មនុស្សជាង៤ពាន់នាក់ (៤៦៩៦) ចូលរួមប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា។ ពិធីនេះមានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋ។
នៅក្នុងពិធីរំលឹកខួបរយៈពេលជាងកន្លះម៉ោង នៅវិមានឯករាជ្យក្នុងក្រុងកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងកើតសរសើរនូវវីរភាពដ៏អង់អាចក្លាហានរបស់ព្រះបរមរតនកោដិ អតីតព្រះមហាក្សត្រសម្ដេចព្រះនរោត្ដម សីហនុ ក្នុងការទាមទារឯករាជ្យភាពជាតិពេញលេញពីអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៥៣។ លោកក៏បានរំលឹកដែរនូវកំណើត នៃកងយោធពលខេមរភូមិន្ទ និងការផ្សះផ្សាបង្រួបបង្រួមជាតិឡើងវិញក្នុងឆ្នាំ១៩៩៣ ដោយមានកម្លាំងកងយោធពលខេមរភូមិន្ទជាស្នូលក្នុងសកម្មភាពថែរក្សាសន្តិភាពរហូតមកដល់បច្ចុប្បន្ន៖ សំឡេង
ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណាព្យាបាលប្រទេសបារាំង ឬបារាំងធ្វើអាណានិគមមកលើប្រទេសកម្ពុជាក្នុងឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបបារាំងបានផ្ដល់ឯករាជ្យពេញលេញដល់ប្រទេសកម្ពុជា ក្រោមព្រះរាជបូជនីយៈកិច្ចទាមទារឯករាជ្យរបស់អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ។ មន្ត្រីសាលាខេត្តកំពង់ឆ្នាំងអះអាងថា ពិធីរំលឹកខួបនេះ ត្រូវបានរៀបចំឡើងជារាល់ឆ្នាំ ប៉ុន្តែនៅឆ្នាំ២០១៤ នេះមានលក្ខណៈខុសប្លែកដោយមានមនុស្សចូលរួមច្រើន និងមានថ្លែងសុន្ទរកថា រំលឹកអំពីប្រវត្តិ នៃទិវាបុណ្យឯករាជ្យជាតិនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
