លោក កឹម សុខា ថា​អ្នក​មិន​ចង់​ផ្លាស់ប្ដូរ​គឺ​ប្រឆាំង​នឹង​គំនិត​របស់​យុវជន

0:00 / 0:00

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ថ្លែង​ថា ការ​មិន​ចង់​ផ្លាស់ប្ដូរ គឺ​ប្រឆាំង​នឹង​គំនិត​របស់​យុវជន។ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ប្រតិកម្ម​លើ​សេចក្ដី​ថ្លែង​នេះ​ទេ ប៉ុន្តែ​រង់ចាំ​មើល​សកម្មភាព​របស់​រចនាសម្ព័ន្ធ​យុវជន​សង្គ្រោះ​ជាតិ។

សេចក្ដី​ថ្លែងការណ៍​របស់​លោក កឹម សុខា អំពី​ការ​លើក​ស្ទួយ​យុវជន គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​គ្នា​មួយ​ជាមួយ​មេ​ដឹកនាំ​ចលនា​យុវជន​សង្គ្រោះ​ជាតិ មក​ពី​ខេត្ត​ព្រះសីហនុ កោះកុង កំពង់ឆ្នាំង និង​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា៖ « យុវជន គឺ​ជា​កម្លាំង​ថ្មី យុវជន គឺ​ជា​គំនិត​ថ្មី។ យុវជន​ជា​អ្នក​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ពិត​ប្រាកដ អ្នក​ទាំងឡាយ​ណា​ដែល​មិន​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ គឺ​ប្រឆាំង​នឹង​គំនិត​របស់​យុវជន​ ហើយ»

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មិន​បាន​ចាត់​ទុក​សេចក្ដី​ថ្លែងការណ៍​របស់​លោក កឹម សុខា ជា​បញ្ហា​នាំ​ឲ្យ​ឈឺ​ក្បាល​វិល​មុខ​អ្វី​ទេ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​នេះ​ជា​សេចក្ដី​ថ្លែង​អំពី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ « អា​ហ្នឹង​ជា​គោល​នយោបាយ​របស់​គាត់ ។ យើង​ចាំ​មើល បើ​គោល​នយោបាយ​ហ្នឹង​ល្អ អា​ហ្នឹង​វា​មាន​ប្រសិទ្ធភាព ហើយ​បើ​គោល​នយោបាយ​មិន​ល្អ​ទេ អា​ហ្នឹង​វា​គ្មាន​ការ​គាំទ្រ​ទេ »

លោក កឹម សុខា ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​ការ​ឲ្យ​តម្លៃ​ដល់​យុវជន គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ថា នឹង​បង្កើត​ក្រុម​ប្រឹក្សា​យុវជន​ថ្នាក់​ជាតិ​មួយ​សម្រាប់​គណបក្ស​នេះ​នៅ​ពេល​ខាង​មុខ​នេះ៖ « គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រឹម​តែ​បង្កើត​ចលនា​ យុវជន​សង្គ្រោះ ​ជាតិ នៅ​តាម​បណ្ដា​ខេត្ត​ នានា​ទេ។ យើង​នឹង​បង្កើត​ក្រុមប្រឹក្សា​យុវជន​គណបក្ស​ សង្គ្រោះ​ជាតិ ទាំង​មូល​តែ​ម្ដង ពីព្រោះ​យើង​ចង់​ ឲ្ យ​ក្រុមប្រឹក្សា​សង្គ្រោះ​ជាតិ នេះ​ ចូលរួម​ដោយ​ផ្ទាល់ ហើយ​យ៉ាង ​ពេញ​ទំហឹង​ក្នុង​ការ​កំណត់​គោល​នយោបាយ​គណបក្ស ដើម្បី​យុវជន​ដោយ​ខ្លួន​ឯង »

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សុខ ឥសាន មាន​ប្រសាសន៍​បន្ថែម​ថា លោក​មិន​មាន​ប្រតិកម្ម​អ្វី​ចំពោះ​ការ​បង្កើត​អង្គការ​ចាត់​តាំង​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទេ ដោយ​លោក​ចាត់​ទុក​ថា វា​អាស្រ័យ​លើ​តម្រូវ​ការ​របស់​មហាជន​នៃ​គណបក្ស​នីមួយៗ។ លោក​បញ្ជាក់​បន្ថែម​ថា រចនាសម្ព័ន្ធ​យុវជន​នេះ​មិន​មាន​អ្វី​ប្លែក​ថ្មី​ទេ ព្រោះ​រចនាសម្ព័ន្ធ​នៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​រៀបចំ​បែងចែក​រួច​ហើយ​អំពី​ការ​លើក​ស្ទួយ​តួនាទី​យុវជន​របស់​ខ្លួន។

រហូត​មក​ដល់​ពេល​នេះ ពាក្យ​ថា​ផ្លាស់​ប្ដូរ​នៅ​តែ​ជា​ពាក្យ​មួយ​ពេញ​និយម​របស់​គណបក្ស​ប្រឆាំង។ ដោយឡែក​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែង​រសើប​នឹង​ការ​ផ្លាស់​ប្ដូរ ជាពិសេស​ទម្រង់​ផ្លាស់ប្ដូរ​ដោយ​បដិវត្តន៍។ លើស​ពី​នេះ​ទៀត ទាំង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​កង​កម្លាំង​ប្រដាប់​អាវុធ តែង​ចេញ​សេចក្ដី​ថ្លែងការណ៍​គំរាម​ជា​មុន​ថា នឹង​កម្ចាត់​រាល់​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ទោះ​បី​ជា​លោក សុខ ឥសាន មិន​ចាប់​អារម្មណ៍​នឹង​ការ​បង្កើត​អង្គការ​ចាត់​តាំង​លើក​ស្ទួយ​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​ប្រទេស​ក្ដី ក៏​លោក​នឹង​ពិនិត្យ​មើល​សកម្មភាព​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ « បើ​សកម្មភាព​ណា​ឆ្លុះ​បញ្ចាំង​ពី​ការ​ ធ្វើ​សកម្មភាព ​ចង់​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ អា​ហ្នឹង​បាន​យើង​មាន​ហេតុផល​គ្រប់គ្រាន់ ដើម្បី​ចោទ ​គេ។ បើ​គ្រាន់​តែ​គេ​បង្កើត​ប្រមូល​ផ្ដុំ​ជា​យុវជន អា​ហ្នឹង​វា​ធម្មតា​ទេ វា​មាន​យុវជន វា​មាន​ មនុស្ស​ចាស់ វា​មាន​បុរស​វ័យ​កណ្ដាល​អី អា​ហ្នឹង​វា​រចនាសម្ព័ន្ធ​នៅ​ក្នុង​គណបក្ស​គេ។ អា​ហ្នឹង​អាស្រ័យ​ លើ​ការ ច្នៃ​ ប្រឌិត​របស់​មេ​បក្ស​នីមួយៗ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​វា​មាន​ការ​ប្រមូល​ផ្ដុំ​ទៅ​តាម​មជ្ឈដ្ឋាន​មហាជន​នីមួយៗ ដើម្បី​ងាយ​ស្រួល​ក្នុង​ ការ​ បំពាក់បំប៉ន អប់រំ ឬ​មួយ​ក៏​ធ្វើ​សកម្មភាព​អី​មួយ​បម្រើ​ឲ្យ​នយោបាយ​របស់​គណបក្ស »

ពេល​នេះ​ជា​សប្ដាហ៍​លើក​ទី​ពីរ​ហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​បង្កើត​កម្មវិធី​ជួប​សំណេះសំណាល​រាល់​ថ្ងៃ​អាទិត្យ​រវាង​អ្នក​ដឹកនាំ​យុវជន​តាម​ខេត្ត និង​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន ដែល​មាន​លោក កឹម សុខា ចេញ​មក​ថ្លែង​សារ​នយោបាយ​ទៅ​ថ្នាក់​ដឹកនាំ​យុវជន​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។