អភិបាល​ក្រុង​ឡូវែល​មក​ធ្វើ​​ទស្សនកិច្ច​ភ្នំពេញ​នៅ​ថ្ងៃ​១៣ មករា

អភិបាល​ក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាសាឈូសេត (Massachusetts) សហរដ្ឋ​អាមេរិក លោក រ៉ដនី អ៊ីលៀត (Rodney M. Elliott) នឹង​មក​ធ្វើ​ទស្សនកិច្ច​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់ ១៧ មករា។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ចុះ​ថ្ងៃ​ទី​១០ មករា ឲ្យ​ដឹង​ថា ក្នុង​ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នេះ លោក រ៉ដនី អ៊ីលៀត នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី និង​ជួប​សម្ដែង​ការ​គួរ​សម​ដោយ​ឡែក​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា។

​សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​អំឡុង​ពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ លោក​អភិបាល​ក្រុង​ឡូវែល នឹង​ជួប​ដាច់​ដោយ​ឡែក​ជាមួយ​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត ហើយ​នឹង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​មួយ ស្ដីពី​ការ​បង្កើត​ចំណង​មេត្រីភាព​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ឡូវែល ជាមួយ​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិវង្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។