មន្ត្រី​បក្ស​កាន់​អំណាច​ឌឺដង​ឲ្យ​ប្រធាន​បក្ស​ប្រឆាំង​ថា​ប្រើ​វិធី​ច្រំដែល​ដើម្បី​រៃអង្គាស​លុយ

0:00 / 0:00

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ការ​រិះគន់​របស់​លោក កឹម សុខា នៅ​ប្រទេស​នូវែលហ្សេឡង់ (New Zealand)លើ​បក្ស​កាន់​អំណាច ថា​យក​ក្បួន​ចាស់​របស់​លោក សម រង្ស៊ី ដើម្បី​រក​លុយ​ជួយ​បក្ស​ប្រឆាំង​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ អ្នក​វិភាគ​នយោបាយ​យល់​ថា នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ម្នាក់​មួយ​បែប​ជាមួយ​បក្ស​កាន់​អំណាច ដើម្បី​រក​ថវិកា​ទ្រទ្រង់​បក្ស​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ជំនឿ​ថា គណបក្ស​នេះ​បាន​ដើរ​តាម​ផ្លូវ​ត្រូវ ហើយ​ការ​ស្ទង់​មតិ​វិញ ទាំង​ផ្លូវការ និង​មិន​ផ្លូវការ បង្ហាញ​ថា​គណបក្ស​នឹង​ទទួល​ជ័យជម្នះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​នៅ​ទីក្រុង​អកឡែន (Auckland) ប្រទេស​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្អួត​ពី​កម្លាំង​បេក្ខជន​មេ​ឃុំ​របស់​គណបក្ស​ដែល​ដណ្ដើម​គ្នា​ឈរ​ឈ្មោះ។ លោក កឹម សុខា លើក​ឡើង​ថា គឺ​ជា​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​ប្រឆាំង​ដែល​បាន​ដាក់​បេក្ខជន​បាន​គ្រប់​ទាំង ១.៦៤៦​ឃុំ-សង្កាត់​ទូទាំង​ប្រទេស។

ក្រៅ​ពី​បង្អួត​កម្លាំង និង​ឆន្ទៈ​របស់​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​រិះគន់​ភាព​អវិជ្ជមាន​របស់​គណបក្ស​កាន់​អំណាច​ទាំង​នៅ​តាម​ឃុំ-សង្កាត់ និង​នៅ​ថ្នាក់​ជាតិ៖ « ហើយ​កន្លង​មក​នេះ បង​ប្អូន​ឃើញ​ហើយ ម៉ា​ឃុំ​មាន​តែ ២​ម៉ឺន ៣​ម៉ឺន ហើយ​ទៅ​អភិវឌ្ឍ​ភូមិ - ឃុំ​យ៉ាង​ម៉េច​កើត ? ប្រជាពលរដ្ឋ​ជនបទ​នៅ​តែ​ក្រីក្រ ... ។ យើង​អត់​ចង់​ឲ្យ​ដឹកនាំ​ជា​បុគ្គល​ទេ យើង​អត់​គិត​ថា​មាន​តែ​បុគ្គល​ណា​ម្នាក់​ទេ ដែល​អាច​រៀបចំ​ប្រទេស​ឲ្យ​មាន​សន្តិភាព យើង​អត់​ចង់​ត្រូវការ​ចឹង​ទេ។ យើង​ចង់​ថា​អ្នក​ណា​ក៏​មេ​ដឹកនាំ​បាន​ដែរ ដោយ​យើង​រៀបចំ​ដឹកនាំ​ជា​ប្រព័ន្ធ »

លោក កឹម សុខា បាន​ដឹកនាំ​អនុប្រធាន និង​មន្ត្រី​របស់​ខ្លួន​ដើម្បី​ទៅ​ជួប​ជាមួយ​ក្រុម​សមាជិក​សភា និង​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​នូវែលហ្សេឡង់ និង​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ហៅ​ការ​ស្ទង់​មតិ​ដែល​លើក​ឡើង​ដោយ​លោក កឹម សុខា ថា​ជា​គំនិត​គ្រូ​ទាយ។ លោក សុខ ឥសាន មើល​ឃើញ​ការ​រិះគន់​របស់​លោក កឹម សុខា ថា​ជា​យុទ្ធសាស្ត្រ​ចាស់​ដែល​លោក សម រង្ស៊ី ធ្លាប់​បោកប្រាស់ និង​អង្គាស​លុយ​អ្នក​គាំទ្រ​មក​ជួយ​គណបក្ស៖ « ដូច​ខ្ញុំ​ថា​ចឹង គណបក្ស​ប្រឆាំង​កាលណា​គាត់​មិន​ថា​មាន អត់​មាន​អភិវឌ្ឍ​ហើយ បាន​សេចក្តី​ថា​វា​មាន​ហើយ មិន​អាច​គេច​រួច​ទេ បើ​គាត់​និយាយ​ថា​មាន​ការ​អភិវឌ្ឍ​នៅ​តាម​ភូមិ ឃុំ សង្កាត់ ឃុំ​ហ្នឹង បាន​សេចក្តី​ថា​គាត់​លើក​ទឹក​ចិត្ត គាត់​លើក​គុណ​សម្បត្តិ​គណបក្ស​កាន់​អំណាច ចឹង​មាន​ថា​អត់ បើ​អត់​វា​ផ្ទុយ​ពី​ការពិត »

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ សង្គ្រាម​សម្ដី​វាយ​ប្រហារ​គ្នា​បាន​ចាប់​ផ្ដើម​តាំង​ពី​មុន​រដូវ​ឃោសនា។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហង្ស វិទូ ចាត់​ទុក​យុទ្ធសាស្ត្រ​លោក កឹម សុខា ជា​ការ​ដើរ​ផ្លូវ​ត្រូវ។ លោក​យល់​ដូច​លោក សុខ ឥសាន ថា​លោក កឹម សុខា ទៅ​ជួប​អ្នក​គាំទ្រ​ដើម្បី​រក​លុយ តែ​លោក ហង្ស វិទូ មើល​ឃើញ​ថា វិធី​របស់​បក្ស​កាន់​អំណាច​មាន​វិធី​ជាច្រើន ពោល​គឺ​ច្រើន​ជាង​គណបក្ស​ប្រឆាំង ដើម្បី​ប្រមូល​ធនធាន​ទ្រទ្រង់​គណបក្ស៖ « ទោះ​បី​ជា​គេ​ប្រើ​វិធីសាស្ត្រ​ណា​មួយ​ក្នុង​ការ​ប្រមូល​នូវ​ធនធាន​សម្រាប់​បក្ស អា​ហ្នឹង​គឺ​ជា​រឿង​របស់​គេ​ទេ »

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ មាន​គណបក្ស​ចំនួន​១២ បាន​ចុះ​បញ្ជី​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។ បើ​ទោះ​បី​ជា​រដូវ​កាល​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មិន​ទាន់​ចូល​ដល់ ក៏​គណបក្ស​នយោបាយ​ធំៗ​បាន​បង្ហាញ​សាច់​ដុំ​រៀងៗ​ខ្លួន​បណ្ដើរៗ​ហើយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។