លោក ហ៊ុន សែន ថា​អ្នក​នយោបាយ​គួរ​តែ​យក​វប្បធម៌​សន្ទនា​ជា​ជាង​ការ​រិះគន់​គ្នា

0:00 / 0:00

ការ​ឆ្លើយ​ឆ្លង​សារ​នយោបាយ​រិះគន់​គ្នា​រវាង​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំង​ចូល​ធ្វើ​ការ​ក្នុង​រដ្ឋសភា​ហើយ​ក៏ដោយ ក៏​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ នៅ​តែ​ផ្ញើ​សារ​ឌឺដង និង​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក។

ទន្ទឹម​នឹង​គ្នា​នេះ លោក ហ៊ុន សែន ថ្លែង​ថា អ្នក​នយោបាយ​គួរ​បញ្ចប់​នូវ​វប្បធម៌​រិះគន់​នេះ ដោយ​លោក​ចង់​ឲ្យ​មាន​វប្បធម៌​សន្ទនា​វិញ។

លោក​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ព្រមាន​ទៅ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បញ្ឈប់​នូវ​ការ​រិះគន់​រដ្ឋាភិបាល​នៅ​ទី​សាធារណៈ ដោយ​យក​បញ្ហា​មក​ជជែក​នៅ​រដ្ឋសភា ក្នុង​គ្រា​ដែល​រដ្ឋសភា​នឹង​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង ដើម្បី​បង្កើត​ប្រធាន​ក្រុម​ភាគ​តិច​ក្នុង​សភា​ពេល​ខាង​មុខ។

លោក ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ថ្ងៃ​ទី​៤ ធ្នូ ដោយ​សំដៅ​ទៅ​លើ លោក កឹម សុខា ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ដែល​តែង​តែ​ថ្លែង​ពី​ការ​ដឹក​នាំ​មិន​ល្អ​របស់​រដ្ឋាភិបាល ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​នៅ​តាម​បណ្ដា​ខេត្ត​នា​ពេល​កន្លង​មក។ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​គួរ​តែ​មាន​វប្បធម៌​សន្ទនា ទោះ​តាម​ការ​និយាយ​ផ្ទាល់​មាត់​ក្ដី និង​តាម​លិខិត​ក្ដី ដើម្បី​កសាង​ប្រទេស​ជាតិ​ប្រសើរ​ជាង។ លោក​បន្ត​ថា រដ្ឋសភា​នឹង​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​នៅ​ពេល​ខាង​មុខ ដើម្បី​បង្កើត​ប្រធាន​ក្រុម​ភាគ​តិច ដែល​លោក​បាន​ព្រមព្រៀង​ជាមួយ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​បង្កើត​ប្រធាន​ក្រុម​ភាគ​តិច​នេះ មាន​សារសំខាន់​ណាស់ គឺ​ដើម្បី​ឲ្យ​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​មាន​ឱកាស​លើក​ឡើង​ពី​បញ្ហា​អសកម្ម​របស់​រដ្ឋាភិបាល។ លោក ហ៊ុន សែន បាន​គំរាម​ថា អនុប្រធាន​ទី​១​រដ្ឋសភា គួរ​ប្រយ័ត្ន​ខ្លួន ព្រោះ​សមាជិក​សភា​ភាគ​ច្រើន​ជា​របស់​លោក ហើយ​សភា​អាច​បុក​ទម្លាក់​ពី​តំណែង​បាន​ដោយ​សំឡេង​ភាគ​ច្រើន។ លោក​បន្ត​ថា គេ​ឲ្យ​តំណែង​អនុប្រធាន​សភា​ទី​១ ដើម្បី​សម្របសម្រួល​កិច្ចការ​ជាមួយ​តំណាង​រាស្ត្រ​ក្នុង​សភា មិន​មែន​សម្រាប់​ដើរ​ជេរ​គេ​ជេរ​ឯង​នោះ​ទេ។ ទោះ​យ៉ាង​ណា លោក​ថ្លែង​ការពារ​ថា លោក​និយាយ​ដូច្នេះ​មិន​មែន​បិទ​សិទ្ធិ​ទេ។

លោក ហ៊ុន សែន បាន​គំរាម​ថា អនុប្រធាន​ទី​១​រដ្ឋសភា គួរ​ប្រយ័ត្ន​ខ្លួន ព្រោះ​សមាជិក​សភា​ភាគ​ច្រើន​ជា​របស់​លោក ហើយ​សភា​អាច​បុក​ទម្លាក់​ពី​តំណែង​បាន​ដោយ​សំឡេង​ភាគ​ច្រើន។ លោក​បន្ត​ថា គេ​ឲ្យ​តំណែង​អនុប្រធាន​សភា​ទី​១ ដើម្បី​សម្របសម្រួល​កិច្ចការ​ជាមួយ​តំណាង​រាស្ត្រ​ក្នុង​សភា មិន​មែន​សម្រាប់​ដើរ​ជេរ​គេ​ជេរ​ឯង​នោះ​ទេ។ ទោះ​យ៉ាង​ណា លោក​ថ្លែង​ការពារ​ថា លោក​និយាយ​ដូច្នេះ​មិន​មែន​បិទ​សិទ្ធិ​ទេ។

ឆ្លើយ​តប​បញ្ហា​នេះ លោក កឹម សុខា អនុប្រធាន​ទី​១​រដ្ឋសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ការ​ថ្លែង​របស់ លោក ហ៊ុន សែន គឺ​ជា​ការ​មិន​យល់​ពី​តួនាទី​របស់​អ្នក​តំណាង​រាស្ត្រ មិន​យល់​ពី​តួនាទី​ប្រធាន​ក្រុម​ភាគ​តិច​នេះ ដែល​គេ​ជជែក​គ្នា​តែ​កិច្ចការ​ណា​រាំង​ស្ទះ និង​ជាប់​គាំង​រឿង​នយោបាយ​ធំៗ​នោះ​ទេ។ ប៉ុន្តែ លោក កឹម សុខា យល់​ថា នេះ​ជា​យុទ្ធសាស្ត្រ​បំបែក​សំឡេង​គណបក្ស​ប្រឆាំង។ លោក​ថា យុទ្ធសាស្ត្រ​បំបែក​នេះ ទន្ទឹម​ពេល​ដែល លោក ហ៊ុន សែន លើក លោក សម រង្ស៊ី ឲ្យ​ខ្ពស់ ហើយ​ទម្លាក់​រូប​លោក​ឲ្យ​នៅ​ទាប​នោះ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក លោក នី ចរិយា មាន​ទស្សនៈ​ថា ការ​បង្កើត​ក្រុម​ភាគ​តិច​ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី ដើម្បី​ជជែក​អំពី​រឿង​ជាតិ​នេះ គឺ​ជា​បរិបទ​នយោបាយ​ថ្មី​មួយ​ល្អ។ ប៉ុន្តែ ការ​ហាម​ប្រាម​មិន​ឲ្យ​តំណាង​រាស្ត្រ ឬ​សមាជិក​សភា​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ ទៅ​និយាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​ទី​សាធារណៈ​នោះ គឺ​ជា​ការ​បំបិទ​សិទ្ធិ​សម្ដែង​មតិ។ ផ្ទុយ​ទៅ​វិញ លោក នី ចរិយា យល់​ថា ការ​និយាយ​របស់​សមាជិក​សភា​ណា​ម្នាក់​នៅ​ខាង​ក្រៅ​នោះ គឺ​ជា​ការ​វាយ​តម្លៃ​របស់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់។

រហូត​មក​ដល់​ថ្ងៃ​នេះ អ្នក​ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី រួម​មាន​ប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​ព្រះមហាក្សត្រ គឺ​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ និង​ប្រធាន​ក្រុម​ភាគ​តិច ដែល​សភា​នឹង​អនុម័ត​នៅ​ពេល​ខាង​មុខ គឺ​ប្រធាន​ក្រុម​ភាគ​តិច​ដែល​អាច​ជា លោក សម រង្ស៊ី។

លទ្ធផល​ជំនួប​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា របស់​ថ្នាក់​ដឹក​នាំ​កំពូល​គណបក្ស​ទាំង​ពីរ បាន​ឯកភាព​គ្នា​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨ នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា ដើម្បី​រៀបចំ​ឲ្យ​មាន​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ​នៃ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​សភា ដោយ​រៀបចំ​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគ​តិច​នៅ​រដ្ឋសភា ដើម្បី​ជា​គូ​សន្ទនា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល ទាក់ទង​បញ្ហា​ប្រទេស​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។