ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​រង​ការ​ចោទ​ថា​គាប​សង្កត់​សមាជិក​បក្ស​ប្រឆាំង

0:00 / 0:00

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សៀមរាប កំពុង​ចោទ​ប្រកាន់​ប្រធាន​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​ប្រើ​អំណាច​ខុស​ច្បាប់​គាប​សង្កត់​ឱ្យ​ធ្វើ​អ្វី​មួយ​ដែល​មិន​ត្រឹមត្រូវ។ ការ​គាប​សង្កត់​សមាជិក​ក្រុមប្រឹក្សា​មក​ពី​គណបក្ស​ខុស​គ្នា​នេះ កើត​មាន​ជា​រឿយៗ មិន​មែន​តែ​នៅ​ខេត្ត​សៀមរាប មួយ​ទេ។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤​នាក់ បាន​ដើរ​ចេញ​ពី​អង្គ​ប្រជុំ​វិសាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា។ ការ​ដើរ​ចេញ គឺ​ដោយសារ​តែ​គេ​អះអាង​ថា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​គាប​សង្កត់ និង​បំបិទ​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង​នៅ​ពេល​ប្រជុំ មិន​ឱ្យ​តវ៉ា​រក​ហេតុ​ផល​អ្វី​បាន។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប នៃ​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ក្នុង​ចំណោម ៣​នាក់​ផ្សេង​ទៀត គឺ​លោក សុខ គឹមសេង។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២៩ ខែ​កក្កដា ថា ការ​ប្រជុំ​មាន​សភាព​តឹងតែង ហើយ​ប្រធាន​ក្រុមប្រឹក្សា​ប្រើ​អំណាច​ផ្ដាច់​ការ​ពេក។ លោក សុខ គឹមសេង អះអាង​ថា កិច្ច​ប្រជុំ​វិសាមញ្ញ​ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា គឺ​ដើម្បី​រើស​បេក្ខភាព​ក្រុមប្រឹក្សា​ចំនួន ៤​រូប ដាក់​បញ្ចូល​ក្នុង​គណៈកម្មាធិការ​បច្ចេកទេស​ខេត្ត ដោយ​មាន​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៣​រូប និង​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១​រូប ក៏ប៉ុន្តែ​ចំពោះ​គណៈកម្មការ​លទ្ធកម្ម ដែល​ជា​គណៈកម្មការ​សំខាន់​ក្នុង​ការ​ពិនិត្យ​ទៅ​លើ​បញ្ហា​ចំណាយ និង​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ គឺ​ប្រធាន​ក្រុមប្រឹក្សា​មិន​បញ្ចូល​សមាសភាព​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ក្នុង​នោះ​ឡើយ។

លោក សុខ គឹមសេង បញ្ជាក់​ថា ដោយសារ​តែ​ឃើញ​ភាព​មិន​សមរម្យ​បែប​នេះ គឺ​លោក​បាន​ប្រកែក​មិន​ឱ្យ​អង្គ​ប្រជុំ​ដាក់​បញ្ចូល​ឈ្មោះ​របស់​លោក ទៅ​ក្នុង​គណៈកម្មាធិការ​បច្ចេកទេស​ខេត្ត​ទេ ក៏ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា បាន​ប្រើ​អំណាច​ផ្ទាល់​ខ្លួន បង្ខំ​ឱ្យ​រូប​លោក​ចូល​ទៅ​ក្នុង​គណៈកម្មាធិការ​ដែល​លោក​មិន​ចង់​បាន៖ «ស្រាប់​តែ​គាត់​ហ្នឹង​ចុច​ចំ​ឈ្មោះ​ខ្ញុំ ហើយ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ដាក់! ខ្ញុំ​តវ៉ា គឺ​គាត់​អត់​ព្រម​ទេ។ គាត់​ប្រើ​សិទ្ធិ​ប្រធាន បន្ទាប់​មក​ទៀត ដោយសារ​តែ​ខ្ញុំ​តវ៉ា​ច្រើន គាត់​បាន​ប្រើប្រាស់​តួនាទី ហើយ​គាត់​បាន​ឱ្យ​សមាជិក ភាគ​ច្រើន​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​សម្រេច​ដាក់​ឈ្មោះ​ខ្ញុំ​ចូល​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​ខ្ញុំ​មិន​ព្រម។ ខ្ញុំ​បាន​តវ៉ា​ទទូច​ថា សុំ​ឱ្យ​ដក​ឈ្មោះ​ខ្ញុំ​ចេញ ដល់​ពេល​ខ្ញុំ​តវ៉ា​អ៊ីចឹង ខ្ញុំ​មិន​ទាន់​ទាំង​និយាយ​អស់​ផង គាត់​បិទ​មេក្រូ​មិន​ឱ្យ​ខ្ញុំ​និយាយ។ ខ្ញុំ​គិត​ថា អត់​អាច​ទទួល​យក​បាន ព្រោះ​នេះ​រំលោភ​សិទ្ធិ​មែន​ទែន»

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៤​រូប ទទួល​ស្គាល់​ថា ការ​ដើរ​ចេញ​ពី​អង្គ​ប្រជុំ​នេះ គឺ​បាន​អវត្តមាន​ចំនួន​១​លើក ក៏ប៉ុន្តែ លោក សុខ គឹមសេង ព្រមាន​ថា ប្រសិន​បើ​ពេល​លោក​ដើរ​ចេញ​ពី​អង្គ​ប្រជុំ ហើយ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​នៅ​តែ​សម្រេច​បញ្ចូល​ឈ្មោះ​របស់​លោក​ទៅ​ក្នុង​គណៈកម្មការ​បច្ចេកទេស​ខេត្ត​ទៀត​នោះ គឺ​លោក​នឹង​ធ្វើ​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក នូ ផល្លា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា កន្លង​ទៅ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​រូប ក៏​ធ្លាប់​ត្អូញត្អែរ​ថា ក្នុង​ពេល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​ម្ដងៗ ក្រៅ​តែ​ពី​សមាជិក​អង្គុយ​រង់ចាំ​ស្ដាប់​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត ហើយ​ប្រធាន​បើក​ឱ្យ​សួរ​ខ្លះៗ គឺ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គ្មាន​សិទ្ធិ​បញ្ចេញ​យោបល់​អ្វី​ទាំងអស់។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​ហៅ​ការ​គាប​សង្កត់ និង​បំបិទ​សិទ្ធិ​សេរីភាព​ទៅ​លើ​សមាជិក​ក្រុមប្រឹក្សា ពី​ប្រធាន​ដែល​ជា​គណបក្ស​កាន់​អំណាច​នោះ​ថា ជា​កា​រើសអើង​ខាង​នយោបាយ និង​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ៖ «ពីព្រោះ​អា​ហ្នឹង​ជា​តំណាង! លទ្ធិប្រជាធិបតេយ្យ​គេ​ឱ្យ​សិទ្ធិ​តំណាង អ្នក​ដែល​គេ​បោះ​ឆ្នោត​ឱ្យ​ហ្នឹង ទោះ​ជា​គាត់​មាន​អាសនៈ​តិច​ជាង​ក៏ដោយ ក៏​គាត់​មាន​សិទ្ធិ​ចូលរួម​ផ្ដល់​យោបល់ ដើម្បី​កែលំអ​ដើម្បី​ផល​ប្រយោជន៍​អភិវឌ្ឍន៍​ទៅ​លើ​មូលដ្ឋាន ដើម្បី​ប្រជាពលរដ្ឋ​របស់​គាត់»

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា ធ្លាប់​មាន​ប្រសាសន៍​ថា ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ មិន​បាន​បិទ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​សមាជិក​ក្រុមប្រឹក្សា​ណា​ម្នាក់​នៅ​ក្នុង​អង្គ​ប្រជុំ​ទេ។ មន្ត្រី​ដដែល​បញ្ជាក់​ថា លោក​នឹង​ពិនិត្យ​មើល​ទៅ​លើ​ការ​អនុវត្ត​របស់​ក្រុមប្រឹក្សា​ខេត្ត​មួយ​ចំនួន​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។