ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងជាថ្មីថា គោលនយោបាយគណបក្សខ្លួនដែលបានសន្យានៅពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់ ដូចជាផ្តល់ថវិកា ៥០ម៉ឺនដុល្លារសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់ជាដើម គឺអាចធ្វើបានពិតប្រាកដ ប្រសិនបើបក្សនេះបានជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល។ ប៉ុន្តែកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បែបចំអកថា គោលនយោបាយរបស់គណបក្សប្រឆាំងភាគច្រើនជាការសន្យាខ្យល់ជាមួយពលរដ្ឋ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងសារនយោបាយក្នុងពេលឃោសនារកសំឡេងឆ្នោតទៅកាន់ប្រជាពលរដ្ឋប្រមាណ ៣ពាន់នាក់នៅស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ឧសភា ថា លោកហ៊ានធានាពីគោលនយោបាយរបស់គណបក្សប្រឆាំងមួយនេះ គឺមិនមែនជាការសន្យាខ្យល់ឡើយ។ លោក កឹម សុខា សង្កត់ធ្ងន់ថា មានឧទាហរណ៍រួចមកហើយកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ លោកបានសន្យាដំឡើងប្រាក់ខែមន្ត្រីរាជការឲ្យបានម្នាក់ ១លានរៀល និងតម្លៃភ្លើងអគ្គិសនី ៦០០រៀលក្នុងមួយគីឡូវ៉ាត់ ជាដើមនោះ គឺរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន កំពុងយកមកអនុវត្តសព្វថ្ងៃ។
លោកអះអាងថា ចំពោះគោលនយោបាយថវិកា ៥០ម៉ឺនដុល្លារអាមេរិកសម្រាប់អភិវឌ្ឍឃុំ-សង្កាត់ ក៏អាចធ្វើបានដែរ ប្រសិនបើគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតបានដឹកនាំប្រទេស៖ « ហើយគេនិយាយថា គណបក្សសង្គ្រោះជាតិ ដើរសន្យាខ្យល់ កុំជឿ ! អត់មានលុយទេ ! ធ្វើមិនបានទេ ! ឥឡូវខ្ញុំសុំឲ្យបងប្អូនជនរួមជាតិទាំងអស់ជឿចុះ គណបក្សសង្គ្រោះជាតិ ធ្វើបាននៅពេលណាឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល។ ឥឡូវប្អូនជឿ ឬមិនជឿ ?»។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែរំឭកជារឿយៗថា ការសន្យារបស់គណបក្សប្រឆាំង គឺជាការសន្យាខ្យល់ ដោយពុំបានធ្វើអ្វីឲ្យឃើញជារូបរាង ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋនោះទេ។ លោក ហ៊ុន សែន សរសេរជាថ្មីនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៤ ឧសភា ថា បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺគាំទ្រលើកស្ទួយ និងចូលរួមជួយជំរុញការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សឲ្យកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។
លោក ហ៊ុន សែន ថានេះមិនមែនជាការឃោសនាសន្យាខ្យល់ទេ តែជាការពិត មិនដូចបក្សមួយចំនួនកំពុងឃោសនាខ្យល់ដែលគ្មានបានកសាងអ្វីមួយនៅឡើយសម្រាប់យុវជន ក្មួយៗ និងចៅៗ គឺមិនអាចជឿទុកចិត្តបានឡើយ។
ទោះជាយ៉ាងណា អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី គាំទ្រនឹងគោលនយោបាយថវិកា ៥០ម៉ឺនដុល្លាររបស់គណបក្សសង្គ្រោះជាតិ ថាអាចធ្វើទៅបានរលូន ក៏ប៉ុន្តែត្រូវការមន្ត្រីជំនាញសម្រាប់គ្រប់គ្រងថវិកានៅតាមឃុំ-សង្កាត់៖ « សម្រាប់គណបក្សប្រឆាំង ឬគណបក្សណាក៏ដោយដែលមិនទាន់បានកាន់អំណាច គឺសន្យាខ្យល់ដូចតែគ្នាទេ ព្រោះការបង្ហាញគោលនយោបាយនេះ គឺបង្ហាញក្នុងលក្ខខណ្ឌដែលគណបក្សណាមួយឡើងកាន់អំណាច បានគេធ្វើកើត។ ចំពោះគណបក្សប្រឆាំងនៅប្រទេសណាក៏ដោយ បើសន្យាហើយធ្វើ តើបានលុយមកពីណា ? បើលុយយើងបង់ពន្ធឲ្យរដ្ឋាភិបាលទាំងអស់ហើយ។ ប៉ុន្តែប្រហែលដោយសារពលរដ្ឋទូទៅមិនបានយល់ បានជារដ្ឋាភិបាល ហើយអ្នកដទៃចេះតែយកពាក្យសន្យាខ្យល់មកប្រើ »។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២៤ ឧសភា គណបក្សសង្គ្រោះជាតិ ធ្វើយុទ្ធនាការធំជាងគេ បន្ទាប់មកមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហែក្បួនតាមផ្លូវពីស្រុកថ្មគោល ទៅស្រុកបវេល ដែលមានពលរដ្ឋចូលរួមជាង ១០០នាក់។ ចំណែកគណបក្សប្រជាជនកម្ពុជា មានសកម្មជនដើរចែកខិត្តប័ណ្ណតាមផ្ទះពលរដ្ឋ ព្រមទាំងចាក់គ្រឿងបំពងសំឡេងនៅតាមទីស្នាក់ការបក្សឃុំ-សង្កាត់។
លោក កឹម សុខា បន្តយុទ្ធនាការឃោសនាទៅខេត្តប៉ៃលិន នៅពេលរសៀលថ្ងៃទី២៤ ដដែល រួចទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប បន្តបន្ទាប់ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។