អាជ្ញាធរខេត្តកំពង់ចាម បញ្ជាក់ថា អាជ្ញាធរខេត្តគ្មានគោលការណ៍ណាមួយ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន ធ្វើសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីទាមទារឲ្យមានការដោះស្រាយ ឬស្នើសុំអ្វីមួយ ដូចជាទាមទារជីកអណ្ដូងទឹក ឬស្រះទឹក និងទាមទារបញ្ចុះតម្លៃសេវាទឹកស្អាតនោះឡើយ។ ការអះអាងដូចនេះ ក្រោយពេលមានសកម្មភាពប្រមូលស្នាមមេដៃប្រជាពលរដ្ឋជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរមូលដ្ឋានគណបក្សប្រជាជនកម្ពុជា នៅស្រុកស្រីសន្ធរ។
អាជ្ញាធរខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការផ្តល់ស្នាមមេដៃទៅបុគ្គលណាម្នាក់ ព្រមទាំងអាជ្ញាធរនៅតាមមូលដ្ឋានដែលពួកគាត់រស់នៅ។ បន្ថែមពីនេះ ប្រសិនបើមានការប្រមូលស្នាមមេដៃណាមួយ ដែលពលរដ្ឋយល់ថាធ្វើឡើងមិនត្រឹមត្រូវ ឬដោយការបង្ខិតបង្ខំ ពួកគាត់គប្បីរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ចាម លោក ជីម លាវ មានប្រសាសន៍ថា អាជ្ញាធរខេត្តបានបំពេញកិច្ចការជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចជា គិតគូររឿងអណ្ដូងទឹក ឬស្រះទឹក ដោយមិនចាំបាច់ត្រូវការស្នាមមេដៃពីប្រជាពលរដ្ឋទៀតឡើយ។ ជាងនេះទៀត អាជ្ញាធរខេត្ត ព្រមទាំងមន្ត្រីថ្នាក់ជាតិ តែងចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតាមមូលដ្ឋានដែលពួកគាត់រស់នៅ ហើយពលរដ្ឋអាចលើកឡើងពីបញ្ហាប្រឈមផ្សេងៗ ដាក់ជូនមន្ត្រីទាំងនោះទៀតផង។
លោក ជីម លាវ ហៅការប្រមូលស្នាមមេដៃរបស់អាជ្ញាធរមូលដ្ឋានមួយចំនួន ដើម្បីទាមទារឲ្យបញ្ចុះតម្លៃសេវាទឹកស្អាត ឬធ្វើសកម្មភាពផ្សេងៗនោះ ថាជារឿងខុសច្បាប់៖ « វិធានការរបស់ខេត្ត គឺយើងមានហើយ ថាប្រសិនបើមានរដ្ឋអំណាច ឬនគរបាលប៉ុស្តិ៍ ត្រូវអញ្ជើញគាត់មកប្រាប់ ឬមកអប់រំពួកគាត់ ដើម្បីកុំឲ្យបោកប្រាស់ប្រជាជនយើអ៊ីចឹងទៀត »។
ការបញ្ជាក់ជំហររបស់អាជ្ញាធរខេត្តកំពង់ចាម ពេលនេះ ក្រោយពេលមានសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋមូលដ្ឋាននៅស្រុកស្រីសន្ធរ កើតមានជាបន្តបន្ទាប់ ក្រោមរូបភាពជីកអណ្ដូងទឹក ឬស្រះទឹកជូនប្រជាពលរដ្ឋ និងដើម្បីទាមទារឲ្យបញ្ចុះតម្លៃតភ្ជាប់សេវាទឹកស្អាតក្នុងភូមិពីសំណាក់អាជ្ញាធរភូមិគណបក្សប្រជាជនកម្ពុជា។
ប្រជាពលរដ្ឋមួយចំនួន បារម្ភខ្លាចអាជ្ញាធរទាំងនោះ យកស្នាមមេដៃរបស់ពួកគាត់ទៅធ្វើរឿងអ្វីមួយផ្ទុយពីគោលបំណងរបស់ពួកគេ។
ពលរដ្ឋនៅឃុំស្វាយសាច់ភ្នំ លោក នាង សួរ មានប្រសាសន៍ថា ប្រសិនបើការប្រមូលស្នាមមេដៃពួកគាត់យកទៅប្រើប្រាស់ដូចបំណងប្រជាពលរដ្ឋ គឺជារឿងល្អ ប៉ុន្តែអ្នកភូមិភ័យខ្លាចចំពោះការយកស្នាមមេដៃពួកគាត់ ទៅធ្វើរឿងដែលប្រាសចាកពីអ្វីដែលប្រជាពលរដ្ឋចង់បាន៖ « ប្រជាពលរដ្ឋព្រួយខ្លាចតែខុសបំណង មិនទៅតាមបាវចនាដើមដែលដាក់មកហ្នុង »។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ មានប្រសាសន៍ថា ប្រសិនបើការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋក្នុងទម្រង់មួយច្បាស់លាស់ ហើយប្រជាពលរដ្ឋផ្តល់ជូនដោយស្ម័គ្រចិត្ត ហើយអ្នកប្រមូលយកស្នាមមេដៃទៅនោះ យកទៅប្រើប្រាស់ដូចគោលបំណងដែលប្រាប់ប្រជាពលរដ្ឋ គឺជារឿងស្របច្បាប់។ លោកបញ្ជាក់ថា ខ្លាចក្រែងតែការប្រមូលស្នាមមេដៃដែលមានរូបភាពមិនច្បាស់លាស់ ហើយយកប្រើខុសពីការសន្យាជាមួយប្រជាពលរដ្ឋ ទើបជារឿងខុសច្បាប់៖ « ទោះបីជាអាជ្ញាធរក៏ដោយ ឬមិនមែនជាអាជ្ញាធរក៏ដោយ ឲ្យតែគាត់មានទម្រង់ត្រឹមត្រូវ ហើយប្រជាពលរដ្ឋគេគាំទ្រ អាហ្នឹងវាអត់មានខុសអីទេ »។
មន្ត្រីសិទ្ធិមនុស្សរូបនេះបញ្ជាក់ថា ដើម្បីឲ្យប្រាកដថាការផ្តល់ស្នាមមេដៃទៅ គឺមានប្រយោជន៍ ប្រជាពលរដ្ឋត្រូវស្វែងយល់អំពីលិខិតស្នាមឲ្យបានច្បាស់លាស់ ពិសេសលិខិតស្នាមដែលមានគោលបំណងត្រឹមត្រូវ ហើយមានទម្រង់ជាលិខិតរដ្ឋបាលផ្លូវការ និងត្រូវទុកចិត្តលើតំណាងពលរដ្ឋដែលចង់បានស្នាមមេដៃពីពួកគាត់ ជៀសវាងមានរឿងមិនល្អកើតឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
