លោក ហ៊ុន សែន កាលពីថ្ងៃទី៥ ខែមេសា បានស្ដីបន្ទោសភាពអសកម្មរបស់មន្ត្រីរដ្ឋបាលសាធារណៈមួយចំនួនថា ជាទង្វើរបស់មនុស្សគណបក្សក្រៅរដ្ឋាភិបាល។ លោកចាត់ទុកមន្ត្រីទាំងនោះជាមន្ត្រីដែលមានចេតនាធ្វើឱ្យខូចមន្ត្រីភាគច្រើន និងឈ្មោះរដ្ឋបាលសាធារណៈ ហើយបញ្ជាឱ្យចាប់ខ្លួនផ្ដន្ទាទោស។ អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សយល់ថា បញ្ជានេះជាការដាក់គំនាបលើសិទ្ធិជ្រើសរើសគណបក្សនយោបាយ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្ដោតលើមន្ត្រីមាននិន្នាការនយោបាយផ្សេង ជាគំនាបនយោបាយថ្មីលើមន្ត្រីក្នុងជួររដ្ឋាភិបាល៖ «ការដែលធ្វើ បើសិនជាលក្ខណៈទូទៅ ហើយរឹតត្បិតរាល់សកម្មភាព រាល់មន្ត្រីណាដែលអសកម្ម អាហ្នឹងវាមិនអីទេ។ ប៉ុន្តែ បើសិនជាការលាបពណ៌ អាហ្នឹងវាធ្វើឱ្យការងារហ្នឹងកាន់តែពិបាក ហើយមនុស្សកាន់តែមើលបំណាំគ្នា ហើយកាន់តែសង្ស័យគ្នាទៅវិញទៅមក»។
ការថ្លែងរបស់លោក អំ សំអាត គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់មន្ត្រីសាធារណៈអសកម្មមួយចំនួនក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមេសា៖ «ប៉ុន្តែមានចំនួនតូចណាមួយនោះ មានចេតនារុញឱ្យខ្លោច រោចឱ្យឆៅ ហើយតាមការស្រាវជ្រាវខ្លះ គឺជាមនុស្សរបស់បក្សផ្សេង គេចង់ធ្វើរឿងហ្នឹង ដើម្បីឱ្យរដ្ឋបាលរបស់យើងខូចឈ្មោះ។ អ៊ីចឹងបានរដ្ឋបាលសាធារណៈមិនមែនជារបស់បក្សនយោបាយណាមួយទេ។ ប៉ុន្តែមានបក្សនយោបាយខ្លះ បានប្រើប្រាស់នូវមនុស្ស ដែលខ្លួនចាត់តាំងបាននៅក្នុងរដ្ឋបាលសាធារណៈដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះនៃមន្ត្រីរដ្ឋបាលសាធារណៈ។ ខ្ញុំសុំស្នើឱ្យមន្ត្រីល្អៗ ចាប់ខ្លួនអាមនុស្សហ្នឹងដើម្បីផ្ដន្ទាទោស ហើយលាងសងភាពស្អាតស្អំសម្រាប់យើងវិញ»។
លោកនាយករដ្ឋមន្ត្រីមិនបានបញ្ចេញឈ្មោះចំគណបក្សណាមួយទេ ហើយលោកថា ក្នុងចំណោមមន្ត្រីមួយពាន់នាក់ មានមន្ត្រីខិលខូចតែបី ឬបួននាក់ទេ។ ដើម្បីលាងសងភាពស្អាតស្អំ លោកដាក់បញ្ជាដាច់ណាត់ឱ្យមន្ត្រីថ្នាក់មូលដ្ឋានគ្រប់ស្ថាប័ន និងទីកន្លែងទាំងអស់ ឱ្យផ្ដល់សេវាសាធារណៈជាតម្រូវការដល់ពលរដ្ឋឱ្យបានលឿន និងដោយស្មោះត្រង់បំផុត ជាពិសេស សេវាបញ្ជាក់លិខិតស្នាមផ្សេងៗ ដូចសំបុត្រកំណើត លិខិតអាពាហ៍ពិពាហ៍ និងលិខិតបញ្ជាក់យានយន្តជាដើម។ លោកថា ប្រជាពលរដ្ឋមិនសប្បាយចិត្តចំពោះអំពើរបស់មន្ត្រីថ្នាក់ក្រោម ដែលធ្វើការមិនបានល្អ។
អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា មន្ត្រីអសកម្មក្នុងការបំពេញការងារ ជាមន្ត្រីពីគណបក្សផ្សេងនោះ មិនមែនជារឿងថ្មីទេ៖ «ជារួមទៅ គឺមន្ត្រីមុខងារសាធារណៈ ដែលមានតួនាទី មានអំណាចភាគច្រើន គឺមិនមាននរណា គាំទ្រគណបក្សប្រឆាំងទេ។ អ្នកដែលគាំទ្រគណបក្សប្រឆាំង គេច្រើនទុកចោលនៅកៀនជញ្ជាំង គេមិនបានយកទៅប្រើប្រាស់ទេ។ អ៊ីចឹងហើយ បានធ្វើឱ្យមន្ត្រីរាជការមួយចំនួន ដែលមានសមត្ថភាព មានទេពកោសល្យហ្នឹង អត់មានតួនាទី អត់មានតំណែង គាត់ត្រូវព្យួរ ឬទៅធ្វើការងារអង្គការ ការងារផ្សេងវិញ។ ដោយឡែកអ្នកដែលមានតួនាទីតំណែងមុខមាត់ហ្នឹង ភាគច្រើនជារបស់គណបក្សកាន់អំណាចហ្នឹងឯង»។
ទាក់ទងនឹងបញ្ហានៃសេវាកម្មសាធារណៈនេះ លោក ហ៊ុន សែន ក៏បានស្ដីបន្ទោសប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ អំពីបញ្ហាផ្លូវថ្នល់ខូចនៅក្នុងរាជធានីភ្នំពេញ ហើយមិនជួសជុល៖ «គិតដកអាប្រធានសាធារណការក្រុងចោល។ ឯណា សាំ ពិសិដ្ឋ? មានភ្នែកមើលផ្លូវទេវ៉ី? អើ! លោកឯងមានភ្នែកមើលផ្លូវឬអត់? និយាយត្រង់ៗ ជាមួយគ្នាតែម្ដង។ ឧស្សាហ៍ដើរមើល កុំនៅតែចងក្រវាត់កក្នុងហ្នឹងវ៉ី! ខ្ញុំនិយាយត្រង់ តាំងពីលោកឯងឡើងមក គឺផ្លូវវាយ៉ាប់។ អាធ្វើថ្មីវាបានដែរ អាហ្នឹងខ្ញុំអបអរហើយ ប៉ុន្តែអាចាស់វាមិនព្រមជួសជុល ធ្វើម៉េចវា។ អស់លោកខាងក្រោយមានកត់សម្គាល់អ៊ីចឹងដែរវ៉ី? ឬក៏កត់សម្គាល់តែខ្ញុំ? អាហ្នឹងនិយាយគ្នាត្រង់ៗ បើមិនអ៊ីចឹងទេ ប្រយ័ត្នថ្ងៃណាមួយអស់បុណ្យអស់សក្ដិ ព្រោះខ្ញុំបង្ខំឱ្យដក»។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន គឺជាការត្រឹមត្រូវចំពោះការខ្វះខាត និងជារឿងធម្មតាដែលអាណាព្យាបាលស្ដីបន្ទោសកូនចៅ។ លោកថា ខាងសាលារាជធានីនឹងចាត់ទុកបញ្ហានេះជាកិច្ចការអាទិភាព ហើយកែលម្អ៖ «អ៊ីចឹងយើងចាត់ទុកការស្ដីបន្ទោសនោះជាការមើលងាយមើលថោក គឺមិនមែនទេ។ ផ្ទុយទៅវិញ ការស្ដីបន្ទោសនេះជាការក្រើនរំឭក ដើម្បីឱ្យយើងអនុវត្តន៍ឱ្យបានត្រឹមត្រូវ»។
ទន្ទឹមគ្នានឹងការស្ដីបន្ទោសចំពោះមន្ត្រីសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោក ហ៊ុន សែន ក៏បន្ទោសមន្ត្រីថ្នាក់ក្រោមជាតិដទៃទៀតដែរ ដែលមានបញ្ហា និងសាំញ៉ាំជាច្រើន ហើយប្រចាំគ្នាមិនដោះស្រាយបញ្ហា។ លោកថា ការមិនដោះស្រាយបញ្ហាខ្លះ ធ្វើឱ្យគណបក្សប្រឆាំងចំណេញរហូត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការដំឡើងសំឡេងដាក់មន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិនៅពេលនេះ គឺបន្ទាប់ពីលោកកែសម្រួលរដ្ឋាភិបាលលើកទី២ កាលពីថ្ងៃទី៤ មេសា ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងារពិតប្រាកដមួយ។ លោកព្រមានមន្ត្រីថ្នាក់ក្រោមថា ធ្វើការងារយ៉ាងណាកុំឱ្យលោកកែសម្រួលលើកទី៣។
លោក អំ សំអាត ថ្លែងថា អង្គការលោកនឹងតាមដានការអនុវត្តជាក់ស្ដែងនៃការបញ្ជាដាច់ណាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីព្រោះកន្លងមក បញ្ជាដូចគ្នាក្នុងរឿងដីធ្លី មិនត្រូវបានអនុវត្ត ហើយពលរដ្ឋនៅតែបន្តការតវ៉ាដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
