បណ្ដាញ​សង្គម​ពលរដ្ឋ​ជួបជុំ​គ្នា​ដើម្បី​ចងក្រង​ព័ត៌មាន​ផ្ដល់​ជូន​គណបក្ស​នយោបាយ

0:00 / 0:00

នៅ​ថ្ងៃ​ទី ៩ វិច្ឆិកា នេះ​ប្រជាពលរដ្ឋ​ដែល​ជា​បណ្ដាញ​សង្គម ប្រមាណជាង២រយនាក់ (២០០) បាន​ជួបជុំ​គ្នា​ដើម្បី​រិះរក​វិធីសាស្ត្រ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ដើម្បី​រៀបចំ​ឲ្យ​ទៅ​ជា​គោលនយោបាយ​មួយ មុន​នឹង​ដាក់​ជូន​គណបក្ស​នយោបាយ និង​រដ្ឋាភិបាល។

មូលហេតុ​ដែល​ជំរុញ​ឲ្យ​ក្រុម​ការងារ​ឃ្លាំមើល​សង្គម ពង្រឹង​គោលការណ៍​ដើម្បី​សង្កេត​ពី​អ្នកនយោបាយ​វិញ​នៅ​ពេល​នេះ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា អ្នក​នយោបាយ​តែង​មិន​អនុវត្ត​ដូច​ការ​សន្យា ច្រើន​អាណត្តិ​ណាស់​មក​ហើយ។

អ្នក​ចាត់​ការ​ទូទៅ​នៃ​បណ្ដាញ​សង្គម​នេះ ចាត់​ទុក​ថា ចំណុច​សំខាន់​នៅ​ពេល​នេះ គឺ​ធ្វើ​យ៉ាងណា រៀបចំ និង​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ​ជាមុន​សិន មុន​នឹង​ចេញ​គោលការណ៍​រួម​មួយ ដើម្បី​ដាក់​ជូន​គ្រប់​គណបក្សនយោបាយ ព្រម​ទាំង​រដ្ឋាភិបាល​ផង ដែល​គោលនយោបាយ ត្រូវ​បាន​តាក់តែង​ឡើង​នេះ គឺជា​គោលការណ៍​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​មួយ​ដ៏​ជាក់លាក់។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​បណ្ដាញ​សង្គម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៩ វិច្ឆិកា ថា ការ​បង្កើត​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​​តប​មួយ​ដ៏​មាន​ប្រសិទ្ធភាព នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក​ចាត់​ទុក​ថា​មាន​តែ​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ ទើប​អាច​ជំរុញ​ឲ្យ​សង្គម​មួយ ធ្វើ​ដំណើរ​លើ​​មាគ៌ា​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ឬ​ថា​ផ្លាស់ប្ដូរ​ទម្លាប់​របស់​អ្នក​នយោបាយ​បាន«ប្រសិន​បើ​សមាជិក​បណ្ដាញ​ទាំងមូល​គាត់​ចង់​ពេញ​ចិត្ត​ថា ហេ ! កុំ​បង្កើត​គណបក្ស​ប៉ុន្តែ​នៅ​ក្នុង​បណ្ដាញ​អ៊ីចឹង​ល្អ​ជាង។ អ៊ីចឹង​យើង​ក៏​តាម​សមាជិក ប៉ុន្តែ​បើ​សមាជិក​បណ្ដាញ​ទាំងមូល​ភាគ​ច្រើន គាត់​ថា ហេ ! បើ​បង្កើត​គណ​បក្ស​ទៅ​វា​ជា​ការ​ល្អ​ប្រសើរ​ព្រោះ​គណបក្ស​នេះ គឺ​មាន​ឱកាស​ច្រើន​ដើម្បី​អប់រំ​ទៅ​ដល់​ប្រជាពលរដ្ឋ តាម​គោលការណ៍​ប្រជាធិបតេយ្យ​ត្រឹមត្រូវ។ អា​ហ្នឹង​ខ្ញុំ​គិត​ថា អាស្រ័យ​ទៅ​លើ​សេចក្ដី​ចិត្ត​របស់​សមាជិក»។

ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ​បណ្ដាញ​សង្គម​នេះ អាច​នឹង​បង្កើត​ជា​គណបក្ស​នយោបាយ​មួយ​ដែរ​ទេ​នៅ​ថ្ងៃ​ខាងមុខ។ លោក កែវ ឡី ឆ្លើយ​បដិសេធ​វិញ​ភ្លាម​ថា ចរន្ត​ដែល​ធ្វើ​នេះ​គឺ​មិន​មែន​ដើម្បី​បម្លែង​ខ្លួន​ទៅ​ជា​បក្ស​នយោបាយ​ទេ។ ក៏ប៉ុន្តែ​គឺ​ជា​ការ​ជួយ​ជ្រោមជ្រែង ផ្នែក​កម្មវិធី​នយោបាយ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ឲ្យ​គណបក្ស​នយោបាយ​ទៅ​វិញ។ បន្ថែម​ពី​លើ​នេះ​លោក​ព្រមាន​ថា តែ​បើ​គណបក្ស​នយោបាយ​ណាមួយ ដែល​ទទួល​បាន​គោលការណ៍​ហើយ មិន​អាច​អនុវត្ត​តាម​ទេ ជម្រើស​បន្ទាប់​បណ្ដាញ​សង្គម អាច​នឹង​បង្កើត​ជា​បក្ស​នយោបាយ​ដែរ ដើម្បី​ប្រកួតប្រជែង​ដោយ​យុត្តិធម៌។

ការ​ចូលរួម​កាល​ពី​ព្រឹក​ថ្ងៃ​ទី ៩ ខែ វិច្ឆិកា នៅ​ការិយាល័យ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ជាទី​ដែល​មាន​រៀបចំ​ពិធី មាន​មនុស្ស​ជាង២រយនាក់។ ភាគ​ច្រើន​នៃ​ពួក​គេ​គឺ​ជា​គ្រូបង្រៀន អង្គការ​មិន​មែន​រដ្ឋាភិបាល​ខ្លះ កសិករ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ព្រះ​សង្ឃ គណបក្ស​ហ្វុនស៊ិនប៉ិច និង​សមាជិក​នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ។

ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង ជា​អ្នក​សារព័ត៌មាន​ជិត ៣០ឆ្នាំ​មក​នេះ លោក ហែង កូយ ដែល​បាន​ចូល​រួម​ផង​ដែរ​នោះ យល់​ឃើញ​ថា ការ​បង្កើត​បណ្ដាញ​នៅ​ពេល​នេះ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ចំពោះ​បរិបទ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន។ ក្រៅ​ពី​នេះ​លោក ពុំ​មាន​ជំនឿ​ទាល់​តែ​សោះ​ថា​បក្ស​នយោបាយ​សព្វថ្ងៃ អាច​កែប្រែ​ចរិត​នយោបាយ ដោយ​អនុវត្ត​តាម​​គោលការណ៍​ដែល​បណ្ដាញ​សង្គម នឹង​ដាក់​ជូន​នៅ​ពេល​ខាងមុខ​នេះ ដើម្បី​ជំរុញ​ឲ្យ​ធ្វើ​ដំណើរ​លើ​មាគ៌ា​នៃ​លទ្ធិប្រជាធិបតេយ្យ​បាន៖ «ខ្ញុំ​ជឿ​ថា​ទោះ​បី​បណ្ដាញ​រីក​ធំ​យ៉ាង​​ក៏​ដោយ ក៏​មិន​អាច​កែប្រែ​មេដឹកនាំ​គណបក្ស​ទាំងពីរ​មួយ​ជា​អ្នក​ប្រឆាំង មួយ​ជា​អ្នក​កាន់​អំណាច ឲ្យ​ទៅ​ជា​អ្នក​ប្រជាធិបតេយ្យ​បាន​ដែរ»។

សង្កេត​ឃើញ​ថា សមាសភាព​សំខាន់​ៗ​នៃ​ថ្នាក់​ដឹកនាំ​នៃ​បណ្តាញ​សង្គម​នៅ​ពេល​នេះ ក្រៅ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​ហើយ ក្នុង​នោះ​មាន​លោក យ៉េង វីរៈ ប្រធាន​​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគន៍ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក កែម ឡី លោក យ៉ង់ សាំងកុមារ ប្រធាន​អង្គការ​សេដាក និង លោក សាម អ៊ីន អតីត​នាយក​ប្រតបត្តិ​នៃ​អង្គការជីវិតថ្លៃថ្នូរ។

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន ពី​គណបក្ស​នយោបាយ​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ។ ក៏ប៉ុន្តែ​ក្នុង​ពេល​កន្លង​ទៅ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រតិកម្ម​ម្ដង​ជា​ពីរ​ដង​មក​ហើយ ប្រឆាំង​ចលនា​នៃ​បណ្ដាញ​សង្គម​នេះ។ រហូត​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​សេចក្ដី​អំពាវនាវ មិន​អនុញ្ញាត​ឲ្យ​សកម្មជន​របស់​ខ្លួន​ចូល​រួម​ស្ដាប់​ឡើយ។

បណ្ដាញ​សង្គម​នេះ​ដែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​នៅ​ក្រសួង​មហាផ្ទៃ ថា បណ្ដាញ​ពលរដ្ឋ​សកម្ម​បណ្ដាញ​នេះ បាន​កើត​ឡើង​តាំង​ពី​មុន​បោះឆ្នោត​ឆ្នាំ២០១២។ បន្ទាប់​មក​បាន​វិវត្តន៍ តាមរយៈ​ការ​ជួបជុំ​ទ្រង់ទ្រាយ​តូច និង​ធំ​រហូត​មក​ដល់​បច្ចុប្បន្ន។ តាម​គម្រោង​នៅ​ចុង​ខែ​ធ្នូ​ឆ្នាំ​នេះ បណ្ដាញ​ដែល​មាន​ឈ្មោះ​ថា បណ្ដាញ​ពលរដ្ឋ​សកម្ម នឹង​រៀបចំ​ឲ្យ​មាន​ស្ថាបនិក​ពិត​ប្រាក់​ចំនួន ១៥០នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។