លោក កឹម សុខា គាំទ្រ​អ្នក​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា

0:00 / 0:00

អនុប្រធាន​ទី​១​រដ្ឋសភា លោក កឹម សុខា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៤ មីនា ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ចិន-កម្ពុជា និង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន នៅ​កម្ពុជា។

នេះ​ជា​ជំនួប​ដ៏​កម្រ​មួយ​រវាង​មន្ត្រី​ស្ថានទូត​ចិន នៅ​កម្ពុជា ជាមួយ​មេ​បក្ស​ប្រឆាំង​នេះ តែ​ជំនួប​នេះ ចិន ហាក់​បី​ដូចជា​បង្ហាញ​ជំហរ​ងាក​មក​ចាប់​ដៃ​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​កម្ពុជា ទាំង​ឥទ្ធិពល​នយោបាយ និង​ឥទ្ធិពល​សេដ្ឋកិច្ច។

អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រឆាំង បាន​ប្រកាស​គាំទ្រ​អ្នក​វិនិយោគ​របស់​ចិន នៅ​កម្ពុជា។

ការ​ប្រកាស​គាំទ្រ​អ្នក​វិនិយោគទុន​ចិន របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី លោក កឹម សុខា បាន​ជួប​ពិភាក្សា​ដ៏​កម្រ​មួយ​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​អ្នកស្រី ប៊ួ ជាងហ្គូ (Bu Jianguo) រយៈពេល​ជិត​ពីរ​ម៉ោង​នៅ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៤ មីនា។

អនុប្រធាន​ទី​១​រដ្ឋសភា លោក កឹម សុខា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​អ្នក​វិនិយោគ​របស់​ចិន នៅ​កម្ពុជា។ តែ​លោក​បញ្ជាក់​ថា លោក​បាន​ជម្រាប​ជូន​ឯកអគ្គរដ្ឋទូត​ចិន ជាច្រើន​អំពី​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា ដែល​តំបន់​ខ្លះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ដូចជា​ការ​វិនិយោគ​ធ្វើ​វារីអគ្គិសនី និង​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​របស់​ក្រុមហ៊ុន​ចិន ជាដើម។

លោក កឹម សុខា សង្កត់​ធ្ងន់​ថា ផល​ប៉ះពាល់​ណា​មួយ​មក​លើ​ប្រជាពលរដ្ឋ​នោះ មិន​មែន​ជា​កំហុស​របស់​ក្រុមហ៊ុន​ចិន ទេ គឺ​ជា​កំហុស​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់៖ «យើង​គាំទ្រ​ស្វាគមន៍​អ្នក​វិនិយោគ​ចិន តែ​អ្វី​ដែល​ខ្ញុំ​បាន​លើក​ហ្នឹង គឺ​ការ​វិនិយោគ​ចិន ដែល​មាន​បញ្ហា​នោះ ខ្ញុំ​មិន​បន្ទោស​អ្នក​វិនិយោគ​ទេ ខ្ញុំ​បន្ទោស​រដ្ឋាភិបាល​ខ្មែរ អ៊ីចឹង​ខ្ញុំ​សំណូមពរ​ពីរ ទី​១ សុំ​ឲ្យ​ចិន វិនិយោគ​មាន​គុណភាព។ ទី​២ សុំ​ឲ្យ​មាន​តម្លាភាព»

នៅ​ក្រោយ​ពេល​ជំនួប​នោះ ឯកអគ្គរដ្ឋទូត​ចិន អ្នកស្រី ប៊ួ ជាងហ្គូ (Bu Jianguo) មិន​បាន​ផ្ដល់​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​នោះ​ឡើយ។

នេះ​ជា​លើក​ទី​១​ហើយ​ដែល​តំណាង​ស្ថានទូត​ចិន បាន​ជួប​ជាមួយ​មេ​ដឹក​នាំ​កំពូល​គណបក្ស​ប្រឆាំង ដែល​កន្លង​មក​រដ្ឋាភិបាល​ចិន មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គណបក្ស​កាន់​អំណាច ចង​សម្ព័ន្ធភាព​ដ៏​រឹងមាំ​ជាមួយ​គ្នា។

អ្នក​វិភាគ​លើក​ឡើង​ថា ជំនួប​រវាង​តំណាង​រដ្ឋាភិបាល​ចិន និង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នេះ គឺ​ចិន មាន​បំណង​ចង់​ពង្រីក​ឥទ្ធិពល​នយោបាយ និង​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​កម្ពុជា និង​នៅ​ក្នុង​តំបន់​កាន់​តែ​ខ្លាំង​ថែម​ទៀត។

ដោយ​ឡែក​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ សម្ដែង​ការ​មិន​គាំទ្រ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា ទាំង​ស្រុង​ទេ។ លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​កម្ចី​របស់​ចិន និង​វិនិយោគ​របស់​ចិន នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា វិនិយោគ​របស់​ចិន មាន​ពីរ​ប្រភេទ គឺ​ទី​១ វិនិយោគ​តាម​រយៈ​ក្រុមហ៊ុន​ឯកជន និង​ទី​២ ជា​ការ​វិនិយោគ​ក្រុមហ៊ុន​រដ្ឋ​របស់​ចិន។ ក្រុមហ៊ុន​រដ្ឋ​របស់​ចិន នេះ ផ្សារភ្ជាប់​នូវ​នយោបាយ​ចិន នៅ​កម្ពុជា៖ «ខ្ញុំ​មិន​ស្វាគមន៍​ទាំង​ស្រុង​ទេ ដោយសារ​យើង​មើល​ភាព​គ្រោះថ្នាក់​មួយ បើ​សិន​ជា​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ យើង​នឹង​ជាប់​ជាមួយ​ចិន កាន់​តែ​ខ្លាំង ទាក់ទង​នឹង​ជំនួយ និង​កម្ចី និង​ការ​វិនិយោគ​របស់​ចិន នេះ»

ប្រទេស​ចិន បាន​ផ្ដល់​ជំនួយ និង​កម្ចី​យ៉ាង​ច្រើន​ដើម្បី​លើក​ស្ទួយ​ការ​អភិវឌ្ឍ​នានា​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា បាន​រក​ឃើញ​ថា នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា បាន​ទទួល​ជំនួយ​ពី​ប្រទេស​ចិន ប្រមាណ ៦​ពាន់​លាន​ដុល្លារ ដែល​សមាមាត្រ​នឹង​ទឹក​ប្រាក់ ៦០០​លាន​ដុល្លារ​អាមេរិក​រៀង​រាល់​ឆ្នាំ។ ចំណែក​ក្រុមហ៊ុន​ចិន វិញ ក៏​គ្រោង​នឹង​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​ទៀត ដើម្បី​សាងសង់​រោងចក្រ​នានា​នៅ​ប្រទេស​កម្ពុជា។

ជំនួប​រវាង​តំណាង​រដ្ឋាភិបាល​ចិន និង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នេះ គឺ​ជា​របត់​មួយ​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

លោក កឹម សុខា អះអាង​ថា ឯកអគ្គរដ្ឋទូត​ចិន សន្យា​ថា​នឹង​ធ្វើ​ការ​សន្ទនា​ជាមួយ​លោក បើ​សិន​ជា​មាន​បញ្ហា​អ្វី​មួយ​ត្រូវ​ជជែក​គ្នា។ ការ​សន្យា​នេះ ហាក់​ដូចជា​ចិន ចង់​ចាប់​យក​ទំនាក់ទំនង​ទាំង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច ដើម្បី​ពង្រីក​ទំនាក់ទំនង​របស់​ខ្លួន​នៅ​គ្រា​ដែល​ចិន មាន​ទំនាក់ទំនង​កាន់​តែ​ស្អិតល្មួត​ជាមួយ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។