លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅថ្ងៃទី១៧ មីនា ថាលោកមានមោទនភាព ដែលមានបរទេសជាច្រើនគាំទ្រហ្វេសប៊ុករបស់លោក បន្ទាប់ពីមេបក្សប្រឆាំងរិះគន់ថា លោកទិញចំនួនអ្នកចូលចិត្ត ឬ Like ពីបរទេស ដើម្បីឲ្យបានច្រើនជាងខ្លួន។
លោក ហ៊ុន សែន ក៏ថ្លែងចំអកដោយទំនងសំដៅទៅលោក សម រង្ស៊ី ប្រធានបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ ថា មេបក្សនេះមិនចេះទទួលស្គាល់បរាជ័យទេ។ លោកបន្តថា ពីមុនបក្សនេះចាញ់ការបោះឆ្នោត នាំគ្នារិះគន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយបន្តិចទៀតនឹងរិះគន់ហ្វេសប៊ុកផង។
លោក ហ៊ុន សែន «ខ្ញុំអត់មានប្រកួតប្រជែងជាមួយអ្នកណា អ្នកណា Like មិន Like ខ្ញុំមិនដឹងទេ។ រឿងធំជាងគេរបស់ខ្ញុំគេដោះស្រាយការងារទេ ខ្ញុំបាននិយាយហើយតើស ! ប៉ុន្តែអស់លោកពីមុននេះប្រើប្រាស់ទិន្នន័យហ្វេសប៊ុកយកមកវិភាគប្រជាប្រិយ។ ដល់មកលេងចាញ់ខ្ញុំ គឺសុទ្ធតែខ្ញុំទិញ Like ទិញឯណា ទៅតែពាសអ៊ីចឹង។ ហើយបរទេស like យីបើបានបរទេសគេ Like ជួយអរទៅ ព្រោះងាយឯណាប្រជាជនឥណ្ឌា ប្រជាជនប្រទេសក្រៅ អាចស្គាល់ដល់នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន វាអស្ចារ្យណាស់ ហើយគួរអបអរសាទរ»។
កាលពីថ្ងៃទី៩ មីនា លោក សម រង្ស៊ី បានរិះគន់ចំពោះចំនួនអ្នកចូលចិត្ត លើទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ថា ភាគច្រើនគឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រពីប្រទេសឥណ្ឌា (India) និងហ្វីលីពីន (Philippines) ដែលអត់ការងារធ្វើ ឲ្យបង្កើតជាគណនីក្លែងក្លាយ ដើម្បីផ្ដល់មតិចូលចិត្តឲ្យលោក ហ៊ុន សែន។
គិតដល់ ល្ងាចថ្ងៃទី១៧ ខែមីនា អ្នកគាំទ្រហ្វេសប៊ុក លោក ហ៊ុន សែន មានជាង៣លាននាក់ (3,271,929) ខណៈអ្នកគាំទ្រហ្វេសប៊ុក លោក សម រង្ស៊ី មានជាងពីរលាននាក់(2,280,723)។ ប៉ុន្តែយោងតាមទិន្នន័យពីគេហទំព័រសូសល បេកឃ័រ ( Socialbakers) អ្នកប្រើប្រាស់ហ្វេសប៊ុក នៅកម្ពុជា មានអ្នកគាំទ្រលោក សម រង្ស៊ី ច្រើនជាងលោក ហ៊ុន សែន ជិត៤ម៉ឺននាក់។
ទាក់ទងរឿងនេះដែរ លោក សម រង្ស៊ី ក៏ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅមកឆ្លើយបំភ្លឺ នៅថ្ងៃទី២០ ខែមេសា តាមបណ្ដឹងរបស់សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក សោម សឿន។ បណ្ដឹងនេះក្រោយពេលលោក សម រង្ស៊ី បានបង្ហោះក្នុងហ្វ៊េសប៊ុករបស់លោក កាលពីថ្ងៃទី៩ មីនា ថា លោក សោម សឿន បានណែនាំទៅកាន់មន្ត្រីរបស់ខ្លួន ជំរុញឲ្យផ្សព្វផ្សាយទំព័រហ្វេសប៊ុក លោក ហ៊ុន សែន ក្នុងគ្រប់កិច្ចប្រជុំចូលរួមផ្ដល់មតិចូលចិត្តហ្វេសប៊ុក លោក ហ៊ុន សែន ចូលទំព័រហ្វេសប៊ុក លោក សម រង្ស៊ី ដើម្បីដកការចូលចិត្ត(Unlike) ព្រមទាំងរៀបចំក្រុមបច្ចេកទេសដើម្បីបង្កើតគណនេយ្យចូលចិត្តទំព័រហ្វេសប៊ុក លោក ហ៊ុន សែន ជាដើម ខណៈលោក សោម សឿន បដិសេធព័ត៌មាននេះ។
រហូតមកដល់ពេលនេះលោក សម រង្ស៊ី បានរងបណ្ដឹងចំនួន៣ហើយ ចំពោះការបញ្ចេញមតិនៅលើបណ្ដាញសង្គមហ៊្វេសប៊ុក ដូចជាបណ្ដឹងបរិហារកេរ្តិ៍របស់ លោក ហេង សំរិន ប្រធានរដ្ឋសភា និងបណ្ដឹងពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយផែនទីក្លែងក្លាយជាមួយ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
