ប្រធាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​ជាប់ឆ្នោត​ទាំង​ពីរ​​​ជួប​គ្នា​សាជាថ្មី​នៅ​ព្រឹក​នេះ

ប្រធាន​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ​ជួប​គ្នា​នៅ​ព្រឹក​​ថ្ងៃ​ទី​២៩ ខែ​មករា នា​វិមាន​រដ្ឋសភា ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា និង​ជជែក​ពី​ដំណើរការ​នៃ​កំណែទម្រង់​ការ​បោះ​ឆ្នោត បន្ទាប់​ពី​ខកខាន​មិន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា។

នេះ​ជាជំនួប​លើក​ទី​១​ បន្ទាប់​ពី​រដ្ឋសភា​ទើប​តែ​បង្កើត​ឲ្យ​មាន​​ក្រុម​តំណាងរាស្ត្រ​ភាគតិច ខណៈ​ដែល​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ទាំង​ពីរ បាន​អះអាង​ពី​ការ​ប្រើប្រាស់​វប្បធម៌​ចរចា ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កើត​មាន បើ​ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា វប្បធម៌​នេះ ​គ្មាន​ប្រសិទ្ធភាព​យ៉ាង​ណា​ក្ដី។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា គណបក្ស​ប្រជាជន​កម្ពុជា មាន លោក ស ខេង ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ លោក គាត ឈន់ និង​អ្នកស្រី ម៉ែន សំអន ជា​អនុ​ប្រធាន។ គណបក្ស​សង្គ្រោះ​ជាតិ មាន​លោក សម រង្ស៊ី ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ លោក កឹម សុខា ជា​អនុ​ប្រធាន និង​លោក យឹម សុវណ្ណ ជា​លេខាធិការ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ជំនួប​នេះ​ជា​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ការ​ជជែក​គ្នា​របស់​គណបក្ស​ទាំង​២ ​បន្ទាប់​ពី​បង្កើត​ប្រធាន​ក្រុម​ភាគតិច​នៅ​ក្នុង​រដ្ឋ​សភា។

លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​មាន​វប្បធម៌​ជជែក​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​គណបក្ស​នៅ​មូលដ្ឋាន បន្ទាប់​ពី​ថ្នាក់ដឹកនាំ​ថ្នាក់​ជាតិ​បាន​បង្កើត​វប្បធម៌​នេះ​រួច​ហើយ៖ «យើង​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បក្ស​នៅ​ថ្នាក់​មូលដ្ឋាន​ធ្វើ​ម៉េច បង្កើត​វប្បធម៌​ជជែក​គ្នា​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន»

​ក្រៅ​ពី​នេះ លោក យឹម សុវណ្ណ ថា ក្រុម​ការងារ​ទាំង​ពីរ​គណបក្ស​ក៏​នឹង​ជជែក​គ្នា​អំពី​ប្រធាន​ក្រុម​ភាគ​តិច​ក្នុង​សភា​ដែរ។ លោក​រំពឹង​ថា ក្រោយ​ការ​ជជែក​គ្នា​នោះ ថ្នាក់ដឹកនាំ​គណបក្ស​នៅ​មូលដ្ឋាន​នឹង​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។