លោក កឹម សុខា ទាមទារ​ឲ្យ​លោក ហ៊ុន សែន សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ពី​ការ​យល់​ព្រម

0:00 / 0:00

ក្រុម​មន្ត្រី​បក្ស​ជំទាស់ ស្នើ​ឲ្យ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​សរសេរ​ជា​លាយលក្ខណ៍​អក្សរ អំពី​ការ​យល់​ព្រម​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត និង​កែប្រែ​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត។ ការ​ទាមទារ​របស់​បក្ស​ប្រឆាំង ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​បក្ស​ជំទាស់​ចូលរួម​ប្រជុំ​សភា ដើម្បី​រក​ដំណោះស្រាយ និង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​យល់​ព្រម​លើ​ចំណុច​មួយ​ចំនួន​តាម​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង។

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ព្រមាន​ថា ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹក​នាំ​ដោយ​គណបក្ស​តែ​មួយ​នោះ កម្ពុជា នឹង​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​តែ​ការ​គាំទ្រ​ដោយ​ក្រុម​ប្រទេស​កុម្មុយនីស្ត​ប៉ុណ្ណោះ៖ «អា​ហ្នឹង​វា​ច្បាស់​អ៊ីចឹង​ហើយ កាល​យើង​អត់​ចូល​វា​បញ្ហា​ច្រើន​ហើយ គឺ​ថា​សភា​ឯក​បក្ស បក្ស​តែ​មួយ​ហ្នឹង នោះ​គេ​នឹង​មិន​ទទួល​ស្គាល់ ហើយ​គ្មាន​នរណា​ជួយ​ទេ មាន​តែ​ប្រទេស​កុម្មុយនីស្ត​ទេ​ដែល​ជួយ។ ហើយ​បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ដឹក​នាំ​ម្នាក់​ឯង​ដឹក​នាំ​ទៅ តែ​គ្រាន់​វា​មិន​មាន​ភាព​ប្រក្រតី»

​ការ​ថ្លែង​របស់ លោក កឹម សុខា ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា ដំណោះស្រាយ​នយោបាយ​ជាប់​គាំង​នឹង​អាច​រក​ច្រក​ចេញ​រួច នៅ​ពេល​ណា​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ចូល​ប្រជុំ​សភា ហើយ​បើ​ពុំ​ដូច្នោះ​ទេ នោះ​បក្ស​កាន់​អំណាច​នឹង​ដឹក​នាំ​រដ្ឋាភិបាល​រហូត​ដល់​ឆ្នាំ​២០១៨៖ «ខ្ញុំ​បាន​ទូល​ព្រះករុណា​ដោយ​ត្រង់​ថា សភាពការណ៍​មាន​បី​យ៉ាង តែ​ខ្ញុំ​ប្រាប់​ពីរ​ឲ្យ​លោក​ឯង​ដឹង មួយ​លោក​ឯង​ចូលរួម​អា​ហ្នឹង​ល្អ។ ទី​ពីរ លោក​ឯង​មិន​ចូល​ខ្ញុំ​នៅ​តែ​ធ្វើ​អ៊ីចឹង។ ២០១៨ បោះ​ឆ្នោត​ឡើង​វិញ។ វា​គ្មាន​ម៉ែ​អាណា​ធ្វើ​តាម​លោក​ឯង​ទេ។ ដើរ​និយាយ​ស្រេច​តែ​ចិត្ត​ផ្ដួល​គេៗ​មើល​ចេញ​អា​ដួល​មើ​ប្រយ័ត្ន​វា​ងាប់​អី»

​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់​ព្រម​លើ​ចំណុច​មួយ​ចំនួន​តាម​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ ដូច​ជា ធ្វើ​វិសោធនកម្ម​ដាក់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​ជំពូក​ទី​១៥ ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ចែង​អំពី​តួនាទី និង​ការ​ជ្រើស​តាំង​សមាជិក គ.ជ.ប។ ប៉ុន្តែ លោក ហ៊ុន សែន បាន​ព្រមាន​មិន​ឲ្យ​បក្ស​ប្រឆាំង​ទាមទារ​អំពី​ការ​បែង​ចែក​អំណាច​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

​ប៉ុន្តែ លោក កឹម សុខា បាន​ទាមទារ​ឲ្យ លោក ហ៊ុន សែន សរសេរ​ការ​យល់​ព្រម​របស់​ខ្លួន​ជា​លាយលក្ខណ៍​អក្សរ អំពី​ចំណុច​មួយ​ចំនួន​ដែល​បក្ស​ប្រឆាំង​ចង់​បាន៖ «យើង​អត់​ទាន់​ឃើញ​ជា​លាយលក្ខណ៍​អក្សរ​ទេ យើង​ត្រូវ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ ពីព្រោះ​យើង​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ហ្នឹង វា​មិន​មែន​ចេះ​តែ​ថា​មួយ​ម៉ាត់​អ៊ីចឹង​បាន​ទេ ទាល់​តែ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ជា​លាយលក្ខណ៍​អក្សរ ពីព្រោះ​យើង​មាន​ក្រុម​ការងារ​រវាង​គណបក្ស​ទាំង​ពីរ​ហើយ​តើ! អ៊ីចឹង​ក្រុម​ការងារ​ហ្នឹង​យក​មក​ជជែក​គ្នា​ទៅ ហើយ​ឲ្យ​ចេញ​កិច្ច​ព្រមព្រៀង​ជា​នយោបាយ លាយលក្ខណ៍​អក្សរ​ទៅ ទើប​បាន​យើង​ដឹង​ថា វា​ទៅ​ជា​យ៉ាង​ម៉េច»

​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ឈាង វុន អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ដែល​និយាយ​លេប​សម្ដី​របស់​លោក​នោះ​ឡើយ។

​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក​បាន​ទាមទារ​ចំណុច​មួយ​ចំនួន​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា ការ​កែ​ទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​កែ​ទម្រង់​រដ្ឋសភា និង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ដូច​មាន​ទាមទារ​ឲ្យ​ស្ថាប័ន គ.ជ.ប ក្លាយ​ជា​ស្ថាប័ន​ធម្មនុញ្ញ និង​ការ​ទាមទារ​ឲ្យ​មាន​បោះ​ឆ្នោត​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។