បក្ស​ប្រឆាំង៖ អ្នក​ចុច​ចូល​ចិត្ត​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​គាំទ្រ

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង មិន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ហ្វេសប៊ុក (Facebook) របស់​លោក ហ៊ុន សែន ទទួល​បាន​ចំនួន​ចុច​ចូលចិត្ត ឬ​គាំទ្រ (Like) បាន​ច្រើន​លើស​ប្រធាន​គណបក្ស​របស់​ខ្លួន គឺ​លោក សម រង្ស៊ី។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថា ចំនួន​គាំទ្រ​តាម​ហ្វេសប៊ុក មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​ការ​គាំទ្រ​ពេញ​បន្ទុក​លើ​នាយករដ្ឋមន្ត្រី​បាន​ទេ ប៉ុន្តែ​ចំនួន​មហាជន Like អាច​ដើម្បី​ទទួល​បាន​ព័ត៌មាន​ប៉ុណ្ណោះ។

ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ បន្ទាប់​ពី​ហ្វេសប៊ុក ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ចំនួន​អ្នក​គាំទ្រ ឬ​ចូលចិត្ត​ជាង ២​លាន​នាក់ (២,០៩៩,៧៤០​នាក់) គិត​ត្រឹម​ម៉ោង​ជាង ១១​ព្រឹក ថ្ងៃ​ទី​២ ខែ​កុម្ភៈ ដែល​កើន​លើស​ហ្វេសប៊ុក របស់​លោក សម រង្ស៊ី។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថា ចំនួន​អ្នកគាំទ្រ​ហ្វេសប៊ុក លោក ហ៊ុន សែន ព្រោះ​មហាជន​ទូទៅ​ចូលចិត្ត ដើម្បី​ទទួល​បាន​ព័ត៌មាន។ មួយ​វិញ​ទៀត លោក​ក៏​មិន​ដឹង​ថា ហ្វេសប៊ុក លោក ហ៊ុន សែន ចំណាយ​លុយ​ប៉ុន្មាន​ឲ្យ​ក្រុមហ៊ុន ហ្វេសប៊ុក ដើម្បី​ផ្សាយពាណិជ្ជកម្ម​ដែរ៖ «ខ្ញុំ​អត់​មាន​ការ​ភ្ញាក់ផ្អើល​ទេ ជា​រឿង​ធម្មតា​ទេ ព្រោះ​បើ​ដាក់​លុយ​ប្រូម៉ូ (Promo) ច្រើន បាន​អ្នក Like ច្រើន។ ទី​២ រូប​ខ្ញុំ​ក៏ Like ព្រោះ​គាត់ (លោក ហ៊ុន សែន) ជា​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ចង់​ដឹង​ព័ត៌មាន»

នៅ​ពេល​នេះ ហ្វេសប៊ុក របស់​លោក ហ៊ុន សែន វ៉ា​ដាច់​ហ្វេសប៊ុក របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។

លោក ហ៊ុន សែន បាន​រំលឹក​ឲ្យ​ដឹង​ថា ដំបូង​ឡើយ ហ្វេសប៊ុក លោក​ត្រូវ​បាន​យុវជន​ម្នាក់​បញ្ចប់​ការ​សិក្សា​ពី​ក្រៅ​ប្រទេស​ជួយ​បង្កើត​ឲ្យ ដោយ​មាន​ឈ្មោះ​ថា Samdech Hun Sen, Cambodian Prime Minister ប៉ុន្តែ​មិន​មែន​មាន​តែ​មួយ​ទេ។ លោក​បញ្ជាក់​ថា នៅ​ខែ​កញ្ញា ឆ្នាំ​២១០៥ លោក​សម្រេច​ជ្រើស​យក​ហ្វេសប៊ុក មួយ​ជា​ផ្លូវការ ដែល​មាន​ចំនួន​អ្នក​គាំទ្រ ១.៥​លាន​នាក់។

និស្សិត​ឆ្នាំ​ទី​៣ នៃ​សកល​វិទ្យាល័យ​ភ្នំពេញ កញ្ញា ធឹម ដាលី យល់​ឃើញ​ថា គាំទ្រ​ឲ្យ​អ្នក​នយោបាយ​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ផ្លូវ​ការ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​នយោបាយ ជាពិសេស​នាយករដ្ឋមន្ត្រី​មាន​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ​កាន់​តែ​នៅ​ជិត​គ្នា។ កញ្ញា​បន្ត​ថា កន្លង​មក ហ្វេសប៊ុក របស់​ណា​មួយ​មន្ត្រី​រដ្ឋាភិបាល​បង្ហោះ​ព័ត៌មាន​ល្អ ព័ត៌មាន​ពិត​ដល់​សង្គម គឺ​កញ្ញា Likes (គាំទ្រ) មិន​ប្រកាន់​និន្នាការ​នយោបាយ​ទេ៖ «ខ្ញុំ​គាំទ្រ​ដើម្បី​ឲ្យ​ប្រជាជន​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​អ្នក​នយោបាយ ដើម្បី​ឲ្យ​អ្នក​ដែល​រស់​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ទាំង​អស់​ដឹង​ពី​សកម្មភាព​របស់​អ្នក​នយោបាយ ឬ​ប្រមុខ​រដ្ឋាភិបាល»

​ពលរដ្ឋ​ម្នាក់​ទៀត លោក ពេជ្រ សុវណ្ណ ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែរ​នោះ និយាយ​ថា បណ្ដាញ​សង្គម​អាច​ឲ្យ​ពលរដ្ឋ​ប្រាប់​ពី​ទុក្ខ​កង្វល់​របស់​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល ឬ​មន្ត្រី​ទាក់ទង​គណបក្ស​ប្រឆាំង។ ប៉ុន្តែ​លោក​ក៏​ព្រួយបារម្ភ​ផង​ដែរ ប្រសិនបើ​អ្នក​ប្រើ​ហ្វេសប៊ុក រិះគន់​ខ្លាំង​ទៅ​ប្រមុខ​រដ្ឋាភិបាល ឬ​មន្ត្រី​រដ្ឋាភិបាល ពួកគេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ប្ដឹងផ្ដល់៖ «នេះ​ជា​ការ​ល្អ ប្រសិន​ពលរដ្ឋ​មាន​ការ​លំបាក​អី អាច​ផ្ដល់​ភ្លាមៗ​ទៅ​រដ្ឋាភិបាល ឬ​គណបក្ស​ប្រឆាំង​ទាន់​ពេល​វេលា បើ​មិន​បាន​ដោះស្រាយ​ទេ ក៏​អាច​ឲ្យ​ពួកគាត់​បាន​ដឹង​ដែរ»

​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព គាំទ្រ​សកម្មភាព​អ្នក​នយោបាយ ជាពិសេស​ប្រមុខ​រដ្ឋាភិបាល​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ។ ប៉ុន្តែ​លោក​ស្នើ​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​សកម្ម​ដូច​បង្ហាញ​នៅ​ក្នុង​ហ្វេសប៊ុក​ផង។ ទោះ​យ៉ាង​នេះ​ក្ដី អ្នកស្រី ចក់ សុភាព ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​មុន​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​លើ​អ្នក​រិះគន់​នៅ​ក្នុង​បណ្ដាញ​នេះ ត្រូវ​ធ្វើ​ក្នុង​ភាព​ចាំបាច់៖ «មាន​មតិ​រិះគន់​មួយ​ចំនួន ឬ​ការ​ឆ្លើយឆ្លង​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ត្រូវ​អត់ធ្មត់ ឬ​អធ្យាស្រ័យ​ខ្ពស់ ព្រោះ​គាត់​ត្រូវ​បែងចែក​ឲ្យ​ដាច់​ថា ជា​បុគ្គល​ឯកជន ឬ​បុគ្គល​សាធារណៈ»

គិត​ដល់​ល្ងាច​ថ្ងៃ​ទី​២ ខែ​កុម្ភៈ អ្នក​គាំទ្រ​ហ្វេសប៊ុក លោក ហ៊ុន សែន និង​ហ្វេសប៊ុក លោក សម រង្ស៊ី ដែល​មាន​ជាង​ពីរ​លាន​នាក់​ដូច​គ្នា​នោះ គឺ​ហ្វេសប៊ុក លោក ហ៊ុន សែន លើស​លោក សម រង្ស៊ី ជាង ១៦.០០០​នាក់។ ប៉ុន្តែ​យោង​តាម​ទិន្នន័យ​ពី​គេហទំព័រ Socialbakers អ្នក​ប្រើប្រាស់​ហ្វេសប៊ុក នៅ​ក្នុង​ប្រទេស​កម្ពុជា គាំទ្រ​លោក សម រង្ស៊ី ច្រើន​ជាង​លោក ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។