយ​រយៈពេល មាន​រដ្ឋមន្ត្រី​ខ្លះ​មាន​គំនិត​ផ្ដួចផ្ដើម ប៉ុន្តែ​យក​មក​ឲ្យ ហ៊ុន សែន ប្រថាប់​ត្រា​ចុង​ក្រោយ​ដដែល។ ឥត​យក​ការ​ទទួល​ខុស​ត្រូវ បន្តិច​ទៀត​អស់​លោក​ចាំ​មើល​ទៅ ខ្ញុំ​នឹង​ចារ​ទម្លាក់​ទៅ​វិញ​ថា នេះ​ជា​សមត្ថកិច្ច​របស់​ឯកឧត្ដម ព្រោះ​បើ​មិន​អ៊ីចឹង រឿង​មក​តែ ហ៊ុន សែន ដដែល ចាំបាច់​បង្កើត​ក្រសួង​ឲ្យ​អស់​លោក​កាន់​ធ្វើ​អី »

បើ​ទោះ​បី​ជា​បែប​ណា នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ​ដែល​លោក ហ៊ុន សែន ស្ដី​បន្ទោស​មន្ត្រី​របស់​លោក​នៅ​មុខ​ហ្វូង​មហាជន​បែប​នេះ។ មាន​ពេល​ខ្លះ លោក​នាយក​រដ្ឋមន្ត្រី ព្រមាន​ដក​បុណ្យ បក​ស័ក្ដិ​ថែម​ទៀត​ផង ប្រសិន​បើ​ធ្វើ​កិច្ចការ​ដែល​លោក ហ៊ុន សែន យល់​ឃើញ​ថា បម្រើ​ប្រជាជន​មិន​បាន​ល្អ។

ជុំវិញ​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​សង្គម​ចាត់​ទុក​ថា ដាវ​អាជ្ញាសឹក​របស់​ប្រមុខ​រដ្ឋាភិបាល គិត​មក​ដល់​ពេល​នេះ ហាក់​លែង​ចង់​មុត និង​សាប​ឥទ្ធិពល​ទៅ​ហើយ។ មាន​រឿង​ច្រើន​ដែល​លោក ហ៊ុន សែន ដាក់​បញ្ជា​ទៅ​មន្ត្រី​ថ្នាក់​ក្រោម ប៉ុន្តែ​បញ្ហា​នៅ​តែ​កើត​ឡើង​យ៉ាង​ព្រោងព្រាត។ ឧទាហរណ៍ កាល​ពី​ខែ​កុម្ភៈ ដើម​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ លោក ហ៊ុន សែន រហូត​ចេញ​បញ្ជា​ឲ្យ​លោក សៅ សុខា ប្រើប្រាស់​គ្រាប់​រ៉ុកកែត​បាញ់​កម្ទេច​ឈ្មួយ​រក​ស៊ី​ឈើ ប្រសិន​បើ​ទប់ស្កាត់​មិន​ឈ្នះ​ទេ។ ប៉ុន្តែ​ក្រុម​អ្នក​អភិរក្ស​ព្រៃ​ឈើ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល រក​ឃើញ​ថា បទល្មើស​ព្រៃ​ឈើ​នេះ​នៅ​តែ​បន្ត​ឡើង​ដូច​មុន មិន​ថមថយ​ឡើយ។

លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា យល់​ឃើញ​ថា ការ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ដូច​លោក ហ៊ុន សែន ថា គឺ​វា​មិន​ងាយ​ឡើយ។ លោក​បន្ត​ថា មាន​រឿង​ដ៏​ចម្បង​ដែល​ជា​ឧបសគ្គ និង​មាន​ភាព​ស្មុគស្មាញ គឺ​ទំនាស់​ផល​ប្រយោជន៍​តែ​ម្ដង។ បញ្ហា​ទាំង​នេះ នៅ​មិន​ទាន់​គិត​ដល់​សេចក្ដី​សម្រេច​ទាក់ទង​គម្រោង​វិនិយោគ និង​សម្បទាន​ដទៃ​ទៀត​នៅ​ឡើយ​ផង ដែល​ការ​សម្រេច​ចិត្ត​ទាំង​នេះ នាំ​ឲ្យ​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ រារែក​ក្នុង​ការ​អនុវត្ត។ លោក​បន្ត​ថា « យើង​ក៏​មាន​ការ​សង្ស័យ​ថា មន្ត្រី​ថ្នាក់​ក្រោម​ខ្លះ​ក៏​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ទំនាស់​ផល​ប្រយោជន៍ នៃ​ករណី​ធំៗ ដូចជា​រឿង​សម្បទាន​ដីធ្លី និង​សម្បទាន​ព្រៃ​ឈើ​នោះ។ អ៊ីចឹង​បើ​សិន​ជា​ឲ្យ​មន្ត្រី​នៅ​ថ្នាក់​ក្រោម​សម្រេច​ចិត្ត បាន​ន័យ​ថា ដូច​កាត់​ក​ខ្លួន​ឯង​ក្រវាត់​ចោល​អ៊ីចឹង »

យ៉ាង​ណា​ក៏ដោយ​ចុះ លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ការ​អនុវត្ត​កិច្ចការ​នៅ​ថ្នាក់​មូលដ្ឋាន គឺ​ពិត​ជា​នៅ​ខ្សោយ ជាពិសេស​មន្ត្រី​ចាប់​ពី​ថ្នាក់​ស្រុក និង​ថ្នាក់​ខេត្ត​ជាដើម។ លោក​នាយក​រដ្ឋមន្ត្រី រិះគន់​ថា ព្រោះ​តែ​មន្ត្រី​ដែល​មាន​មុខងារ​ទាំង​នេះ​មិន​បាន​បំពេញ​កិច្ចការ​ហើយ ទើប​រូប​ថត​លោក និង​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ពេញ​និយម និង​លក់​ដាច់​ចំពោះ​អ្នក​តវ៉ា ដោយ​រាប់​ចាប់​តាំង​ពី​អ្នក​ប្រឆាំង​ឡើង​ទៅ គឺ​តែង​ប្រើប្រាស់​រូប​ថត​ទាំង​នេះ​ជា​ជំនួយ​ផង​ដែរ។ លោក​បន្ត​ថា « បើ​សិន​ជា​អស់​លោក​ធ្វើ​ឲ្យ​ត្រូវ​តាម​ភារកិច្ច​ពិត​ប្រាកដ រឿងរ៉ាវ​មិន​ធ្លាក់​ធ្ងន់​មក​លើ​ខ្ញុំ​ទេ។ ឥឡូវ​ប្រជាពលរដ្ឋ​ស្រែក​រក ហ៊ុន សែន។ រូប​ថត​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ លក់​ដាច់​ណាស់។ អ្នក​ណា​ក៏​ត្រូវ​ការ បក្ស​ប្រឆាំង​ក៏​ត្រូវ​ការ​ដែរ ឲ្យ​តែ​ធ្វើ​បាតុកម្ម។ អស់​លោក​ចៅហ្វាយ​ស្រុក អស់​លោក​ចៅហ្វាយ​ខេត្ត ធ្វើ​ឲ្យ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ អា​ហ្នឹង​គឺ​វា​ឥត​មាន​រឿង​កើត​ឡើង​ទេ »

ទាក់ទិន​ករណី​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​ចាំបាច់​ត្រូវ​ការ​ធ្វើ​កំណែ​ទម្រង់​គោល​នយោបាយ​មែន លុះត្រា​តែ​បោស​សម្អាត​ឲ្យ​បាន​ល្អ​ជា​មុន​សិន​នូវ​អំពើ​ពុក​រលួយ និង​ផ្ដល់​យុត្តិធម៌​សង្គម។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​ខ្វះ​គោល​នយោបាយ​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ប្រាកដ​ប្រជា ក៏​ជា​ឧបសគ្គ​ដែរ។ លោក​បន្ត​ថា « ថ្នាក់​ក្រោម​ជាតិ​សម្រេច​អី​តាម Organic Law ហ្នឹង ហើយ​ថ្នាក់​ឃុំ - សង្កាត់​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​អី ? នៅ​ក្នុង​ថ្នាក់​ជាតិ នាយក​រដ្ឋមន្ត្រី​មាន​តួនាទី​ស្អី​ខ្លះ ? ហើយ​សម្រេច​ស្អី​ខ្លះ ? ហើយ​រដ្ឋមន្ត្រី​នៅ​តាម​មន្ទីរ​ក្រសួង​នីមួយៗ​មាន​តួនាទី​ស្អី​ខ្លះ ? ហើយ​សម្រេច​ស្អី​ខ្លះ ? អគ្គនាយក ឬ​ក៏​នាយកដ្ឋាន ហើយ​និង​ការិយាល័យ​ហ្នឹង​មាន​តួនាទី​ស្អី​ខ្លះ ? ហើយ​សម្រេច​ស្អី​ខ្លះ ? បើ​យើង​មិន​បាន​សម្រេច​រៀបចំ​ទាំង​នេះ​ឲ្យ​បាន​ច្បាស់​ទេ វា​ជា​អំណាច​ប្រមូល​ផ្ដុំ »

នៅ​ដើម​អាណត្តិ​ទី​៥ នេះ លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​យុត្តិសាស្ត្រ​ស្លាប់​រស់ គឺ​កំណែ​ទម្រង់​គោល​នយោបាយ។ ស្ទើរ​តែ​គ្រប់​ដំណាក់​កាល លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក តែង​ប្រកាន់​ភ្ជាប់​នូវ​ការ​កែ​ទម្រង់​នេះ​ជា​ហូរហែ។ ក៏ប៉ុន្តែ​អ្នក​វិភាគ​យល់​ឃើញ​ថា យន្តការ​របស់​រដ្ឋាភិបាល​នេះ គឺ​មិន​អាច​ទៅ​រួច​ឡើយ។ វិស័យ​ជា​អាទិភាព រួម​មាន​ដីធ្លី រដ្ឋបាល​សាធារណៈ និង​កំណែ​ទម្រង់​វិស័យ​អប់រំ ជាដើម ដែល​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៥ នេះ ចាត់​ទុក​ថា​ជា​ត្រីវិស័យ និង​ជា​សរសៃ​ឈាម​នោះ គេ​សង្កេត​ឃើញ​ថា ដូច​ហាក់​មិន​ខុស​ពី​អ្វី​ដែល​រដ្ឋាភិបាល​ធ្លាប់​អនុវត្ត​ក្នុង​អាណត្តិ​មុនៗ​ប៉ុន្មាន​នោះ​ឡើយ។

ម្យ៉ាង​វិញ​ទៀត បើ​ទោះ​ជា​រដ្ឋាភិបាល​ផ្ទេរ​សិទ្ធិ​អំណាច​ក្នុង​ការ​សម្រេច​ចិត្ត​ឲ្យ​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ ជា​អ្នក​អនុវត្ត​មែន តែ​ពុំ​បាន​កំណត់​ដោយ​ច្បាប់​ពី​សិទ្ធិ​សម្រេច​ត្រឹម​ណា និង​ថ្នាក់​ប្រហែល​ណា អាច​មាន​សិទ្ធិ​សម្រេច​ចិត្ត​ទៅ​លើ​កិច្ចការ​ណា​បាន​នោះ គឺ​មិន​ខុស​ពី​អូស​ឫស្សី​បញ្ច្រាស​ចុង​នោះ​ទេ។

អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​រិះគន់​ថា នេះ​ជា​របៀប​ដឹក​នាំ​បែប​រដ្ឋាភិបាល​ក្បាល​ធំ​ជាង​ខ្លួន។ ម្យ៉ាង​វិញ​ទៀត កំណែ​ទម្រង់​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​នេះ ប្រៀប​ដូចជា​កំណែ​ទម្រង់​ក​ដប​យ៉ាង​ដូច្នោះ​ដែរ។ ស្ថិត​ក្រោម​ហេតុផល​នេះ អ្នក​វិភាគ​យល់​ឃើញ​ថា និយាយ​ឲ្យ​តែ​ល្អ​មើល ប៉ុន្តែ​អនុវត្ត​មិន​បាន។

លោក កែម ឡី មើល​ឃើញ​ថា ការ​សម្រេច​ចិត្ត​លើ​គោល​នយោបាយ​ជាតិ​របស់​មន្ត្រី​ថ្នាក់​ក្រោម​នេះ លោក​ប្រៀបធៀប​ថា គឺ​មិន​ខុស​ពី​របៀប​លេង​កីឡា​ឡើយ។ លោក​បន្ត​ថា « ប៉ុន្តែ​ឥឡូវ​ម្នាក់ៗ​បើ​ទោះ​ជា​បាល់​ដល់​ជើង​ហើយ​ហ្នឹង ក៏​ងាក​សួរ​មេ​សិន​ដែរ។ បើ​មេ​ឲ្យ​ទាត់ បាន​ទាត់ ឲ្យ​ទាត់​មិន​សឹង​ហ៊ាន​ទាត់​ទេ »

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។