មេធាវី​លោក មាជ សុវណ្ណារ៉ា រង់ចាំ​ប្រគល់​ដីកា​តុលាការ​ឲ្យ​ដល់​ដៃ​លោក ហ៊ុន ម៉ាណែត

0:00 / 0:00

លោក មូរតុន ក្លារ (Morton Sklar) មេធាវី​ការពារ​ក្តី​លោក មាជ សុវណ្ណារ៉ា និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន រង់ចាំ​ប្រគល់​ដីកា​តុលាការ​ឲ្យ​ដល់​ដៃ​លោក ហ៊ុន ម៉ាណែត ឲ្យ​តែ​ដឹង​ថា លោក ហ៊ុន ម៉ាណែត មក​ជាន់​ទឹកដី​អាមេរិក ម្តង​ទៀត​នៅ​ពេល​ណា។

លោក​មេធាវី មូរតុន ក្លារ (Morton Sklar) ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា ការ​ហុច​ដីកា​តុលាការ​លើក​មុន​មិន​បាន​ដល់​ដៃ​លោក ហ៊ុន ម៉ាណែត ទេ ដោយសារ​ស្មៀន​រត់ការ​ឯកសារ​តុលាការ លោក ផល ហេយស៍ (Paul Hayes) ត្រូវ​បាន​ក្រុម​អង្គរក្ស​លោក ហ៊ុន ម៉ាណែត វាយ​ឲ្យ​រង​របួស​ធ្ងន់។

លោក មូរតុន ក្លារ (Morton Sklar) បញ្ជាក់​ថា ឲ្យ​តែ​ដឹង​ថា លោក ហ៊ុន ម៉ាណែត មក​អាមេរិក ពេល​ណា និង​ស្នាក់​នៅ​ឯណា​ឲ្យ​ពិត​ប្រាកដ លោក​នឹង​រៀបចំ​ឲ្យ​ដំណើរការ​ប្រគល់​ដីកា​តុលាការ​នេះ ប្រព្រឹត្ត​ទៅ​បាន​ត្រឹមត្រូវ និង​ហុច​ឲ្យ​បាន​ដល់​ដៃ​ផ្ទាល់។

លោក ហ៊ុន ម៉ាណែត បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ខ្មែរ​ថាមស៍ (Khmer Times) កាល​ពី​សប្ដាហ៍​មុន​ថា លោក​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ម្តង​ទៀត និង​ទៅ​ប្រទេស​ដទៃ​ទៀត​ផង​ដែរ​ឲ្យ​តែ​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ។ ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត មិន​បាន​និយាយ​ឲ្យ​ច្បាស់​ថា លោក​ពិត​ជា​នឹង​ទៅ​អាមេរិក មែន ហើយ​ទៅ​ពេល​ណា​នោះ​ទេ។ ក្នុង​បទសម្ភាសន៍​ដដែល​នោះ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា លោក​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​តុលាការ​អាមេរិក សម្រេច​លុប​ឈ្មោះ​លោក​ចេញ​ពី​ចុង​បណ្ដឹង​ក្នុង​រឿង​ក្តី​របស់​លោក មាជ សុវណ្ណារ៉ា ដែល​ដាក់​ប្ដឹង​លោក។

លោក​នៅ​តែ​អះអាង​ថា ករណី​នេះ​គ្មាន​មូលដ្ឋាន មាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយ និង​ធ្វើ​ឡើង​ដោយសារ​ហេតុផល​នយោបាយ​សុទ្ធសាធ៖ « ខ្ញុំ​ដូចជា​អត់​មាន​អ្វី​ដែល​ត្រូវ​ភ្ញាក់​ផ្អើល​ផង ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​អាមេរិក ដែល​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ​ហ្នឹង។ ខ្ញុំ​ធ្លាប់​ប្រាប់​ហើយ​តើ ថា​សំណុំ​រឿង​នេះ​គ្មាន​មូលដ្ឋាន​ទេ ហើយ​ធ្វើ​ឡើង​ដោយសារ​មូលហេតុ​នយោបាយ​ប៉ុណ្ណោះ​ឯង។ មាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយ​រឿង​នេះ និង​មាន​មនុស្ស​ជាច្រើន រួម​ទាំង​មេធាវី​ផង ប្រឹង​តាម​ប្ដឹង​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី​តុលាការ ដើម្បី​គ្រាន់​តែ​កេង​ចំណេញ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ »

ឆ្លើយតប​ទៅ​នឹង​ចំណុច​នេះ លោក​មេធាវី មូរតុន ក្លារ (Morton Sklar) អះអាង​ថា បណ្ដឹង​របស់​កូន​ក្តី​គាត់​មាន​មូលដ្ឋាន ដោយសារ​តែ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ពិត​ជា​កើត​មាន​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​កូន​ក្តី​របស់​លោក គឺ​លោក មាជ សុវណ្ណារ៉ា និង​លោក ញ៉យ ចំរើន។ មិន​តែ​ប៉ុណ្ណោះ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​រូប​ទៀត​កំពុង​ជាប់​ពន្ធនាគារ ដោយសារ​បញ្ចេញ​មតិ​តវ៉ា​ប្រឆាំង​របប​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​លោក ហ៊ុន ម៉ាណែត ក៏​ជា​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ក្នុង​នោះ​ដែរ។

ករណី​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​សមាជិក​ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន ម៉ាណែត ដែល​វាយ​ស្មៀន​រត់ការ​ឯកសារ​តុលាការ លោក ផល ហេយស៍ (Paul Hayes) នោះ តុលាការ​ក៏​កំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​តុលាការ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California)។ សំណុំ​រឿង​របស់​លោក មាជ សុវណ្ណារ៉ា និង​លោក ញ៉យ ចំរើន ដែល​ប្ដឹង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស និង​បទ​ចោទ​មួយ​ចំនួន​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington DC) ដើម្បី​បន្ត​នីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។