មន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ការសម្រេចរក្សាសមាសភាពថ្នាក់ដឹកនាំបក្សប្រឆាំងឲ្យនៅដដែល គឺត្រឹមត្រូវតាមលក្ខន្តិកៈគណបក្ស ប៉ុន្តែក្រសួងនៅត្រូវការពេលវេលាបន្តិច ដើម្បីពិនិត្យជុំវិញបញ្ហានេះ។ ការអះអាងនេះ ក្រោយពីគណបក្សប្រឆាំងបានផ្ញើលិខិតស្ដីពីលទ្ធផលប្រជុំគណៈកម្មាធិការនាយកទៅក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងសម្រេច។
បើទោះជាយ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃ មិនទាន់សម្រេចថាយ៉ាងណា ជុំវិញជំហរចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ ដែលរក្សាទុកតំណែងប្រធានឲ្យលោក កឹម សុខា និងតំណែងអនុប្រធានឲ្យអ្នកស្រី មូរ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង ដែលក្រសួងធ្លាប់ចាត់ទុកថាធ្វើឡើងខុសលក្ខន្តិកៈនៅឡើយទេ ប៉ុន្តែក្រសួងមហាផ្ទៃ អបអរសាទរនៅពេលឃើញគណបក្សប្រឆាំងសម្រេចលុបចោលពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ» តាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី៤ មេសា ថា បន្ទាប់ពីទទួលបានលិខិតផ្លូវការពីខាងគណបក្សសង្គ្រោះជាតិ មក ក្រុមការងាររបស់ក្រសួងមហាផ្ទៃ កំពុងពិនិត្យលើភាពស្របច្បាប់ចំពោះសេចក្ដីសម្រេចរបស់គណៈកម្មាធិការនាយកគណបក្សប្រឆាំង ដែលបានរក្សាសមាសភាពថ្នាក់ដឹកនាំរបស់ខ្លួនឲ្យនៅដដែល។ លោកបន្តថា ការទទួលស្គាល់ ឬមិនទទួលស្គាល់ចំពោះការរក្សាសមាសភាពថ្នាក់ដឹកនាំបក្សប្រឆាំងនេះ គឺក្រសួងនឹងធ្វើលិខិតចេញផ្សាយជាផ្លូវការនាពេលខាងមុខ ដែលមិនទាន់ដឹងអំពីពេលវេលាជាក់លាក់នៅឡើយ៖ «ប៉ុន្តែពូមិនទាន់មានចម្លើយជាក់លាក់ជូន ព្រោះក្រសួងកំពុងដឹកនាំកិច្ចការងារពិនិត្យលើរឿងហ្នឹង»។
ទោះជាយ៉ាងណា មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ រូបនេះបញ្ជាក់ថា ការអះអាងរបស់គណបក្សប្រឆាំងដែលថា ការរក្សាក្បាលម៉ាស៊ីនថ្នាក់ដឹកនាំឲ្យនៅដដែលស្របតាមប្រការ ៤៧ថ្មី នៃលក្ខន្តិកៈបក្ស ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ នោះ គឺជាការត្រឹមត្រូវ។
ពាក់ព័ន្ធនឹងលក្ខន្តិកៈដ៏ចម្រូងចម្រាសនេះ កាលពីថ្ងៃទី២៩ មីនា គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានទទួលស្គាល់ដំណើរការសមាជវិសាមញ្ញរបស់ខ្លួន ហើយក្រសួងមហាផ្ទៃ ក៏មិនជំទាស់ការធ្វើវិសោធនកម្មប្រការ៤៥ និងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ដែរ។
ក្រោយពីការទទួលស្គាល់ពីក្រសួងមហាផ្ទៃ នេះ គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២ មេសា ក៏បានសម្រេចបើកកិច្ចប្រជុំជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួនជាថ្មី និងសម្រេចលុបចោលចំណងជើងពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ» ដែលខ្លួនប្រើប្រាស់តាំងពីឆ្នាំ២០១២ ស្របពេលក្រសួងមហាផ្ទៃ ចាត់ទុកពាក្យស្លោកនេះថា ផ្ទុយនឹងរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់បោះឆ្នោត។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា លោកមិនអាចធ្វើអត្ថាធិប្បាយថាយ៉ាងណាឡើយ ប៉ុន្តែលោកមានជំនឿលើក្រសួងមហាផ្ទៃ ថា មិនជំទាស់នឹងការសម្រេចចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ នោះទេ ព្រោះការសម្រេចរក្សាក្បាលម៉ាស៊ីនថ្នាក់ដឹកនាំនៅពេលនេះ ធ្វើឡើងស្របតាមប្រការ ៤៧ថ្មី នៃលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ៖ «នៅក្នុងប្រការ ៤៧ថ្មី អនុញ្ញាតឲ្យគណៈកម្មាធិការនាយកជ្រើសរើសអនុប្រធានយ៉ាងតិចមួយរូប។ អ៊ីចឹងគណៈកម្មាធិការនាយកបានសម្រេចតាំងពីថ្ងៃសមាជហ្នឹង រើសអនុប្រធាន ៣រូបទៅហើយ វាស្របតាមប្រការ៤៧ ហើយដល់ថ្ងៃអាទិត្យ ទី២ នេះ យើងសម្ដែងការគាំទ្រសមាសភាពដដែលឡើងវិញ។ ដូច្នោះវាគ្រប់គ្រាន់សមស្របតាមលក្ខន្តិកៈ»។
លោក អេង ឆៃអ៊ាង បន្តថា ការសម្រេចលុបចោលពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ» គឺដើម្បីសម្រួលដល់ការចង់បានរបស់ក្រសួងមហាផ្ទៃ។
អនុប្រធានបក្សប្រឆាំងរូបនេះបញ្ជាក់ថា គណបក្សក៏មិនទទួលខុសត្រូវឡើយ ប្រសិនបើសកម្មជនបន្តយកពាក្យស្លោកដែលគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា មានចរិតញុះញង់ បង្កហេតុ និងប្រមាថមើលងាយដល់មន្ត្រីឃុំ-សង្កាត់ ទៅឃោសនាបោះឆ្នោតនាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
