សង្គម​ស៊ីវិល​និង​គណបក្ស​កាន់​អំណាច​មិន​ទាន់​ជឿ​ថា​បក្ស​ប្រឆាំង​ឈប់​ឈ្លោះ​រឿង​បុគ្គល

0:00 / 0:00

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច នៅ​មិន​ទាន់​ជឿ​ថា គណបក្ស​ប្រឆាំង​នឹង​ប្តូរ​ជំហរ​​ពី​ការ​រិះគន់​រឿង​បុគ្គល ​មក​រិះគន់​ទស្សនៈ​នយោបាយ​វិញ​នៅ​ឡើយ​ទេ។

ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា នៅ​ឆ្នាំ​២០១៦ នេះ លោក​មិន​ឆ្លើយ និង​មិន​ឈ្លោះ​រឿង​បុគ្គល​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ប៉ុន្តែ​លោក​នៅ​តែ​ប្រកួត​តែ​រឿង​ទស្សនៈ​នយោបាយ​ប៉ុណ្ណោះ។

ការ​ប្រកាស​ជំហរ​របស់​គណបក្ស​ប្រឆាំង ធ្វើ​ឲ្យ​មាន​ការ​ជជែក​គ្នា​ពី​អ្នក​តាម​ដាន​នយោបាយ ទាក់ទង​ជំហរ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ។ អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ថា ប្រសិន​បើ​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្លាយ​ជា​ការ​ពិត នឹង​ក្លាយ​ជា​ប្រយោជន៍​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត ព្រោះ​អ្នក​នយោបាយ​ឈ្លោះ​គ្នា​រឿង​ជាតិ ប្រសើរ​ជាង​ឈ្លោះ​គ្នា​រឿង​បុគ្គល។

លោក កឹម សុខា បាន​បញ្ជាក់​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​៨ ខែ​មករា ថា លោក​រង់ចាំ​ស្វាគមន៍​ប្រកួត​ទស្សនៈ​នយោបាយ​ពី​គណបក្ស​គូ​ប្រកួត។ លោក​បន្ត​ថា នឹង​លើក​ទឹក​ចិត្ត​ដល់​សកម្មជន និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ អនុវត្ត​ទស្សនៈ​មិន​ឆ្លើយ​មិន​ឈ្លោះ​រឿង​បុគ្គល​ជាមួយ​ថ្នាក់​ដឹក​នាំ​ជា​គូ​បដិបក្ខ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​គណបក្ស​នេះ​រត់​តាម​ស្ថានការណ៍​ដែល​គណបក្ស​មួយ​ទៀត​បង្កើត​ព្រឹត្តិការណ៍៖ «គឺ​ខ្ញុំ​នឹង​មិន​ឆ្លើយ​មិន​ឈ្លោះ​រឿង​បុគ្គល បង​ប្អូន​ឃើញ​ចម្លែក​ហើយ គេ​ឈ្លោះ​អី​ឈ្លោះ​ទៅ ថា​អី​ថា​ទៅ ប៉ុន្តែ​ខ្ញុំ​នឹង​ចូលរួម​ប្រកួត​តែ​ទស្សនៈ​នយោបាយ ដើម្បី​ជា​ប្រយោជន៍​ជាតិ ប្រយោជន៍​ប្រជាជន»

លោក កឹម សុខា ពី​មុន​ដែល​ធ្លាប់​រិះគន់ លោក ហ៊ុន សែន ឬ​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន ឥត​សំចៃ​មាត់​នោះ ពេល​នេះ​បាន​ប្រែ​ស្ងប់ស្ងាត់​ខ្លះ បន្ទាប់​ពី​មាន​បាតុកម្ម​កាល​ពី​ចុង​ឆ្នាំ​២០១៥ នៅ​កណ្តាល​ក្រុង​ភ្នំពេញ ទាមទារ​ទម្លាក់​លោក​ចេញ​ពី​អនុប្រធាន​ទី​១ រដ្ឋសភា ហើយ​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះ​ឆ្នោត​ទម្លាក់ លោក កឹម សុខា ចេញ​ពី​ក្បាល​ម៉ាស៊ីន​រដ្ឋសភា ស្រប​ពេល​តុលាការ​កម្ពុជា ចេញ​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី ផង​នោះ។

ឥឡូវ​នេះ លោក កឹម សុខា មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​មុន​ទេ។ ស្រាប់​តែ​ពេល​នេះ លោក​ប្រកាស​ពី​ការ​ផ្លាស់ប្ដូរ​នយោបាយ​របស់​ខ្លួន ដោយ​មិន​រិះគន់​បុគ្គល ឬ​ឆ្លង​ឆ្លើយ​ជាមួយ លោក ហ៊ុន សែន ពី​រឿង​បុគ្គល​ដូច​កាល​ពី​មុន​ទៅ​វិញ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មិន​ទាន់​ជឿ​ការ​អះអាង​របស់ លោក កឹម សុខា នៅ​ឡើយ​ទេ ដោយ​រង់ចាំ​មើល​ការងារ​អនុវត្ត​ជាក់ស្តែង។ លោក​ថា ជា​ទម្លាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក មិន​បាន​បង្ហាញ​ទស្សនៈ​ប្រាកដ​និយម​លើ​រឿង​អ្វី​មួយ​ឡើយ៖ «ខ្ញុំ​មិន​ទាន់​មាន​ជំនឿ​ថា រង់ចាំ​មើល​អនុវត្ត​ជា​មុន​សិន ព្រោះ​បង​ប្អូន​បក្ស​ប្រឆាំង គាត់​និយាយ​ផ្សេង អនុវត្ត​ផ្សិង។ ជាក់ស្តែង​តើ​ដូច​ថា​អត់ បើ​ដូច​ថា តើ​ខ្លឹមសារ​យ៉ាង​ម៉េច​ដែរ»

ខណៈ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០១៧ ខាង​មុខ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ផ្តើម​ពង្រឹង​ជើង​ក្រោម​របស់​ខ្លួន។ គណបក្ស​កាន់​អំណាច ធ្វើ​សមាជ​រយៈពេល​ពីរ​ថ្ងៃ ដោយ​មាន​សមាជិក​ទូទាំង​ប្រទេស​ចូលរួម។ ចំណែក​គណបក្ស​ប្រឆាំង ចាប់​ផ្តើម​ចុះ​មូលដ្ឋាន​នៅ​តាម​បណ្តា​ខេត្ត​នានា។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ និង​ជា​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ ស្វាគមន៍​ការ​លើក​ឡើង​បែប​នេះ​របស់​ប្រមុខ​គណបក្ស​ប្រឆាំង។ លោក​ថា លោក​ចង់​ឃើញ​អ្នក​នយោបាយ​ឈ្លោះ​គ្នា​បញ្ហា​ជាតិ ជា​ជាង​រឿង​បុគ្គល។ ទោះ​បែប​នេះ​ក្តី លោក អ៊ូ វីរៈ មិន​ទាន់​ជឿ​ថា តើ លោក សម រង្ស៊ី អាច​កែ​ចរិត​របស់​ខ្លួន​ពី​ការ​មិន​រិះគន់​រឿង​បុគ្គល មក​រិះគន់​រឿង​គោល​នយោបាយ​ជាតិ​ដែរ​យ៉ាង​ណា?៖ «ខ្ញុំ​មើល​ទៅ​ចរិត លោក សម រង្ស៊ី ប្រហែល​នៅ​តែ​ជជែក​រឿង​បុគ្គល​ដូច លោក ហ៊ុន សែន ដែរ។ ចឹង​បាន​ខ្ញុំ​ថា ដូចជា​ពិបាក​ដែរ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ចឹង​តើ​ជាក់ស្តែង​ដូច លោក កឹម សុខា ប្រសាសន៍​បែប​ហ្នឹង តើ លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាន​អត់?»

ជំហរ​ថ្មី​របស់​ប្រមុខ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ដោយ​ហេតុ​ថា គណបក្ស​ប្រឆាំង​នឹង​យក​ពេលវេលា​ទៅ​រៀបចំ​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នា​ពេល​ខាង​មុខ ដោយ​អះអាង​ពី​ការ​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​ចំនួន​៣។ យុទ្ធសាស្ត្រ​ថ្មី​ទាំង​បី​នោះ គឺ​រៀបចំ​ខ្លួន​ទៅ​បោះ​ឆ្នោត រៀបចំ​ខ្លួន​ដើម្បី​ដណ្តើម​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត និង​ជំហាន​ទី​៣ គឺ​រៀបចំ​ខ្លួន​ទៅ​ដឹក​នាំ​ប្រទេស ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។