អ្នកនយោបាយខ្មែរទាំង២រូប គឺ លោក ហ៊ុន សែន និង លោក សម រង្ស៊ី ដែលត្រូវចាត់ទុកថាជាអ្នកទទួលខុសត្រូវក្នុងការដោះស្រាយវិបត្តិនៅក្រោយការបោះឆ្នោតជាតិ អាណត្តិទី៥ នេះ មិនត្រឹមតែខ្វែងគំនិតគ្នាផ្នែកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបង្ហាញកាយវិការក្រអឺតក្រទមដាក់គ្នាជាសាធារណៈទៀតផង។
គេសង្កេតឃើញថា នៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី ទៅចូលរួមទទួលដំណើរយាងត្រឡប់មកកម្ពុជា វិញ របស់ព្រះមហាក្សត្រ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំកំពូលរបស់គណបក្សគូប្រជែងទាំងពីរ មិនបានសម្ដែងកាយវិការរួសរាយរាក់ទាក់ និងទន់ភ្លន់ដាក់គ្នា ដូចដែលអ្នកនយោបាយនៅលើពិភពលោកតែងធ្វើជាទូទៅឡើយ។ កុំថាឡើយដល់និយាយផ្លាស់ប្ដូរយោបល់គ្នា សូម្បីតែការស្វាគមន៍ដាក់គ្នាក៏គ្មានផង។
មានមតិលើកឡើងផ្សេងៗគ្នាទាក់ទងនឹងភាពព្រងើយកន្តើយដាក់គ្នារបស់អ្នកនយោបាយទាំងពីរ ដោយអ្នកខ្លះយល់ឃើញថា ការដែល លោក សម រង្ស៊ី មិនបានបង្ហាញកាយវិការស្និទ្ធស្នាលជាមួយ លោក ហ៊ុន សែន ក៏ដោយសារតែ លោក សម រង្ស៊ី ខ្លាចអ្នកគាំទ្ររបស់លោកយល់ច្រលំថា លោកមានជំហរនយោបាយទន់ភ្លន់ជាមួយ លោក ហ៊ុន សែន ពិសេសក្នុងពេលដែលលោកកំពុងអំពាវនាវអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ អោយចូលរួមក្នុងមហាបាតុកម្ម ដែលគណបក្សនេះគ្រោងរៀបចំធ្វើពីថ្ងៃទី១៥ ដល់ ១៧ កញ្ញា។
ប៉ុន្តែ អ្នកវិភាគសង្គម លោក កែម ឡី យល់ឃើញផ្សេងវិញថា នៅពេលបុគ្គលម្នាក់មានកាយវិការទន់ភ្លន់ ផ្អែមល្ហែម និងដាក់ខ្លួនចំពោះអ្នកដទៃ បុគ្គលនោះនឹងទទួលបានការគាំទ្រ និងកោតសរសើរពីអ្នកផ្សេង។ លោកថា ភាពរើសអើង ការមិនចង់អង្វរករ ការមិនចង់បង្ហាញភាពស្និទ្ធស្នាលជជែកគ្នា ដើម្បីផលប្រយោជន៍ជាតិ ត្រូវមហាជនស្តីបន្ទោសទៅវិញនោះទេ៖ «ជារួម យើងឃើញហើយ អ្នករងគ្រោះភាគច្រើន គឺប្រជាពលរដ្ឋ អាណិតអាសូរទៅវិញ។ ផ្ទុយទៅវិញ អ្នកមានអំណាច អ្នកកោងកាច អ្នករើសអើង អ្នកមាក់ងាយទេដែលត្រូវស្តីបន្ទោសពីប្រជាពលរដ្ឋ»។
ទោះជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានអះអាងហើយថា គោលបំណងសំខាន់ដែលលោក និងមន្ត្រីគណបក្សសង្គ្រោះជាតិ ទៅអាកាសយានដ្ឋាន គឺដើម្បីទទួលព្រះមហាក្សត្រយាងត្រឡប់មកវិញ។ ក្រៅពីនោះ លោកមិនមានគោលបំណងអ្វីផ្សេងឡើយ។
ស្របគ្នានេះដែរ ក៏មានមតិខ្លះលើកឡើងថា លោក ហ៊ុន សែន ជាអ្នកដែលមានឋានៈខ្ពស់ជាង លោក សម រង្ស៊ី មិនមែន លោក ហ៊ុន សែន ទេ ដែលត្រូវចូលស្វាគមន៍ លោក សម រង្ស៊ី។ ផ្ទុយទៅវិញ លោក សម រង្ស៊ី គួរតែជាអ្នកហុចដៃរក លោក ហ៊ុន សែន មុន។ ការលើកឡើងនេះ ក៏អាចជាហេតុផលសមរម្យមួយដែរ បើយើងគិតពីឋានានុក្រមតាមបែបបទរដ្ឋបាល មានន័យថា អ្នកតូចគួរស្វាគមន៍អ្នកធំមុន ប៉ុន្តែនៅពេលដែលអ្នកតូចមិនហ៊ានចូលក្បែរអ្នកធំវិញនោះ តើអ្នកធំគួរប្រកាន់ខ្លួនដែរឬទេ?
លោកបណ្ឌិត សុខ ទូច អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បាននិយាយថា អ្នកនយោបាយមិនគួរប្រកាន់ខ្លួន និងទាញយកត្រូវតែរៀងខ្លួននោះទេ។ អ្នកនយោបាយគួរផ្តល់សម្បទានអោយគ្នាទៅវិញមក។ លោកថា ប្រសិនបើអ្នកធំចាំតែអោយអ្នកតូចចូលមករកខ្លួនមុននោះ នោះពលរដ្ឋខ្មែរទូទៅប្រហែលជាគ្មានឱកាសបានចាប់ដៃអ្នកធំឡើយ ព្រោះនៅកម្ពុជា ពលរដ្ឋខ្មែរកំពុងតែខ្លាចអ្នកធំស្រាប់ផង៖ «យើងកុំគិតតូចធំ បើយើងគិតពីផលប្រយោជន៍ជាតិ យើងអត់យកអាហ្នឹងមកគិតទេ អ៊ីចឹង មិនមែនមានស្ដេចខ្លះលោកចុះពីលើឡាន លោកចុះទៅចាប់ដៃរាស្ត្រមុន ហើយបើយល់ថារាស្ត្រតូចតាចកុំទៅចាប់ដៃ កុំសង្ឃឹមថាគេបោះឆ្នោតអោយ កុំសង្ឃឹមថាមានប្រជាប្រិយភាពនៅក្នុងមហាជន។ អ៊ីចឹង យើងបង្ហាញមហាជនថា យើងជាអ្នកស្រឡាញ់ជាតិ យើងជាអ្នកស្រឡាញ់ប្រជាជន ចង់ដោះស្រាយបញ្ហានយោបាយ ឋានៈទុកចាំពេលរដ្ឋាភិបាលកើតមក យើងចាំតែងតាំងឋានៈទៅថា អ្នកឯងត្រូវអង្គុយត្រង់ណា អ្នកនេះត្រូវអង្គុយត្រង់ណា ហើយត្រូវអ្នកណាចាប់ដៃមុន ចែងក្នុងច្បាប់ទៅ ឥឡូវនេះដើម្បីរកដំណោះស្រាយយើងមិនចាំបាច់ប្រកាន់អ៊ីចឹងទេ»។
ទោះជាក្នុងហេតុផលណាក៏ដោយ ប្រការដែលគ្មាននរណាអាចប្រកែកបាននោះ គឺទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិ បានលើកឡើងជាញឹកញយថា ពួកគេបើកចំហបេះដូងជាមួយខ្មែរជានិច្ច។ គណបក្សប្រជាជនកម្ពុជា តែងប្រកាសថា ពួកគេបើកភ្លើងខៀវស្វាគមន៍គណបក្សសង្គ្រោះជាតិ ចំណែកគណបក្សសង្គ្រោះជាតិ វិញ តែងប្រកាសដែរថា ពួកគេមិនដែលចាត់ទុកខ្មែរណាម្នាក់ជាសត្រូវឡើយ។ ប៉ុន្តែ កាយវិការព្រងើយកន្តើយដាក់គ្នារបស់ថ្នាក់ដឹកនាំគណបក្សទាំងពីរដែលមហាជនបានឃើញកាលពីថ្ងៃទី១១ ខែកញ្ញា វាចាកឆ្ងាយពីសម្ដីដែលពួកគេធ្លាប់បាននិយាយពីមុនមក។
លោកបណ្ឌិត សុខ ទូច បានលើកឡើងថា អ្នកនយោបាយខ្មែរហាក់នៅមានភាពក្មេងខ្ចីនៅឡើយ។ លោកថា អ្នកនយោបាយពិតប្រាកដត្រូវមានចិត្តជាកីឡាករ មានន័យថា កីឡាករប្រកួតគ្នាតែនៅលើសង្វៀន តែនៅពេលប្រកួតចប់ ពួកគេឱបគ្នា ស្រឡាញ់គ្នា រាប់អានគ្នាធម្មតា។ លោកបន្តថា ការប្រេះឆារវាងអ្នកនយោបាយខ្មែរ ធ្វើអោយបរទេសមានឱកាសលូកដៃចូលធ្វើអោយខ្មែរបែកបាក់រឹតតែខ្លាំង។ លោកថា អ្នកនយោបាយបរទេសគេក៏ឈ្លោះហែកហួរគ្នាដូចយើងអ៊ីចឹងដែរ តែទីបំផុត គេនៅតែអាចធ្វើការជាមួយគ្នាដដែល៖ «យើងគិតមើលលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) លោកស្រីប្រឈមនៅក្នុងនយោបាយរបស់លោក អូបាម៉ា (Obama) កាលបោះឆ្នោត ក្រោយការបោះឆ្នោត គេចាញ់គេចាប់ដៃគ្នា គេថើបគ្នា គេរួមគំនិតគ្នា ដើម្បីកសាងប្រទេសរបស់គេ ដល់ពេលលោក អូបាម៉ា ឈ្នះពួកសាធារណរដ្ឋ លោក អូបាម៉ា មិនគុំ ហើយលោក អូបាម៉ា អញ្ជើញ លោកស្រី ហ៊ីលឡារី គ្លីនតុន ទៅជារដ្ឋមន្ត្រីការបរទេស ប្រសិនជា អូបាម៉ា គុំ ប្រហែលតែខ្មែរយើងហ្នឹងប្រហែលជាគ្មានទេ»។
ក្នុងពេលដែលភាពតានតឹងផ្នែកនយោបាយកំពុងមានកម្ដៅខ្លាំង ភាពក្រអឺតក្រទមដាក់គ្នារបស់អ្នកនយោបាយ អាចជារូបភាពមិនល្អសម្រាប់អ្នកគាំទ្ររបស់ពួកគេនៅថ្នាក់ក្រោម។ ភាពប្រេះឆារវាងអ្នកនយោបាយខ្មែរ ក៏ជារូបភាពមិនល្អសម្រាប់មុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
