អង្គការ​អន្តរជាតិ​ថ្កោលទោស​និង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន

ដោយ មាន ឫទ្ធិ
2017.11.17
ប៉ូលិស តុលាការ​កំពូល ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។
AFP

ក្រុម​អង្គការ​អន្តរជាតិ​ល្បី​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ នាំគ្នា​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន យ៉ាង​ចាស់ដៃ ក្រោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង។ អង្គការ​ទាំង​នោះ ក្រៅ​ពី​ហៅ​ការ​រម្លាយ​នេះ​ជា​សោកនាដកម្ម និង​មរណភាព​ជា​ស្ថាពរ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ពួកគេ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ជាបន្ទាន់ និង​កុំ​ឲ្យ​ទទួល​ស្គាល់​ដំណើរការ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ជា​ដាច់ខាត បើសិនជា​ពុំ​មាន​ដំណោះស្រាយ​នយោបាយ​រួម​ណា​មួយ​នោះ។

​ប្រតិកម្ម​ធ្ងន់ៗ​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន យ៉ាង​ចាស់ដៃ​ជុំវិញ​ចំណាត់​ការ​ចុង​ក្រោយ​ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាក់​មកជា​ហូរហែរ ដោយ​មិន​បង្អែរ​បង្អង់​យូរ ភ្លាមៗ​ក្រោយ​ពេល​តុលាការ​កំពូល ប្រកាស​រម្លាយ​ចោល​គណបក្ស​ប្រឆាំង​ធំជាង​គេ និង​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ។ ព័ត៌មាន​អំពី​ការ​សម្រេច​រម្លាយ​គណបក្ស​ដែល​មាន​ប្រជាជន​គាំទ្រ​ជាង​មួយ​ចំហៀង​ប្រទេស​មួយ​នេះ ហើយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ និង​ក្រោម​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​បំផុត​ពី​សំណាក់​អាជ្ញាធរ​លោក ហ៊ុន សែន បាន​ក្លាយជា​ប្រធានបទ​នៃ​ការ​ថ្កោលទោស និង​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ក្រុម​អង្គការ​អន្តរជាតិ​ធំៗ​ទាំង​នេះ រួម​មាន​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ក្រុម​សមាជិកសភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) និង​គណៈកម្មាការ​អ្នក​ច្បាប់​អន្តរជាតិ (International Commission of Jurists-ICJ) ជាដើម។

​មន្ត្រី​ផ្នែក​យុទ្ធនាការ​នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក អ្នកស្រី អេម៉ា ប៊ឺណេត (Emma Burnett) ថ្លែង​ថា ការ​រម្លាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ស្តែង​ឲ្យ​ឃើញ​ពី​សោកនាដកម្ម មិន​មែន​សម្រាប់តែ​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​សម្រាប់​គ្រប់​ប្រទេស​ទាំង​អស់​ដែល​បាន​ធ្វើ​ការ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ក្នុង​ការ​ជួយ​កសាង និង​ស្រោចស្រង់​ប្រទេស​កម្ពុជា ឡើង​វិញ ឲ្យ​ងើប​ចេញ​ពី​ភាព​ខ្ទេចខ្ទាំ​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម។

មន្ត្រី​អង្គការ​ឃ្លាំមើល​ពិភពលោក​ដដែល​នេះ​ថា ទឹក​ប្រាក់​ជំនួយ​រាប់​កោដិ​ដុល្លារ​អាមេរិក ត្រូវ​បាន​ចំណាយ​ដល់​ការ​គាំទ្រ​ប្រជាជន​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មួយ​ដែល​ផ្អែកលើ​គោរព​នីតិរដ្ឋ និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន។ ព័ត៌មាន​អំពី​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា គម្រោង​កសាង​លទ្ធិប្រជាធិបតេយ្យ​នេះ ត្រូវ​បាន​បរាជ័យ​ទាំង​ស្រុង ខណៈ​ដែល​ប្រទេស​កម្ពុជា កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​នៃ​របប​ផ្តាច់ការ​តែម្តង។ ​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស បាន​ចំណាយពេល​ជាង ២០​ឆ្នាំ ធ្វើ​យុទ្ធនាការ​ដើម្បី​បញ្ចប់​អំពើ​ពុករលួយ ដែល​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​អត្ថប្រយោជន៍​នៃ​ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។

អ្នកស្រី​គូស​បញ្ជាក់​ថា មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល សាច់សាលោហិត និង​ក្រុម​អាម៉ីអាថោង​របស់​ពួកគេ​បាន​ប្រើប្រាស់​មុខ​តំណែង និង​អំណាច​ដោយ​ខុស​ច្បាប់​រឹប​អូស​យក​ដីធ្លី​ពី​ប្រជាជន​ទន់​ខ្សោយ ហើយ​បាន​លួច​ប្លន់​ទ្រព្យសម្បត្តិ និង​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា រួមទាំង​ធនធាន​ព្រៃឈើ និង​ធនធាន​រ៉ែ​ដទៃ​ទៀត​នៃ​ប្រទេស​នេះ។ ជា​លទ្ធផល ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល និង​អំណាច​គ្រប់គ្រង​ប្រទេស ត្រូវ​ស្ថិតក្នុង​កណ្តាប់ដៃ​ក្រុម​វរជន​មួយ​ក្តាប់​តូច ខណៈ​ដែល​ប្រជាជន​ភាគច្រើន​កំពុង​តស៊ូ​ចិញ្ចឹម​ជីវិត និង​ក្រុមគ្រួសារ​របស់​ពួកគេ។ ប្រជាជន​សរុប​ជាង ៨​សែន​នាក់ បាន​ទទួល​រងគ្រោះ​ដោយសារ​អំពើ​ជម្លៀស​ចេញ​ដោយ​បង្ខំ​ពី​សំណាក់​ក្រុមមន្ត្រី​ដ៏​មានអំណាច និង​ឥទ្ធិពល​ទាំង​នេះ។

​អ្នកស្រី អេម៉ា ប៊ឺណេត បន្ត​ថា អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​សព្វថ្ងៃ​នេះ គឺ​ជា​ចំណាត់​ការ​នៃ​របប​មួយ​ដែល​កំពុងតែ​ច្បាម​យក​អំណាច និង​ធនធាន​សព្វគ្រប់​បែប​យ៉ាង​ក្នុង​គ្រប់​រូបភាព​ទាំង​អស់​យ៉ាង​សាហាវ​ជា​ទីបំផុត។ ប្រជាជន​កម្ពុជា កំពុងតែ​ដង្ហោយ​ហៅ​រក​អន្តរាគមន៍​ពី​សំណាក់​សហគមន៍​អន្តរជាតិ។ ហេតុ​ដូច្នេះ រដ្ឋាភិបាល​បរទេស​នានា ត្រូវ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​សេចក្ដី​សម្រេច​រម្លាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ ហើយ​ថា ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ត្រូវ​តែ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

អ្នកស្រី​សង្កត់ធ្ងន់ៗ​ថា ក្រុម​មន្ត្រី​ពុករលួយ​គ្រាក់ៗ​ទាំង​នេះ ត្រូវតែ​ទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​ចំពោះ​ទង្វើ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត។ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស ស្នើ​ថា ប្រសិនបើ​លក្ខខណ្ឌ​ទាំង​នេះ​មិនត្រូវ​បាន​បំពេញ​នោះ​ទេ សហគមន៍​អន្តរជាតិ ត្រូវ​ដាក់​នូវ​ទណ្ឌកម្ម​សំដៅ​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​របប​របស់​លោក ដោយ​ត្រូវ​រារាំង​ក្រុម​ជន​ទាំង​នេះ​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល និង​ចំណាយ​ទឹក​ប្រាក់​ដែល​ពួកគេ​ទទួល​បាន​មក​ដោយ​ខុស​ច្បាប់​នៅ​លើ​ទឹកដី​បរទេស​ឡើយ។

(ពី​ស្ដាំ) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក មុខគុណដា ខាត់ថេល (Mukunda Kattel) នាយក​អង្គការForum Asia អ្នកស្រី កេតថៀ ឈៀស្សី (Katia Chirzzi) នាយករង​នៃ​ឧត្តមស្នងការ​សហប្រជាជាតិ​សិទ្ធិមនុស្ស​ប្រចាំ​ការិយាល័យ​តំបន់​អាស៊ីអាគ្នេយ៍ និង​លោក ឃីងស្លី អាបុត្ត (Kingsley Abbott) ទីប្រឹក្សា​ច្បាប់​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) និង​ធ្លាប់​ធ្វើ​មន្ត្រី​ច្បាប់​ក្នុង​សាលាក្ដី​ខ្មែរក្រហម ក្នុង​សន្និសីទ​មួយ ក្នុង​ក្លឹប​អ្នកឆ្លើយឆ្លង​សារព័ត៌មាន​បរទេស (FCCT) នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៧។
(ពី​ស្ដាំ) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក មុខគុណដា ខាត់ថេល (Mukunda Kattel) នាយក​អង្គការForum Asia អ្នកស្រី កេតថៀ ឈៀស្សី (Katia Chirzzi) នាយករង​នៃ​ឧត្តមស្នងការ​សហប្រជាជាតិ​សិទ្ធិមនុស្ស​ប្រចាំ​ការិយាល័យ​តំបន់​អាស៊ីអាគ្នេយ៍ និង​លោក ឃីងស្លី អាបុត្ត (Kingsley Abbott) ទីប្រឹក្សា​ច្បាប់​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) និង​ធ្លាប់​ធ្វើ​មន្ត្រី​ច្បាប់​ក្នុង​សាលាក្ដី​ខ្មែរក្រហម ក្នុង​សន្និសីទ​មួយ ក្នុង​ក្លឹប​អ្នកឆ្លើយឆ្លង​សារព័ត៌មាន​បរទេស (FCCT) នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៧។
Photo of Forum Asia

​ដោយ​ឡែក នាយក​រង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ក៏​ថ្លែង​ថ្កោលទោស​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នេះ​ដែរ។

លោក ហ្វីល រ៉ូប៊ឺតសុន លើក​ឡើង​ថា សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នេះ គឺ​ជា​ផែនការ​ប៉ុនប៉ង​ជា​យូរ​មក​ហើយ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ធានា​យកជ័យ​ជម្នះ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នេះ​ឲ្យ​ខាង​តែ​បាន។ លោក​បន្ត​ថា នេះ​ជា​មរណភាព​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា និង​ជា​ការ​សម្លាប់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក ហ្វីល រ៉ូប៊ឺតសុន អំពាវនាវ​ឲ្យ​ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប ត្រូវ​ចាត់​វិធានការ​ពី​ឥឡូវ​នេះ​ភ្លាម ដោយ​ត្រូវ​ប្រកាស​ផ្ដាច់​ជំនួយ​បច្ចេកទេស និង​ជំនួយ​ផ្នែក​បោះឆ្នោត។ លោក​ក៏​អំពាវនាវ​ឲ្យ​ប្រទេស​ដទៃ​ទៀត​ចាប់​ផ្ដើម​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មេបញ្ជាការ​ទ័ព​ដែល​មាន​បាតដៃ​ប្រឡាក់​ឈាម និង​ប្រព្រឹត្ត​អំពើពុករលួយ។

​បន្ថែម​ពី​លើ​នេះ នាយក​អង្គការ​លើកលែងទោស​អន្តរជាតិ ទទួល​បន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក ជេម ហ្គោម៉េស (James Gomez) ថ្លែង​ថា សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​រម្លាយ​គណបក្សប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​នេះ គឺ​មិន​ត្រឹមតែ​ជា​សកម្មភាព​បង្ក្រាប​ផ្នែក​នយោបាយ​ដោយ​ឥត​លាក់លៀម​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ថែម​ទាំង​ជា​អំពើ​រំលោភសិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ រំលោភ​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ និង​ជា​ការ​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​កម្ពុជា ថែម​ទៀត​ផង។

លោក​ថា ការណ៍​ដែល​តុលាការ​កំពូល​បាន​សម្រេច​ហាមប្រាម​មិន​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ជាង ១០០​នាក់ ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​នេះ គឺ​ជា​បន្ទុក​បន្ថែម​ស្តែង​ឲ្យ​ឃើញ​ពី​អំពើ​អយុត្តិធម៌​ដែល​មាន​ស្រាប់​នេះ។ លោក​ថ្លែង​ថា ឆ្នាំ​២០១៧ នេះ មាន​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ឲ្យ​ឃើញ​អំពី​របៀប​ដែល​ប្រព័ន្ធយុត្តិធម៌​ក្នុងប្រទេស​កម្ពុជា ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ធ្វើជា​កូនជឹង​របស់​ស្ថាប័ន​នីតិប្រតិបត្តិ និង​ជា​ឧបករណ៍​នយោបាយ​ដើម្បី​បំបិទមាត់​ក្រុម​អ្នក​រិះគន់​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា។

​សម្រាប់​ក្រុម​សមាជិកសភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ពួកគេ​បាន​ហៅ​ចំណាត់ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ថា ជា​ការ​ផ្ដួល​រំលំ​សសរស្ដម្ភ​ចុង​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​បាន​បណ្តាល​ឲ្យ​ប្រទេស​កម្ពុជា ធ្លាក់​ចូល​ក្នុង​យុគសម័យ​ថ្មី​មួយ​ក្រោម​ការ​គ្រប់គ្រង​តាម​របៀប​ឯក​បក្ស។

​ក្រុម​សមាជិក​សភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ លុបចោល​ការ​ចូលរួម​ក្នុង​ដំណើរ​ការ​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដោយសារ​ថា ការ​រម្លាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ជា​ការ​ប្លន់​សន្លឹកឆ្នោត និង​ភាព​ស្របច្បាប់​ទាំង​ស្រុង​តែម្តង របស់​គណបក្ស​កាន់​អំណាច។

​ប្រធាន​ក្រុម​តំណាងរាស្ត្រ​នៃ​សមាជិក​សភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី លោក ឆាលស៍ សាន់ទីយ៉ាហ្គោ (Charles Santiago) ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា នេះ ភ្លាមៗ​ក្រោយ​ពេល​តុលាការ​កំពូល សម្រេច​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ថា តុលាការ​កំពូល បាន​បិទ​បញ្ចប់​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ជា​ស្ថាពរ។ សេចក្ដី​សម្រេច​នេះ មិន​ត្រឹមតែ​បណ្ដាល​ឲ្យ​ប្រទេស​នេះ​លែង​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ខ្លាំងក្លា​មួយ​នេះ​​នៅ​ក្នុង​រយៈពេល​មិន​ដល់​មួយ​ឆ្នាំ​មុន​ពេល​បោះ​ឆ្នោត​ជាតិ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​កក្កដា ខាង​មុខ​នេះ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ ក៏​បាន​បណ្តាល​ឲ្យ​អន្តរាយ​ទាំង​ស្រុង​ដល់​ក្របខ័ណ្ឌ​ស្ថាប័ន​ជាតិ​កំពូលៗ និង​នីតិរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា ជារួម​ផង​ដែរ។

​លោក ឆាលស៍ សាន់ទីយ៉ាហ្គោ បន្ថែម​ថា រឿងរ៉ាវ​ដែល​ជាក់ច្បាស់​មែន​ទែន​នោះ​គឺ​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​រម្លាយ​ចោល​មិន​មែន​ដោយសារតែ​គណបក្ស​នេះ​បាន​បំពាន​ច្បាប់​ណា​មួយ​នោះ​ឡើយ ក៏ប៉ុន្តែ​គឺ​ដោយសារ​ហេតុផល​ដែល​គណបក្ស​នេះ​ទទួល​បាន​ភាព​ល្បីល្បាញ​លើសលប់​ដែល​អាច​ជាការ​គម្រាម​ដល់​ការ​ដឹក​នាំ​របស់​គណបក្ស​កាន់​អំណាច។ លោក​ថា ជា​ថ្មី​ម្ដង​ទៀត ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ស្តែង​ឲ្យ​ឃើញ​ថា វត្ថុបំណង​ចម្បង​របស់​ខ្លួន​គឺ​មិនមែន​ដើម្បី​យុត្តិធម៌​ពិតប្រាកដ​នោះ​ទេ ក៏ប៉ុន្តែ​គឺ​ដើម្បី​តែ​បន្ត​បុព្វសិទ្ធិ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​តែប៉ុណ្ណោះ។

​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​នេះ ធ្វើ​ឡើង​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​ស្នើសុំ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ប្តឹង​ដោយ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ក្រោម​ការ​ចោទ​ថា គណបក្ស​នេះ​បាន​រំលោភ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​វិសោធនកម្ម​ពាក់ព័ន្ធ ដែល​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​ខែ​កុម្ភៈ និង​កក្កដា កន្លង​ទៅ​នេះ។

​វិសោធនកម្ម​លើ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត អនុម័ត​យ៉ាង​ប្រញាប់ប្រញាល់​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ដោយ​រដ្ឋ​សភា​ជាតិ និង​ព្រឹទ្ធសភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ បែង​ចែក​អាសនៈ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ដទៃ​ទៀត ដែល​ពុំ​បាន​ទទួល​សំឡេង​គាំទ្រ​ជា​ដុំកំភួន​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ពេល​កន្លង​ទៅ។ វិសោធនកម្ម​ទាំង​នេះ ក៏​អនុញ្ញាត​ឲ្យ​គណបក្ស​កាន់​អំណាច​ដណ្ដើម​យក​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ជាង ៥​ពាន់​អាសនៈ​ផង​ដែរ។ សមាជិក​សភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស បាន​ហៅ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ទាំង​នេះ ថា​ជា​ច្បាប់​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ និង​ធ្វើ​ឲ្យ​បាត់បង់​ទំនុកចិត្ត​ចំពោះ​ស្ថាប័ន​ជាតិ​ក្នុងប្រទេស​កម្ពុជា។

​លោក ថម វីឡារីន (Tom Villarin) សមាជិក​មួយរូប​នៃ​ក្រុម​សមាជិក​សភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ប្រទេស​ហ្វីលីពីន ថ្លែង​ថា គ្រប់​ស្ថាប័ន​ទាំង​អស់​របស់​ប្រទេស​កម្ពុជា បាន​ចូល​ដៃ​ចូល​ជើង​គ្នា​ជា​ប្រព័ន្ធ​ក្នុង​ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​នេះ​ស្តែង​ឲ្យ​ឃើញ​ថា ស្ថាប័ន​អស់​ទាំង​នេះ គឺ​ស្ថិតក្នុង​កណ្ដាប់ដៃ​ក្ដោបក្ដាប់​យ៉ាង​ណែន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ថម វីឡារីន បន្ត​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ការ​ភ័យ​ខ្លាច​ថា រូបលោក​នឹង​ចាញ់​ការ​បោះឆ្នោត​ជាតិ ខាង​មុខ​នេះ ដូច្នេះ​ហើយ​ចៀស​ជាង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ល្អ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ លោក ហ៊ុន សែន បាន​សម្រេច​កែប្រែ​ល្បែង​នៃ​ការ​ប្រកួតប្រជែង។ សមាជិក​ព្រឹទ្ធ​សភា​ហ្វីលីពីន រូប​នេះ​បន្ត​ថា ការ​រម្លាយ​គណបក្ស​ប្រឆាំង​មាន​ន័យ​ស្មើ​នឹង​ការ​រម្លាយ​លទ្ធិប្រជាធិបតេយ្យ​ដែរ។ ការណ៍​នេះ បណ្តាល​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខ​នេះ​លែង​មាន​ភាព​ស្របច្បាប់ ហើយ​រុញច្រាន​ឲ្យ​ប្រទេស​កម្ពុជា ឲ្យ​ធ្លាក់ចុះ​ក្នុង​រណ្តៅ​ប្រកបដោយ​ភាព​គ្រោះថ្នាក់។

​នៅ​ចុង​បញ្ចប់​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​សមាជិក​សភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស​ដដែល​នេះ លោក ឆាលស៍ សាន់ទីយ៉ាហ្គោ សង្កត់ធ្ងន់ៗ​ថា ខណៈ​ដែល​មានការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ក្តី​សង្ឃឹម​មួយ​អំពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ថា​នឹង​ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក៏​ត្រូវ​បាន​រលាយ​សាបសូន្យ​ទៅ​ជាមួយ​គ្នា​ដែរ។

​លោក​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវ​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ច្បាស់ ដោយ​ធ្វើការ​បដិសេធ​មិន​ទទួល​ស្គាល់​ដំណើរការ​បោះឆ្នោត​ណា​មួយ​ឡើយ ប្រសិនណាបើ​មិន​មាន​ជំហាន​ជា​ដំណោះស្រាយ​បន្ទាន់​ណា​មួយ​កែប្រែ​ស្ថានភាព​នេះ​ឲ្យ​វិល​ត្រឡប់​មក​ដូចដើម​វិញ​នោះ​ទេ។ លោក​ថា ជំហាន​ជា​ដំណោះស្រាយ​ទាំង​នោះ ត្រូវ​រួមបញ្ចូល​នូវ​ការ​ត្រឡប់​មក​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​វត្តមាន​ធ្វើ​នយោបាយ​ឡើង​វិញ ការ​ដោះលែង​លោក កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ និង​ការ​បញ្ចប់​ទៅ​នូវ​រាល់​ទម្រង់​ធ្វើទុក្ខបុកម្នេញ​គ្រប់សព្វ​បែប​យ៉ាង​មក​លើ​សង្គម​ស៊ីវិល សមាជិក​គណបក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

​ដោយឡែក​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ចេញ​ថ្ងៃ​ទី​១៦ វិច្ឆិកា នេះ គណៈកម្មការ​នេះ គូស​បញ្ជាក់​ថា ការណ៍​ដែល​តុលាការ​កំពូល​សម្រេច​ប្រកាស​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​នេះ ធ្វើ​ឲ្យ​កម្តៅ​នៃ​វិបត្តិ​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​ប្រទេស​កម្ពុជា កាន់​តែ​កើន​ឡើង​ខ្លាំង។

​ទីប្រឹក្សា​ផ្នែក​ច្បាប់​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ របស់​គណៈកម្មាការ​អ្នក​ច្បាប់​អន្តរជាតិ លោក ឃីងស្លី អាបុត្រ (Kingsley Abbott) ថ្លែង​ថា តាម​រយៈ​ការ​រម្លាយ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នេះ និង​ការ​ហាម​ប្រាម​មិន​ឲ្យ​ថ្នាក់ដឹកនាំ​ចំនួន ១១៨​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​នេះ តុលាការ​កំពូល​បាន​ជ្រៀតជ្រែក​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា រាប់​លាន​នាក់​មិន​ឲ្យ​ពួកគេ​អាច​ធ្វើ​ការ​ជ្រើសរើស​តំណាង​នយោបាយ​របស់​ពួកគេ និង​បោះឆ្នោត​ឲ្យ​អ្នក​តំណាង​របស់​ពួកគេ​ទាំង​នេះ​បាន នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ ​លោក​បន្ត​ថា ការណ៍​ដែល​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ត្រូវ​បាន​គេ​ធ្វើ​វិសោធនកម្ម​ដើម្បី​អនុញ្ញាត​ឲ្យ​តុលាការ​កំពូល រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ស្តែង​ឲ្យ​ឃើញ​យ៉ាង​ជាក់ច្បាស់​ថា ដំណើរ​ការ​ផ្លូវ​ច្បាប់​ទាំង​មូល គឺ​គ្មានអ្វី​ក្រៅ​តែ​ជា​ឆាក​ល្ខោន​នយោបាយ​ដែល​ផ្ទុយ​ពី​គោលការណ៍​សិទ្ធិមនុស្ស និង​នីតិរដ្ឋ។

​លោក ឃីងស្លី អាបុត្រ ថ្លែង​បន្ត​ថា នេះ​គឺ​ជា​ការ​ចម្អក​ឡកឡឺយ​ដល់​ប្រព័ន្ធ​យុត្តិធម៌​ដែល​ប្រធាន​តុលាការ​កំពូល គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​អង្គុយ​កាត់​ក្តី​លើ​សំណុំរឿង​រម្លាយ​គណបក្ស​ប្រឆាំង​នេះ ដែល​ការណ៍​នេះ គឺ​ជា​ទំនាស់​អត្ថប្រយោជន៍​ដ៏​ធ្ងន់ធ្ងរ​មួយ។​

​សេចក្ដី​ថ្លែងការណ៍​របស់​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ​ដដែល​នេះ គូស​បញ្ជាក់​ថា រាល់​ក្តី​បារម្ភ​នានា​ដែល​បាន​លើក​ឡើង​មក​នេះ គឺ​ដូចគ្នា​ទៅ​នឹង​របក​គំហើញ​របស់​គណៈកម្មការ​នេះ ដែល​បាន​ចេញ​ផ្សាយ​ក្នុង​របាយការណ៍​មួយ​​របស់​ខ្លួន កាល​ពី​ខែ​តុលា។ គណៈកម្មការ​នេះ​រក​ឃើញ​ថា ប្រទេស​កម្ពុជា កំពុង​តែ​ប្រើប្រាស់​ច្បាប់ ធ្វើ​ជា​អាវុធ​មុខ​ពីរ​ក្នុង​គោលដៅ​ដើម្បី​បំបិទ​មាត់​ក្រុម​អ្នក​រិះគន់​ប្រឆាំង និង​ជីក​រម្លើង​កម្ទេច​លទ្ធិប្រជាធិបតេយ្យ​ចោល​តែម្តង តាម​រយៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​សុទ្ធតែជា​ក្រុម​មនុស្ស​ខ្វះ​ឯករាជ្យ។

របាយការណ៍​វាយ​តម្លៃ​ជា​មូលដ្ឋាន​របស់​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ស្ដីពី «ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​សម្រាប់​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា» ចេញ​ផ្សាយ​ថ្ងៃ​ទី​១៨ ខែ​តុលា គូសបញ្ជាក់​ថា បញ្ហា​ចុង​ក្រោយ​ចម្បង​បំផុត​មួយ​ដែល​ប្រព័ន្ធ​ច្បាប់​កម្ពុជា កំពុង​តែ​ជួប​ប្រទះ​នៅ​ពេល​នេះ គឺ​កង្វះ​ឯករាជភាព​នៃ​អង្គចៅក្រម និង​ព្រះរាជអាជ្ញា​ដែល​អព្យាក្រឹត ស្រប​ពេល​ដែល​មាន​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ដ៏​រ៉ាំរ៉ៃ​ជា​ប្រព័ន្ធ​ក្នុង​សំណុំរឿង​រសើប​នានា រួមផ្សំ​ជាមួយ​ប្រព័ន្ធ​ពុករលួយ ចាក់ឫស​គល់​លើ​គ្រប់​វិស័យ។

​ជា​ចុង​ក្រោយ លោក ឃីងស្លី អាបុត្រ សង្កត់​ធ្ងន់ៗ​ថា ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ជា​ការ​បញ្ជូន​សារ​ដ៏​ជាក់​ច្បាស់​មួយ​ទៅ​កាន់​សហគមន៍​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ថា បន្ទាត់​ក្រហម​មួយ​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើរ​ឆ្លង​ហួស ដែល​ការណ៍​នេះ ចាំបាច់​តម្រូវ​ឲ្យ​មាន​នូវ​ការ​កោះ​ប្រជុំ​ជា​បន្ទាន់​ឡើង​វិញ ពី​សំណាក់​បណ្តា​ភាគី​អន្តរជាតិ​ពាក់ព័ន្ធ​នានា ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​កិច្ចការ​ចំពោះ​មុខ​ដ៏​បន្ទាន់​បំផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។