មេដឹកនាំគណបក្សសង្គ្រោះជាតិ ព្រមានគណបក្សកាន់អំណាច ឲ្យត្រៀមខ្លួនធ្វើជាបក្សប្រឆាំង។ ការអះអាងនេះ ធ្វើឡើងដោយអនុប្រធានទី១រដ្ឋសភា និងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃទី២៣ តុលា ក្នុងថ្ងៃប្រារព្ធខួបលើកទី២៣ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីកម្ពុជា ក្នុងបរិវេណទីស្នាក់ការគណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិ ជាបក្សនយោបាយតែមួយគត់នៅកម្ពុជា ដែលរៀបចំរំឭកខួបលើកទី២៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច ចេញសេចក្តីថ្លែងការណ៍រំឭកប្រវត្តិសាស្ត្រ និងវីរភាពអតីតព្រះមហាវីរក្សត្រ។ រីឯគណបក្សប្រជាជនកម្ពុជា បានត្រឹមអនុញ្ញាតឲ្យមន្ត្រីរបស់ខ្លួនឈប់សម្រាកតាមប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ។
ខួបនៃសន្និសីទទីក្រុងប៉ារីស ត្រូវបានរាជរដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន សែន លុបចោលពីក្នុងប្រតិទិនឈប់សម្រាករបស់ជាតិ ចាប់តាំងពីឆ្នាំ២០០៧ គឺពីរឆ្នាំបន្ទាប់ពីរដ្ឋាភិបាលបានចុះសន្ធិសញ្ញាបំពេញបន្ថែមជាមួយប្រទេសវៀតណាម។រហូតមកដល់ខែតុលា ឆ្នាំ២០១២ គឺបន្ទាប់ពីអតីតព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ សោយទិវង្គត លោក ហ៊ុន សែន ក៏បានប្រោសកិច្ចព្រមព្រៀងនេះឲ្យរស់ឡើងវិញ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានព្យាយាមម្តងជាពីរដង ដើម្បីលុបបំបាត់ស្មារតីបង្រួបបង្រួមជាតិកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកបន្តថា បក្សកាន់អំណាចព្យាយាមលើកស្ទួយថ្ងៃ៧ មករា ជាថ្ងៃជ័យជម្នះលើរបប ប៉ុល ពត និងជាថ្ងៃដែលវៀតណាម វាយទន្ទ្រានកាន់កាប់ប្រទេសកម្ពុជា ប៉ុន្តែតាំងពីឆ្នាំ១៩៩១ មក ពលរដ្ឋខ្មែរមិនដែលរស់នៅដោយសុខសាន្ត និងដោយសន្តិភាពនោះទេ។ លោកបញ្ជាក់ថា គណបក្សកាន់អំណាចប្រុងខ្លួនធ្វើជាបក្សប្រឆាំងឲ្យហើយទៅ ព្រោះថា នៅអាណត្តិក្រោយ ពលរដ្ឋភាគច្រើនលើសលប់ នឹងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ៖ «សំឡេង»។
ទោះជាបែបណាក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ជាច្រើនដងច្រើនសាថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះ ក៏ជាសមិទ្ធផលនៃថ្ងៃរំដោះ ៧ មករា ដែរ ហើយស្ថាបនិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺលោកខ្លួនឯងតែម្តង។
នៅក្នុងសន្ទរកថាថ្នាក់ដឹកនាំក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបាលកម្ពុជា សុទ្ធតែបញ្ជាក់ថា កម្ពុជា មានសន្តិភាពពេញបរិបូរណ៍កំណើនសេដ្ឋកិច្ចល្អប្រសើរ និងមានជំនឿដែរថា ពលរដ្ឋនឹងនៅតែបោះឆ្នោតឲ្យកាន់អំណាច។ យ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជា បានបាត់បង់កៅអីតំណាងរាស្ត្រអស់ ២២អាសនៈរួចមកហើយនៅអាណត្តិទី៥នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។