ឃាតកម្ម​លើ​សកម្មជន​និង​អ្នក​រិះគន់​រដ្ឋាភិបាល​បន្ត​ញាំញី​នីតិរដ្ឋ​កម្ពុជា​ជាង​២​ទសវត្សរ៍

ដោយ យ៉ង ចាន់តារា
2017-07-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣ សម្ដែង​ការ​សោក​សង្រេង​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី នៅ​ពេល​ឃើញ​ក្បួន​ដង្ហែ​ឆ្លង​កាត់ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev
ពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣ សម្ដែង​ការ​សោក​សង្រេង​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី នៅ​ពេល​ឃើញ​ក្បួន​ដង្ហែ​ឆ្លង​កាត់ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

អំពើ​ឃាតកម្ម និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់ តែង​កើត​មាន​ជា​ហូរហែ​មក​ទល់​សព្វថ្ងៃ បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ចែង​ថា ជន​គ្រប់​រូប​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត មាន​សេរីភាព និង​សន្តិសុខ​ផ្ទាល់​ខ្លួន​យ៉ាង​ណា​ក្តី។

អំពើ​ឧក្រិដ្ឋ​ទាំងនោះ ត្រូវ​បាន​ធ្វើ​ឡើង​សំដៅ​សកម្មជន​នយោបាយ អ្នក​រិះគន់​រដ្ឋាភិបាល និង​អ្នក​សារព័ត៌មាន។ ស្ថានភាព​នេះ​កាន់​តែ​អាក្រក់​នៅ​ពេល​ដែល​អាជ្ញាធរ​មិន​អាច​វែក​មុខ​ចាប់​ជន​ប្រព្រឹត្តិ ឬ​ស្វែងរក​អ្នក​ទទួល​ខុស​ត្រូវ​បាន​នោះ។ គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ថា នេះ​ជា​អំពើ​និទ្ទណ្ឌភាព​ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​កសាង​នីតិរដ្ឋ​របស់​កម្ពុជា។

កម្ពុជា បាន​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស អស់​រយៈពេល​ជាង ២០​ឆ្នាំ​ទៅ​ហើយ។ ច្បាប់​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពង្រឹង​នីតិរដ្ឋ ក៏ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​មាន​ភាព​ទន់​ខ្សោយ ធូរ​រលុង អូស​បន្លាយ និង​មិន​ទាន់​អាច​សម្រេច​បាន​តាម​ការ​ចង់​បាន​របស់​មជ្ឈដ្ឋាន​នានា​នៅ​ឡើយ។

ជាង ២​ទសវត្សរ៍​មក​នេះ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ជាង ១០០​នាក់​ដែរ​ដែល​ត្រូវ​បាន​ធ្វើ​ឃាត​ដោយសារ​ការ​បំពេញ​មុខងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ការ​ធ្វើ​សកម្មភាព​នយោបាយ និង​ហេតុផល​ដទៃ​ទៀត។ អ្នក​ទាំងនោះ​រួម​មាន អ្នក​សារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី ព្រះសង្ឃ មេ​ដឹកនាំ​សហជីព កម្មករ​រោងចក្រ និង​អ្នក​វិភាគ​នយោបាយ។

របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ មាន​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាង ១០​នាក់ (១១​នាក់) ត្រូវ​បាន​គេ​ធ្វើ​ឃាត​ដោយ​មូលហេតុ​នៃ​ការ​រាយការណ៍​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល និង​បរិហារ​ការ​ធ្វើ​ជំនួញ​ខុស​ច្បាប់​របស់​មន្ត្រី​មាន​អំណាច និង​ក្រុម​ឈ្មួញ​ទុច្ចរិត។

ឃាតកម្ម​អ្នក​កាសែត ឃឹម សំបូរ ៨៥៥
សាកសព​អ្នក​កាសែត លោក ឃឹម សំបូរ និង​កូន​ប្រុស នៅ​វត្ត​ស្វាយដង្គំ ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០០៨។ Photo: RFA

ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំងនោះ អ្នក​ដែល​ពាក់ព័ន្ធ​រឿង​នយោបាយ​ជ្រៅ​ជាង​គេ គឺ​លោក ឃឹម សំបូរ ដែល​ជា​អ្នក​សារព័ត៌មាន​នៃ​កាសែត​មនសិការ​ខ្មែរ ដែល​ស្និទ្ធ​នឹង​គណបក្ស សម រង្ស៊ី។ លោក ឃឹម សំបូរ និង​កូន​ប្រុស​ម្នាក់ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ខែ​កក្កដា ឆ្នាំ​២០០៨។ ជា​ញឹកញាប់ លោក ឃឹម សំបូរ សរសេរ​អត្ថបទ​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​របស់​មន្ត្រី​រដ្ឋាភិបាល និង​តែង​រិះគន់​ចំៗ​ទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រៅ​ពី​អ្នក​សារព័ត៌មាន សកម្មជន​បក្ស​ប្រឆាំង និង​ក្រុម​សហជីព ក៏​ទទួល​រង​នូវ​ការ​វាយ​ប្រហារ និង​បាញ់​សម្លាប់​ដូច​គ្នា។

របាយការណ៍​នៃ​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន រយៈពេល ៣០​ឆ្នាំ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៣ បង្ហាញ​ថា ការ​វាយ​ប្រហារ និង​បាញ់​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង និង​សហជីព កើត​មាន​ជាច្រើន​ករណី​នៅ​ចន្លោះ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​២ និង​ទី​៣។

នៅ​ខែ​មីនា ឆ្នាំ​១៩៩៧ គ្រាប់បែក​ចំនួន ៤​គ្រាប់ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​គប់​ចូល​ក្នុង​ហ្វូង​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​មុខ​អតីត​វិមាន​រដ្ឋសភា។ ការ​វាយ​ប្រហារ​ដោយ​ហិង្សា​ទៅ​លើ​បាតុករ​ដែល​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធ​យុត្តិធម៌​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស ១៦​នាក់​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេង​ទៀត​រង​របួស។

៤​ខែ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​មួយ​បាន​ផ្ទុះ​ឡើង​កក្រើក​ក្រុង​ភ្នំពេញ។ អង្គការ​សហប្រជាជាតិ រក​ឃើញ​ថា មាន​មន្ត្រី​បក្ស​នយោបាយ និង​មេ​ទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រមាណ​ពី ៤០​នាក់​ទៅ ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រោយ​ពេល​ចាប់​ខ្លួន ឬ​បន្ទាប់​ពី​ទម្លាក់​អាវុធ និង​ជាច្រើន​នាក់​ទៀត ត្រូវ​បាន​បាញ់​ស្លាប់​ពេល​ប្រយុទ្ធ​គ្នា។ អ្នក​រងគ្រោះ​ភាគច្រើន​ជា​កង​កម្លាំង​របស់​ហ៊្វុនស៊ិនប៉ិច ហើយ​ក្នុង​នោះ មន្ត្រី​ជាន់​ខ្ពស់​ខាង​យោធា និង​ស៊ីវិល​ជាច្រើន​រូប ដូចជា​លោក ចៅ សម្បត្តិ ក្រូច យឿម និង​លោក ហូ សុក ជាដើម ត្រូវ​បាន​គេ​បាញ់​សម្លាប់។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) សរសេរ​នៅ​ក្នុង​របាយការណ៍​ថា អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ករណី​ហិង្សា​ទាំង​ពីរ​ព្រឹត្តិការណ៍ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ជាប់​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឧក្រិដ្ឋ​ទាំង​ពីរ បែរ​ជា​ត្រូវ​បាន​ដំឡើង​ឋានៈ និង​តួនាទី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅ​វិញ។

ករណី​ឃាតកម្ម​លើ​សកម្មជន​គណបក្ស​នយោបាយ បាន​កើត​ឡើង​ជា​បន្តបន្ទាប់។ ចាប់​ពី​ដើម​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០១ សកម្មជន​គណបក្ស សម រង្ស៊ី នៅ​មូលដ្ឋាន​ជិត ២០​នាក់ (១៧​នាក់) ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។

អំពើ​ឃាតកម្ម​ទៅ​លើ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង មិន​បាន​បញ្ឈប់​ត្រឹម​នោះ​ទេ។ នៅ​អំឡុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០០៣ មន្ត្រី​គណបក្ស សម រង្ស៊ី ៧​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ឃាតក​សម្លាប់។ នៅ​ឆ្នាំ​ដដែល​នោះ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី ក៏​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រាជធានី​ភ្នំពេញ ដែល​អំពើ​ឃាតកម្ម​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ចំពោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី។

ខួប ជា វិជ្ជា ២០១៧ ៨៥៥
ពិធី​ដាក់​កម្រង​ផ្កា​រំឭក​ខួប ១៣​ឆ្នាំ វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧។ RFA/Rach Vingur RFA/Rach Vingur

ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៣ អំពើ​ឃាតកម្ម​ត្រូវ​បាន​ធ្វើ​ឡើង​សំដៅ​ក្រុម​សហជីព​វិញ​ម្តង។ ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ដែល​ស្និទ្ធ​នឹង​គណបក្ស សម រង្ស៊ី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា នៅ​ខែ​មករា ឆ្នាំ​២០០៤។ ក្រោយ​ឃាតកម្ម​នេះ ឃាតក​សិប្បនិម្មិត ២​រូប គឺ ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​អាជ្ញាធរ​នាំ​មក​កាត់​ទោស និង​ឃុំ​ខ្លួន​អស់​រយៈពេល​សរុប​ជិត ៦​ឆ្នាំ​ដោយ​គ្មាន​ទោស​កំហុស។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​កំពូល សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ឆ្នាំ​២០១៣។

ជាង ៤​ខែ​ក្រោយ​ឃាតកម្ម​លើ​លោក ជា វិជ្ជា មេ​ដឹកនាំ​សហជីព​មួយ​រូប​ទៀត គឺ​លោក រស់ សុវណ្ណារ៉េត ត្រូវ​បាន​គេ​សម្លាប់ ហើយ​នៅ​ឆ្នាំ​២០០៧ ថ្នាក់​ដឹកនាំ​សហជីព​ម្នាក់​ទៀត គឺ​លោក ហ៊ី វុទ្ធី ក៏​ត្រូវ​បាន​គេ​សម្លាប់​ដូច​គ្នា។ នៅ​ឆ្នាំ​២០១៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​តែងតាំង​សមាសភាព​ពិសេស​ក្នុង​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​លើ​មេ​ដឹកនាំ​សហជីព​ទាំង​បី​រូប​នេះ។ ប៉ុន្តែ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន គណៈកម្មការ​ពិសេស​មួយ​នេះ​មិន​ទាន់​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​របស់​ខ្លួន​ដល់​សាធារណជន​នៅ​ឡើយ។

អំពើ​ឃាតកម្ម​មិន​ត្រឹម​តែ​កើត​មាន​ទៅ​លើ​អ្នក​សារព័ត៌មាន សកម្មជន​បក្ស​ប្រឆាំង និង​មេ​ដឹកនាំ​សហជីព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កើត​មាន​ទៅ​លើ​ព្រះសង្ឃ​ដែរ។ នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០០៣ ព្រះធម្មវិប្បសនា សំ ប៊ុនធឿន អធិបតី​ពុទ្ធ​មណ្ឌល និង​ជា​អគ្គនាយក​វិបស្សនាធុរៈ​សិក្សា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់​ប្រហារ​នៅ​វត្ត​លង្កា ក្រុង​ភ្នំពេញ។

ព្រះអង្គ​បាន​សុគត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ពីរ​ថ្ងៃ​បន្ទាប់ ក្នុង​ព្រះជន្ម ៤៧​ព្រះវស្សា។ ព្រះ​គ្រូ សំ ប៊ុនធឿន មាន​ព្រះ​កិត្តិនាម​ល្បីល្បាញ​ខាង​ការ​អប់រំ​ផ្លូវ​ចិត្ត​តាម​រយៈ​ការ​ធ្វើ​វិបស្សនា និង​ការ​ទូន្មាន​ពុទ្ធបរិស័ទ និង​សាវ័ក​របស់​ព្រះអង្គ​ឲ្យ​សាង​តែ​អំពើ​ល្អ ចៀសវាង​អំពើ​អាក្រក់ ហើយ​សេចក្តី​បង្រៀន​របស់​ព្រះអង្គ សុទ្ធតែ​ឆ្លុះ​បញ្ចាំង​ការពិត​ក្នុង​សង្គម​ខ្មែរ ដែល​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ និង​អំពើ​បាប។

សព​ព្រះធម្មវិប្បសនា សំ ប៊ុនធឿន ២០១៦ ៨៥៥
សព​ព្រះធម្មវិប្បសនា សំ ប៊ុនធឿន អធិបតី​ពុទ្ធមណ្ឌល និង​ជា​អគ្គនាយក​​វិបស្សនាធុរៈ​សិក្សា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តម្កល់ក្នុង​មឈូស​​កញ្ចក់ ​នៅ​​ពុទ្ធមណ្ឌល​​សន្តិវ័ន្ត ក្បែរ​ភ្នំព្រះរាជ្យទ្រព្យ ឬ​ហៅ​ភ្នំ​ឧត្ដុង្គ ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ រូបថត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth RFA/Chuop Sereyroth

ជាង ១០​ឆ្នាំ​កន្លង​ទៅ​នេះ គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ឬ​នាំ​ខ្លួន​មក​កាត់​ទោស​ទាក់ទង​នឹង​ការ​ធ្វើ​គុត​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ឡើយ។

ឃាតកម្ម​ទៅ​លើ​សកម្មជន​នយោបាយ និង​អ្នក​រិះគន់​រដ្ឋាភិបាល​ហាក់​មាន​ការ​ថយ​ចុះ​នៅ​អាណត្តិ​ទី​៣ ឆ្នាំ​២០០៨ ពោល​គឺ​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​អាសនៈ​ច្រើន​លើសលប់​ដល់​ទៅ ៩០​អាសនៈ​ក្នុង​រដ្ឋសភា ក៏ប៉ុន្តែ​នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច​ពេញ​ដៃ​នៅ​គ្រា​នោះ ហេតុការណ៍​ដែល​សំខាន់​ជាង​គេ គឺ​ការ​ងើប​តវ៉ា​ប្រឆាំង​របស់​ពលរដ្ឋ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង ចំពោះ​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ជីវភាព​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ ហើយ​ជា​ញឹកញាប់ សកម្មជន​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត ត្រូវ​រង​ការ​គំរាម​កំហែង និង​សម្លាប់​ជាច្រើន​ករណី។

នៅ​ខែ​មេសា ឆ្នាំ​២០១២ សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន​ដ៏​ល្បី​មួយ​រូប គឺ​លោក ឈុត វុទ្ធី ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ដែល​ដើរ​តួ​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ បាញ់​សម្លាប់​នៅ​ក្នុង​ព្រៃ​ក្នុង​ខេត្ត​កោះកុង នៅ​ពេល​រូប​លោក​ចុះ​ពិនិត្យ​សកម្មភាព​កាប់​ព្រៃឈើ​ខុស​ច្បាប់​ជាមួយ​អ្នក​សារព័ត៌មាន។ លទ្ធផល​ជំនុំ​ជម្រះ​នៃ​សំណុំ​រឿង​នេះ មាន​ភាព​មិន​ប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​គ្រួសារ​នៃ​ជន​រងគ្រោះ និង​អ្នក​សង្កេតការណ៍​មិន​អាច​ទទួល​យក​បាន​នោះ​ឡើយ។

ការ​បាញ់​សម្លាប់​បាន​កក្រើក​ឡើង​វិញ​ជា​ថ្មី​ទៀត​នៅ​ក្រោយ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ពោល​គឺ​នៅ​ពេល​មាន​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត និង​នៅ​ពេល​កម្មករ​រោងចក្រ​ជាច្រើន​បាន​នាំ​គ្នា​ចេញ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ។

យុវជន​ម្នាក់​ឈ្មោះ ម៉ៅ សុខចាន់ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ចំ​ក្បាល និង​ស្លាប់​ភ្លាមៗ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ អំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​បាតុករ​នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាលថ្នល់ ស្រប​ពេល​នៃ​ការ​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ លោក ម៉ៅ សុខចាន់ មិន​មែន​ជា​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ តែ​ជា​កម្មករ​សំណង់​ដែល​ទើប​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ ទៅ​លំនៅឋាន​របស់​ខ្លួន​វិញ។

២​ខែ​ក្រោយ​មក គឺ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ អ្នក​លក់​បាយ​នៅ​មុខ​សាលារៀន​ស្ទឹងមានជ័យ លោកស្រី អេង សុខុម ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ឲ្យ​ស្លាប់​នៅ​អំឡុង​ពេល​ការ​ប៉ះ​ទង្គិច​រវាង​សមត្ថកិច្ច និង​កម្មករ​រោងចក្រ អែស.អិល (SL) នៅ​មុខ​វត្ត​ស្ទឹងមានជ័យ។ ហេតុការណ៍​ដ៏​ហិង្សា​នៅ​ពេល​នោះ កើត​ឡើង​ពេល​ក្រុម​កម្មករ​ជិត ១​ពាន់​នាក់ នាំ​គ្នា​ដង្ហែ​ក្បួន​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ការងារ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​អនុវត្ត​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង​គ្នា​កាល​ពី​ពេល​មុន ប៉ុន្តែ​ក្បួន​នេះ​ត្រូវ​បាន​រារាំង​ដោយ​សមត្ថកិច្ច​រាប់​រយ​នាក់​ដែល​ប្រដាប់​ដោយ​ខែល ដំបង និង​កាំភ្លើង រួម​ជាមួយ​ឡាន​ទឹក​ជាច្រើន​គ្រឿង​ផង។

ជា​បន្តបន្ទាប់ ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅ​លើ​កម្មករ​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ។ នៅ​ដើម​ឆ្នាំ​២០១៤ កម្មករ ៤​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​ក្នុង​ការ​បាញ់​បង្ក្រាប​ដោយ​ហិង្សា​របស់​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ទៅ​លើ​ក្រុម​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ដែល​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។

គ្មាន​អ្នក​ណា​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​ចំពោះ​ហេតុការណ៍​បាញ់​សម្លាប់​ក្នុង​ពេល​បង្ក្រាប​របស់​អាជ្ញាធរ​នេះ​ឡើយ ហើយ​ភាគី​សមត្ថកិច្ច​តែង​ឆ្លើយ​ថា នេះ​ជា​ការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ជា​ការ​បង្ក្រាប​ក្រុម​ដែល​បង្ក​ចលាចល​ក្នុង​សង្គម។

ហេតុការណ៍​ឃាតកម្ម​ចុង​ក្រោយ​បង្អស់ បាន​កើត​ឡើង​លើ​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព។ លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ក្នុង​ហាង​លក់​ទំនិញ​ស្តារ​ម៉ាត (Star Mart) នៅ​ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។

សព​បណ្ឌិត កែម ឡី ២០១៦ ១៤៤០
សព​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​ទំនិញ​ស្តារ​ម៉ាត (Star Mart) ក្នុង​បរិវេណ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ស្តុប​បូកគោ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA


ក្នុង​សំណុំ​រឿង​ដ៏​កក្រើក​មួយ​នេះ មាន​មនុស្ស​តែ​ម្នាក់​គត់ គឺ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​យក​មក​ជំនុំ​ជម្រះ។ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន។ ការ​ផ្ដន្ទាទោស ជួប សម្លាប់ នេះ បាន​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថា​ធ្វើ​ឡើង​ដោយ​តក់ក្រហល់ បន្សល់​នូវ​ភាព​មន្ទិល​សង្ស័យ​ជាច្រើន​ចំណុច។

ទាំងនេះ​សុទ្ធសឹងតែ​ជា​ករណី​ឃាតកម្ម​សំខាន់ៗ​ដែល​សាធារណមតិ​ជាតិ និង​អន្តរជាតិ បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា ថា​បរាជ័យ​ក្នុង​ការ​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ និង​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ ដោយសារ​តែ​អាជ្ញាធរ​មិន​ទាន់​ចាប់​ខ្លួន​ជន​ដៃ​ដល់ ឬ​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ មិន​បដិសេធ​នឹង​ការ​លើក​ឡើង​បែប​នេះ​ឡើយ។ លោក​ថា សមត្ថកិច្ច​ទទួល​ស្គាល់​អ្វី​ដែល​មិន​ទាន់​ធ្វើ​បាន ហើយ​នឹង​បន្ត​លើក​ឡើង​ដដែលៗ​ថា អាជ្ញាធរ​នៅ​តែ​ស៊ើប​អង្កេត​ករណី​ឧក្រិដ្ឋកម្ម​ទាំងនេះ​តទៅមុខ​ទៀត ដោយ​មិន​បិទ​បញ្ចប់​សំណុំ​រឿង​ជា​ដាច់ខាត៖ «យើង​ស្រាវៗ (ស្រាវជ្រាវ) ទៅ រឿង​វា​ដាច់​តែ​ម្តង។ វា​តែលតោល​មិន​ដឹង​ទៅ​ឯណា​ទៀត។ យើង​មិន​បិទ​សំណុំ​រឿង​ហ្នឹង​ជា​ដាច់ខាត ដរាបណា​ជនល្មើស​មិន​ទាន់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​តុលាការ។ ចង់​បាន​យុត្តិធម៌ លុះត្រា​តែ​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច។ គាត់​រត់​ចោល​ប្រទេស​តែ​អ៊ីចឹង ប៉ូលិស​ដឹង​ទាល់​តែ​មាន​សាក្សី។ ខ្ញុំ​ជឿ​ថា វា​មិន​ដែល​ខ្មែរ​គ្នា​ឯង​ទៅ​សម្លាប់​គ្នា​ទេ»

ជុំវិញ​រឿង​នេះ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ឃើញ​ថា ការណ៍​ដែល​អាជ្ញាធរ​មិន​អាច​រក​ឃើញ​ឃាតក និង​អ្នក​ពាក់ព័ន្ធ​ដែល​សម្លាប់​អ្នក​សារព័ត៌មាន ព្រះសង្ឃ សកម្មជន និង​អ្នក​វិភាគ​នេះ គឺ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ៖ «(អំពើ​ឃាតកម្ម​ទាំងនេះ) ជះ​ឥទ្ធិពល​អាក្រក់​មែន​ទែន បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​យើង​ជា​ប្រទេស​និទ្ទណ្ឌភាព។ អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​មិន​មាន​ទោស ហើយ​បែរ​ជា​អ្នក​សុចរិត​ស្លូត​ត្រង់​ត្រូវ​មាន​ទោស​ទៅ​វិញ។ វា​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​ជាតិ​យើង​ដែរ ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​របប​ប្រជាធិបតេយ្យ​សេរី និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​រួម​តែ​ម្តង»

ចំណែក​ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត វិញ យល់​ឃើញ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​នឹង​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ ដោយសារ​វា​ជា​ឃាតកម្ម​នយោបាយ៖ «យើង​ឃើញ​រឿង​ឃាតកម្ម​ធំៗ​មួយ​ចំនួន​ទៀត ដែល​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឃាតក ឬ​ក៏​អ្នក​ពាក់ព័ន្ធ គឺ​គេ​រក​ឃើញ​ភ្លាម។ អ៊ីចឹង​ខ្ញុំ​គិត​ថា​រឿង​ទាំងអស់​នេះ សមត្ថកិច្ច​គាត់​មិន​មែន​អសមត្ថភាព​ទេ ប៉ុន្តែ​គាត់​មិន​ហ៊ាន​ក្នុង​ការ​បញ្ចេញ​ការពិត បញ្ចេញ​របាយការណ៍​នៃ​ការ​ស៊ើប​អង្កេត​ការពិត​ទេ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​ស៊ើប​អង្កេត​ផ្ទាល់​ហ្នឹង​តែ​ម្តង បើ​សិន​ជា​គាត់​បង្ហាញ​ការពិត​ទាំងអស់​ហ្នឹង។ អ៊ីចឹង​ហើយ​បាន​ជា​រឿង​ហ្នឹង​វា​ត្រូវ​កប់»

លោក​ថា នេះ​ជា​និទ្ទណ្ឌភាព ហើយ​វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ដំណើរការ​នីតិរដ្ឋ​នៅ​កម្ពុជា និង​ជាពិសេស​រួម​ចំណែក​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​បែប​នេះ​ទៀត​នៅ​ពេល​ខាង​មុខ៖ «ការ​រិះគន់​ដោយ​ត្រង់ៗ ដោយ​ចំៗ​តែ​ម្តង ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អ្នក​កាន់​អំណាច អ្នក​មាន​អំណាច ឬ​គណបក្ស​កាន់​អំណាច យើង​មើល​ឃើញ​ហើយ គាត់​ត្រូវ​មាន​ការ​បាញ់​សម្លាប់​ជា​ហូរហែ ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទៀត​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​បញ្ចេញ​គំនិត ចង់​និយាយ​ការពិត ចង់​បញ្ចេញ​មតិ​ដើម្បី​ធ្វើ​ការ​រិះគន់ គឺ​មាន​ការ​ប្រុងប្រយ័ត្ន ហើយ​ស្ថិត​ក្នុង​សភាព​ភ័យ​ខ្លាច​ដែរ។ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា»

អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋាភិបាល ឲ្យ​វែក​មុខ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ទាំងនេះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​លុប​បំបាត់​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល