លោក ហ៊ុន សែន គំរាម​ដាក់​ខ្នោះ​ដៃ​លោក កឹម សុខា ជា​ថ្មី​ម្ដង​ទៀត​រឿង​ផ្ដួល​រំលំ​រដ្ឋាភិបាល

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា ថ្លែង​ជា​ថ្មី​ម្តង​ទៀត​ដោយ​ចាត់​ទុក លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​កំពុង​ឋិត​ក្នុង​ពិរុទ្ធភាព​ជា​មេ​ដឹក​នាំ​នៃ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក។

លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ ត្រៀម​ខ្លួន ត្រៀម​ខ្នោះ ដើម្បី​ទប់ទល់​នឹង លោក កឹម សុខា ប្រសិន​បើ លោក កឹម សុខា ហ៊ាន​ចេញ​តវ៉ា​ឲ្យ​មាន​ការ​ដោះ​លែង លោក មាជ សុវណ្ណារ៉ា នៅ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​នោះ។

រីឯ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិញ ថ្លែង​ថា រដ្ឋាភិបាល​មិន​ត្រូវ​ប្រើ​វប្បធម៌​គំរាម​កំហែង​នោះ​ទេ។

បើ​ទោះ​ជា លោក កឹម សុខា និង​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​មុខ​បកស្រាយ​រួច​ហើយ​ថា ការ​ថ្លែង​របស់ លោក កឹម សុខា ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ដែល​គណបក្ស​ប្រឆាំង​បាន​ទាមទារ​កន្លង​មក គឺ​ជា​ការ​ទាមទារ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះ​ឆ្នោត និង​មិន​មែន​ជា​ការ​ផ្ដួល​រំលំ​ដោយ​ហិង្សា​ក្តី ក៏​មិន​អាច​ធ្វើ​ឲ្យ លោក ហ៊ុន សែន ស្ងប់​ចិត្ត ឬ​ថយ​កំហឹង​ឡើយ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​ជ័យលាភី​អាហារូបករណ៍​ដល់​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ មុន​ពេល​ដែល​លោក​ត្រូវ​ទៅ​ចូលរួម​ប្រជុំ​សភា លោក ហ៊ុន សែន បញ្ជាក់​ថា លោក​មិន​ចង់​ឆ្លើយឆ្លង​ទៅ​នឹង​ពាក្យ​សម្ដី​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ឡើយ ប៉ុន្តែ​លោក​ថា ការ​ស្រែក​ទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ជា​ចេតនា​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក។ លោក ហ៊ុន សែន បាន​ចោទ​សួរ​ទៅ​វិញ​ថា ប្រសិន​បើ​វា​ជា​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះ​ឆ្នោត​មែន ហេតុ​អ្វី​ចាំបាច់​មាន​ការ​តវ៉ា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត?

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ លោក ហ៊ុន សែន អះអាង​ថា សំណុំ​រឿង​របស់ លោក កឹម សុខា មាន ៨​ចំណុច។ យ៉ាង​ណា លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ចំណុច​ទាំង​៨​នោះ​មាន​អ្វី​ខ្លះ​នោះ​ទេ។ លោក ហ៊ុន សែន ក៏​ឲ្យ​ដឹង​ដែរ​ថា លោក កឹម សុខា ប៊ិះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ ប៉ុន្តែ​ដោយសារ​លោក​យល់​ថា ប្រតិបត្តិការ​របស់​រដ្ឋាភិបាល គឺ​ត្រូវ​ធ្វើ​តែ​ទៅ​លើ​អ្នក​នៅ​លើ​សមរភូមិ​ជាក់ស្តែង ដូច្នេះ ទើប​សមត្ថកិច្ច​មិន​ចាប់​ខ្លួន លោក កឹម សុខា ហើយ​ទុក​ឲ្យ​តុលាការ​កោះ​ហៅ​លោក​ទៅ​សាកសួរ​វិញ​ក្នុង​នាម​លោក​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នោះ។ យ៉ាង​ណា​ក៏ដោយ​នៅ​ពេល​នេះ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​ទុក​លទ្ធភាព​ឲ្យ​តុលាការ​ជា​អ្នក​ធ្វើ​ការ​វិនិច្ឆ័យ​ទៅ​លើ លោក កឹម សុខា។

លោក ហ៊ុន សែន ក៏​សម្ដែង​ការ​ខឹង​សម្បារ និង​ហួស​ចិត្ត​ចំពោះ លោក កឹម សុខា ដែល​ថ្លែង​ថា​មិន​ពេញ​ចិត្ត​នឹង​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ និង​ពាក្យ​សម្ដី​របស់ លោក កឹម សុខា ដែល​ថ្លែង​ថា​មិន​អាច​ទទួល​យក​បាន​ទេ ប្រសិន​បើ​មិន​មាន​ការ​ដោះ​លែង លោក មាជ សុវណ្ណារ៉ា នៅ​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។ លោក ហ៊ុន សែន ក៏​បាន​ផ្តែផ្តាំ​ទៅ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ឲ្យ​សួរ​ទៅ លោក កឹម សុខា ថា ប្រសិន​បើ​មិន​ពេញ​ចិត្ត​នឹង​កិច្ចព្រមព្រៀង ២២​ខែ​កក្កដា នោះ​ទេ ហេតុ​អ្វី​បាន​ជា លោក កឹម សុខា ព្រម​ទទួល​យក​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា? ហេតុ​អ្វី​មិន​ប្រគល់​តំណែង​នេះ​ឲ្យ​សមាជិក​ណា​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ? លើស​ពី​នេះ លោក ហ៊ុន សែន ក៏​ចង់​ដឹង​ដែរ​ថា តើ លោក កឹម សុខា នឹង​ធ្វើ​អ្វី​ទៀត​បើ លោក មាជ សុវណ្ណារ៉ា មិន​អាច​ចេញ​ពី​គុក​នោះ?

លោក ហ៊ុន សែន បន្ត​ថា៖ «ធាតុ​ផ្សំ​កំពុង​រង់ចាំ លោក កឹម សុខា កង​រាជ​អាវុធហត្ថ នគរបាល ត្រៀម​ខ្លួន ត្រៀម​ខ្នោះ រឿង​ច្បាប់​នៅ​សភា​មិន​ពាក់ព័ន្ធ​នឹង​រឿង​ដំណើរ​ការ​ក្តី​នៅ​តុលាការ​នោះ​ទេ កុំ​ថា​នាយក​រដ្ឋមន្ត្រី​ត្រួតត្រា​កម្លាំង​ប្រដាប់​អាវុធ ចុះ​បើ​ធ្វើ​នាយក​រដ្ឋមន្ត្រី​មិន​អាច​គ្រប់គ្រង​កម្លាំង​ប្រដាប់​អាវុធ​បាន មិន​បាច់​ធ្វើ​នាយក​រដ្ឋមន្ត្រី​នោះ​ទេ»

លោក ហ៊ុន សែន អះអាង​ថា បើ​សិន​ជា​លោក​មិន​បកស្រាយ​អំពី​រឿង លោក កឹម សុខា ឲ្យ​ពលរដ្ឋ​បាន​ដឹង​នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​មិន​ត្រឹម​តែ​ទៅ​លើ​រដ្ឋសភា​ដែល​មាន​សមាជិក​មក​ពី​គណបក្ស​ទាំង​ពីរ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ផង​ដែរ។ លោក ហ៊ុន សែន ក៏​មិន​ភ្លេច​ព្រមាន​ជា​ថ្មី​ថា លោក កឹម សុខា អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​បោះ​ឆ្នោត​ទម្លាក់​ពី​អនុប្រធាន​ទី​១​សភា​ដដែល ប្រសិន​បើ លោក កឹម សុខា នៅ​តែ​រំលោភ​លើ​បទ​ឈប់​បាញ់ និង​នៅ​បន្ត​ដើរ​និយាយ​ប៉ប៉ាច់ប៉ប៉ោច​តាម​ទី​សាធារណៈ​ម្តង​ហើយ​ម្តង​ទៀត។

ទោះ​ជា​យ៉ាង​ណា សង្គ្រាម​ពាក្យ​សម្ដី​រវាង លោក ហ៊ុន សែន និង​លោក កឹម សុខា កើត​ឡើង​ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​ត្រូវរ៉ូវ​គ្នា​ទៅ​លើ​ការ​អនុម័ត​ច្បាប់​បោះ​ឆ្នោត​ថ្មី។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បាន​ចូលរួម​ប្រជុំ​សភា​ជាមួយ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៩ មីនា បាន​បដិសេធ​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​សួរ​ថា តើ​លោក​គិត​យ៉ាង​ម៉េច បើ​រដ្ឋាភិបាល​ចាប់​ខ្លួន លោក កឹម សុខា ដាក់​គុក​នោះ? ប៉ុន្តែ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា គ្រប់​ភាគី​គួរ​តែ​យោគយល់​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ ហើយ​រដ្ឋាភិបាល​មិន​ត្រូវ​ប្រើ​វប្បធម៌​គំរាម​កំហែង​នោះ​ឡើយ។

លោក សម រង្ស៊ី បន្ត​ថា៖ «បញ្ហា​ដែល​ពាក់ព័ន្ធ​ទាំង​ប៉ុន្មាន ត្រូវ​ដោះស្រាយ​ឲ្យ​ត្រឹមត្រូវ​ទាន់​ពេលវេលា។ យើង​ត្រូវ​តែ​រក​វិធី​ធ្វើ​ឲ្យ​រឿង​នេះ​ឲ្យ​វា​ចប់ កុំ​ឲ្យ​ចេះ​តែ​អូស​បន្លាយ​ទៀត»

ចំណែក​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច វិញ​យល់​ឃើញ​ថា វា​គ្រាន់​តែ​ជា​ល្បែង​នយោបាយ​ដែល​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រួម​គ្នា​សម្ដែង ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​រៀងៗ​ខ្លួន​ប៉ុណ្ណោះ។ លោក​បណ្ឌិត សុខ ទូច ថ្លែង​ថា ការ​ដែល លោក កឹម សុខា ទៅ​ក្រៅ​ប្រទេស​និយាយ​ពី​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ការ​គាំទ្រ​របស់​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ចំពោះ​គណបក្ស​របស់​ខ្លួន។ មួយ​វិញ​ទៀត គណបក្ស​ប្រឆាំង​មួយ​នេះ ក៏​ខ្លាច​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ងាក​ទៅ​គាំទ្រ​គណបក្ស​ថ្មី ដូចជា​ក្រុម​បណ្ដាញ​សង្គម ជាដើម។

ទាក់ទង​ការ​គំរាម​កំហែង​ចាប់​ខ្លួន​របស់ លោក ហ៊ុន សែន លើ លោក កឹម សុខា មែន លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា វា​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ លោក កឹម សុខា មាន​អភ័យ​ឯកសិទ្ធិ​សភា​ដែល​តុលាការ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ប៉ុន្តែ​លោក​ថា លោក កឹម សុខា អាច​ប្រឈម​នឹង​ការ​បាត់​បង់​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ទម្លាក់​លោក​មែន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។