អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព័ត៌មានមកពីកូតាគណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង បានរៀបរាប់ពីស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទូលថ្វាយទៅព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ការរៀបរាប់នោះតាមរយៈលិខិតមួយដែលធ្វើឡើងកាលពីថ្ងៃទី២៤ កញ្ញា ដាក់ថ្វាយទៅព្រះមហាក្សត្រ ជួយអន្តរាគមន៍វិបត្តិនយោបាយកំពុងកើតមាននៅពេលបច្ចុប្បន្ន។ លិខិតដដែលនោះបញ្ជាក់ថាទូលព្រះបង្គំយើងខ្ញុំនឹករលឹកដល់ព្រះអង្គនិងលាយឡំទៅដោយភាពស្រងូតស្រងាត់ការភិតភ័យព្រមទាំងការបាត់បង់ភាពកក់ក្ដៅក្នុងចិត្ត ព្រោះរស់នៅក្នុងស្ថានភាពដ៏អួអាប់។
លោកបន្ថែមក្នុងលិខិតនោះថាបញ្ហាទាំងនោះដោយសារមានការធ្វើវិសោធនកម្មច្បាប់រិតត្បិតដល់គណបក្សនយោបាយ ការបិទអង្គការអន្តរជាតិ។ លើសពីនេះវិទ្យុនានានិងសារព័ត៌មានឯករាជ្យ ដែលធ្វើសកម្មភាពរបស់ខ្លួនក្នុងប្រទេសជាយូរណាស់មកហើយត្រូវបានបិទនិងធ្វើទុក្ខបុកម្នេញ ពិសេសជាងនេះទៀតគឺទំនាស់កាន់តែខ្លាំងរវាងគណបក្សនយោបាយធំៗពីររហូតដល់មើលមុខគ្នាមិនចំ។
ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អះអាងថា សេចក្ដីស្រងូតស្រងាត់ក្រៀមក្រំនិងការភិតភ័យទាំងនោះ នឹងបានធូរស្រាលមិនខានប្រសិនបើព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងទ្រង់យាងត្រឡប់មកមាតុភូមិវិញហើយមានវត្តមាននៅជិតនិងនៅជាមួយទូលព្រះបង្គំយើងខ្ញុំនៅក្នុងប្រទេស។
លោកមានជំនឿមុតមាំថា ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងទ្រង់នឹងអាចជួយត្រួសត្រាយផ្លូវធ្វើឱ្យបរិយាកាសអួអាប់សព្វថ្ងៃភ្លឺស្វាងនិងប្រើព្រះរាជសិទ្ធិជាអាជ្ញាកណ្ដាលដូចដែលចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីសម្រុះសម្រួលដោះស្រាយទំនាស់រវាងគណបក្សធំៗទាំងពីរនៅពេលបច្ចុប្បន្ន។
ជាមួយគ្នានេះទំនាស់រវាងគណបក្សធំៗទាំងពីរមិនបាននាំមកនូវផលចំណេញបន្តិចណាឡើយដល់ភាគីណាមួយនិងប្រទេសជាតិ។ ផ្ទុយទៅវិញមានតែការបែកបាក់ប្រេះឆារវាងខ្មែរនិងខ្មែរព្រមទាំងការប្រមាថការកៀបសង្កត់ពីអន្តរជាតិមកលើប្រទេសរបស់យើង។
ការថ្វាយលិខិតទៅព្រះមហាក្សត្រពេលនេះស្របពេលស្ថានភាពនយោបាយនៅពេលបច្ចុប្បន្នកំពុងមានភាពចម្រូងចម្រាសខ្លាំងពិសេសក្រោយព្រឹត្តិការណ៍ចាប់ខ្លួនប្រធានគណបក្សប្រឆាំងដ៏ធំជាងគេ គឺ លោក កឹម សុខា កាលពីដើមខែកញ្ញាដែលមិនធ្លាប់មានពីមុនមក។
កន្លងមក ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ធ្លាប់ផ្ញើលិខិតទៅប្រធានគណបក្សនយោបាយធំៗ គឺ គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិអំពីគម្រោងស្នើបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីផុតអាណត្តិនិងផ្ដល់កិត្តិយសជាវីរៈបុរសជាតិ ប៉ុន្តែត្រូវបានលោក នាយករដ្ឋមន្ត្រីច្រានចោល និង ថាជាការប្រមាថមើលងាយទៅលើលោករួមទាំងគណបក្សរបស់លោកទៀតផង។
ពីខាងមន្ត្រីរដ្ឋាភិបាលឯណោះវិញមិនទាន់ឃើញមានប្រតិកម្មផ្លូវការជុំវិញរឿងនេះនៅឡើយ គិតមកដល់ថ្ងៃចន្ទនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
