អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) សម្ដែងការបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជា។ ការបារម្ភនេះ ស្របពេលដែលភាពតានតឹងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងឡើងកម្ដៅជាថ្មី។ លោក បាន គីមូន អំពាវនាវឲ្យគណបក្សទាំងពីរសហការគ្នាឡើងវិញ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ចេញសេចក្ដីអំពាវនាវមួយតាមរយៈអ្នកនាំពាក្យរបស់លោក នៅថ្ងៃទី១៧ វិច្ឆិកា ដោយសរសេរថា លោកបានតាមដានដោយក្ដីកង្វល់អំពីភាពតានតឹងកំពុងកើតឡើងរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅកម្ពុជា។ លោកបញ្ជាក់ថា ដីកាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី នៅថ្ងៃទី១៣ វិច្ឆិកា និងឧប្បត្តិហេតុប្រឆាំងនឹងសមាជិកសភា និងមេដឹកនាំគណបក្សប្រឆាំង ដែលបានកើតឡើងមុននេះ គឺជាស្ថានការណ៍វិវឌ្ឍគួរឲ្យព្រួយបារម្ភ។
សេចក្ដីថ្លែងការណ៍ខ្លីនៅលើគេហទំព័ររបស់ លោក បាន គីមូន ក៏ជំរុញគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឲ្យចាប់ផ្ដើមកិច្ចសហការ និងកិច្ចសន្ទនាគ្នាឡើងវិញ និងអំពាវនាវឲ្យតួអង្គនយោបាយទាំងអស់ បញ្ចៀសអំពើហិង្សា ការបំភិតបំភ័យ និងការយាយីរំខាន។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា សេចក្ដីថ្លែងការណ៍នេះ គឺជាការមើលពីចម្ងាយរបស់ លោក បាន គីមូន៖ «ប៉ុន្តែអ្វីដែលជាជំហររាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជន យើងប្រឆាំងដាច់ខាតរាល់អំពើហិង្សា។ ចំណុចទី២ យើងឃើញការអនុវត្តដីកាតុលាការជារឿងឯកជន»។
លោកបញ្ជាក់បន្ថែមថា មិនមានសកម្មភាពអ្វីមួយដែលជាការបៀតបៀនដល់គណបក្សសង្គ្រោះជាតិ ទេ ហើយសកម្មភាពការងារគណបក្សសង្គ្រោះជាតិ នៅតែបន្ត ហើយត្រូវតែមានសម្រាប់គោលការណ៍សេរីពហុបក្ស ប៉ុន្តែប្រការសំខាន់ គឺការពង្រឹងនីតិរដ្ឋ។ ដូច្នេះ រដ្ឋាភិបាលមិនអនុគ្រោះដល់សកម្មភាពរំលោភច្បាប់ និងបង្ខូចកិត្តិយសបុគ្គលទេ។
សេចក្ដីថ្លែងការណ៍របស់ លោក បាន គីមូន គូសបញ្ជាក់ថា បរិយាកាសសន្ទនាបែបប្រជាធិបតេយ្យដែលគ្មានការគំរាមកំហែង គឺជាសារសំខាន់ចាំបាច់សម្រាប់ស្ថិរភាពនយោបាយ និងសង្គមសន្តិភាព។
ឆ្លើយតបការអំពាវនាវរបស់ លោក បាន គីមូន អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង សាទរចំពោះសេចក្ដីថ្លែងការណ៍របស់ លោក បាន គីមូន ហើយថ្លែងថា ខាងគណបក្សលោកត្រៀមខ្លួនជានិច្ចសម្រាប់កិច្ចសន្ទនាបញ្ហានយោបាយបច្ចុប្បន្ននេះ ហើយបានទាក់ទងទៅគណបក្សប្រជាជនកម្ពុជា រួចហើយ៖ «ប៉ុន្តែយើងមិនទាន់បានចម្លើយឆ្លើយតបមកវិញនៅឡើយទេ ប៉ុន្តែយើងនឹងព្យាយាមរកគន្លឹះអ្វីជាជម្រើសល្អជាងការជជែកគ្នាទេ។ បើសិនជាយើងនៅម្ខាងស្ទឹងម្នាក់ ហើយយើងស្រែកដាក់គ្នាហ្នឹង គឺវាធ្វើឲ្យស្ថានការណ៍ប្រទេសជាតិហ្នឹង វាទៅជារឿងផ្សេងហើយ។ វាធ្វើឲ្យអស្ថិរភាព វាធ្វើឲ្យខាតបង់ខាងវិស័យសេដ្ឋកិច្ច ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចគ្មានទីបញ្ចប់»។
រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គឺលោក សុខ ឥសាន មានប្រសាសន៍បញ្ជាក់ថា ជំហរគណបក្សលោកនៅតែបើកចំហសម្រាប់កិច្ចសន្ទនាគ្នាជាមួយគណបក្សសង្គ្រោះជាតិ ប៉ុន្តែនៅមិនទាន់មានការកំណត់ពេលវេលាទេ៖ «លុះត្រាតែភាគីទាំងសងខាងពាក់ព័ន្ធគ្នាសិន បានយើងកំណត់ជាកម្មវិធីបាន ក៏ប៉ុន្តែជាជំហររបស់គណបក្សប្រជាជន អាហ្នឹងគឺយើងនៅបើកទ្វារចំហក្នុងអនុវត្តវប្បធម៌សន្ទនា » ។
សេចក្ដីថ្លែងការណ៍ពីកង្វល់របស់ លោក បាន គីមូន គឺស្របពេលដែលស្ថានភាពនយោបាយកម្ពុជា ចាប់ផ្ដើមឡើងកម្ដៅ ក្រោយពេលដែលតុលាការចេញដីកាចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មកអនុវត្តទោសរឿងចាស់កាលពី ៧ឆ្នាំមុន។
ក្រោយពេលតុលាការចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី រដ្ឋសភាក៏បានប្រជុំសម្រេចដកសមាជិកភាពរបស់លោកទៀត ក្នុងពេលដែល លោក សម រង្ស៊ី កំពុងបំពេញទស្សនកិច្ចនៅឯប្រទេសកូរ៉េខាងត្បូង។ បញ្ហាទាំងនេះ ក៏កើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួន លោក សម រង្ស៊ី ឡើងវិញ ទាក់ទងនឹងសំណុំរឿងចាស់ដែលកប់ទុកជាច្រើនឆ្នាំមកហើយនោះ។
អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់នៅថ្ងៃទី១៩ វិច្ឆិកា ថា ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី នឹងវិលមកប្រទេសកម្ពុជា វិញក្នុងពេលណាមួយសមស្រប។ ខាងលោកក៏កំពុងរកវិធីដោះស្រាយបញ្ហានេះ មុនការវិលត្រឡប់របស់ លោក សម រង្ស៊ី។ លោកប្រៀបប្រដូចគណបក្សសង្គ្រោះជាតិ បច្ចុប្បន្ន ដូចជារថភ្លើងដែលមានតែទូ អត់ក្បាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។