បន្ទាប់ពីទទួលបានការលើកលែងទោស ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី៤ ធ្នូ បានថ្លែងជាសាធារណៈថា ការលើកលែងទោសនេះមិនមានពាក់ព័ន្ធនឹងការដោះដូរ ឬដាក់លក្ខខណ្ឌអ្វីនោះទេ។ លោក កឹម សុខា បញ្ជាក់ជំហរថា នឹងបន្តចរចាដើម្បីរកវិធីសាស្ត្រដោះលែងអ្នកដែលលោកថាជាអ្នកទោសដោយការបញ្ចេញមតិ ឲ្យមានសេរីភាពវិញ។
ប្រធានស្តីទីគណបក្សប្រឆាំង លោក កឹម សុខា នៅថ្ងៃទី៤ ធ្នូ គូសបញ្ជាក់ទៅកាន់យុវជនសកម្មជននៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ថា ការលើកលែងទោសរូបលោក មិនមានលក្ខខណ្ឌអ្វីទាំងអស់ ហើយក៏គ្មានការដោះដូរអ្វីដែរ។
លោកបន្តថា គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា មិនបានដាក់លក្ខខណ្ឌជាថ្នូរនឹងការទទួលបានការលើកលែងទោសនោះទេ៖ «ខ្ញុំនិយាយឲ្យចំទៅចុះ សម្ដេច ហ៊ុន សែន និងខ្ញុំ មានបំណងដូចគ្នា ចង់រកចក្ខុវិស័យរួម គុណតម្លៃរួម។ ប្រទេសជាតិយើងទៅអនាគត ដើម្បីឲ្យមានឯកភាពជាតិនៅថ្ងៃអនាគតនោះទេ សម្រាប់អនាគតកូនចៅយើងជំនាន់ក្រោយ»។
លោក កឹម សុខា បានឃុំខ្លួនឯងរយៈពេលជាងកន្លះឆ្នាំ ក្រោយពេលអាជ្ញាធរដាក់កងកម្លាំងតាមចាប់ខ្លួន នៅគ្រាដែលលោកបដិសេធមិនចូលបំភ្លឺនៅតុលាការ ក្នុងនាមជាសាក្សីក្នុងសំណុំរឿងសញ្ចារកម្ម ដែលគេចោទរវាងរូបលោក និងស្រីកំណាន់។ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកញ្ញា កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៥ខែ។
ព្រះមហាក្សត្រ សម្រេចព្រះរាជទានទោសលោក កឹម សុខា កាលពីថ្ងៃទី២ ធ្នូ ក្រោយពីការអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការលើកលែងទោសលោក កឹម សុខា កើតឡើងស្របពេលមេដឹកនាំគណបក្សប្រឆាំង បង្ហាញជំហរការប្រើប្រាស់យន្តការថ្មីស្ដីពីបោះបង្គោលព្រំដែន និងការលេចធ្លាយសារឆ្លើយឆ្លងរវាងអតីតយុវតីសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រឡប់មកគាំទ្រគណបក្សកាន់អំណាច និងលោកនាយករដ្ឋមន្ត្រី ព្រមទាំងកូនៗលោកដែលជាមន្ត្រីយោធា។
អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា យល់ថា ការលើកទោសនេះ គឺគណបក្សដែលមានសំឡេងក្នុងរដ្ឋសភាទាំងពីរ បានព្រមព្រៀងគ្នាលើចំណុចណាមួយ ខណៈស្ថានការណ៍នយោបាយកម្ពុជា កំពុងតានតឹង។
ទោះយ៉ាងណា លោក កឹម សុខា ថ្លែងបញ្ជាក់ថា ការលើកលែងទោសដល់រូបលោកនេះ ជាសញ្ញាចាប់ផ្តើមនៃការរកគុណតម្លៃរួមសម្រាប់ប្រទេសកម្ពុជា ដែលលោកថាត្រូវការបង្រួបបង្រួមជាតិ៖ «ប្រហែលជាភ្ញាក់ផ្អើលប៉ុន្មានថ្ងៃនេះ មានព្រឹត្តិការណ៍ថ្មីៗ។ ប្រជាពលរដ្ឋខ្លះសន្និដ្ឋានផ្សេងៗគ្នា។ អ្នកខ្លះថា មានដំណោះស្រាយនយោបាយបានដោះលែង។ អ្នកខ្លះថា បែកបាក់គ្នាហើយ អ្នកខ្លះថា ត្រូវរ៉ូវគ្នាហើយ អ្នកខ្លះថា ប្រហែលជាមានលក្ខខណ្ឌអីហើយ។ ជាសិទ្ធិរបស់បងប្អូនទាំងអស់ មានសិទ្ធិវិភាគ មានសិទ្ធិគិត មានសិទ្ធិថា មានសិទ្ធិនិយាយស្តី មានសិទ្ធិសម្ដែងមតិ គឺជាសិទ្ធិរបស់បងប្អូន។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ជាបុគ្គលសាធារណៈ ជាអ្នកដឹកនាំជាអ្នកនយោបាយ។ ខ្ញុំសូមស្វាគមន៍មតិរិះគន់ សន្និដ្ឋាន ដែលបងប្អូនមើលឃើញ»។
បន្ថែមពីលើនេះ មន្ត្រីរបស់គណបក្សកាន់អំណាច ក៏បានអះអាងថា ការលើកលែងទោសនេះមិនជាប់លក្ខខណ្ឌណាមួយនោះទេ។
ចំណែកលោក កឹម សុខា ប្រកាសឲ្យដឹងទៀតថា លោកនឹងព្យាយាមដោះស្រាយបញ្ហាដែលនៅសេសសល់ ដែលលោកសំដៅលើការដោះលែងអ្នកការពារសិទ្ធិមនុស្ស មេដឹកនាំសហគមន៍ មន្ត្រី គ.ជ.ប និងសកម្មជនរបស់បក្សប្រឆាំងដែលកំពុងជាប់ឃុំ។ លោកបានបង្ហើបថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរូបលោក បានជជែកពីអ្នកដែលកំពុងជាប់ក្នុងពន្ធនាគារ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា យល់ឃើញ ប្រសិនបើដូចអ្វីដែលគណបក្សទាំងពីរបានអះអាងមែននេះ វាជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។ ក៏ប៉ុន្តែលោកហាក់នៅមានមន្ទិលថា ល្ខោនអាចនឹងចូលវគ្គថ្មីមួយទៀតដែលលោកសង្កេតឃើញថា ការដោះលែងនេះវាកើតឡើងផ្ទួនចំពេលមានការជជែកពីរឿងផែនទី និងការទម្លាយសារសម្ងាត់។
លោក កឹម សុខា គ្រោងនឹងចូលរួមប្រជុំសភានៅដើមសប្ដាហ៍ក្រោយ ហើយទៅចូលគាល់ព្រះមហាក្សត្រ មុននឹងលោកទៅជួបអ្នកដែលកំពុងជាប់ឃុំ និងការចុះមូលដ្ឋានរបស់លោក។
អំឡុងពេលលោកឃុំខ្លួនឯងជាង ៦ខែ មានមន្ត្រីការទូតបរទេស តំណាងអង្គការផ្នែកសិទ្ធិមនុស្សអន្តរជាតិនានា ចូលទៅជជែកជាមួយលោក កឹម សុខា នៅក្នុងទីស្នាក់ការគណបក្ស។
នៅមុខយុវជនសកម្មជនរបស់បក្ស លោក កឹម សុខា ក៏ថ្លែងអរគុណដល់សហគមន៍អន្តរជាតិដែលជួយធ្វើអន្តរាគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។