តើ​បាតុកម្ម​របស់​បក្ស​ប្រឆាំង​ប៉ះពាល់​ដល់​ការ​រក​ស៊ី​របស់​អាជីវករ​ឬ​ទេ?

បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​រួម​មាន​ការ​ដង្ហែ​ក្បួន​ព្រោងព្រាត​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ផង​នោះ មិន​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ធ្វើ​អាជីវកម្ម​របស់​ម្ចាស់​ហាង​លក់​ទំនិញ និង​អាជីវករ​តាម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ឡើយ។ តើ​ស្ថានភាព​ធ្វើ​អាជីវកម្ម​របស់​អាជីវករ​ប្រព្រឹត្ត​ទៅ​ដូចម្តេច ក្នុង​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ រៀប​ចំ​ធ្វើ​បាតុកម្ម? តើ​ពួក​គេ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ឈប់​ការ​ធ្វើ​បាតុកម្ម ឬ​ក៏​យ៉ាង​ណា?

0:00 / 0:00

ម្ចាស់​ហាង​លក់​ទំនិញ និង​អាជីវករ​តាម​ផ្សារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​សម្ដែង​មតិ​ខុសៗ​គ្នា ទាក់ទង​នឹង​ស្ថានភាព​ប្រកប​របរ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ក្នុង​ពេល​ដែល​បក្ស​សង្គ្រោះ​ជាតិ កំពុង​រៀប​ចំ​ធ្វើ​បាតុកម្ម។

អាជីវករ​លក់​សម្លៀកបំពាក់​នៅ​ផ្សារ​អូឡាំពិក ឈ្មោះ ពេជ្រ ម៉ារីន បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​អ្នកស្រី​លក់​សម្លៀកបំពាក់​បាន​តិចតួច​ប៉ុណ្ណោះ។ អ្នកស្រី​ថា ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​ហាក់​ពុំ​សូវ​ហ៊ាន​ចំណាយ​ប្រាក់កាស​ច្រើន​ឡើយ ក្នុង​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ពុំ​សូវ​ល្អ។ អ្នកស្រី ម៉ារីន យល់​ថា នា​ពេល​បច្ចុប្បន្ន​នេះ ពលរដ្ឋ​ខ្មែរ​ដែល​មាន​លុយ ពុំ​សូវ​ចង់​ចំណាយ ស្រប​ពេល​ដែល​ពលរដ្ឋ​អ្នក​ក្រ​វិញ​គ្មាន​លុយ​ដើម្បី​ចំណាយ។

ទោះ​បី​ជា​ស្ថានភាព​ប្រកប​របរ​ចិញ្ចឹម​ជីវិត​អ្នកស្រី​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូច្នេះ​ក្តី អ្នកស្រី ម៉ារីន មិន​បាន​បន្ទោស​លើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​បណ្ដាល​ឲ្យ​ស្ថានភាព​ក្លាយ​ជា​បែប​នេះ​នោះ​ទេ តែ​អ្នកស្រី​បាន​បន្ទោស​លើ​ស្ថានភាព​សេដ្ឋកិច្ច​ពុំ​សូវ​ល្អ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​វិញ។ អ្នកស្រី​ថា រឿង​ធ្វើ​បាតុកម្ម​ជា​រឿង​របស់​បក្ស​នយោបាយ អ្នកស្រី​មិន​បាន​គិត​ថា បាតុកម្ម​នោះ​បង្ក​បញ្ហា​ដល់​ការ​ប្រកប​របរ​អាជីវកម្ម​របស់​អ្នកស្រី​ឡើយ។

អ្នកស្រី ម៉ារីន៖ «មិន​មាន​អី​ព្រួយ​បារម្ភ មិន​មាន​អី​ធ្វើ​ឲ្យ​ចលាចល​ផង​ហ្នឹង គេ​ធ្វើ​ប៉ុណ្ណឹង​មាន​អី​ចលាចល​ដល់​យើង អត់​ផង​ហ្នឹង អា​ហ្នឹង​ទាល់​តែ​សង្គ្រាម​ហ្មង បាន​យើង​ភ័យ​យើង​ខ្លាច បើ​អត់​សង្រ្គាម មាន​សន្តិភាព​អ៊ីចឹង​យើង​ចេះ​តែ​រស់​ទៅ​សុខ​ទៅ បាតុកម្ម​ក៏​ស្ងាត់​មិន​បាតុកម្ម​ក៏​ស្ងាត់ ព្រោះ​ប្រជាជន​អត់​មាន​លុយ​មក​ដើរ​ទិញ អ្នក​មាន​មិន​មក​ទិញ អ្នក​ក្រ​គ្នា​អត់​លុយ​បាន​អី​ទិញ ហើយ​ដូច​ថា​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​អ៊ីចឹង ស្រូវ​បាន​ផល​លក់​ស្រូវ​បាន​មក​ទិញ​សម្លៀកបំពាក់​អ៊ីចឹង​ទៅ ហើយ​បើ​ស្រូវ​អត់​បាន​ផល​បាន​ម៉ា​គ្រាន់​ហូប មិន​ទុក​ហូប​សិន ខោអាវ​មិន​ធីប​ទុក​សិន វា​នៅ​ត្រង់​ហ្នឹង វា​មាន​ប៉ះពាល់​អី​យើង យើង​លក់​ដូរ​ចេះ​តែ​លក់​ទៅ បាន​មិន​បាន​គិត​តាម​ហ្នឹង​ទៅ»

រីឯ​អាជីវករ​លក់​ថ្នាំ​ពេទ្យ​ម្នាក់​នៅ​ម្តុំ​ផ្សារ​អូឡាំពិក សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ដោយ​កំបុតៗ​ថា អ្នកស្រី​ពុំ​ឃើញ​មាន​អ្វី​ប្រែប្រួល​ទេ ទោះ​បី​ជា​មាន​បាតុកម្ម​ក្តី ឬ​គ្មាន​បាតុកម្ម​ក្តី។ អ្នកស្រី​ថា អ្នកស្រី​មិន​ខ្លាច​បាតុកម្ម​ហ្នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​អាជីវកម្ម​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នកស្រី​បែរ​ជា​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ការ​ធ្វើ​បាតុកម្ម​ជា​រៀង​រហូត លុះ​ណា​តែ​បាន​សម្រេច​គោលដៅ​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​ចង់​បាន។ អ្នកស្រី​ថា បើ​ទោះ​ជា​គ្រួសារ​អ្នកស្រី​មិន​ធ្លាប់​បាន​ចូល​រួម​បាតុកម្ម​ដោយ​ផ្ទាល់​ក្តី តែ​អ្នកស្រី​ក៏​បាន​ផ្ញើ​ថវិកា​ខ្លះ​ជួយ​ឧបត្ថម្ភ​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ផង​ដែរ៖ «បាតុកម្ម​មាន​ស្ងាត់​អ៊ីចឹង​ខ្លះ ប៉ុន្តែ​អត់​អី​ដែរ ធម្មតា អត់​អី​ទេ គេ​ចង់​ឲ្យ​ធ្វើ​ចង់​ផ្លាស់​ប្ដូរ ចូល​ថវិកា​ខ្លះៗ រៃ​លុយ​គ្នា​បន្តិចៗ​ទៅ​ណា មើល​ទៅ​មាន​សង្ឃឹម​បាន​ជួយ សង្ឃឹម​ថា​ឈ្នះ​អាច​ដូរ​បាន ឲ្យ​តែ​បាន​សម្រេច​គេ​ទៅ​ដែរ យើង​ទៅ​ដែរ​ទៅ»

ស្រដៀង​គ្នា​នេះ​ដែរ អាជីវករ​លក់​មាស​នៅ​ជាន់​ទី​១ ផ្សារ​អូឡាំពិក ឈ្មោះ ឆៅ សំណាង។ លោក​បាន​លើក​ឡើង​ថា អាជីវកម្ម​របស់​លោក​បាន​ប្រព្រឹត្ត​ទៅ​ដូច​សព្វ​មួយ​ដង គ្មាន​អ្វី​ប្រែប្រួល​គួរ​កត់​សម្គាល់​នោះ​ទេ។ ហើយ​លោក​ក៏​មិន​បាន​ព្រួយ​ថា បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ បង្ក​ការ​លំបាក​ដល់​អាជីវកម្ម​លោក​នោះ​ដែរ៖ «រឿង​អ្នក​មក​ទិញ​របស់​របរ​ធម្មតា​ទេ មិន​មាន​កើន​ឡើង​ទេ ពី​កាល​មិន​ទាន់​ធ្វើ​បាតុកម្ម​ក៏​ប៉ុណ្ណឹង បាតុកម្ម​ក៏​ប៉ុណ្ណឹង មិន​មែន​មក​ពី​បាតុកម្ម​បាន​មាស​ថ្លៃ ថយ​សេដ្ឋកិច្ច មិន​មែន​ទេ មក​ពី​ថ្នាក់​ដឹក​នាំ​មិន​រក​ទីផ្សារ​ឲ្យ​ប្រជាជន មិន​មែន​ថា​បន្ទោស​លើ​បាតុកម្ម​អត់​មែន​ទេ រឿង​ហ្នឹង​អត់​មែន​ទេ យើង​មើល​ពី​សង្គម មើល​សេដ្ឋកិច្ច នៅ​តាម​មាត់​ទន្លេ អ្នក​ស្រែ​អ្នក​ចម្ការ មួយ​ឆ្នាំ​មួយ​ឆ្នាំ​ចេញ​ចូល​ប៉ុន្មាន តើ​ឥឡូវ​យើង​មើល​មាន​ចំណូល​អី​ខ្លះ​នៅ​ក្នុង​អ្នក​ចម្ការ​តាម​មាត់​ទន្លេ គឺ​គ្មាន​តែ​ម្តង»

លើស​ពី​នេះ លោក ឆៅ សំណាង បាន​កត់​សម្គាល់​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ការពារ​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា បាន។ កត្តា​នេះ​ហើយ ទើប​លោក​ចង់​ឲ្យ​មាន​បាតុកម្ម​នេះ​បន្ត​ទៀត៖ «មាន​ពិបាក​អី ឥឡូវ​ធ្វើ​ម៉េច​ធ្វើ​ឲ្យ​តែ​បាន​ជោគជ័យ​មាន​គិត​រឿង​អី មាន​ភិត​ភ័យ ខ្ញុំ​មាន​តែ​ជួយ​ជំរុញ​ថែម បាតុកម្ម​ខ្ញុំ​អបអរ​ដែរ និយាយ​មិន​អបអរ​ម៉េច​ព្រោះ​វា​ស្នេហា​ជាតិ មិន​ឲ្យ​បាត់​ទឹក​ដី យើង​ដឹង​ហើយ​រាល់​ថ្ងៃ ទឹក​ដី​យ៉ាង​ម៉េច​ខ្លះ ឥឡូវ​ភូមិ​អី ចាន់រមូល ខាង​មេមត់ អី​ហ្នឹង យួន​គ្រប់គ្រង​ទាំង​មូល​ហើយ ហើយ​យើង​ថា​ម៉េច​វិញ ហើយ​ឥឡូវ​នៅ​ស្នួល ស្រុក​ស្នួល ពី​សង្គម​ចាស់​ពី​សាលា​ស្រុក​ស្នួល ទៅ​ដល់​គីឡូ​សូន្យ ១៨​គីឡូ តែ​ឥឡូវ​នៅ​សល់​ប៉ុន្មាន​គីឡូ មក​កៀក​សាលា​ស្រុក​បាត់​ហើយ​ហ្នឹង ហើយ​នៅ​ប៉ុណ្ណឹង យើង​មើល​មិន​ឃើញ​ទៀត​អី»

ចំណែក​អាជីវករ​លក់​ចាន​ឆ្នាំង​នៅ​ផ្សារ​អូរឫស្សី អ្នកស្រី មុំ បាន​រៀប​រាប់​ថា អ្នកស្រី​ពុំ​សូវ​មាន​អតិថិជន​មក​ទិញ​ឥវ៉ាន់​ឡើយ។ អ្នកស្រី​ថា ការ​លក់​ដូរ​ចាប់​ផ្ដើម​ស្ងាត់​តាំង​ពី​ពេល​បោះ​ឆ្នោត​មក ហើយ​អតិថិជន​តាម​ខេត្ត (ឬ​ហៅ​ថា​ម៉ូយ​ដុំ) បាន​ប្រាប់​អ្នកស្រី​ថា ពួក​គេ​ក៏​លក់​ពុំ​សូវ​ដាច់​ដែរ។ អ្នកស្រី មុំ ថា​នេះ​ប្រហែល​ជា​បណ្ដាល​មក​ពី​ទំនិញ​ឡើង​ថ្លៃ​ជាង​មុន។

អ្នកស្រី​បន្ត​ថា បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ អាច​ធ្វើ​ឲ្យ​ម៉ូយ​ដុំ​តាម​ខេត្ត​មួយ​ចំនួន​មិន​ហ៊ាន​ឡើង​មក​ភ្នំពេញ​យក​ទំនិញ។ យ៉ាង​ណា អ្នកស្រី​មិន​ហ៊ាន​ផ្តល់​យោបល់​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ គួរ​បន្ត​បាតុកម្ម​របស់​ខ្លួន ឬ​ក៏​យ៉ាង​ណា​នោះ​ទេ តែ​អ្នកស្រី​ថា បាតុកម្ម​ក៏​មិន​បាន​ធ្វើ​ឲ្យ​អ្នកស្រី​មាន​ការ​ភិតភ័យ​នោះ​ដែរ៖ «អត់​ទេ ធម្មតា គេ​ធ្វើ​តែ​គេ​ទៅ យើង​រក​ស៊ី​តែ​យើង​ទៅ មាន​ភ័យ​អី​ផង ព្រោះ​វា​មិន​ចំ​អា​កន្លែង​អ៊ីចឹងៗ វា​នៅ​ឆ្ងាយ អត់​មាន​ហិង្សា​អី​ផង មើល​ទៅ​ដូច​ស្រួល​ដែរ គេ​ធ្វើ​តែ​គេ​ទៅ​ហ្នឹង​ហើយ»

មិន​ខុស​ពី​អ្នកស្រី មុំ អាជីវករ​លក់​ចាប់ហួយ​នៅ​ផ្សារ​ដើម​អំពិល អ្នកស្រី មុយ ចិន្តា បាន​និយាយ​ថា ការ​លក់​ដូរ​ចាប់​ផ្ដើម​ស្ងាត់​តាំង​ពី​ពេល​បោះ​ឆ្នោត​មក។ យ៉ាង​ណា អ្នកស្រី​គិត​ថា ស្ថានភាព​នេះ​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ តែ​វា​អាច​បណ្ដាល​មក​ពី​ទំនិញ​ឡើង​ថ្លៃ ដោយសារ​រដ្ឋាភិបាល​បង្កើន​ពន្ធ​នាំ​ចូល។ ទាក់ទង​នឹង​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ វិញ អ្នកស្រី ចិន្តា ចង់​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​មួយ​នេះ​បន្ត​ការ​ធ្វើ​បាតុកម្ម​ទាមទារ​រហូត​ទទួល​បាន​ជោគជ័យ និង​មិន​ឲ្យ​គណបក្ស​ប្រឆាំង​នេះ​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ។

អ្នកស្រី មុយ ចិន្តា៖ «ខ្ញុំ​អត់​ដែល​បាន​ទៅ​ផង ព្រោះ​អី​គ្រាន់​តែ​បាន​ឈរ​មើល​ដូច​ពេល​គេ​ហែ​កាត់​អ៊ីចឹង យើង​គ្រាន់​តែ​ឈរ​មើល​ជួយ​អបអរ​អ៊ីចឹង​ទៅ ត្រង់​ថា​ឲ្យ​បាន​ទៅ​ហែ​ហ្វឹកហ្វឺន​អី មិន​ដែល​បាន​ទៅ​ទេ យើង​ក៏​មាន​ចិត្ត​ថា ដើម្បី​អនាគត​ទៅ​ថ្ងៃ​ក្រោយ​ទៀត បើ​សិន​ចេះ​តែ​ថា មិន​អី​ទេ មិន​អី​ទេ វា​នៅ​យូរ ហើយ​ប្រសិន​ជាមួយ​ជំហាន​ហ្នឹង​ឲ្យ​វា​នេះ​ទៅ ថ្ងៃ​ក្រោយ​ទៅ​ប្រហែល​ជា​ល្អ ព្រោះ​អ្វី​ក៏ដោយ​បើ​យើង​មិន​សាក​មិន​ដឹង ទាល់​តែ​សាក​បាន​ដឹង»

ខុស​ពី​មតិ​លើក​ឡើង​ទាំង​អម្បាលម៉ាន​ខាង​ដើម អាជីវករ​លក់​ដូង​ទុំ និង​គ្រឿង​ផ្សំ​នៅ​ផ្សារ​ដើម​អំពិល លោក គិត ឡេង បាន​អះអាង​ថា បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​ការ​ប្រកប​របរ​លក់​ដូរ​ពុំ​សូវ​ដាច់​ដូច​មុន​ពេល​បោះ​ឆ្នោត។ លោក​ថា បាតុកម្ម​បណ្ដាល​ឲ្យ​មាន​ភាព​ជ្រួល​ច្របល់​ក្នុង​សង្គម។ សម្រាប់ លោក គិត ឡេង បាតុកម្ម​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ឡើយ៖ «សូម​សំណូមពរ​សម្រុះសម្រួល​គ្នា​ឲ្យ​បាន​ត្រូវរ៉ូវ​គ្នា​ទៅ ប្រជាជន​អត់​មាន​ពិបាក​ចិត្ត​អ្វី​ទាំងអស់ គឺ​សប្បាយ​ចិត្ត​ទាំងអស់ ស្រួល​រក​ស៊ី ធ្វើ​ចរាចរណ៍​ទៅ​ណា​ក៏​សុខ​ស្រួល​ទាំងអស់ វា​អត់​មាន​វាយ​តប់​អ៊ីចឹង​ណា នៅ​តែ​មាន​ការ​ប៉ះ​ទង្គិច​អ៊ីចឹង ជៀស​អត់​ផុត​ទេ កាល​ណា​ធ្វើ​ខ្លាំង​ទៅ ខាង​សមត្ថកិច្ច​គេ​ទ្រាំ​អត់​បាន​ទៅ​វាយ​តប់​អ៊ីចឹង​ទៅ ហើយ​ចេះ​ថា​គេ​ខូច តាម​ពិត​ខូច​មក​ពី​ខ្លួន​ឯង ធ្វើ​ជ្រុលជ្រួស​ទៅ​ខាង​សមត្ថកិច្ច គេ​អត់​មិន​បាន​គេ​វាយ ហើយ​ចេះ​តែ​ថា​គេ​ប្រើ​អំណាច យើង​សម្របសម្រួល​គ្នា​ទៅ នៅ​តែ​ប្រឆាំង​អ៊ីចឹង​អត់​កើត​ទេ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។