ប្រមុខរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ខែគ្រូបង្រៀន និងមន្ត្រីរាជការ ចាប់ពីខែមករា ឆ្នាំ២០១៦។ គ្រូបង្រៀនខ្លះ បង្ហាញជំហរស្ទាក់ស្ទើរមិនទាន់ទុកចិត្ត និងខ្លះទៀតនៅមិនទាន់ពេញចិត្ត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមដំឡើងប្រាក់ខែដល់គ្រូបង្រៀនកម្រិតទាបបំផុតឲ្យដល់ ៨០ម៉ឺនរៀល នៅដើមខែមេសា ឆ្នាំ២០១៦។ លោក ហ៊ុន សែន ប្រកាសក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារទី២ នៅព្រឹកថ្ងៃទី២២ តុលា ថា ការដំឡើងប្រាក់ខែនេះ នឹងធ្វើឡើងជាពីរដំណាក់កាល៖ «ខ្ញុំព្រះករុណាខ្ញុំក៏ចង់បញ្ជាក់ជូនលោកគ្រូអ្នកគ្រូ និងមន្ត្រីរាជការបន្តិចដែរ។ ការឡើងបៀវត្សសម្រាប់ឆ្នាំក្រោយ គឺឡើងពីរដំណាក់កាល។ ដំណាក់កាលទី១ នៅខែមករា គឺឡើងមួយដំណាក់កាល។ អាចថាឡើង ៥០% ក្នុងចំនួនដែលត្រូវឡើងនេះ។ ដល់នៅក្នុង ៥០% ទៀត នឹងត្រូវឡើងនៅមុនចូលឆ្នាំខ្មែរ។ ឧទាហរណ៍ គ្រូបង្រៀនបច្ចុប្បន្ន គឺ ៦៤ម៉ឺន បូកជាមួយនឹង ៨ម៉ឺន ឬ ១២ម៉ឺនទៅតាមតំបន់។ ប៉ុន្តែដល់ឆ្នាំ២០១៦ នឹងឡើងទៅដល់ ៨០ម៉ឺន។ ៨០ម៉ឺន ៥០០ ដែលស្មើនឹងប្រហាក់ប្រហែល ២០០ដុល្លារសហរដ្ឋអាមេរិក ដែលគ្រូទាបបំផុត ទាំងគ្រូមត្តេយ្យ និងគ្រូបឋម។ ប៉ុន្តែខែមករា ឡើងត្រឹម ៧០ម៉ឺន»។
លោក ហ៊ុន សែន បញ្ជាក់បន្ថែមថា ការទុកប្រាក់ខែ ៥០% ទៀត ដំឡើងនៅដំណាក់កាលទី២ ក្នុងខែមេសា មុនចូលឆ្នាំខ្មែរនោះ គឺដើម្បីទប់កុំឲ្យមានបន្ទុកបញ្ចេញសាច់ប្រាក់ធំពេកក្នុងពេលតែមួយ។
ដំណឹងអំពីការដំឡើងប្រាក់ខែនេះ ធ្វើឲ្យគ្រូបង្រៀនខ្លះបញ្ចេញមតិរីករាយផង និងស្ទាក់ស្ទើរផង ដូចជាអនុប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រចាំខេត្តសៀមរាប លោក ស៊ីម ពៅ យល់ថា ទោះជាប្រាក់ខែគ្រូនឹងឡើងដល់ចំនួន ៨០ម៉ឺនរៀល ស្មើនឹង ២០០ដុល្លារនេះ ក៏នៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវភាពគ្រូបង្រៀន ឲ្យស្របតាមតម្លៃទំនិញឡើងខ្ពស់ទេ៖ «ទំនិញនៅបច្ចុប្បន្ននេះឡើងថ្លៃ ហើយការចាយវាយលើប្រាក់ខែហ្នឹង វាអត់គ្រប់គ្រាន់ទាំងអស់។ អ៊ីចឹងការដំឡើងកម្រិតប៉ុណ្ណេះ វាដូចជានៅស្ដួចស្ដើងបំផុត មិនទាន់អាចបំពេញតម្រូវការទេ ហើយនាមខ្ញុំជាសមាជិកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ខ្ញុំយល់ថា គ្រូបង្រៀនទាំងអស់ គាត់យល់ដូចខ្ញុំដែរ ព្រោះអីនៅរាល់ពេលប្រជុំម្ដងៗ គាត់តែងតែនិយាយអំពីបញ្ហាប្រាក់ខែនេះរហូត។ អ៊ីចឹងបញ្ហាប្រាក់ខែនេះ ជាបញ្ហាចោទមួយចំពោះគ្រូបង្រៀន ដែលធ្វើឲ្យគុណភាពនៃការបង្រៀនចេះតែរយាល...»។
លោក ស៊ីម ពៅ ឲ្យដឹងថា ការដំឡើងប្រាក់ខែនៅដើមឆ្នាំ២០១៦ គឺឡើងជិត ៥០% ខណៈដែលបច្ចុប្បន្ននេះ គ្រូបង្រៀនថ្នាក់ទាបទទួលបានប្រាក់ខែជាង ៦០ម៉ឺនរៀល។ កាលពីពេលកន្លងមក គ្រូបង្រៀនធ្លាប់ទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគ្រូបង្រៀនយ៉ាងតិច ១លានរៀល ដែលស្មើនឹង ២៥០ដុល្លារ។ លោកក៏បារម្ភខ្លាចតែប្រាក់ខែដំឡើងនេះ យឺតយ៉ាវដូចប្រាក់ដទៃទៀតដែរ។
ទាក់ទងនឹងបញ្ហានេះដែរ គ្រូបង្រៀនម្នាក់ទៀតនៅវិទ្យាល័យ នរោត្ដម រណឫទ្ធិ គន្ធបុប្ផា ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក សយ ណារ៉ាន ថ្លែងថា លោកមិនសូវជឿលោកនាយករដ្ឋមន្ត្រីទេ៖ «ដូច្នេះការប្រកាសដំឡើងប្រាក់របស់ លោក ហ៊ុន សែន គឺជាការប្រកាសតាមទម្លាប់របស់គាត់តាមជំហានគីង្គក់ គឺនៅតែខ្វះមុខខ្វះក្រោយដដែលជាដដែលទេ ហើយចំណែកគ្រូបង្រៀន នៅតែលក់ស្ករគ្រាប់រត់ម៉ូតូឌុបដដែល។ ដូច្នេះ សូម លោក ហ៊ុន សែន ល្មមគិតគូរធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់គ្រូបង្រៀនហ្នឹង ឲ្យបានសមរម្យផង»។
នៅក្នុងពេលនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ការដំឡើងប្រាក់ខែនៅដើមឆ្នាំ២០១៦ ក្រៅពីប្រាក់ខែគ្រូបង្រៀន គឺឡើងសម្រាប់ទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។