សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើឲ្យក្រសួងការបរទេសកម្ពុជា ជួយធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធនានា ដោះលែងព្រះសង្ឃខ្មែរក្រោមចំនួន ៣អង្គ ដែលត្រូវបានអាជ្ញាធរខ្មែរចាប់ផ្សឹក និងដាក់ពន្ធនាគារកាលពីពេលថ្មីៗនេះ។
ស្របពេលជាមួយគ្នា អង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ក៏ថ្កោលទោសចំពោះអាជ្ញាធរខ្មែរ ដែលបានចាប់ផ្សឹកព្រះសង្ឃទាំងអស់នោះដោយមិនបានឆ្លងកាត់តាមវិន័យពុទ្ធសាសនាត្រឹមត្រូវ។
ថ្លែងក្នុងលិខិត ដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ វិច្ឆិកា សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកឡើងថា ចំណាត់ការរបស់អាជ្ញាធរខ្មែរមកលើព្រះសង្ឃខ្មែរក្រោមកាលពីពេលថ្មីៗនេះ គឺជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ត្រង់មាត្រា៤ ដែលចែងថា បាវចនានៃព្រះរាជាណាចក្រកម្ពុជា គឺជាតិ សាសនា ព្រះមហាក្សត្រ និងមាត្រា៤៣ ដែលចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
លិខិតដដែលលើកឡើងបន្តថា តាមវិន័យពុទ្ធសាសនា ភិក្ខុសង្ឃអង្គណាដែលត្រូវចាប់ផ្សឹកនោះ លុះណាតែភិក្ខុសង្ឃអង្គនោះបានបំពានលើសិក្ខាបទណាមួយក្នុងបណ្ដាសិក្ខាបទទាំង៤ នៃអាបត្តិបារាជិកតែប៉ុណ្ណោះ ហើយថា ការផ្សឹកព្រះសង្ឃទៀតសោត ត្រូវទុកឲ្យគណៈសង្ឃជាអ្នកចាត់ការ។ អាជ្ញាធរមិនអាចជ្រៀតជ្រែកក្នុងកិច្ចការនេះបានទេ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុក ថាច់ ថ្លែងតាមទូរស័ព្ទពីប្រទេសបារាំង នៅថ្ងៃទី១៥ វិច្ឆិកា ដោយចាត់ទុកការចាប់ព្រះកាយព្រះសង្ឃខ្មែរក្រោមនៅពេលនេះ ថាធ្វើឡើងដោយមានការដៅទុកជាមុនតែម្តង ដោយហេតុថា ព្រះសង្ឃទាំង ៣អង្គនេះ ធ្លាប់ចូលរួមយ៉ាងសកម្មក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលវៀតណាម និងសកម្មភាពសង្គមផ្សេងៗកន្លងមក។ ទោះយ៉ាងណា លោកថា ការចូលរួមរបស់ព្រះសង្ឃខ្មែរក្រោមក្នុងសង្គមកម្ពុជា គឺដោយសារព្រះសង្ឃទាំងនោះមានការអាណិតអាសូរចំពោះពលរដ្ឋខ្មែរទូទៅប៉ុណ្ណោះ។
លោក ថាច់ ង៉ុក ថាច់៖ «អមនុស្សធម៌បំផុតដែលធ្វើទារុណកម្មទៅលើមនុស្ស ដែលតុលាការមិនទាន់ដាក់ពិន័យទៅលើព្រះសង្ឃទាំងនោះ។ យើងសង្កេតឃើញច្រើនលើកច្រើនគ្រាណាស់មកហើយ ដែលរដ្ឋាភិបាលខ្មែរមិនត្រូវធ្វើមកលើបងប្អូនខ្មែរក្រោម ព្រះសង្ឃខ្មែរក្រោម យើងឃើញស្រាប់មានហូរហែមក ព្រះតេជព្រះគុណ ទឹម សាខន បកស្បង់ទាំងសង្ឃដោយមិនទាន់មានទោសបញ្ជូនទៅដាក់គុកនៅប្រទេសយួន ព្រះតេជព្រះគុណ អៀង សុខធឿន សម្លាប់ទាំងយប់គ្មានរកហេតុផលអ្វីសោះរហូតមកដល់ពេលបច្ចុប្បន្នហ្នឹង ហើយព្រះសង្ឃធ្វើបាតុកម្មហូរហែតាំងពីឆ្នាំ២០០៧ រៀងមកនៅមុខស្ថានទូតយួន វាយបែកក្បាលហូរឈាមរត់ពេញណាពេញណី»។
កាលពីថ្ងៃទី១១ វិច្ឆិកា អាជ្ញាធរខ្មែរបានវាយដំទៅលើព្រះសង្ឃខ្មែរក្រោម ព្រះតេជព្រះគុណ សឺន ហាយ ក្នុងពេលព្រះអង្គចូលរួមទាមទារឲ្យតុលាការដោះលែងពលរដ្ឋសហគមន៍បឹងកក់ ដែលត្រូវអាជ្ញាធរចាប់ខ្លួន។ ក្រោយមក ព្រះអង្គត្រូវបានអាជ្ញាធរចាប់ព្រះកាយ រួចផ្សឹក និងបញ្ជូនទៅតុលាការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ។ ចំណែកព្រះសង្ឃខ្មែរក្រោម ២អង្គផ្សេងទៀត គឺព្រះតេជព្រះគុណ ថាច់ សាង និង ឃិត វណ្ណៈ ក៏ត្រូវបានអាជ្ញាធរចាប់ព្រះកាយ និងផ្សឹក នៅថ្ងៃទី១២ វិច្ឆិកា ក្នុងពេលព្រះអង្គនិមន្តទៅចូលរួមទាមទាររកដំណោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋមកពីខេត្តព្រះវិហារ ដែលកំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សី។ ព្រះតេជព្រះគុណ ២អង្គនេះ ក៏ត្រូវបានតុលាការសម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ដើម្បីរង់ចាំការកាត់ទោស។
ទាក់ទងការស្នើសុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនេះ អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍ថា លោកមិនទាន់បានឃើញលិខិតរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនៅឡើយទេ។ ទោះជាយ៉ាងណា លោកថា តាមគោលការណ៍ច្បាប់ នៅពេលស្ថាប័នតុលាការចាត់ចែងរួចហើយ ស្ថាប័នផ្សេងទៀតមិនអាចលូកដៃបានឡើយ៖ «បញ្ហាពាក់ព័ន្ធរឿងច្បាប់ កាលណាពាក់ព័ន្ធរឿងច្បាប់ ស្ថាប័នច្បាប់ជាអ្នកដោះស្រាយ។ ដូច្នេះហើយ ទើបខ្ញុំបញ្ជាក់ថា ទោះបីជាធ្វើលិខិតមកក្រសួងការបរទេសក្រសួងណាក៏ដោយ តាមខ្ញុំយល់ គោលការណ៍ច្បាប់មិនអាចលូកដៃប៉ះពាល់ឯករាជ្យភាពរបស់តុលាការបានទេ តុលាការគេមានសមត្ថកិច្ចពាក់ព័ន្ធបញ្ហាការវិនិច្ឆ័យទៅតាមផ្លូវច្បាប់នេះឯង»។
ជាមួយគ្នានេះដែរ អង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ថ្កោលទោសចំពោះទង្វើចាប់ផ្សឹកព្រះសង្ឃដោយអាជ្ញាធរ។ ពួកគេចាត់ទុកសកម្មភាពទាំងនេះថា ជាការរំលោភអំណាចស្ថាប័នព្រះពុទ្ធសាសនា។ ពួកគេទាមទារឲ្យរដ្ឋាភិបាល ដោះលែងព្រះសង្ឃទាំងនោះឲ្យមានសេរីភាព និងយកពួកគាត់មកបំបួសជាភិក្ខុសង្ឃឡើងវិញ ទៅតាមវិន័យព្រះពុទ្ធសាសនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
