សមាជិក​គណបក្ស​ប្រឆាំង​សន្យា​នឹង​ទាមទារ​កម្ពុជា​ក្រោម​មក​វិញ​ក្រោយ​ឈ្នះ​ឆ្នោត២០១៨

ដោយ ម៉ម មុនីរតន៍
2017.06.24
ស៊ីសុវត្ថិ ធម្មិកោ ៨៥៥ ២០១៧ អតីត​ព្រះរាជ​លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ និង​ជា​មន្ត្រី​ជាន់​ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ក្នុង​ពិធី​រំឭក​ខួប​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នា​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

មាន​ព្រះរាជ​បន្ទូល​នៅ​ចំពោះ​មុខ​ពលរដ្ឋ និង​ព្រះសង្ឃ​ក្នុង​ពិធី​រំលឹក​ការ​ចងចាំ​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតនកោដ្ឋ សន្យា​ថា នឹង​ទាមទារ​ទឹក​ដី​កម្ពុជា​ក្រោម ពី​វៀតណាម​មក​វិញ ក្រោយ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៨។ ចំពោះ​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​ព្រមាន​ជា​ញឹកញាប់​ថា អ្នក​ដែល​ចង់​បាន​កោះត្រល់ ឬ​ទឹក​ដី​កម្ពុជា​ក្រោម​មក​វិញ នឹង​ជា​បក្ស​ដែល​បង្កើត​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ហើយ។ ប៉ុន្តែ​អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា កម្ពុជា​ពិត​ជា​អាច​មាន​លទ្ធភាព​ទាមទារ​ទឹកដី​កម្ពុជា បាន​មក​វិញ។

នៅ​ថ្ងៃ​ទី​ខួប ៦៨​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម សម្រាប់​ឆ្នាំ​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​អះអាង​ថា ទឹកដី​កម្ពុជា​ក្រោម​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋ​កុម្មុយនិស្ត​វៀតណាម គឺ​ត្រូវ​តែ​ជា​របស់​កម្ពុជា ហើយ​ពលរដ្ឋ​ខ្មែរ​ក្រោម​ត្រូវ​តែ​មាន​សិទ្ធិ​សេរីភាព និង​កាតព្វកិច្ច​ដូច​ពលរដ្ឋ​កម្ពុជា​ដែរ ទាំង​សេរី និង​ឯកសារ​ផ្លូវ​ច្បាប់។

មាន​ព្រះរាជ​បន្ទូល​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សន្យា​ថា ទឹកដី​កម្ពុជា​ក្រោម​មិន​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម ឡើយ។ ព្រះអង្គ​បន្ត​ថា តាម​ពិត​កម្ពុជា មាន​ផ្លូវ​ច្បាប់​រឹងមាំ និង​គ្រប់គ្រាន់​ក្នុង​ការ​ទាមទារ​កម្ពុជា​ក្រោម ឬ​កូសាំងស៊ីន​មក​វិញ ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល​ពុំ​មាន​ឆន្ទៈ​ទើប​ទៅ​ជា​បែប​នេះ។

អតីត​ព្រះរាជ​លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ថា គណបក្ស​ប្រឆាំង​នឹង​មិន​នៅ​ស្ងៀម​ឡើយ​ចំពោះ​រឿង​នេះ ក្រោយ​ឈ្នះ​ឆ្នោត និង​ឈាន​ទៅ​ដឹក​នាំ​ប្រទេស​ក្រោយ​ឆ្នាំ​២០១៨។ ព្រះអង្គ​បន្ត​ថា «ទឹក​ដី​កម្ពុជា​ក្រោម គឺ​ជា​ទឹកដី​របស់​ខ្មែរ ដូច្នេះ​យើង​ត្រូវ​តែ​រួបរួម​គ្នា​ពួត​ដៃ​គ្នា​រំដោះ​ទឹកដី​កម្ពុជា ហើយ​យក​មក​ភ្ជាប់​ជាមួយ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ឡើង​វិញ។ ខ្ញុំ​ប្ដេជ្ញា​ចិត្ត ហើយ​នឹង​តស៊ូ​មតិ​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ »

លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោយ ឲ្យ​ដឹង​ថា រាជវង្សានុវង្ស​ពុំ​ដែល​បោះបង់​ទឹកដី​កម្ពុជា​ក្រោម ម្ដង​ណា​ឡើយ។ លោក ថាច់ សេដ្ឋា ថ្លែង​ដោយ​ផ្អែក​លើ​ឯកសារ​យោង​ផ្លូវ​ការ​ដែល​ទើប​ទទួល​បាន​រដ្ឋាភិបាល​បារាំង អះអាង​ថា ក្នុង​សម័យ​សង្គមរាស្ត្រនិយម ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​តែង​ទាមទារ​ជានិច្ច​នូវ​ទឹកដី​កម្ពុជា​ក្រោម​នេះ រួម​ទាំង​ក្នុង​រាជ​ព្រះបាទ​អង្គឌួង មក​ផង។ លោក​បន្ត​ថា «ទឹកដី​កម្ពុជា​ក្រោម ព្រះមហាក្សត្រ​ខ្មែរ​មិន​ដែល​បោះបង់​ចោល​ម្តង​ណា​ទេ ហើយ​នៅ​តែ​តវ៉ា​ជា​រៀង​ដរាប»

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា ការ​ប្រើ​វោហារសាស្ត្រ​ផ្នែក​នយោបាយ​របស់​ប្រឆាំង​នេះ គឺ​ជា​រឿង​ក្លែងក្លាយ​សុទ្ធសាធ។ លោក​បន្ត​ថា រដ្ឋាភិបាល​ក៏​មាន​ភក្ដីភាព​ចំពោះ​ទឹក​ដី​ដែល​បាត់បង់​ដែរ ប៉ុន្តែ​អ្វីៗ​មក​ដល់​ពេល​នេះ វា​ហួស​ពេល​អស់​ទៅ​ហើយ។ ម្យ៉ាង​ទៀត ការ​ទាមទារ​ដោយ​មធ្យោបាយ​ណា​មួយ​ក្នុង​រឿង​ទឹកដី​កម្ពុជា​ក្រោម​នេះ គឺ​មិន​អាច​ទៅ​រួច​ឡើយ​មក​ដល់​ពេល​នេះ។ លោក​បន្ត​ថា «សេចក្ដី​សម្រេច​ពី​ប្រធានាធិបតី​បារាំង ឈ្មោះ វ៉ាងសង់ អូរីយ៉ូល (Vincent Auriol) ហ្នឹង ប្រកាស​ឲ្យ​ប្រើប្រាស់​ការ​អនុម័ត​ច្បាប់​ប្រគល់​ដែនដី​កូសាំងស៊ីន​ឲ្យ​ទៅ​ព្រះចៅ បាវ ដាយ គឺ​រួច​រាល់​អស់​ទៅ​ហើយ។ ក្នុង​រយៈពេល​ជិត ៧០​ទៅ​ហើយ គ្មាន​អ្នក​ណា​មាន​គំនិត​ទារ​អី​ទេ»

សម្ដេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ព្រះរាជ​តំណាង​ព្រះមហាក្សត្រ យាង​ចូល​រួម​ក្នុង​ពិធី​រំឭក​ខួប​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នា​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
សម្ដេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ព្រះរាជ​តំណាង​ព្រះមហាក្សត្រ យាង​ចូល​រួម​ក្នុង​ពិធី​រំឭក​ខួប​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នា​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៤ មិថុនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

ឯកសារ​ដែល​ចេញ​ផ្សាយ​ដោយ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បង្ហាញ​ថា បារាំង បាន​កាត់​ទឹកដី​មួយ​ផ្នែក​នៃ​ទឹកដី​កម្ពុជា ហៅ​ថា កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម ឲ្យ​ទៅ​វៀតណាម ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់​ពី​ម្ចាស់​ប្រទេស​ទេ។ រដ្ឋការ​បារាំង បាន​កាត់​ទឹកដី​ឲ្យ​ព្រះចៅ​បាវដាយ នេះ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។

ពាក់ព័ន្ធ​រឿង​នេះ លោក ថាច់ សេដ្ឋា អះអាង​ថា ដើម្បី​រំលឹក​ពី​ការ​ឈឺ​ចាប់​ចំពោះ​ការ​បាត់បង់​ទឹកដី​ទៅ​ទទេៗ​នេះ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នឹង​ហែ​ញត្តិ​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋ​សភា​ដាក់​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ថ្ងៃ​ទិវា​ជាតិ​នៃ​ការ​ចងចាំ​បាត់បង់​ទឹក​កម្ពុជា​ក្រោម។ លោក​បន្ត​ថា ប្រសិន​គណបក្ស​នយោបាយ​ណា​ដែល​មិន​ឯកភាព​នឹង​ការ​ស្នើ​នេះ បាន​ន័យ​ថា មិន​ចូល​រួម​នឹង​ការ​បាត់បង់​ទឹកដី​របស់​ខ្លួន​នោះ​ទេ។

ជុំវិញ​រឿង​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បញ្ជាក់​ជំហរ​រួច​ហើយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១២ ថា តាម​ពិត​ទៅ​​ទឹក​ដី​កម្ពុជា​ក្រោម​នេះ ពុំ​មែន​ទើប​តែ​បាត់បង់​នៅ​ពេល​ដែល​លោក​ឡើង​កាន់​អំណាច ឬ​រដ្ឋាភិបាល​របស់​លោក​គ្រប់គ្រង​ប្រទេស​នោះ​ឡើយ។ លោក ហ៊ុន សែន ថ្លែង​ការពារ​រដ្ឋាភិបាល​របស់​លោក​ថា ទឹកដី​កម្ពុជា​ក្រោម និង​កោះត្រល់​នេះ បាន​បាត់បង់​រួច​ទៅ​ហើយ តាំង​ពី​ជំនាន់​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ក្នុង​ពេល​ដែល​ព្រះអង្គ​ព្រម​ផ្ដល់​ផែនទី និង​ទទួល​ស្គាល់​ខ្សែ​បន្ទាត់​ព្រំដែន​ទឹក និង​ព្រំដែន​គោក​ដែល​គូស​ដោយ​​បារាំង។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា អះអាង​ថា ឯកសារ​ជា​ច្រើន​ទំព័រ​ដែល​សមាគម​របស់​លោក​ទទួល​បាន​ពី​ប្រទេស​បារាំង គឺ​ការ​តវ៉ា​របស់​ព្រះបាទ នរោត្តម សីហនុ រឿង​ទឹកដី​កម្ពុជា​នេះ មិន​ត្រឹម​តែ​មិន​ទទួល​ស្គាល់​ការ​អារកាត់​ដោយ​រដ្ឋការ​បារាំង ក្នុង​ជំនាន់​នោះ​ទេ លើស​ពី​នេះ​ទៅ​ទៀត ថែម​ទាំង​មិន​ទទួល​ការ​កំណត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ទៀត​ផង។

លោក​បណ្ឌិត ចាន់ វិបុល ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​យល់​ឃើញ​ថា ផ្អែក​គោលការណ៍​ច្បាប់​កម្ពុជា នៅ​តែ​មាន​លទ្ធភាព​ទាមទារ​ទឹក​ដី​កម្ពុជា​ក្រោម​មក​វិញ​បាន​ទេ សំខាន់​ត្រូវ​មាន​ឯកភាព​ជាតិ​ទាំងមូល​ជា​មុន​សិន មុន​នឹង​ត្រូវ​ពិនិត្យ​តាម​ផ្លូវ​ច្បាប់​តវ៉ា។ លោក​បន្ត​ថា ការ​សម្រេច​ដោយ​អាណាព្យាបាល​បារាំង រឿង​ទឹកដី​កូសាំងស៊ីន​នេះ គឺ​កម្ពុជា​ពុំ​បាន​ឯកភាព​តាំង​ពី​ដើម​រៀង​មក។ ហេតុ​ផល​ទាំង​នេះ គឺ​ជា​បុព្វសិទ្ធិ​ផ្លូវ​ច្បាប់​ដ៏​សំខាន់​ដែល​កម្ពុជា នៅ​តែ​ជា​ម្ចាស់​ទឹកដី​កម្ពុជា​ក្រោម​នេះ។ លោក​បន្ត​ថា «ដោយសារ​តែ​កាត់​ក្ដី​នេះ​ជា​ការ​កាត់​ក្ដី​ដោយ​អាណាព្យាបាល​ដែល​ពេល​នោះ គឺ​ស្ថិត​ក្នុង​សម្ពាធ​នយោបាយ។ អ៊ីចឹង​កម្ពុជា នៅ​មាន​បុព្វសិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បញ្ហា​ឲ្យ​សើរើ​ឡើង​វិញ​លើ​បណ្ដឹង​សាទុក្ខ​នេះ»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​ថា បក្ស​នយោបាយ ឬ​អ្នក​ដែល​ចង់​បាន​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ ជា​មុន​ត្រូវ​តវ៉ា​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​ត្រៀម​ក្ដារមឈូស​ជា​មុន​សិន។

ជុំវិញ​ការ​ប្រារព្ធ​ទិវា​ចងចាំ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ក្នុង​ពេល​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ មិន​ទាន់​យាង​ចូល​ទិវង្គត គឺ​ព្រះអង្គ​តែង​ព្រះរាជទាន​ថវិកា​ប្រមាណ ២​ពាន់​ដុល្លារ​ដល់​សមាគម​ខ្មែរ​កម្ពុជា​ជានិច្ច។ ​ក្រោយៗ​មក​ទៀត មាន​តំណាង​របស់​ព្រះ​មហាក្សត្រ​តែង​ចូលរួម​រាល់​ឆ្នាំ។ នៅ​ឆ្នាំ​នេះ សម្រាប់​ខួប ៦៨​ឆ្នាំ សម្ដេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ព្រះរាជ​តំណាង​ព្រះមហាក្សត្រ មាន​បន្ទូល​ថា ព្រះអង្គ​នឹង​មាន​វត្តមាន​ជានិច្ច​ជាមួយ​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម ក្នុង​បុព្វហេតុ​ជាតិ និង​មាតុភូមិ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។