ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ រដ្ឋសភា លោក កឹម សុខា សន្យារកយុត្តិធម៌ដល់ជនរងគ្រោះ ដែលបានស្លាប់ដោយការវាយប្រហារគប់គ្រាប់បែកដៃ កាលពីថ្ងៃទី៣០ មីនា ១៩៩៧ នៅមុខអតីតអគាររដ្ឋសភាចាស់ ក្បែរព្រះបរមរាជវាំង។
នៅថ្ងៃទី៣០ មីនា ឆ្នាំ២០១៥ ជាខួបលើកទី១៨ ដែលក្រុមបាតុករអហិង្សាដឹកនាំដោយ លោក សម រង្ស៊ី ត្រូវបានជនមិនស្គាល់មុខវាយប្រហារ និងបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦នាក់បាត់បង់ជីវិត និងជាង ១៥០នាក់ផ្សេងទៀតរងរបួស។
ថ្លែងក្នុងពិធីបង្សុកូលជូនវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងឆ្នាំនេះ លោក កឹម សុខា បន្តថា លោកសូមទោសចំពោះវិញ្ញាណក្ខន្ធ និងក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ លើសពីនេះទៅទៀត លោកអះអាងថា លោកនឹងមិនបញ្ចប់សំណុំរឿងឃាតកម្មនេះ តែត្រឹមនេះទេគឺលោកនឹងបន្តការតស៊ូ ដោយសន្តិវិធី និងអហិង្សា ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ ឲ្យខាងតែបានក្នុងពេលខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ ជនប្រព្រឹត្តិមិនត្រូវបានគេចាប់ខ្លួនមកផ្ដន្ទាទោសទេ បើទោះបីជាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុកការវាយប្រហារនោះ ថាជាចេតនារបស់រដ្ឋាភិបាល ក្នុងការកម្ទេចអ្នកនយោបាយបក្សប្រឆាំងនៅកម្ពុជា។
អង្គការអន្តរជាតិនេះលើកឡើងដែរថា ការវាយប្រហារនេះ អាចពាក់ព័ន្ធនឹងកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
