អ្នក​ច្បាប់​រដ្ឋសភា​ថា​លោក អ៊ុំ សំអាន ប្រឈម​នឹង​វិន័យ​រដ្ឋបាល​និង​ប្ដឹង​ទៅ​តុលាការ

ក្រុម​អ្នក​ច្បាប់​ក្នុង​រដ្ឋសភា និង​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​រង់ចាំ​ចម្លើយ​ពី លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន។

តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​រដ្ឋសភា លោក ឈាង វុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ កក្កដា ថា ក្រុម​អ្នក​ច្បាប់​ក្នុង​រដ្ឋសភា បាន​ដាក់​លទ្ធផល​នៃ​កិច្ច​សិក្សា​ពិគ្រោះ​យោបល់​លើ​ករណី​តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ដែល​ចង់​ប្ដឹង​ប្រធាន​រដ្ឋសភា ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ និង​ការ​បញ្ចេញ​មតិ​នានា​ទាក់ទង​បញ្ហា​ព្រំដែន​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ លោក​បន្ត​ថា ករណី​នេះ​ក្រុម​អ្នក​ច្បាប់​នៅ​រដ្ឋសភា និង​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ជា​ការ​ចោទ​ប្រកាន់ វាយ​ប្រហារ​ប៉ះពាល់​ដល់​កិត្តិយស​ប្រធាន​រដ្ឋសភា។

លោក​បន្ត​ថា ករណី​នេះ លោក អ៊ុំ សំអាន អាច​ប្រឈម​នឹង​ករណី​ពីរ​យ៉ាង គឺ​វិធានការ​ដាក់​វិន័យ​រដ្ឋបាល​ក្នុង​រដ្ឋសភា​តាម​បទបញ្ជា​ផ្ទៃ​ក្នុង និង​ការ​ប្រើ​សិទ្ធិ​បុគ្គល​ប្ដឹង​តាម​ផ្លូវ​តុលាការ បើ​សិន​ជា​ប្រធាន​រដ្ឋសភា ចង់​ប្រើ​សិទ្ធិ​របស់​លោក​ចាត់ការ​លើ​រឿង​នេះ៖ «បញ្ជាក់​ត្រង់​នេះ​មួយ ត្រង់​គាត់​និយាយ​ថា អ៊ីចឹង​តើ​បាន​ជា​យួន និយាយ​ថា​ភូមិ​កំណើត​របស់​សម្ដេច​ស្ថិត​ក្នុង​ដី​យួន អត់​ហ៊ាន​ក្អក​ជាមួយ​យួន កុំ​ចង់​យក​ភូមិ​ខ្មែរ​ពីរ​ទៅ​ឲ្យ​យួន ដូរ​ជាមួយ​ភូមិ​កំណើត​សម្ដេច​វិញ»

ក្រុម​អ្នក​ច្បាប់​ក្នុង​រដ្ឋសភា បង្ហាញ​ជូន លោក ហេង សំរិន ថា ការ​បញ្ចេញ​មតិ​របស់ លោក អ៊ុំ សំអាន ប៉ះពាល់​ដល់​បុព្វសិទ្ធិ និង​សិទ្ធិ​សម្រេច​របស់​ប្រធាន​រដ្ឋសភា ដូច​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។

ទោះ​យ៉ាង​ណា លោក អ៊ុំ សំអាន នៅ​តែ​ប្រកាន់​ជំហរ​ដដែល គឺ​លោក​ធ្វើ​ការ​ទៅ​តាម​ច្បាប់ មិន​មែន​ជា​ការ​ប្រមាថ​ចោទ​ប្រកាន់​វាយ​ប្រហារ ក្នុង​បំណង​អាក្រក់​នោះ​ទេ ហើយ​លោក​មិន​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាត់​វិធានការ​លើ​រូប​លោក​តាម​មធ្យោបាយ​ណា​មួយ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។