ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​មួយ​ចំនួន​ស្នើ​កុំ​អនុញ្ញាត​ឲ្យ​លោក ហ៊ុន ម៉ាណែត ចូលរួម​កម្មវិធី​វប្បធម៌​ខ្មែរ

0:00 / 0:00

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង នៅ​តែ​រក្សា​ឆន្ទៈ​រារាំង​មិន​ឲ្យ លោក ហ៊ុន ម៉ាណែត កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មនុស្ស​មួយ​ចំនួន​ទៀត ចូលរួម​កម្មវិធី​វប្បធម៌​ខ្មែរ​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច នៅ​ខែ​មេសា ខាង​មុខ​នោះ​ទេ។ ពួក​គេ​អះអាង​ថា លោក ហ៊ុន ម៉ាណែត និង​មនុស្ស​ដទៃ​ទៀត អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ប្រមាណ ៧០០​នាក់ បាន​មក​ជួប​ជុំ​គ្នា​នៅ​សាលា​ក្រុង​ឡុងប៊ិច កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី​២២ មីនា ដើម្បី​ស្នើ​ដល់​អភិបាល​ក្រុង​នេះ ហាម​ឃាត់​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និង​លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ចូលរួម​ក្នុង​ក្បួន​ដង្ហែ​កម្មវិធី​ប្រពៃណី​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។

តំណាង​សមាគម​អតីត​យុទ្ធជន​នៃ​កង​យោធពល​ខេមរជាតិ អ្នកស្រី ប៉ៃ សុផានី ជា​អ្នក​ចូលរួម​កិច្ច​ប្រជុំ​ក្រុម​អភិបាល​ក្រុង​ឡុងប៊ិច នោះ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អ្នក​រៀបចំ​កម្មវិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​អញ្ជើញ លោក ហ៊ុន ម៉ាណែត ដែល​អ្នកស្រី​អះអាង​ថា ជា​ជន​ផ្ដាច់​ការ និង​លោក គិត ម៉េង ដែល​ជា​អ្នក​ជំនួញ​មាន​ឈ្មោះ​មិន​ល្អ៖ «នាងខ្ញុំ ប៉ៃ សុផានី ជា​អតីត​តំណាង​អតីត​យុទ្ធជន​នៃ​កង​យោធពល​ខេមរជាតិ រួម​នឹង​បង​ប្អូន​ខ្មែរ​ដែល​រស់​នៅ​ទីក្រុង​ឡុងប៊ិច មាន​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​អញ្ជើញ​របស់​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ខាង​មុខ​នេះ ដែល​អញ្ជើញ​ឧត្ដមសេនីយ៍​ ហ៊ុន ម៉ាណែត ដែល​ជា​មេបញ្ជាការ​រង​កងទ័ព​នៃ​គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ និង​ជា​កូន​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ជន​ផ្ដាច់ការ​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​ឧកញ៉ា គិត ម៉េង ដែល​ជា​នាយ​ឈ្មួញ​មាន​ឈ្មោះ​មិន​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា»

លោក មណ្ឌល គីរី ជា​អ្នក​ចូលរួម​ការ​តវ៉ា​មតិ​ម្នាក់​ទៀត ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ពុធ ទី​២៣ មីនា ថា ក្រុម​របស់​លោក​ដែល​ជា​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​វត្តមាន​របស់ លោក ហ៊ុន ម៉ាណែត និង​លោក គិត ម៉េង ដែល​នឹង​ចូលរួម​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច នា​ពេល​ខាង​មុខ​នេះ​ទេ។

លោក មណ្ឌល គីរី បន្ត​ថា ក្រុម​របស់​លោក​ជា​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ដែល​មិន​មាន​និន្នាការ​បម្រើ​ឲ្យ​ផល​ប្រយោជន៍​របស់​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ហើយ​លោក​សម្ដែង​នូវ​សុទិដ្ឋិនិយម​ថា ចៅហ្វាយ​ក្រុង​នឹង​ចេញ​លិខិត​ជា​ផ្លូវ​ការ រារាំង​មិន​ឲ្យ​លោក​ទាំង​ពីរ​មក​កាន់​ទីក្រុង​ឡុងប៊ិច តាម​ការ​ចង់​បាន​របស់​មតិ​ភាគ​ច្រើន​របស់​ពលរដ្ឋ​នៅ​ទីនោះ៖ «ខ្ញុំ​ឈ្មោះ មណ្ឌល គីរី ហៅ វណ្ណ ដេត។ ក្នុង​ជំនួប​ពី​​ថ្ងៃ​អង្គារ ទី​២២ យើង​ខ្ញុំ​ជា​ខ្មែរ-​អាមេរិកាំង នៅ​ទីក្រុង​ឡុងប៊ិច មិន​សុខចិត្ត​ចំពោះ​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត និង​លោក គិត ម៉េង»

វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ពុធ ទី​២៣ មីនា ព្យាយាម​សុំ​ការ​បកស្រាយ​ជាច្រើន​ដង​ពី លោក សាន រីច្ឆឺ (Richer San)ជា​អ្នក​រៀបចំ​កម្មវិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ទីក្រុង​ឡុងប៊ិច តែ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល​ឡើយ។

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង នឹង​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់ លោក ហ៊ុន ម៉ាណែត នៅ​ទីតាំង​ចំនួន ៤​កន្លែង​ផ្សេងៗ​ពី​គ្នា គឺ​ទី​មួយ​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) នៅ​ថ្ងៃ​ទី​១០ មេសា។ ទី​ពីរ នៅ​ទីក្រុង​ហ្វលរីវឺ (Fall River) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) នៅ​ថ្ងៃ​ទី​១៥ មេសា។ ទី​បី នៅ​ទីក្រុង​ឡូវែល (Lowell) នៅ​ថ្ងៃ​ទី​១៦ មេសា និង​ទី​បួន នៅ​ទីក្រុង​តាកូម៉ា (Tacoma) រដ្ឋ​វ៉ាស៊ីនតុន (Washington State)។ គម្រោង​នេះ​ពុំ​ទាន់​មាន​កាលបរិច្ឆេទ​ច្បាស់លាស់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។