មេដឹកនាំគណបក្សសង្គ្រោះជាតិថ្លែងប្រាប់ទៅ ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី ២៣ មករា នៅឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថាកុំបីបារម្ភចំពោះការថ្លែងសារឆ្លងឆ្លង របស់អ្នកនយោបាយអី ព្រោះនោះជាចរិតនយោបាយទូទៅ នៅលើពិភពលោកតែងតែកើតមាន។ យ៉ាងណាអ្នកវិភាគ បញ្ហានយោបាយយល់ថា គណបក្សធំៗទាំងពីរ គប្បីស្វែងរកតុចរចា ដើម្បីដោះស្រាយបញ្ហាជាតិប្រសើរ ជាង ឌឺដងដាក់គ្នានោះ។
ការថ្លែងរបស់មេដឹកនាំគណបក្សប្រឆាំងនេះ គឺនៅក្នុងពិធីសំណេះសំណាល រវាងអ្នកតំណាងរាស្ត្រ និងម្ចាស់ឆ្នោត ដែលមានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់នៅឃុំត្រមូង ស្រុកមេមត់។ ពេលថ្មីៗកន្លងទៅនេះ ពលរដ្ឋជាច្រើន បានឮនូវសារនយោបាយឌឺដងធ្ងន់ៗ ដាក់គ្នាទៅវិញទៅមក រវាងមេៗនៃគណបក្សនយោបាយធំៗទាំងពីរ។
អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា គោលជំហររបស់គណបក្សសង្គ្រោះជាតិគឺ នៅតែគោរពតាមឆន្ទៈ និងស្មារតីប្រជាពលរដ្ឋជានិច្ច ពិសេសខិតខំដោះស្រាយបញ្ហាជាតិដែលជួបប្រទះ។ លើសពីនេះ លោកថែមទាំងប្រាប់ប្រជាពលរដ្ឋដែលចូលរួមថា កុំបីបារម្ភចំពោះសារនយោបាយ ស៊កសៀតដាក់គ្នា រវាងបក្សនយោបាយនោះឡើយ។ ការប្រាប់ដូចនេះ លោកទំនងជាសំដៅទៅមេដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានគំរាមមកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកន្លងមក។៖ «សុំឱ្យបងប្អូនទាំងអស់ប្រជារាស្ត្រទាំងអស់កុំខ្វាយខ្វល់ ដែលឮសូរថា គណបក្សនយោបាយប៉ះទង្គិចគ្នាអី។ បងប្អូនកុំភ័យអាហ្នឹងជារឿងធម្មតាទេ»។
លោកបន្ថែមថា ដោយសារតែចរិតនយោបាយ តែងមានការឆ្លើយឆ្លងគ្នាធ្ងន់ៗ ខ្លះក៏ដោយ ប៉ុន្តែលោកជឿជាក់ថា វប្បធម៌ចរចាដែលគណបក្សធំៗ ទាំងពីរបានសម្រេចជ្រើសយកនោះ នឹងកើតមានបន្តទៀត។ កាលពីថ្ងៃទី ១៩ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះសម្ដីមេដឹកនាំគណបក្សប្រឆាំង ដែលចេះតែដើររិះគន់លោក ដោយសុំឱ្យកាន់បន្ថយការប្រើប្រាស់ភាសាតាមចិញ្ចើមថ្នល់។ លើសពីនេះទៀត លោកថែមទាំងគំរាមលុបចោលកិច្ចចរចាទាំងអស់ និង ជំរុញឲ្យតុលាការបន្តចាត់ការលើបណ្ដឹងអាជ្ញាអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ៧រូបទៀតផង។
ដោយឡែកអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក បណ្ឌិត សុខ ទូច មានប្រសាសន៍ថា មេដឹកនាំគណបក្សធំៗ ទាំងពីរគប្បីកាត់បន្ថយសារនយោបាយរបស់ខ្លួនដាក់គ្នា ហើយងាយមករកតុចរចាដោយគិតលើផលប្រយោជន៍ជាតិជាធំវិញ៖ «បំណងចង់ឱ្យគណបក្សទាំងពីរ ចូលតុចរចា អភិវឌ្ឍន៍ជាតិ បញ្ហាគជប បញ្ហាអន្តោប្រវេសន៍ បញ្ហាដីធ្លី ទើបប្រសើរជាង»។
ក្នុងវេទិកានោះ មានពលរដ្ឋជាច្រើន ក៏បានលើកឡើងពីទុក្ខកង្វល់របស់ពួកគាត់ ពាក់ព័ន្ធបញ្ហាដីធ្លី បញ្ហាតម្លៃអគ្គិសនី បញ្ហាជនជាតិវៀតណាមចូលមករកស៊ីនៅក្នុងស្រុកមេមត់ បញ្ហាកសិផលរបស់កសិករមានតម្លៃថោកជាដើម។ យ៉ាងណាប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏បានថ្លែងប្រាប់ពលរដ្ឋថា វប្បធម៌សន្ទនា គឺ លោក សម រង្ស៊ី និង លោក ហ៊ុន សែន ជាអ្នកផ្ដើមឱ្យមាន ដូចនេះ លោកថា លោកនឹងខិតខំថែរក្សាវប្បធម៌មួយនេះបន្តទៀត។ បើទោះបីជាពេលខ្លះ លោកថា មានភាពរអាក់រអួលក៏ដោយ ក៏ប៉ុន្តែចំណុចសំខាន់គឺ ផលប្រយោជន៍ប្រជាពលរដ្ឋ៖ «មានភាពរអាក់រអួល តែខ្ញុំនឹងខិតខំឱ្យមានភាពរលូន»។
លោក សម រង្ស៊ី ថែមទាំងផ្ដាំផ្ញើពលរដ្ឋដែលមានជម្លោះដីធ្លី នៅស្រុកមេមត់ទាំងអស់ គប្បីក្រោកឈរការពារដីធ្លី របស់ខ្លួនឱ្យបានគង់វង្ស បើមិនដូចនេះទេ ក្រពើនៅខាងកើត ដែលសំដៅទៅប្រទេសវៀតណាម នឹងអាចលេបត្របាក់យកជាក់ជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។