អាជ្ញាធរ​ឡាវ​បើក​ច្រក​ព្រំដែន​ជាប់​ខែត្រ​ស្ទឹងត្រែង​វិញ​បន្ទាប់​ពី​បិទ​រយៈពេល​២​ថ្ងៃ

0:00 / 0:00

អាជ្ញាធរ​ខែត្រ​ចម្ប៉ាសាក់ ប្រទេស​ឡាវ សម្រេច​បើក​ច្រក​វ៉ើនខាវ ឋិត​ក្នុង​ឃុំ​អូរស្វាយ ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ មេសា បន្ទាប់​ពី​ពួក​គេ​បាន​បិទ​ច្រក​នៅ​តំបន់​នោះ​អស់​រយៈពេល ២​ថ្ងៃ។ ការ​សម្រេច​នេះ ដោយសារ​មាន​ការ​ចរចា​រវាង​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ទាំង​ពីរ។

នគរបាល​ការពារ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ មេសា ថា ពលរដ្ឋ​ខ្មែរ​អាច​ចេញ​ចូល​ប្រទេស​ឡាវ តាម​ច្រក​វ៉ើនខាវ ដូច​ធម្មតា​ឡើង​វិញ​ហើយ បើ​ទោះ​បី​ជា​ពួក​គាត់​ពុំ​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​ក៏ដោយ។

អាជ្ញាធរ​ឡាវ បាន​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​ទៅ​ឈរ​ជើង​នៅ​ច្រក​ព្រំដែន​វ៉ើនខាវ និង​ច្រក​ផ្លូវ​ទឹក​អន្លង់​មរកត នៃ​ឃុំ​អូរស្វាយ ស្រុក​ថាឡាបរិវ៉ាត់ ចាប់​តាំង​ពី​ថ្ងៃ​ទី​២ មេសា ដើម្បី​រារាំង​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ចេញ​ចូល​ដី​ឡាវ ដោយ​គ្មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ។

នគរបាល​ការពារ​ព្រំដែន​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា កន្លង​ទៅ ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្បែរ​ព្រំដែន​ឡាវ ឆ្លង​ទៅ​លក់​ដូរ​បន្លែ ផ្លែ​ឈើ និង​ត្រី​សាច់​ជាដើម ដោយ​មិន​ចាំបាច់​ធ្វើ​សំបុត្រ​ស្នាម ឬ​លិខិត​ឆ្លង​ដែន​នោះ​ទេ។ ចំណែក​អាជ្ញាធរ​កម្ពុជា ក៏​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ឡាវ រស់នៅ​ក្បែរ​ព្រំដែន​ចេញ​ចូល​ទៅ​មក​ក្នុង​ទឹកដី​ខ្មែរ​ដោយ​មិន​ចាំបាច់​មាន​លិខិត​ឆ្លង​ដែន​ដែរ។ លោក​ថា អាជ្ញាធរ​ឡាវ បាន​ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្បែរ​ព្រំដែន​ចូល​ទឹកដី​របស់​ខ្លួន ដោយសារ​មាន​បញ្ជា​ពី​ថ្នាក់​លើ និង​ថា​ពលរដ្ឋ​ខ្មែរ​អាច​ឆ្លង​ដែន​ទៅ​ប្រទេស​ឡាវ បាន លុះត្រា​តែ​ធ្វើ​លិខិត​ឆ្លង​ដែន​ជា​មុន​សិន៖ « មាន​តែ​ខាង​ភាគី​ឡាវ ទេ​ដែល​បិទ​ព្រំដែន ព្រោះ​ទទួល​បញ្ជា​ពី​មេ​គេ​មក​ហ្នឹង បើ​គេ​បញ្ជា​ឲ្យ​បិទ គឺ​បិទ​ទៅ បើ​យើង​ទៅ​ចរចា​ទៅ​និយាយ​ជាមួយ​គេ​ទៅ គេ​បើក​ទៅ។ យើង​យក​កម្លាំង​ទៅ​និយាយ​ជាមួយ​គេ ទៅ​ចរាចរណ៍ »

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ មករា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​ចម្ប៉ាសាក់ ប្រទេស​ឡាវ បញ្ជាក់​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៧ ត​ទៅ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​កាត់​ព្រំដែន ដើម្បី​សម្រួល​ទំនាក់ទំនង​សេដ្ឋកិច្ច​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ និង​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង និង​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​ការ​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ​អំពី​ការ​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ដែន។ ចំណែក​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ធ្លាប់​បាន​លើក​ឡើង​ថា អាជ្ញាធរ​ខែត្រ​នៅ​មិន​ទាន់​កំណត់​ពេលវេលា​ជាក់លាក់​ក្នុង​ការ​ផ្តល់​ប័ណ្ណ​ជូន​ពលរដ្ឋ​នោះ​ទេ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​សិក្សា​ឲ្យ​គ្រប់​ជ្រុងជ្រោយ។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​កិច្ច​ព្រមព្រៀង​នេះ​ថា កំពុង​ឋិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង និង​ជា​នាយក​រង​រដ្ឋបាល​សាលា​ខែត្រ លោក ម៉ែន គុង បដិសេធ​មិន​ធ្វើ​អធិប្បាយ​ករណី​នេះ​ទេ​នៅ​ថ្ងៃ​ទី​៤ មេសា ដោយ​បញ្ជាក់​ថា​កំពុង​ជាប់​រវល់​ប្រជុំ។

មេ​ឃុំ​អូរស្វាយ លោក រ័ត្ន ស៊ុន ទទួល​ស្គាល់​ថា អាជ្ញាធរ​ឡាវ បាន​បិទ​ច្រក​ព្រំដែន​ទាំង​ផ្លូវ​ទឹក និង​ផ្លូវ​គោក​នៃ​ឃុំ​អូរស្វាយ បង្ក​រាំង​ខ្ទប់​ការ​ដឹក​ជញ្ជូន​កសិផល និង​ទំនិញ​ឆ្លង​ដែន​រវាង​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ ហើយ​អាច​ប៉ះពាល់​ជីវភាព​ពលរដ្ឋ។ លោក​សន្និដ្ឋាន​ថា អាជ្ញាធរ​ឡាវ បិទ​ច្រក​ព្រំដែន​ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​មាន​បញ្ហា​ចម្រូងចម្រាស​រឿង​ព្រំដែន រួម​មាន​ភាគី​កម្ពុជា បាន​ហាម​មិន​ឲ្យ​ឡាវ សាងសង់​សំណង់​រឹង​នៅ​តំបន់​ព្រំដែន​មិន​ទាន់​បោះ​បង្គោល ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ទាហាន​ឡាវ ក៏​បាន​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន៖ « ពីរ​ទៅ​បី​ថ្ងៃ​ហ្នឹង ការ​ចេញ​ចូល​មាន​ភាព​លំបាក​ដែរ ពលរដ្ឋ​គាត់​បាន​ផ្អាក​ការ​ចេញ​ចូល​ការ​ធ្វើ​ដំណើរ​របស់​គាត់ »

កាល​ពី​ដើម​ឆ្នាំ​២០១៦ ទាហាន និង​នគរបាល​ការពារ​ព្រំដែន​របស់​កម្ពុជា បាន​ហាម​មិន​ឲ្យ​ឡាវ សាងសង់​ប៉ុស្តិ៍​ព្រំដែន​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​០៣៣ ដល់​លេខ​០៣៤ ឬ​ជាប់​ផ្លូវ​ជាតិ​លេខ​៧ នៅ​ភូមិ​ដុងក្រឡ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង។ មក​ទល់​ពេល​នេះ ឡាវ បាន​ផ្អាក​ការ​សាងសង់​ប៉ុស្តិ៍​នោះ​ដោយសារ​ភាគី​កម្ពុជា មិន​ឲ្យ​ឡាវ ដឹក​សម្ភារ​សំណង់​ចូល​ក្នុង​តំបន់​នោះ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា អាជ្ញាធរ​រដ្ឋាភិបាល​ឡាវ ពុំ​សូវ​ចាប់​អារម្មណ៍​ចំពោះ​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​នោះ​ទេ ខណៈ​ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​ឯកភាព​គ្នា​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ដែន​រួម​គ្នា។ លោក​ថា ករណី​នេះ​នឹង​ក្លាយ​ជា​របៀបវារៈ​នៃ​ការ​ចរចា​កម្រិត​ផ្នែក​នយោបាយ ឬ​កម្រិត​ថ្នាក់​ដឹកនាំ​ជាតិ​ទាក់ទិន​បញ្ហា​ព្រំដែន ដោយសារ​ការ​អនុវត្ត​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ប្រទេស​ទាំង​ពីរ ហាក់​ពុំ​មាន​ភាព​ច្បាស់លាស់៖ « ឧទាហរណ៍​ថា ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា បើក​ច្រក​ព្រំដែន​ឆ្លង​ចេញ​ឆ្លង​ចូល ប៉ុន្តែ​ស្តាប់​តែ​ភ្លាមៗ។ ប្រជាពលរដ្ឋ​គាត់​មាន​ទំនុក​ចិត្ត​លើ​វិធានការ​ទៅ​លើ​កិច្ចព្រមព្រៀង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ។ ហ្នឹង​ហើយ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​មាន​ការ​ខាត​ប្រយោជន៍ និង​ពិបាក​មាន​ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​អ្វី​ជា​ការ​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​ហ្នឹង »

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ប្រទេស​ឡាវ បាន​បញ្ជូន​កង​កម្លាំង​យោធា​ប្រដាប់​ដោយ​អាវុធ​មក​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា ឲ្យ​ផ្អាក​ការ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាក់ឡាវ នៃ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង ដោយ​លើក​ហេតុផល​ថា តំបន់​នោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ជា​ផ្លូវការ ដើម្បី​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។